ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីក្រុង​ដែល​មាន​ជនជាតិ​​អាស៊ី​​ច្រើន​ជាង​គេ​នៅ​កាណាដា​កំពុង​ប្រឈម​​នឹង​កំណើន​នៃ​ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម


រូបឯកសារ៖ ពលរដ្ឋកាណាដាចូលរួមធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងឧក្រិដ្ឋកម្មស្អប់ខ្ពើម និងការរើសអើងជាតិសាសន៍លើជនជាតិអាស៊ី នៅមុខសាលក្រុង ក្នុងទីក្រុង Toronto ប្រទេសកាណាដា កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១។
រូបឯកសារ៖ ពលរដ្ឋកាណាដាចូលរួមធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងឧក្រិដ្ឋកម្មស្អប់ខ្ពើម និងការរើសអើងជាតិសាសន៍លើជនជាតិអាស៊ី នៅមុខសាលក្រុង ក្នុងទីក្រុង Toronto ប្រទេសកាណាដា កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១។

លោក Clay Imoo អ្នកផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិតមួយរូប នៅក្រុង Vancouver បាន​បញ្ចប់កម្មវិធីផ្សាយផ្ទាល់​មួយ​តាមបណ្តាញសង្គម YouTube អំពី​ក្រុមកីឡាករ​ ដែលបានប្រកួត​កូនគោល​វាយ​លើ​ទឹកកក​ជាតិ Vancouver Canucks National។

នៅពេលនោះ មានការសរសេរឈ្មោះ​ចិន​ បែបប្រមាថ​មើលងាយមួយ បានលេច​ចេញតាមប្រអប់បញ្ចេញមតិ​ ដែលសំដៅលើលោក Imoo។ អ្នក​សម្របសម្រួល​កម្មវិធី​ផ្សាយនោះ បានដក​អ្នកសរសេរបែបប្រមាថនោះចេញ​ ពីក្រុមអ្នក​តាមដានតាម​អនឡាញ។

លោក Imoo បាននិយាយ​ថា៖ «នៅពេលភ្លាម​នោះ មនុស្ស​ម្នាក់​ទៀតចេញ​មកសរសេរ​ជាមួយ​សារ​ដដែល​នោះ។ មនុស្ស​នោះ ក៏ត្រូវ​ដក​ចេញ។ ហើយ​ជា​លើក​ទី​ ៣ មាន​មនុស្ស​ម្នាក់ទៀតចូលមក ១០ ឬ​ ១២ ​ដង។ ដូច្នេះ ការសរសេរបែបប្រមាថមើលងាយនេះកើត​មានឡើង ​ក្នុង​ពេល​ប្រមាណ​ពី ៣០ ទៅ ៤៥ វិនាទី ហើយយើង​ឃើញ​មនុស្ស​បី​នាក់​ផ្សេងៗគ្នា ចូល​មកដោយ​ចម្លងនិង​ផ្សព្វផ្សាយសារ​ដដែល​នោះ»។

លោក Imoo ដែល​កាត់​ចិន​និង​ជប៉ុននិងជា​ពលរដ្ឋកាណាដាជំនាន់​ទី​ ២ នៃពលរដ្ឋកាណាដាដែលបានធ្វើអន្តោប្រវេសន៍ពីបរទេស និយាយ​ថា លោក​គ្មានការ​អាក់អន់​ចិត្ត​ទេ ​តែលោកថា អ្នកតាមដានស្តាប់ការផ្សាយរបស់លោកផ្សេងទៀត មាន​ប្រតិកម្ម​ខ្លាំងចំពោះអ្នកដែលសរសេបែបប្រមាថមើលងាយទាំងនោះ។

លោក​បាន​ថ្លែង​ថា៖ «អ្នកចូលរួមតាមដានទាំងនោះ ​មានការ​អាក់អន់​ចិត្ត រួមទាំងពលរដ្ឋដែលមិនមានដើមកំណើតអាស៊ី។ ពួកគេទាំងនោះ​បានចូលរួម​ការពារ​ខ្ញុំ»។

ការកើនឡើងនៃឧក្រិដ្ឋកម្មលើ​ជនជាតិ​អាស៊ី​កើត​ឡើង​ ក្នុងអំឡុងពេល​រាតត្បាតជា​សកល​នៃ​វីរុស​កូរ៉ូណា បាន​កើត​មាន នៅ​ក្នុង​ក្រុង ​Vancouver ដែលជាតំបន់ឆ្នេរ​មហា​សមុទ្រ​ប៉ាស៊ីហ្វិកនៃប្រទេស​កាណាដា​។ នៅ​ទី​នោះ ពលរដ្ឋប្រមាណ ​៤២%​ ​មានដើម​កំណើត​អាស៊ី។ ទីក្រុង ​Vancouver ​ជា​កន្លែងប្រមូលផ្តុំ​ជនជាតិ​អាស៊ីដ៏ធំ​មួយក្នុង​ភាគ​ខាង​ជើង​នៃទ្វីប​អាមេរិក។

របាយការណ៍​មួយ​ចេញ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​ ដោយ​មន្ទីរ​ប៉ូលិស​ក្រុង Vancouver បង្ហាញថា​ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម បានកើនដល់ ​៧១៧ភាគ​រយ លើ​សហគមន៍អាស៊ី​ ដែលកើន​ពី ១២ ឧប្បត្តិហេតុ ក្នុង​ឆ្នាំ ២០១៩​ទៅដល់​ ៩៨ ឧប្បត្តិហេតុ​ កាលពីឆ្នាំ​២០២០។ ការស្ទង់​មតិ​តាម​អនឡាញ​មួយ ​កាល​ពី​ពេល​ថ្មីៗ​នេះដោយ Insights West បាន​រកឃើញថា ​ក្នុងចំណោម​ជនជាតិអាស៊ី ៧២៥ ​នាក់ ដែលត្រូវបាន​សួរ​មតិ​នៅ​ក្នុងខេត្ត British Columbia ៤៩ ភាគរយ បានបញ្ជាក់​ថា ​ពួក​គេបាន​រងការនិយាយប្រមាថមើល​ងាយ​បែប​ពូជសាសន៍។ ​ទីក្រុង Vancouver ស្ថិតនៅក្នុង ខេត្ត British Columbia។

តួ​លេខទាំង​នេះឆ្លុះឱ្យ​ឃើញ​និន្នាការនៅ​ក្នុង​សហរដ្ឋ​អាមេរិក ​ហើយធ្វើឱ្យភ្ញាក់​ផ្អើល​នៅ​ក្នុង​ក្រុង​មួយ​នេះ ដែលមានមនុស្សចម្រុះ​ពូជសាសន៍ និង​ជាសហគមន៍​អាស៊ីធំ​មួយ​។

គ្រួសារជា​ច្រើន​បានរស់នៅក្នុង​ប្រទេស​កាណាដា​ជាច្រើនជំនាន់ ដែលជាជន​អន្តោប្រវេសន៍​ក្នុងអំឡុងសម័យនៃការរុក​រក​មាស​នាឆ្នាំ ១៨៥៨។ ជនអន្តោប្រវេសន៍ដែលមកដល់ទឹកដីកាណាដានាពេលនោះ បាន​ធ្វើការ​ក្នុងវិស័យ​ស្ថាបនា​ផ្លូវដែក​ឆ្លងកាត់​ទ្វីប​ ដែល​ជាសហគ្រាសមួយ នៅ​ពេល​តំបន់ British Columbia ក្លាយ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​កាណាដា។

ទីក្រុង​ Vancouver ក៏មានតំបន់ពាណិជ្ជកម្មចិន ដែលហៅថា China Town ដ៏ធំ​ទី​ ២ ក្នុង​ភាគ​ខាង​ជើង​នៃ​ទ្វីប​អាមេរិក ​បន្ទាប់​ពីទី​ក្រុង San Francisco នៃសហរដ្ឋ​អាមេរិក។

ក្នុង​ពេល​ប៉ុន្មានខែ​ដំបូង​ នៃ​ឆ្នាំ ២០២០ ឧក្រិដ្ឋកម្មស្អប់ខ្ពើមលើជនជាតិអាស៊ី​នៅ​តែ​ទាក់ទាញការ​យក​ចិត្តទុកដាក់។ កាល​ពី​ថ្ងៃទី ៣០ ខែមីនា​ មនុស្ស​ម្នាក់ ​អាយុ ៤៧ ឆ្នាំត្រូវ​បាន​ចោទប្រកាន់​តាម​រយៈ​ច្បាប់ស្រីពី «ការ​ញុះញង់ជាសាធារណៈឱ្យមានការស្អប់ខ្ពើម» ​និង​ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យ​សម្បតត្តិ ​ក្រោយ​ពេលជននោះបានសរសេរ​ពាក្យ​ស្លោកបែបរើសអើង​ពូជសាសន៍ នៅ​លើ​បង្អួច​នៃ​មជ្ឈមណ្ឌលវប្បធ៌មចិន ​ក្នុង​តំបន់ទីប្រជុំជន Vancouver។

លោក Fred Kwok ជា​ប្រធាននៃមជ្ឈមណ្ឌល​នោះ​ បាននិយាយ​ថា​ សកម្មភាពនោះ​ជា​ការ​គ្រោង​ទុក​ដោយចេតនា។

លោក​បានថ្លែងថា៖ «ខ្ញុំ​ចង់​និយាយ​ថា នេះ​ជា​ចេតនា​អាក្រក់ ដែល​ធ្វើ​ឱ្យ​រាលដាលនៃអំពើ​ស្អប់ខ្ពើមលើជន​បរទេស​ដល់​សាធារណជន ​ហើយ​បន្ថែម​លើ​នេះ ​ក្រោយពេល​ខ្ញុំបាន​និយាយ​ប្រាប់ប៉ូលិស ​ខ្ញុំបាន​និយាយ​ថា វា​ដូចជាលោកអ្នកអាចប្រៀបធៀប​ការណ៍​នេះទៅនឹង​សកម្មភាពភេរវកម្ម​ដែរ​ ដែលមានគោលបំណង​តែ​មួយ​គត់ គឺធ្វើឱ្យ​ជនជាតិ​ចិន​ទាំង​អស់​ មានការ​ភ័យ​ខ្លាច»។

អ្នកស្រី Queenie Choo ជាប្រធាន​ប្រតិបត្តិ​នៃ S.U.C.C.E.S.S. ដែល​ជា​អង្គការ​មិនយក​កម្រៃ​ក្នុង​មូលដ្ឋាន​មួយ​ដែល​ជួយ​ជនអន្តោប្រវេសន៍​ថ្មីៗ ភាគច្រើន​មក​ពី​តំបន់អាស៊ី ឱ្យ​ចេះសម្របសម្រួល​ការរស់​នៅរបស់ពួកគេនៅក្នុង​ប្រទេស​កាណាដា។

អ្នកស្រី Choo និយាយ​ថា មាន​ការ​រើសអើង​ខាង​ពូជសាសន៍​ខ្លះ​ទៅ​លើ​សហគមន៍​អាស៊ី តែ​អ្នកស្រីថា ​បញ្ហា​នេះ​ត្រូវ​បញ្ឆេះ​ឡើងដោយ​កិច្ច​ខិតខំ​ប្រឹងប្រែងបែប​នយោបាយ ផ្សារភ្ជាប់​ជំងឺ​កូវីដ១៩ ទៅ​នឹង​ប្រទេសចិន ដែលជាតំបន់នៃការផ្ទុះឡើងដំបូងនូវករណីឆ្លងជំងឺកូវីដ១៩។

អ្នកស្រី​បាន​ថ្លែង​ថា៖ «នៅ​ពេល​មានការ​រាតត្បាតនៃជំងឺ​នេះ ​ស្ថានភាពរើសអើសជាតិសាសន៍ទាំង​មូល​ ក៏​កើន​ខ្លាំង​ជាង​មុន។ លោកអ្នកក៏​ដឹង ពីព្រោះ​លោកអ្នក​ប្រហែលឮ​មនុស្ស​ខ្លះនិយាយថា ​វា​ជា​វីរុស​ចិន។ ដូច្នេះ​ ការណ៍​នេះមិន​បានជួយដល់បញ្ហារើសអើងជាតិសាសន៍ទេ»។

អ្នកស្រី Choo និយាយបន្ថែម​ថា ​ការ​វាយ​ប្រហារបែបរើសអើងជាតិសាសន៍ បានធ្វើ​ឱ្យ​សមាជិកក្នុងសហគមន៍​អាស៊ី មានភាពភ័យខ្លាច។ អ្នកស្រីពោល​ថា៖ «ដូច្នេះ មនុស្សរស់ក្នុង​ការ​ភ័យខ្លាច ​ជាពិសេសស្ត្រី​ក្រុម​មនុស្ស​វ័យ​ចាស់ ​និង​ជន​អន្តោប្រវេសន៍»។

អ្នកស្រី Choo បាន​អំពាវ​នាវ​ឱ្យ​មានការ​ស្រាវជ្រាវ​ថែមទៀត អំពី​បញ្ហា​នេះ។ អ្នកស្រី​បាន​និយាយ​ថា៖ «វិធី​មួយដែល​ត្រូវ​ធ្វើ​នោះ គឺប្រមូលទិន្នន័យ​ផ្អែកលើ​ពូជសាសន៍ ​ដោយពិគ្រោះ​ជា​មួយ​សហគមន៍​អំពីមូលហេតុនិងទិន្នន័យបែបណាដែលត្រូវប្រមែប្រមូល និង​ថាតើត្រូវប្រើប្រាស់​ទិន្នន័យ​ទាំងនេះបែបណា ដើម្បីធ្វើការឲ្យមានកែលម្អ ដើម្បីឱ្យ​យល់​អំពីទំហំ​នៃ​ស្ថានភាព​នេះ​ និងអំពី​កម្រិត​នៃផល​ប៉ះពាល់ ដែល​យើង​អាច​បាន»។

អ្នកស្រី Choo បាន​និយាយ​ថា​ ជនជាតិ​កាណាដាត្រូវ​ទទួល​ស្គាល់ថា​ មានការ​រើសអើងពូជសាសន៍ជា​ប្រព័ន្ធនៅ​ក្នុងស្ថាប័ន​ទាំង​អស់​ក្នុង​ប្រទេស​កាដាណា។ អ្នកស្រីបាន​អំពាវ​នាវឱ្យ​រដ្ឋាភិបាល​ផ្តល់ប្រាក់កាសសម្រាប់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរើសអើង​ពូជសាសន៍ បណ្តាញទូរស័ព្ទជំនួយសម្រាប់​ពិគ្រោះ​យោបល់​ពេលមានវិបត្តិ និង​ការ​សិក្សា​អប់រំ​អំពី​ការ​រើសអើង​ពូជសសាន៍ពី​ប្រវត្តិសាស្ត្រ​ និង​នាពេល​បច្ចុប្បន្នក្នុង​ប្រទេស​កាណាដា។

អ្នក​ស្រី Tania Visintin អ្នកនាំ​ពាក្យការិយាល័យ​ប៉ូលិសប្រចាំក្រុង Vancouver បាន​និយាយ​ថា​ ជា​ការ «ទង្គុក​ចិត្ត» នៅពេលការិយាល័យរបស់អ្ន​កស្រី ឃើញឧក្រិដ្ឋកម្ម​ស្អប់ខ្ពើមកើនឡើង។

អ្នក​ស្រីបាន​និយាយ​ថា៖ «នេះ​ជា​ការនាំ​ឱ្យទាល់​ប្រាជ្ញា ​ជា​ពិសេសពីព្រោះក្រុង​យើងជា​ក្រុងមានវប្បធម៌ចម្រុះ។ ដូច្នេះ ករណីកើនឡើងនៃការស្អប់ខ្ពស់ក្រុម​ជនមានដើម​កំណើតអាស៊ី​ខាងកើត បានធ្វើឱ្យមានការរកាំ​ចិត្ត»។

អ្នក​ស្រី ​Visintin បានពោល​ថា ការិយាល័យរបស់​អ្នក​ស្រីបានធ្វើ​ឱ្យ​មាន​ការ​ងាយស្រួល​ជាងមុន ​ក្នុងការរាយការណ៍​អំពី​ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើមតាមអនឡាយ ​ដោយ​សង្ឃឹម​ថា ទិន្នន័យនិង​ការប្រមូល​ឯកសារច្រើន​ជាង​មុននេះ នឹង​ជួយឱ្យ​អាជ្ញាធរ​ក្រុង​បំពេញការងារ ដែលនាំមកនូវការផ្លាស់ប្តូរវិជ្ជមានលើបញ្ហានេះ។

អ្នក​ស្រី​បានថ្លែងថា៖ «យើង​ចង់​បញ្ឈប់បញ្ហានេះ ​មិនឱ្យ​កើត​មានទៀត»៕

ប្រែសម្រួលដោយលោកឈឹម សុមេធ

XS
SM
MD
LG