អ្នកស្រីចៅក្រម Marie-Josée Hogue នឹងដឹកនាំគណៈកម្មការស៊ើបអង្កេតនេះ ដែលជាកិច្ចប្រឹងប្រែងចុងក្រោយដើម្បីពិនិត្យមើលវិធីដែលប្រទេសដែលមានឥទ្ធិពល ចិន រុស្ស៊ី និង ឥណ្ឌា អាចស្វះស្វែង ប្រើឥទ្ធិពលទៅលើការបោះឆ្នោតសហព័ន្ធកាណាលើកចុងក្រោយ។
បន្ទាប់ពីមានរបាយការណ៍ដែលរងការរិះគន់យ៉ាងខ្លាំងរបស់អតីតអគ្គទេសភិបាលមួយរូប នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានប្រកាសដាក់ចេញការស៊ើបអង្កេតជាសាធារណៈកាលពីឆ្នាំមុន ក្នុងពេលមានសម្ពាធដ៏តឹងរ៉ឹងពីមជ្ឈដ្ឋាននយោបាយនានា។
លោក Kenny Chiu គឺជាអតីតសមាជិកសភានៃគណបក្សអភិរក្សនិយម ឬជាសមាជិកសភាសម្រាប់តំបន់ Steveston-Richmond-East នៅជាយទីក្រុង Vancouver។ លោកគឺជាអ្នកនយោបាយម្នាក់ក្នុងចំណោមអ្នកនយោបាយផ្សេងទៀត ដែលត្រូវបានភ្នាក់ងារចារកម្មកាណាដាដែលជាសេវាកម្មស៊ើបអង្កេតសន្តិសុខប្រាប់ថា យុទ្ធនាការបំភ្លៃព័ត៌មានត្រូវបានប្រើប្រាស់ដើម្បីបង្ខូចតម្លៃមន្ត្រីនានាដូចជារូបលោកជាដើម។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ ២០១៩ ដែលលោកទទូលបានជ័យជម្នះ លោក Chiu មើលឃើញថា ពលរដ្ឋបានស្វាគមន៍លោកយ៉ាងច្រើនកុះករ និង បានចូលរួមក្នុងការសន្ទនាជាមួយលោក។
ប៉ុន្តែ មិនមានស្ថានភាពបែបនេះទេនៅយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ ២០២១ ហើយលោកទទួលបរាជ័យ ដោយជ័យជម្នះបានទៅលើបេក្ខជនមកពីគណបក្សសេរីនិយម ដែលបច្ចុប្បន្ននេះគឺជាសមាជិកសភានៃមណ្ឌលបោះឆ្នោតរបស់លោក។ ការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតឆ្នាំ ២០២១ គណបក្សសេរីនិយមបានកើនចំនួនអ្នកគាំទ្រថ្នាក់ស្រុកចំនួន ១ពាន់ ៨រយសំឡេង បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩។ សន្លឹកឆ្នោតគាំទ្រសម្រាប់លោក Chiu វិញ បានធ្លាក់ចុះ ៤ពាន់ ៤រយ សំឡេង។
លោក Chiu និយាយថា លោកត្រូវបានក្រុមមួយនៃគណៈកម្មការស៊ើបអង្កេតដែលមានឋានៈជាអ្នកអន្តរាគមន៍ស្នើឲ្យទៅបង្ហាញខ្លួននៅចំពោះមុខគណៈកម្មការស៊ើបអង្កេត ប៉ុន្តែលោកមិនដឹងថា សវនាការនេះនឹងកើតមាននៅពេលណានោះទេ។
លោកថ្លែងដូច្នេះថា៖ «ខ្ញុំមិនមានព័ត៌មានលម្អិតអំពីរឿងនេះទេ។ តាមពិតទៅ វាគ្រាន់តែជាការស្នើសុំផ្ទាល់មាត់ប៉ុណ្ណោះ ថាតើខ្ញុំមានឆន្ទៈធ្វើជាសាក្សីដែរឬអត់។ ដូច្នេះ ខ្ញុំយល់ថា វាមិនសំខាន់ប៉ុន្មានទេថាតើខ្ញុំយល់ព្រម ឬមិនយល់ព្រម។ ប្រសិនបើគណៈកម្មការនេះយល់ព្រមទៅតាមសំណើដែលសុំឲ្យខ្ញុំឲ្យធ្វើជាសាក្សី នោះខ្ញុំនឹងត្រូវតែចូលរួម»។
លោក Mark Marissen អ្នកយុទ្ធសាស្ត្រនយោបាយ ដែលធ្លាប់បានធ្វើកិច្ចការឃោសនាបោះឆ្នោតជាមួយគណបក្សសេរីនិយមកាលពីប៉ុន្មានទសវត្សរ៍មុន និយាយថា លោកបារម្ភអំពីឥទ្ធិពលនៃការស៊ើបអង្កេតនេះទៅលើអ្នកនយោបាយដែលមិនបានដឹងខ្លួនថា ពួកគេត្រូវបានគាំទ្រដោយរដ្ឋាភិបាលបរទេសក្នុងអំឡុងពេលឃោសនាបោះឆ្នោត។
លោកថ្លែងថា៖ «ខ្ញុំគិតថា ក្តីបារម្ភដ៏ធំនោះគឺមានអ្នកដែលព្យាយាមប្រើប្រាស់ការស៊ើបអង្កេតនេះធ្វើជាអាវុធដើម្បីផ្ដោតគោលដៅលើអ្នកនយោបាយជាក់លាក់ណាម្នាក់ ឬ ក្រុមណាជាក់លាក់ណាមួយឲ្យទទួលខុសត្រូវទៅលើអ្វីដែលពួកគេមិនបានជាប់ពាក់ព័ន្ធទាល់តែសោះ។ ខ្ញុំយល់ថា សមាជិកសភាខ្លះប្រហែលជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីចិន និង ឥណ្ឌា ប៉ុន្តែពួកគេមិនបានដឹងពីអ្វីបានកើតឡើងនោះទេ»។
លោក Stewart Prest អ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ British Columbia បានថ្លែងថា ដើម្បីឲ្យការស៊ើបអង្កេតនេះទទួលបានជោគជ័យ វាគួរតែបន្ថយស្លាកស្នាមពាក់ព័ន្ធនឹងជាតិសាសន៍សម្រាប់សហគមន៍ចិន និង សហគមន៍មកពីអាស៊ីខាងត្បូងនៅក្នុងប្រទេសនេះ ដែលអាចកើតចេញពីការចោទប្រកាន់នានាពាក់ព័ន្ធនឹងការជ្រៀតជ្រែកពីបរទេស។
លោកមានប្រសាសន៍ថា៖ «យើងបារម្ភមួយផ្នែកថា មានសកម្មភាពជ្រៀតជ្រែករបស់ចិនទៅលើនយោបាយកាណាដា ដែលរុញបន្ថែមដោយបរទេសផ្សេងទៀត។ ប៉ុន្តែ បើយើងមើលទៅលើមួយផ្នែកទៀត យើងក៏ឃើញក្ដីបារម្ភរបស់ពលរដ្ឋកាណាដា ដែលថា ប្រហែលជាមានមនុស្សក្នុងសង្គមយើងខ្លះស្ថិតនៅក្រោមឥទ្ធិពលរបស់តួអង្គបរទេសដែលមិនគួរឲ្យទុកចិត្តទាំងស្រុង។ ខ្ញុំគិតថា នោះគឺជាកន្លែងដែលស៊ីរូងផ្ទៃក្នុង និង ពិសពុលយ៉ាងខ្លាំងសម្រាប់សង្គមក្នុងរយៈពេលយូរមួយ»។
គណៈកម្មការនេះទទួលបានការណែនាំឲ្យចេញរបាយការណ៍អន្តរកាលនៅត្រឹមថ្ងៃទី ៣ ខែមីនា និងរបាយការណ៍ផ្លូវការចុងក្រោយនៅចុងឆ្នាំ ២០២៤ នេះ។ ការបោះឆ្នោតសហព័ន្ធកាណាដានៅពេលខាងមុខនឹងត្រូវរៀបចំឡើងមិនឲ្យហួសពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥។ ប៉ុន្តែការបោះឆ្នោតនេះ ក៏អាចនឹងធ្វើឡើងមុនកាលបរិច្ឆេទនេះ ប្រសិនបើរដ្ឋាភិបាលដឹកនាំដោយគណបក្សសេរីនិយមរបស់នាយករដ្ឋមន្ត្រី Trudeau ទទួលបរាជ័យនៅក្នុងផ្លូវច្បាប់ណាមួយ ឬបាត់បង់ការជឿទុកចិត្តពីសភាជាន់ទាប៕
ប្រែសម្រួលដោយលោក នៀម ឆេង
វេទិកាបញ្ចេញមតិ