ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដំណើរ​ការ​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម​ Kurd ត្រូវ​បាន​ព្យាករណ៍​ថា អាច​​នឹង​​មាន​ឡើង​វិញ​ បន្ទាប់​ពី​ការ​ប៉ុនប៉ង​រដ្ឋ​ប្រហារ​នៅ​តួកគី


ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ធ្វើការថ្លែងសុន្ទរកថា​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​មួយ​កាល​ពី​ថ្ងៃ​ទី០៧ ខែ​សីហា ឆ្នាំ២០១៦។ ដំណើរ​ការ​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម​ Kurd ត្រូវ​បាន​ព្យាករណ៍​ថា អាច​នឹង​ធ្វើ​ឡើង​វិញ​ បន្ទាប់​ពី​ការ​ប៉ុនប៉ង​រដ្ឋ​ប្រហារ​។
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ធ្វើការថ្លែងសុន្ទរកថា​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​មួយ​កាល​ពី​ថ្ងៃ​ទី០៧ ខែ​សីហា ឆ្នាំ២០១៦។ ដំណើរ​ការ​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម​ Kurd ត្រូវ​បាន​ព្យាករណ៍​ថា អាច​នឹង​ធ្វើ​ឡើង​វិញ​ បន្ទាប់​ពី​ការ​ប៉ុនប៉ង​រដ្ឋ​ប្រហារ​។

ស្ទើរតែ​ពាក់​កណ្តាល​នៃ​ឧត្តមសេនីយ៍​ជាន់​ខ្ពស់​នៅ​​តួកគី​​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​មិន​បាន​សម្រេច កាល​ពី​ដើម​ខែ​កក្កដា​ កន្លង​ទៅ​នេះ ត្រូវ​បាន​ដក​ចេញ​ពី​តំណែង។ ប៉ុន្តែ​ ទោះបីជា​ទាហាន​របស់​តួកគី​មាន​ភាព​ច្របូក​ច្របល់​ក៏ដោយ ក៏​ក្រុម​ឧទ្ទាមKurd PKK  មិន​បាន​បើក​ការ​វាយ​ប្រហារ​ខ្លាំង​ឡើយ ខណៈ​ដែល​គណបក្ស​ធំ​របស់​តួកគី ដែល​គាំទ្រ​ពួក Kurd បាន​ចូល​រួម​ជាមួយ​គណបក្ស​ប្រឆាំង​ផ្សេងៗ​ទៀត ​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​នោះ​។ ​ការ​ព្យាករណ៍នានា​​កំពុង​តែ​កើត​មាន​ឡើង​ថា ​ដំណើរ​សន្តិភាព​រវាង​រដ្ឋាភិបាល​តួកគី និង​ពួក​ឧទ្ទាមKurd អាច​ត្រូវ​បាន​ធ្វើ​ឡើង​វិញ។

មេ​បញ្ជាការ​កង​ទ័ព Second Army របស់​តួកគី លោក​ឧត្តមសេនីយ៍ Adem Huduti គឺ​ជា​មន្រ្តី​យោធា​ជាន់​ខ្ពស់​ជាង​គេ​បង្អស់​ក្នុង​ចំណោម​មន្រ្តី​យោធា​ដែល​ត្រូវ​ចាប់​ឃុំ​ខ្លួន ក្នុង​ដំណើរ​កម្ចាត់​អ្នក​ផ្សំគំនិត​ក្នុង​ការ​ធ្វើ​រដ្ឋប្រហារ។ លោក Huduti បាន​ដឹក​នាំ​ប្រតិបត្តិការ​វាយ​បក​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម PKK ។

ប៉ុន្តែ​ លោក Soli Ozel ​អ្នក​ជំនាញ​ផ្នែក​ទំនាក់​ទំនង​អន្តរ​ជាតិ​នៅ​សាកល​វិទ្យាល័យ​ Istanbul's Kadir បាន​និយាយ​ថា ​រហូត​មក​ដល់​ពេល​នេះ​ពួកឧទ្ទាម PKK មក​ទល់​ពេល​នេះ​មិន​បាន​កេង​ចំណេញ​ពី​ភាព​ចលាចល​នោះ​ឡើយ។

«ខ្ញុំ​ប្រដូច​អ្វី​ដែល​បាន​កើត​ឡើង​នេះ​ ទៅ​នឹង​ជំងឺ​ដាច់​សរសៃ​ឈាម​ដ៏​ធ្ងន់​ធ្ងរ​មួយ។​ ដូច្នេះ​រាង​កាយ​ហ្នឹង​ គឺ​ខ្សោយ​ខ្លាំង​មែន​ទែន មិន​អាច​ការពារ​ខ្លួន​ឯង​បាន។ អ៊ីចឹង​ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ពួក​ PKK មិន​ធ្វើ​អី​នោះ ប៉ុន្តែ​ ខ្ញុំ​មិន​ដឹង​ថា​មាន​ការ​ទាក់​ទង​ចរចា​អ្វី​មួយឬ​ក៏​អត់​ទេ»។

ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​បរាជ័យ​មក​ ទ័ព​អាកាស​របស់​តួកគី​ ដែល​តែងតែ​ទម្លាក់​គ្រាប់​បែក​ដាក់​ទៅ​លើ​ពួក​ឧទ្ទាម PKK នោះ​ បាន​ធ្វើ​ការ​វាយប្រហារ​តែ​មួយ​លើក​គត់​ទៅ​លើមូលដ្ឋាន​ក្រុម​ឧទ្ទាមគត់ គឺ​នៅ​តំបន់​ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់ ដែល​នៅ​ជាប់​នោះ។ ប្រធាន​ផ្នែក​ទំនាក់​ទំនង​អន្តរ​ជាតិ​របស់​ប្រធានា​ធិបតី​តួកគី លោក​ស្រី Ayse Sozen Usluer ទទួចថា ​គោល​នយោបាយ​ចំពោះពួក​ឧទ្ទាម​ PKK មិន​មានការផ្លាស់ប្តូរ ប៉ុន្តែលោកស្រី​មិន​បាន​ច្រាន​ចោល​នូវ​លទ្ធភាព​ដែលថា ​ជម្លោះ​នេះ​អាច​ដោះស្រាយ​តាម​របៀបរបប​នយោបាយ​ឡើយ។

«លទ្ធភាព​ក្នុងការ​ត្រឡប់ទៅរក​ដំណើរការ​សន្តិភាព​វិញ​ តែងតែ​មាន​ជានិច្ច។ យើង​តែងតែ​បែង​ចែក​បញ្ហា​ជនជាតិ Kurd និង​ក្រុម​ភេរវកម្ម PKK នៅ​ក្នុងប្រទេស​តួកគី​ ហើយនៅ​ក្នុង​លក្ខខណ្ឌ​ណា​ក៏​ដោយ លទ្ធភាព​ក្នុងការ​វិល​ទៅរកការ​បន្តសន្តិភាព​នៅតួកគី​តែងតែមាន​ជានិច្ច»។

ដំណើរការ​សន្តិភាព​ជាមួយ​ពួក PKK បាន​បរាជ័យ​នៅ​ខែ​កក្កដា ខណៈ​ពេល​មាន​ការចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅមក។ ការ​បរាជ័យ​នេះ បានបន្ត​ឲ្យមានការ​វាយប្រហារ​ដែលបណ្តាល​ឲ្យ​ទីក្រុង​និង​ទី​ប្រជុំជន​នានានៅភាគ​អាគ្នេយ៍​នៃប្រទេស ដែលមាន​ជនជាតិ Kurd រស់នៅ​ច្រើន ទទួលរង​ការខូចខាត​យ៉ាង​ខ្លាំង ក៏​ដូចជា​ការរំលោភ​បំពានជា​ច្រើន​តាមការ​អះអាង​របស់​អង្គការសិទ្ធិ​មនុស្ស។ ប៉ុន្តែ​លោក Selahattin Demirtas ​ ជា​សហដឹកនាំបក្ស​គាំទ្រ​ប្រជាធិបតេយ្យភាព​ជនជាតិ Kurd (HDP) បាន​ធ្វើ​ការ​ថ្កោលទោស​ភា្លមៗ​ចំពោះ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នេះ​ ហើយ​ជនជាតិ Kurd ជាច្រើន​បានស្តាប់​តាមការ​អំពាវនាវ​របស់​ប្រធានាធិបតី Erdogan ឲ្យចេញ​តាមផ្លូវថ្នល់​ដើម្បីមញ្ឈប់​ការ​បះបោរ​នេះ។

Semih Idiz ជា​សរសេរ​អត្ថបទ​នយោបាយ​សម្រាប់​កាសែត​តួកគី Cumhuriyet និយាយ​ថា ពួក​ឧទ្ទាម PKK កំពុង​ប្រើវិធី «រង់ចាំ​មើល»។

«ជាក់ស្តែង​ណាស់ ពួក​ឧទ្ទាម PKK កំពុង​ផ្អាកចាំមើលសិន​ថាស្ថានការណ៍​វាទៅជា​យ៉ាងណា។ ឥឡូវ មិន​សូវ​សប្បាយចិត្តទេ ដោយសារ​ជាក់ស្តែង លោកប្រធានាធិបតី​មិនចង់​ជួបមេ​ដឹកនាំ​គណបក្ស HDP ខណៈពេល​ដែលលោក​ត្រៀមជួប​ជាមួយ​នឹងមេដឹកនាំ​ដទៃទៀត ទោះបី​ជាគណបក្ស HDP ចេញមក​ប្រឆាំង​នឹងរដ្ឋប្រហារ​ក៏ដោយ។ ប៉ុន្តែ​ ខ្ញុំគិតថា ​ស្ថិតក្រោម​ស្ថានភាព​ទាំង​នេះ​ រដ្ឋាភិបាល​អាចនឹង​ព្យាយាម ហើយ​ត្រឡប់​ទៅរក​ការចរចា​ជាមួយ​ពួក Kurd ឬ PKK ហើយប្រហែល​ជា​អ៊ីចឹង​ហើយ​ទើប PKK មិនសូវ​តបត​នៅពេលនេះ»។

សហ​មេដឹកនាំ​គណបក្ស HDP លោក Demirtas បាន​ថ្កោលទោស​យ៉ាងខ្លាំង​ ចំពោះការ​បដិសេធ​រូប​លោក​ពី​ការ​ប្រជុំរបស់​លោក Erdogan ជាមួយអ្នក​ដឹកនាំ​បក្សប្រឆាំង​ក្នុង​រដ្ឋធម្មនុញ្​នៅថ្ងៃច័ន្ទ។ ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី Binali Yildirim បានលើក​ឡើងថា ​គណបក្ស HDP អាចនឹង​ត្រូវដាក់​ចូលទៅ​ក្នុងអ្វី​ដែល​រដ្ឋាភិបាល​ហៅថា​ដំណើរការ​បង្កើត​កិច្ច​ព្រម​ព្រៀង។ អ្នកវិភាគ​លោក Ozel យល់ ថា ភាពស្ងប់ស្ងាត់នៃ​ជម្លោះ​ពេលនេះ​ត្រូវ​តែ​បន្ត​ ដើម្បី​អាច​ដាក់​បញ្ចូល​លោក Demirtas បាន។​

«ប្រសិន​បើមាន​ការឈប់វាយ​ប្រហារ​មួយរយៈ​ដោយមិនបាន​ប្រកាស​ឲ្យដឹងនោះ វា​ប្រហែល​ជាអាច​នឹងកាន់​តែងាយស្រួល​ក្នុងការដាក់​បញ្ចូលពួកគេ (Kurd)ទៅក្នុងដំណើរ​ការ​នេះដែរ»។

នៅ​ក្នុង​អ្វី​ដែល​អ្នកវិភាគ​និយាយ​ថា​ ជា​ឥរិយាបថ​សំខាន់​ចំពោះជនភាគតិច Kurd រដ្ឋាភិបាល​និយាយ​ថា ខ្លួន​កំពុង​ពិចារណា​បើកការ​ស៊ើបអង្កេត​ឡើងវិញ​ពីការស្លាប់របស់​អ្នក​រត់​ពន្ធ​ជនជាតិ Kurd វ័យ​ក្មេង​៣៤នាក់​ ដែលបាន​ស្លាប់កាល​ពីបួនឆ្នាំមុន នៅ​ក្នុងការ​វាយប្រហារ​តាមអាកាស​មួយ​របស់​តួកគី​នៅជិត​តំបន់ Uludere ព្រំប្រទល់​តួកគី​ជាមួយ​នឹងអ៊ីរ៉ាក់។ រដ្ឋអាជ្ញា​កំពុង​ផ្សារ​ភា្ជប់​ការ​វាយ​ប្រហារ​តាម​អាកាស​នេះ​ទៅ​នឹង​ក្រុមជាប់សង្ស័យ​រៀបចំរដ្ឋប្រហារ៕​

ប្រែសម្រួលដោយ សើ​ សាយ្យាណា

XS
SM
MD
LG