ប្រទេសតួកគីបានប្រាប់ឲ្យដឹងថា ខ្លួននឹងមានតួនាទីកាន់តែសកម្មភាពឡើងនៅក្នុងប្រទេសស៊ីរីក្នុងរយៈពេល៦ខែបន្ទាប់ទៀត ដើម្បីរារាំងប្រទេសនេះកុំឲ្យបែងចែកជនជាតិភាគតិច នេះបើតាមការប្រកាសរបស់លោក Binali Yildrim នាយករដ្ឋមន្រ្តីនៃប្រទេសតួកគីកាលពីថ្ងៃសៅរ៍។
លោកបានប្រាប់ពួកអ្នកយកព័ត៌មាននៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលថា៖ «យើងនិយាយហើយថា ការបង្ហូរឈាមត្រូវតែបញ្ឈប់។ ទារក កូនក្មេង ពលរដ្ឋស្លូតត្រង់ មិនគួរស្លាប់ទៀតទេ។ ដូច្នេះហើយ បានជាតួកគីនឹងមានសកម្មភាពកាន់តែខ្លាំងឡើងនៅក្នុងការព្យាយាមបញ្ឈប់ភាពគ្រោះថ្នាក់កាន់តែអាក្រក់ឡើងនៅក្នុងរយៈពេល៦ខែបន្ទាប់ទៀតនេះ»។
លោក Yildrim និយាយបន្តទៀតថា ប្រធានាធិបតី Bashar al-Assad នៃប្រទេសស៊ីរី មិនមានតួនាទីក្នុងពេលអនាគតនៅប្រទេសស៊ីរីទេ ក៏ប៉ុន្តែ គឺថាការចរចាជាមួយលោក Assad នឹងក្លាយជាការចាំបាច់ក្នុងអំឡុងពេលអន្តរកាលនៅពេលដែលលោក «ជាតួឯកដ៏សំខាន់មួយមិនថាតើយើងចូលចិត្តលោកឬក៏អត់នោះទេ»។
លោកនាយករដ្ឋមន្រ្តីនិយាយទៀតថា៖ «យើង អាចអង្គុយចរចាជាមួយលោក Assad ក្នុងពេលអន្តរកាល ហើយអន្តរកាលនេះអាចត្រូវសម្របសម្រួល។ ក៏ប៉ុន្តែ យើងជឿជាក់ថា មិនត្រូវមានគណបក្ស PKK ក្រុមរដ្ឋអ៊ីស្លាម Daesh ឬលោក Assad នៃប្រទេសស៊ីរីក្នុងពេលអនាគតទេ។ គណបក្ស PKK សំដៅលើក្រុមឧទ្ទាម Kurds ។
លោកនាយករដ្ឋមន្រ្តី Yildrim នៃប្រទេសតួកគី បានសំដែងនូវការព្រួយកង្វល់អំពីការបែងចែកជនជាតិភាគតិចដែលកើតឡើងដោយសង្គ្រាមរយៈពេល៥ឆ្នាំក្នុងប្រទេសស៊ីរី ដែលនៅទីនោះជនជាតិភាគតិច Kurds បានបង្កើតតំបន់របស់ខ្លួនហើយជួនកាលប្រយុទ្ធជាមួយជនជាតិអារ៉ាប់ក្នុងប្រទេសស៊ីរី។
កាលពីថ្ងៃព្រហស្បតិ៍ កងទ័ពអាកាសស៊ីរីបានចាប់ផ្តើមទម្លាក់គ្រាប់បែកជាលើកទីមួយទៅលើពួកអ្នកប្រយុទ្ធ Kurds នៅក្នុងក្រុង Hasaka ដែលជាទីក្រុងភាគឦសាន្តដែលនៅទីនោះជនជាតិភាគតិច Kurds និងកងទ័ពរដ្ឋាភិបាលស៊ីរី បានធ្វើការជាមួយគ្នាដើម្បីបណ្តេញពួកកងជីវពលរដ្ឋអ៊ីស្លាម។ការវាយប្រហារតាមអាកាសបង្ហាញពីការប្រឈមហិង្សាដ៏ខ្លាំងបំផុតរវាងរដ្ឋាភិបាលស៊ីរី និងកងកម្លាំងជនជាតិភាគតិច Kurds ចាប់តាំងពីសង្គ្រាមស៊ីវិលបានចាប់ផ្តើមនៅឆ្នាំ២០១១ មក៕