ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​ទីក្រុង​តួកគី សម្លាប់​មនុស្ស​យ៉ាងតិច​អស់​៥០​នាក់​ក្នុង​ពិធី​រៀប​មង្គល​ការ


ស្រ្តី​ពីរ​នាក់​យំសោក​ បន្ទាប់​ពី​ជន​បំផ្ទុះគ្រាប់បែក​មួយ​បាន​ធ្វើការវាយប្រហារ​នៅ​អំឡុងពេល​ពិធី​បុណ្យ​រៀបមង្គលការ​មួយ​នៅ​ក្រុង Gaziantep ប្រទេស​តួកគី។
ស្រ្តី​ពីរ​នាក់​យំសោក​ បន្ទាប់​ពី​ជន​បំផ្ទុះគ្រាប់បែក​មួយ​បាន​ធ្វើការវាយប្រហារ​នៅ​អំឡុងពេល​ពិធី​បុណ្យ​រៀបមង្គលការ​មួយ​នៅ​ក្រុង Gaziantep ប្រទេស​តួកគី។

មន្ត្រី​តួកគី​និយាយ​ថា​ចំនួន​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​ពិធី​មង្គល​ការ​មួយ​ក្នុង​ប្រទេស​តួកគី បាន​កើន​ឡើង​ដល់​យ៉ាង​តិច​៥០​នាក់​ហើយ។​ មនុស្ស​ជាច្រើន​នាក់​ទៀត បាន​រង​របួស​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​នោះ។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Anadolu បាន​ដក​ស្រង់​សម្ដី​របស់​អភិបាល​ខេត្ត Gaziantep ដែល​និយាយ​ថា ការ​បំផ្ទុះ​គ្រាប់​បែក ដែល​បាន​កើតឡើង​នៅ​ប៉ែក​អាគ្នេយ៍​ដ៏​មាន​បញ្ហា​នៃ​ប្រទេសនោះ គឺ​ជា​អំពើ​ភេរវកម្ម។

ប្រធានាធិបតី តួកគី​ លោក Recep Tayyip Erdogan បាន​ថ្កោលទោស​ការ​វាយប្រហារ​ដោយ​គ្រាប់​បែក​នោះ ដែល​លោក​បាន​ស្តី​បន្ទោស​ទៅលើក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ឬ​អាយស៊ីស។

ប៉ុន្តែ ពុំ​ទាន់​មាន​ការ​អះអាង​ទទួលខុសត្រូវ​ពី​ភាគី​ណាមួយ​នៅ​ឡើយ​ទេ ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​នេះ។

លោក​ឧបនាយករដ្ឋរដ្ឋមន្ត្រី​តួកគី Mehmet Simsek មាន​ប្រសាសន៍​ថា ការ​បំផ្ទុះ​គ្រាប់​បែក​នេះ ហាក់ដូចជា​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ហើយ​ក្រុម​មន្ត្រី បាន​សង្ស័យ​ថា អាច​មាន​ការ​ពាក់ព័ន្ធ​នឹង​ពួក​ឧទ្ទាម​ឃឺដ ឬ​ក្រុម​សកម្ម​ប្រយុទ្ធ​អាយស៊ីស។

ការ​ផ្ទុះ​គ្រាប់បែក​នេះ បាន​កើតឡើង​នៅ​ក្នុង​សាល​រៀបចំ​ពិធី​រៀប​មង្គល​ការ​ក្នុង​ក្រុង Gaziantep ដែល​ជា​ក្រុង​ដ៏​សំខាន់​របស់​តួកគី ដោយ​មាន​ពលរដ្ឋ​ឃឺដ​ជាច្រើន​រស់នៅ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៦០​គីឡូម៉ែត្រ​ ពី​ព្រំដែន​ប៉ែក​ខាង​ជើង​ជាប់​ប្រទេស​ស៊ីរី។

សារព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​ថា មាន​វត្តមាន​ជនជាតិ​ឃឺដ ជាច្រើន​នៅ​ក្នុង​ពិធី​មង្គលការ​នោះ។ ការណ៍​នេះ ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​អំពី​ការ​ពាក់ព័ន្ធ​របស់​ក្រុម​សកម្មប្រយុទ្ធ​អាយស៊ីស។

គណបក្ស​ប្រជាធិបតេយ្យ​ប្រជាជន​ ដែល​គាំទ្រ​ពួកឃឺដ ត្រូវ​បាន​ដកស្រង់​សម្តី ដែល​និយាយ​ថា សមាជិក​របស់​ខ្លួន ក៏​មាន​វត្តមាន​នៅក្នុង​ពិធី​មង្គលការ​នោះ​ដែរ ហើយ​ក៏​មានស្ត្រី​និង​កុមារ​ជាច្រើន ក៏​បាន​ចូលរួម​នៅក្នុង​ពិធី​មង្គលការ​នោះ​ដែរ។

តំបន់​នោះ ក៏​ជា​កន្លែង​កើតហេតុ​នៃ​ការ​ផ្ទុះ​គ្រាប់បែក​ទ្រង់ទ្រាយ​តូច​ជាង​នេះ​ចំនួន​បី​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ដែល​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា បាន​ភ្ជាប់​ទៅ​នឹង​ពួក​ឧទ្ទាម​ពី​ខាង​គណបក្ស​ពលករ​ឃឺដ ឬ PKK ដែល​ត្រូវ​បាន​ដាក់​ឲ្យនៅ​ក្រៅ​ច្បាប់។

គណបក្ស​ PKK បាន​ធ្វើ​ការ​បះបោរ​ប្រដាប់​អាវុធ​មួយ​កាល​ពី​ឆ្នាំ​១៩៨៤ ដោយ​ស្វះស្វែង​បង្កើត​មាតុភូមិ​ស្វយ័ត​មួយ ក្នុង​តំបន់​ដ៏​ធំ​ទូលាយ​នា​ប៉ែក​អាគ្នេយ៍ ជាប់​ព្រំដែន​ប្រទេស​ស៊ីរី អ៊ីរ៉ាក់ និង​អ៊ីរ៉ង់។

មនុស្ស​ជិត​៥ម៉ឺន​នាក់ បាន​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ក្នុង​គ្រា​ដែល​មាន​ការបះបោរ​នោះ៕

XS
SM
MD
LG