ស្របពេលកិច្ចប្រជុំកំពូលអាស៊ានចាប់ផ្តើមនាសប្តាហ៍នេះ គណបក្សភ្លើងទៀនបានស្នើបណ្តាប្រទេសអាស៊ាន និងប្រទេសមហាអំណាចជំរុញឱ្យប្រទេសកម្ពុជា និងប្រទេសអាស៊ានមួយចំនួនទៀត អនុវត្តនីតិរដ្ឋ គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឱ្យបានពេញលេញ។
គណបក្សប្រឆាំងមួយនេះកត់សម្គាល់ថា លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៃបណ្តាប្រទេសមួយចំនួននៅអាស៊ានបានកំពុងធ្លាក់ចុះគួរឱ្យព្រួយបារម្ភ ដែលក្នុងនោះរួមមានប្រទេសភូមា ថៃ និងកម្ពុជាផងដែរ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ចុះថ្ងៃទី៩ ខែវិច្ឆិកានេះ។
គណបក្សប្រឆាំងនេះបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិ និងការដកសិទ្ធិធ្វើនយោបាយនៃមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ ការដកអាសនៈតំណាងរាស្ត្រ និងការដកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ ការធ្វើទុក្ខបុកម្នេញ ការចោទប្រកាន់ ការចាប់ដាក់ពន្ធនាគារនៃសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស និងសកម្មជនបរិស្ថាន បានធ្វើឱ្យលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំង និងបានរំលោភគោលការណ៍នីតិរដ្ឋយ៉ាងធ្ងន់ធ្ងរ និងបានបំផ្លាញចោលទាំងស្រុងនូវការវិវឌ្ឍនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា បណ្តាប្រទេសដែលមកប្រជុំអាស៊ាន និងបណ្តាប្រទេសដែលបានចុះហត្ថលេខាលើកិច្ចព្រមពៀង២៣តុលា ឆ្នាំ១៩៩១ ត្រូវតែជំរុញកម្ពុជាឱ្យគោរពសិទ្ធមនុស្ស និងដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ហើយមិនអាចលើកឡើងតែពីសេដ្ឋកិច្ច តែបណ្តោយឱ្យលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សធ្លាក់ចុះនោះទេ។
លោក ថាច់ សេដ្ឋា ថ្លែងថា៖ «នៅក្នុងកិច្ចប្រជុំអាស៊ាននេះ ខ្ញុំយល់ថា កម្ពុជាគួរតែធ្វើជាគំរូនៃប្រទេសអាស៊ានក្នុងឋានៈប្រធានប្តូរវេន។ យើងនឹងជំរុញឱ្យមានការពិភាក្សាល្អិតល្អន់ចូលក្នុងរបៀបវារៈស្តីពីនីតិរដ្ឋ ក៏ដូចជាប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដែលអាស៊ានមិនទាន់ដែលបានធ្វើ។ ដូច្នេះក្នុងតួនាទីកម្ពុជា យើងក៏គប្បីជជែករឿងហ្នឹងឱ្យលម្អិតដើម្បីសម្រេចជាគោលការណ៍អនុវត្តរួមនៅក្នុងអាស៊ាន ទោះប្រទេសណាក៏ដោយ បើមានការរំលោភសិទ្ធិមនុស្ស ឬបំផ្លាញលទ្ធិប្រជាធិបតេយ្យ ត្រូវតែមានអន្តរាគមន៍ពីអាស៊ាន។ អាហ្នឹងគឺយើងធ្វើបែបនេះ ទើបធានាបាន និងការពារបានសិទ្ធិប្រជាពលរដ្ឋ ឬអ្វីដែលយើងលើកឡើងអំពីប្រជាធិបតេយ្យក្នុងតំបន់អាស៊ាននេះ»។
លោកបន្តថា៖ «ហើយរឿងដែលថា មិនលូកលាន់ចូលកិច្ចការផ្ទៃក្នុងនោះ វាជាការពិតហើយ។ ក៏ប៉ុន្តែសម្រាប់នីតិរដ្ឋ គោលការណ៍ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស យើងត្រូវតែតម្រូវឱ្យមានលក្ខខណ្ឌចាំបាច់ យ៉ាងម៉ឹងម៉ាត់ដើម្បីឱ្យមានការអនុវត្តឱ្យបានត្រឹមត្រូវ គោរពដល់សិទ្ធិប្រជាពលរដ្ឋផងដែរ។ បើមិនដូច្នេះទេ វាជាឱកាសដល់មេដឹកនាំខិលខូច ឬផ្តាច់ការក្នុងការបន្តដើម្បីការពារអំណាចរបស់ខ្លួន ធ្វើទុក្ខបុកម្នេញដល់ប្រជាពលរដ្ឋតាមប្រទេសនីមួយៗក្នុងអាស៊ាននេះដដែល»។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និងលោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
កិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតនេះធ្វើឡើងក្នុងរយៈពេលបួនថ្ងៃគឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ដែលមានការរំពឹងថា នឹងពិភាក្សាលើបញ្ហាប្រឈមធំៗដែលរួមមានវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា កិច្ចសហប្រតិបត្តិការក្នុងតំបន់ សេដ្ឋកិច្ចក្នុងវិបត្តិកូវីដ១៩ ភាពតានតឹងនៅសមុទ្រចិនខាងត្បូង និងបញ្ហាសកលផ្សេងៗទៀត។ កម្ពុជា ដែលជាប្រធានអាស៊ានប្តូរវេនទទួលរៀបចំកិច្ចការនេះក្នុងរយៈពេល១០ឆ្នាំម្តងនោះ មានតួនាទីក្នុងការសម្របសម្រួលឱ្យមានការពិភាក្សាលើបញ្ហាទាំងនេះ។
រយៈពេល៤ថ្ងៃនៃកិច្ចប្រជុំនេះនឹងមានកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី ២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២៥ កិច្ចប្រជុំកំពូលរំឭកខួប៣០ឆ្នាំនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី ១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី ២ កិច្ចប្រជុំកំពូលរំឭកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧។
ប្រធានាធិបតីអាមេរិក លោក Joe Biden ដែលនឹងមកកម្ពុជានាថ្ងៃសៅរ៍នេះ ក៏នឹងមានជំនួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ ហើយមានការរំពឹងថា លោកនឹងលើកឡើងអំពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
អ្នកវិភាគនយោបាយ លោក មាស នី ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា គណបក្សភ្លើងទៀនមានសិទ្ធិក្នុងការលើកឡើងពីកង្វល់ និងបញ្ហាប្រឈមរបស់ខ្លួន ក៏ប៉ុន្តែកិច្ចប្រជុំកំពូលអាស៊ាននេះទំនងមិនលើកយកបញ្ហានៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមកជជែកនោះទេ ដោយបញ្ហាក្នុងតំបន់ និងពិភពលោក គឺមានរឿងច្រើនដែលត្រូវដោះស្រាយរួមគ្នា។
លោកថ្លែងថា៖ «ក្នុងកិច្ចប្រជុំអាស៊ានដ៏ធំមួយនេះ បញ្ហារឿងកម្ពុជា រឿងប្រជាធិបតេយ្យនេះមិនអាចត្រូវបានគេលើកយកទៅនិយាយទេ បើនិយាយ អាចនិយាយជាទូទៅ ដោយសារតែអាស៊ានគឺមានបញ្ហាធំៗជាច្រើនដែលត្រូវដោះស្រាយនៅពេលដែលមានវត្តមានមហាអំណាចទាំងអស់ ដូចជាបញ្ហាទាក់ទងទៅនឹងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ដែលវានាំមកនូវវិបត្តិថាមពល ហើយអតិផរណានៅទូទាំងពិភពលោក ហើយរឿងបញ្ហាទំនាស់រវាងបងប្អូនកូរ៉េទាំងពីរក៏កំពុងតែកើតមានឡើងក្តៅទៅៗ ហើយប្រហែលជាមានការផ្តោតការយកចិត្តទុកដាក់ធំទៅលើប្រទេសភូមា»។
ប៉ុន្តែទោះជាយ៉ាងណា លោក មាស នី យល់ថា រដ្ឋាភិបាលកម្ពុជាគួរកុំដាក់បន្ទុកដល់ខ្លួន និងកុំរស់នៅដោយភាពភ័យខ្លាច ឬព្រួយបារម្ភបន្តទៀត ដោយត្រូវធ្វើឱ្យល្អប្រសើរឡើងនូវយុត្តិធម៌សង្គម និងបញ្ឈប់ការគំរាមកំហែង ឬធ្វើទុក្ខបុកម្នេញសកម្មជនគណបក្សប្រឆាំង និងសកម្មជនសង្គមផ្សេងទៀត ដើម្បីអាចទាញយកផលប្រយោជន៍នានាពីសហគមន៍អន្តរជាតិ ក៏ដូចជាទាញយកផលចំណេញផ្នែកសេដ្ឋកិច្ចជាដើម និងដើម្បីធ្វើឱ្យការបោះឆ្នោតថ្នាក់ជាតិខាងមុខមានការទុកចិត្តពីភាគីពាក់ព័ន្ធ និងសហគមន៍អន្តរជាតិ។
សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ចុះថ្ងៃទី៩ ខែវិច្ឆិកា លើកឡើងថា អព្យាក្រឹតភាពនៃកម្ពុជាដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ត្រូវបានរំលោភ ដោយសារទំនាក់ទំនងយ៉ាងស្អិតល្មួត និងការពឹងផ្អែកទាំងស្រុងទៅលើប្រទេសចិន ខណៈមានការព្រួយបារម្ភអំពីវត្តមានយោធាចិននៅកម្ពុជា ដែលអាចនឹងនាំមកនូវអស្ថិរភាពនៃសន្តិសុខក្នុងតំបន់៕