ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​និយាយ​ថា​មន្ត្រីចិន​នឹង​ដឹកនាំ​ប្រតិភូ​ចរចា​​អាវុធ​នុយក្លេអ៊ែរ​នឹង​អាមេរិក


អ្នក​បើក​បរ​ឆ្លង​កាត់​ស្ត្រី​ម្នាក់​ឈរ​នៅ​ក្បែរ​ផ្ទាំង​ប៉ាណូ​មួយ​តាម​បណ្តោយ​ផ្លូវ​ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។
អ្នក​បើក​បរ​ឆ្លង​កាត់​ស្ត្រី​ម្នាក់​ឈរ​នៅ​ក្បែរ​ផ្ទាំង​ប៉ាណូ​មួយ​តាម​បណ្តោយ​ផ្លូវ​ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រសួង​ការបរទេស​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថាមន្ត្រី​ជាន់ខ្ពស់​ម្នាក់នៃ​ផ្នែកកិច្ចការ​គ្រប់គ្រង​អាវុធរបស់ខ្លួននឹង​ដឹកនាំគណៈប្រតិភូ​មួយ​ក្នុង​កិច្ចចរចានុយក្លេអ៊ែរ​រវាងចិននិង​ស​ហរដ្ឋ​អាមេរិក។

ក្រសួង​នេះ​មិនបាន​ប្រាប់​ឈ្មោះ​មន្ត្រីនេះ​ទេ។

អ្នកនាំពាក្យ​ Wang Wenbin ​បាន​និយាយ​នៅ​ពេលត្រូវ​សួរ​អំពី​របាយការណ៍​មួយ​ថា​ចិន​បានយល់ព្រម​ធ្វើការ​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិកអំពី​ការគ្រប់គ្រង​អាវុធ​ថា៖​«នៅ​សប្តាហ៍​ក្រោយ​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​ចិន​និង​អាមេរិកនឹង​ធ្វើការ​ពិគ្រោះ​គ្នា​នៅ​កម្រិតអគ្គនាយក​អំពី​ការគ្រប់គ្រង​អាវុធ​និង​ការមិន​រីកសាយ​អាវុធនុយក្លេអ៊ែរ‍»។

លោក ​Wang បាននិយាយថា​បើ​តាម​ផែនការយល់ព្រម​ដោយ​ភាគី​ទាំងពីរ ​ចិន​និង​សហរដ្ឋ​អាមេរិកនឹង​ធ្វើការសន្ទនាគ្នានិង​ប្តូរ​យោបល់គ្នាអំពីបញ្ហាមួយ​ចំនួន​ធំដូច​ជា​ការ​អនុវត្ត​សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ​អន្តរជាតិ​ជា​ដើម។

កិច្ចចរចា​នេះមានឡើង​តែប៉ុន្មាន​ថ្ងៃក្រោយ​លោក​រដ្ឋមន្ត្រីការបរទេស​ Wang Yi បាន​ជួប​ជា​មួយមន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក ​ហើយ​ភាគី​ទាំង​ពីរ​បានយល់ព្រម​ធ្វើការ​ពិគ្រោះ​យោបល់គ្នា​ក្នុងអនាគត​ឆាប់ៗ​នេះ។​

នៅ​ក្នុង​ព្រឹត្តិការណ៍ដាច់ដោយឡែក​មួយ​ទៀត ​កងនាវា​ចម្បាំង​សហរដ្ឋ​អាមេរិកទី​៧បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​នាវា​ពិឃាត​អាមេរិកាំងឈ្មោះ USS Rafael Peralta ​និងនាវាពិឃាតមួយ​គ្រឿង​នៃ​កងទ័ពជើង​ទឹក​កាណាដា​ឈ្មោះ​HMCS Ottawa ​បាន​បើក​កាត់ច្រកសមុទ្រ​តៃវ៉ាន់​កាលពីថ្ងៃពុធ។

ក្រសួង​ការពារជាតិ​តៃវ៉ាន់បានថ្លែងថានាវា​ចម្បាំងទាំងពីរ​គ្រឿង​នេះបានបើក​កាត់ច្រក​សមុទ្រ​តៃវ៉ាន់​ទៅទិស​ខាងជើង​កាលពី​យប់​ថ្ងៃពុធ​ ដោយ​បាននិយាយ​បន្ថែម​ថាខ្លួន​បានឃ្លាំ​មើល​ចលនា​កប៉ាល់​ចម្បាំង​ទាំង​នេះ​ហើយថា​ស្ថានការណ៍​មាន​‍«ភាព​ធម្មតា‍»។

បញ្ជាការដ្ឋាន​សឹក​ផ្នែក​ខាងកើត​ប្រទេស​នៃកងទ័ព​របស់​ប្រជាជន​ចិនបាននិយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថាចិន​បាន​តាម​ដាន​នាវា​ចម្បាំង​ទាំងពីរ​គ្រឿង​នេះ​និង​បាន​ធ្វើតាម​ច្បាប់​និង​បទបញ្ញត្តិ​។

កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​និង​កាណាដា​បានបើកឆ្លងកាត់​ច្រកសមុទ្រ​តៃវ៉ាន់​ដូចនេះ​ដែរ​កាលពី​ខែកញ្ញា៕

XS
SM
MD
LG