អំពើស្អប់ពូជសាសន៍អាស៊ីនៅសហរដ្ឋអាមេរិក កើនឡើងយ៉ាងខ្លាំង ក្នុងរយ:ពេលជាង១ឆ្នាំចុងក្រោយនេះ។ អង្គការ Stop AAPI Hate បានឲ្យដឹងថាខ្លួនបានកត់ត្រាករណីរើសអើងពូជសាសន៍អាស៊ីចំនួនជិត៣៨០០ ករណី រវាងថ្ងៃទី១៩ ខែមីនាឆ្នាំ២០២០ គឺមិនយូរប៉ុន្មានក្រោយការប្រកាសការរាលដាលជំងឺកូវីដ១៩ទូទាំងពិភពលោក រហូតដល់ថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២១។
ករណីទាំងនោះមានរួមការជេរប្រមាថមើលងាយ សើចចម្អក ធ្វើបាប ប្រើពាក្យដេញឲ្យត្រឡប់ទៅស្រុកវិញ ការប្រើអំពើហិង្សាលើរាងកាយ។ ហើយកាលពីថ្ងៃទី១៦ ខែមីនា បុរសស្បែកសអាយុ២១ឆ្នាំម្នាក់បានបាញ់សម្លាប់មនុស្ស៨នាក់ដែលក្នុងនោះមានស្ត្រីអាស៊ី៦នាក់ ក្នុងហាងស្ប៉ា និង ម៉ាស្សាបីកន្លែងក្នុងទីក្រុង Atlanta រដ្ឋ Georgia។
ហេតុការណ៍ទាំងនេះបានធ្វើឲ្យពលរដ្ឋអាមេរិកាំងដើមកំណើត អាស៊ីនៅទូទាំងសហរដ្ឋអាមេរិក ដែលមានរួមទាំងពលរដ្ឋខ្មែរផង មានការព្រួយបារម្ភ និងបង្កើនការប្រុងប្រយ័ត្នចំពោះ សុវត្ថិភាពរបស់ខ្លួន និងក្រុមគ្រួសារ។
លោក នួន វាសនា នៅចាំរហូតដល់សព្វថ្ងៃនូវរឿងមួយដែលលោកបានជួបប្រទះកាលលោកនៅរៀនក្នុងវិទ្យាល័យ។
«កាលបងនៅរៀន High School នៅ Boston មិនត្រឹមតែប្រើភាសាថាត្រឡប់ទៅស្រុកអ្នកឯងវិញអីទេ គឺពេលញុំាបាយនៅ Cafeteria ហ្នឹងគឺជួនកាលស្ដោះដាក់ម្ហូបយើងទៀត។ ស្ដោះដាក់ម្ហូបយើងហើយអញ្ចឹងទៅ យើងទៅប្រាប់ពួកអ្នកធ្វើការ បុគ្គលិកដែលថាពេលណាមាន Lunch គេមានបុគ្គលិកដើម្បី Monitor ដើម្បីមើលអ្នកទាំងអស់គ្នាអញ្ចឹងទៅ បុគ្គលិកហ្នឹងធ្វើអត់ដឹង ធ្វើអត់ឃើញ»។
លោក នួន វាសនា បច្ចុប្បន្ន មានអាយុ៥៤ ឆ្នាំ ហើយជាសមាជិកក្រុមប្រឹក្សាប្រចាំទីក្រុង Lowell រដ្ឋ Massachusetts ដែលជាទីក្រុងមានពលរដ្ឋខ្មែររស់នៅច្រើនជាងគេទី២ ក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុង Long Beach រដ្ឋ California។ លោកបានមករស់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ ១៩៨២។ លោកថ្លែងថា ពេលមកដល់ប្រទេសអាមេរិកដំបូង លោកមិនបានគិតច្រើនពីរឿងរើសអើងពូជសាសន៍អាស៊ីនៅក្នុងសហរដ្ឋអាមេរិកនេះទេ លោកគ្រាន់តែដឹងថាមានមនុស្សមួយចំនួនមិនស្វាគមន៍លោកទេ។
ចំណែកអ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការម្នាក់នៅអង្គការមិនរកប្រាក់កម្រៃមួយនៅក្នុងទីក្រុង New York អាយុ ៣២ ដែលសុំមិនបញ្ចេញឈ្មោះ បាប់ប្រាប់វីអូអេពីបទពិសោធន៍ ដែលកញ្ញាជួបប្រទះជាញឹកញាប់ចាប់តំាងពីកញ្ញាបានមករស់នៅសហរដ្ឋអាមេរិកកាលពី ៥ឆ្នាំមុន។
«គេរើសអើងចំពោះយើងច្រើនណាស់ ធ្លាប់មានគេ Catcalling តាមផ្លូវ ជួនកាលយើងដើរតាមផ្លូវទៅ ផ្ទះអញ្ចឹង មិនថាសាសន៍ណាទេ ភាគច្រើនមនុស្សប្រុសៗ Catcall ពេលខ្លះ ពួកគេដើរមកជិតខ្ញុំ ហើយព្យាយាមនិយាយចិន ដូចជាជា Nǐ Hǎo ដាក់ខ្ញុំ។ មានគេស្រែកជេរតាមផ្លូវក៏មានដែរ។ គេជេរថា Asian Bitch ឬមានគេម្នាក់នោះហៅខ្ញុំថា Ching Chong ជាគ្រាមភាសាសំដៅលើចិន»។
ចំណែកអ្នកស្រី Nicole Ung ដែលជាទន្ដពេទ្យ រស់នៅទីក្រុង Fort Lauderdale រដ្ឋ Florida បានប្រាប់ VOA អំពីបទពិសោធន៍ទាក់ទងនឹងការរើសអើងមួយផ្សេងដែលអ្នកស្រី បានជួបប្រទះ ពេលកំពុងសិក្សាក្នុងមហាវិទ្យាល័យ។ អ្នកស្រីនិយាយថាកាលនោះអ្នកស្រី និងនិស្សិតប្រុសស្បែកសម្នាក់ បាននាំគ្នាទៅសុំលិខិតឧទ្ទេសនាមពីសាស្ត្រាចារ្យម្នាក់ ដើម្បីដាក់ពាក្យចូលរៀនសាលាពេទ្យធ្មេញ។ អ្នកស្រីថាសាស្ត្រាចារ្យរូបនោះបានលើកទឹកចិត្ត និងផ្ដល់លិខិតនោះឲ្យនិស្សិតប្រុសស្បែកសម្នាក់នោះ ប៉ុន្តែមិនបានសរសេរឲ្យអ្នកស្រីទេ។ មិនត្រឹមតែប៉ុណ្ណោះសោត សាស្ត្រាចារ្យរូបនោះថែមទាំងបានប្រាប់អ្នកស្រីថា មុខវិជ្ជាពេទ្យធ្មេញនេះពិបាកណាស់ អ្នកស្រីគួរកុំរៀនអី។
មូលហេតុនៃការរើសអើងពូជសាសន៍អាស៊ី
ពលរដ្ឋខ្មែរអាមេរិកាំងមានការយល់ឃើញខុសគ្នាពីមូលហេតុនៃការរើងអើសពូជសាសន៍អាស៊ី។ អ្នកខ្លះលើកឡើងថា ការរើសអើងពូជសាសន៍អាស៊ីបណ្ដាលពីជំងឺកូវីដ១៩ និងរឿងនយោបាយ ហើយអ្នកខ្លះថាដោយសារការច្រណែនថាជនជាតិអាស៊ីមកដណ្ដើមការងារ ឯអ្នកខ្លះថាកត្តាមុខមាត់ពណ៌សម្បុរនេះតែម្ដងជាមូលហេតុចម្បង។
លោក នួន វាសនា បាននិយាយថា៖ «ថ្មីៗនេះ គឺបួនឆ្នាំរបស់អតីតប្រធានាធិបតីមុនហ្នឹង [Donald Trump] គឺគាត់ប្រើ ជាញឹកញាប់គាត់ប្រើភាសាប្រកាន់ពូជសាសន៍ដូចជា ពាក់ព័ន្ធនឹងរឿងជំងឺកូវីដ១៩ អញ្ចឹង។ ជាញឹកញាប់គាត់និយាយអញ្ចឹង គាត់និយាយថា Kung-flu ឬមួយក៏ Chinese Virus។ ពាក្យទាំងនេះហើយ ចង់បង្ហាញថាជនជាតិអាស៊ីហ្នឹង ជាអ្នកនាំចូលមកនូវជំងឺរាតត្បាត កូវីដ១៩ ហ្នឹង»។
ចំណែកលោក យ័ប គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលរស់នៅក្នុងតំបន់រដ្ឋធានី Washington បានលើកឡើងពីមូលហេតុនៃការរើសអើងពូជសាសន៍អាស៊ីនេះថា៖ «ឥឡូវនៅសហរដ្ឋអាមេរិកអាស៊ីមានជីវភាពរបស់នៅគ្រាន់បើជាងតាមធម្មតា ម្ល៉ោះហើយជួនកាលអ្នកខ្លះយល់ថា អាស៊ីមកសហរដ្ឋអាមេរិក ដណ្ដើមយកការងាររបស់ជនជាតិស្បែកស ឬពួកស្បែកខ្មៅ»។
លោក គឹមទឹង បន្ថែមថា៖ «ជនជាតិស្បែកសខ្លះមកពីបារំាងមកពីអង់គ្លេស ប៉ូឡូញ មកពីរុស្ស៊ីអី ភាគច្រើនមកនូវទីនេះបានប៉ុន្មានឆ្នាំទៅ មើលទៅយើងមិនដឹងថាអ្នកហ្នឹងជាពួកប៉ូឡូញ ឬមួយក៏រុស្ស៊ី ឬមួយក៏អង់គ្លេសទេ ប៉ុន្តែអាស៊ីទោះបីជានៅទីនេះយូរឆ្នាំក៏ដោយ ឬកើតនៅទីនេះក៏ដោយគេមើលទៅឃើញប្លែក។ ហើយពេលប្លែកអញ្ចឹងទៅ អ្នកខ្លះអត់មានការងារអីនៅនេះ ចោទថាអាស៊ីហ្នឹង មកអាមេរិកយកការងាររបស់ពួកគេ អញ្ចឹងទៅធ្វើឲ្យគេឈឺចាប់»។
វប្បធម៌សន្សំសុខ និងផលវិបាកផ្សេងៗដែលធ្វើឲ្យពលរដ្ឋខ្មែរភាគច្រើនមិនតបនឹងការរើសអើង
ទោះបីជាពលរដ្ឋខ្មែរអាមេរិកាំងរងការរើសអើងពូជសាសន៍ជាយូរណាស់មកហើយ ពួកគេហាក់ដូចជាមិនបានដេញដោល តបត រើបម្រះ ឬប្ដឹងផ្ដល់ នឹងការរើសអើសពូជសាសន៍នេះឡើយ បើសិនជាអំពើរើសអើសនេះមិនឈានដល់អំពើហិង្សាលើរាងកាយ។ ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើន ដែលធ្វើឲ្យពួកគាត់ធ្វើដូច្នេះ គឺវប្បធម៌សន្សំសុខដែលបន្សល់ទុកពីមនុស្សចាស់ជំនាន់មុន។
លោក នួន វាសនា បាននិយាយថា៖ «ហើយយើងមានអញ្ចេះទៀត យើងមកដល់ផ្ទះយើងប្រាប់ម្ដាយឪពុកយើង ម្ដាយឪពុកយើងថា កូនអ្ហើយចេះតែទ្រាំៗទៅ ព្រោះអីគេអត់យល់ពីយើង។ កាលណោះគេលាបជាមួយយើង គេថាយើងជាជនជាតិវៀតណាម។ ហើយអញ្ចឹងទៅគេមានបងមានប្អូន មានសាច់ញាតិរបស់គេហ្នឹងស្លាប់កាលសង្គ្រាមនៅស្រុកវៀតណាម។ អញ្ចឹងគេមកលើករឿងនឹងដាក់យើង រករឿងយើងអញ្ចឹងទៅ។ បាទធ្លាប់ជួប ហើយបងប្អូនខ្មែរយើងមួយចំនួនធំ ក៏ធ្លាប់ជួបប្រទះដែរតែបងប្អូនយើងថាណ្ហើយធ្វើមិនឮទៅ ធ្វើមិនដឹងទៅ»។
ចំពោះពលរដ្ឋខ្មែររស់នៅក្នុងទីក្រុងធំៗដូចជាទីក្រុង New York តែងតែជួបប្រទះនឹងការរើសអើងច្រើនជាងអ្នករស់នៅក្នុងទីក្រុងតូចៗ ប៉ុន្តែពួកគាត់ភាគច្រើនមិនដែលរាយការណ៍រឿងនេះប្រាប់សមត្ថកិច្ចឡើយ។
អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការនៅអង្គការមិនរកប្រាក់កម្រៃមួយនៅក្នុងទីក្រុង New York ប្រាប់វីអូអេដូច្នេះថា៖ «ករណីដែលខ្ញុំជួបប្រទះភាគច្រើនមិនប៉ះពាល់ដល់រាងកាយ បានត្រឹមគេជេរ ឬគេស្រែកដាក់ វាអត់មានឈានដល់រាងកាយ។ ហើយភាគច្រើនបើយើងហៅប៉ូលិស តាមខ្ញុំដឹងបើយើងហៅប៉ូលិសទាល់តែឈានដល់រាងកាយបានប៉ូលិសគេមក។ បើអញ្ចឹងទោះបីជាចង់រាយការណ៍ទៅប៉ូលិសក៏អត់មានអី គឺថាប៉ូលិសអត់មានធ្វើអីកើតដែរ»។
អ្នកស្រី Chhaya Chhoum ជានាយិកាប្រតិបត្តិនៃអង្គការ Mekong ប្រចាំទីក្រុង New York ដែលជាអង្គការមិនរកប្រាក់ចំណេញមួយ ជួយពលរដ្ឋអាស៊ីអាគ្នេយ៍ ក្នុងវិស័យផ្សេងៗរួមមានការទទួលសេវាសង្គមសំខាន់ៗ។ អ្នកស្រីបានលើកឡើងថាអ្នកស្រី មិនមានជំនឿទុកចិត្តលើប៉ូលិសទេ។
«យើងមិនជឿជាក់លើប៉ូលិសទេ មិនមែនតែខ្ញុំទេដែលមិនជឿជាក់ គឺសហគមន៍ទាំងមូលរបស់យើងតែម្ដង»។
អ្នកស្រីបានបន្ថែមថា៖ មូលហេតុចម្បងនោះគឺដោយសារអ្នកខ្លះខ្លាចប៉ូលិសចាប់និរទេស[ដោយសារគ្មានឯកសាររស់នៅស្របច្បាប់ ឬមានប្រវត្តិប្រព្រឹត្តបទល្មើស] ដូច្នេះមានរឿងអីកើតឡើងពួកគេ ផ្ដល់អាទិភាពដល់ការដោះស្រាយបញ្ហា ឬសុំជំនួយនៅក្នុងសហគមន៍ជាជាងការប្ដឹងប៉ូលិស។
ការបារម្ភពីសុវត្ថិភាព និងខ្លាចគេគុំកួន ក៏ជាមូលហេតុដែលធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួនខាំមាត់សង្កត់ចិត្តមិនតបតនឹងការរើសអើងពូជសាសន៍ផងដែរ។ នេះបើតាមការយល់ឃើញរបស់សកម្មជនខ្មែរមួយចំនួន។
លោក Charles Song ជាអ្នករៀបចំកិច្ចការសហគមន៍ម្នាក់ប្រចាំទីក្រុងLong Beach រដ្ឋ Californiaបានប្រាប់វីអូអេថា៖ «ប្រតិកម្មភ្លាមៗហ្នឹង ខ្ញុំគិតថាអ្នកណាអ្នកណា ក៏ទប់អត់បាន តែចៃដន្យអីខ្ញុំយល់ឃើញថាពេលនោះខ្ញុំមានភរិយាខ្ញុំនៅក្បែរខ្ញុំ ដែលគាត់ចេះតែទប់យើង ហើយពេលគាត់យប់យើង គាត់ពន្យល់មកប្រាប់យើង យើងទើបយើងដឹងថាអ្វីដែលគាត់និយាយហ្នឹងត្រឹមត្រូវ ព្រោះថាមនុស្ស ជនណាដែលហ៊ាន ប្រើភាសាដែលមិនគប្បីមកលើនរណាម្នាក់ ឬក៏ហ៊ានប្រព្រឹត្តនូវអ្វីដែលមិនគប្បីទៅដល់នរណាម្នាក់ ជននោះ គឺគេហ៊ានធ្វើអ្វីទំាងអស់»។
ពលរដ្ឋខ្មែរខ្លះនិយាយថាកាលពីអតីតកាលពួកគាត់មិនបានដឹងពីនិយមន័យនៃការរើសពូជសាសន៍ច្បាស់លាស់ទេ ដូច្នេះពេលខ្លះ ទោះជាត្រូវបានគេរើសអើង ក៏មិនដឹងខ្លួន។
លោក Mannrinh Tran អាយុ ៦៨ឆ្នាំ ជនជាតិខ្មែរចូលនិវត្តន៍រស់នៅក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania បាននិយាយថា៖ «កាលខ្ញុំទើបមកដល់ [អាមេរិក] ភ្លាម ខ្ញុំធ្លាប់ធ្វើការនៅ 7 Eleven ហ្នឹង ពួកខ្លះចូលមកទិញឥវ៉ាន់ឃើញយើងហ្នឹង គេដេញយើងទៅចិនវិញ គេថា Go Back to China...។ ខ្ញុំធ្លាប់ប៉ះរឿងហ្នឹង ប៉ុន្តែខ្ញុំមិនគិតថា ដូចខ្ញុំនិយាយអញ្ចឹងរឿងកំប៉ិកកំប៉ុក អញ្ចឹងខ្ញុំមិនគិតថាគេរើសអើងទេ ហើយម្យ៉ាងទៀតអ្នកដែលរើសអើង បញ្ចេញភាពរើសអើង អ្នកហ្នឹងវាគ្មានគំនិតវិជ្ជាស្អី។ អញ្ចឹងទៅយើងមិនយកចិត្តទុកដាក់តាមពិតទៅ ដល់វាអារឿងហ្នឹងកើតឡើងទៅ បានខ្ញុំគិតថា អូ អូខេ [រើសអើង] មែន»។
ចំណែកអ្នកស្រី Chhay Kunnida អាយុ ៤៣ឆ្នាំ ជាអ្នកវិភាគពន្ធហិរញ្ញវត្ថុ រស់នៅក្នុងទីក្រុង Lawrencevilleរដ្ឋ Georgia បានលើកឡើងថាការប្រៀនប្រដៅរបស់មាតាបីតាឲ្យនៅស្ងៀម នាំឲ្យអ្នកស្រីមិនដឹងត្រូវបញ្ចេញប្រតិកម្មបែបណា ពេលប្រឈមនឹងការរើសអើង។
«ខ្ញុំភ្ញាក់ផ្អើល ខ្ញុំមិនដឹងត្រូវនិយាយយ៉ាងម៉េចទេ ពីព្រោះតាំងពីកើតមកឪពុកម្ដាយបង្គាប់ថា យើងកុំឲ្យមាត់កអី គេថាអីក៏ថាទៅ។ បើថាចង់ទូលពិតគ្រូអី ក៏ទូលពិតទៅ។ ប៉ុន្តែបើថាយើងអត់ចេះនិយាយអី មកពីឪពុកម្ដាយសម្លុតថាកុំឲ្យចេះនិយាយអី តាំងពីដើម [ដូច្នេះខ្ញុំមិនដឹង] ប្រាប់គ្រូថាម៉េច។ គ្រាន់តែប្រាប់គេថាពាក្យចេះពាក្យចុះ ឬគេធ្វើអញ្ចេះធ្វើអញ្ចុះដូចគេទាយសក់យើង ឬទាត់យើងពីក្រោយអី ជំពប់ជើងយើងអញ្ចឹង អាហ្នឹងយើងចេះតែប្រាប់ ប៉ុន្តែយើងមិនដឹងពីពាក្យថាការរើសអើង»។
វិធានការការពារខ្លួនពីការរើសអើងពូជសាសន៍
ក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ រយៈពេលជាងមួយឆ្នាំកន្លងទៅនេះ សហគមន៍ជនជាតិអាស៊ីនៅសហរដ្ឋអាមេរិក ត្រូវបានរាយការណ៍ថាបានរងការរើសអើងជាតិសាសន៍និងការស្អប់ខ្ពើមកាន់តែធ្ងន់ធ្ងរជាងមុន។ អង្គការ Stop AAPI Hate បានកត់ត្រាករណីរើសអើងពូជសាសន៍អាស៊ីចំនួនជិត៣៨០០ ករណី រវាងថ្ងៃទី១៩ ខែមីនាឆ្នាំ២០២០ គឺមិនយូរប៉ុន្មានក្រោយការប្រកាសការរាលដាលជំងឺកូវីដ១៩ទូទាំងពិភពលោក រហូតដល់ថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២១។អង្គការ Stop AAPI Hate និយាយថា ករណីពិតប្រាកដអាចមានច្រើនជាងនេះ ដោយសារមានមនុស្សខ្លះមិនរាយការណ៍ឲ្យដឹង។
ការវាយប្រហារជម្រុញដោយការស្អប់ជនជាតិអាមេរិកាំងដើមកំណើតអាស៊ីបានកើនឡើងនៅតាមទីក្រុងធំៗរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំ២០២០កន្លងទៅនេះ។ ក្នុងករណីខ្លះមានការកើនឡើងលើស១០០% ទោះជាឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការស្អប់ខ្ពើមបានធ្លាក់ចុះជាទូទៅក៏ដោយ។ នេះបើតាមស្ថិតិរបស់ការិយាល័យប៉ូលិសដែលត្រូវបានយកមកវិភាគកាលពីពេលថ្មីៗ។
កាលពីថ្ងៃយប់ថ្ងៃអង្គារទី១៦ ខែមីនា បុរសស្បែកសម្នាក់បានបាញ់ប្រហារជាបន្តបន្ទាប់នៅក្នុងហាងស្ប៉ា និងម៉ាស្សាបីកន្លែងផ្សេងគ្នាក្នុងទីក្រុង Atlanta រដ្ឋ Georgia បណ្តាលឲ្យមនុស្ស៨ស្លាប់ ដោយក្នុងនោះ ៦នាក់ជាស្ត្រីដើមកំណើតអាស៊ី។ ក្រោយពេលប៉ូលិសបានចាប់ខ្លួន បុរសនោះបានប្រាប់ប៉ូលិសថាការវាយប្រហារនោះដោយសាររឿងញៀននឹងការរួមភេទ ហើយមិនពាក់ព័ន្ធនឹងរឿងប្រកាន់ពូជសាសន៍ទេ។ ក៏ប៉ុន្តែប៉ូលិសនៅតែបន្តការស៊ើបអង្កេតករណីនេះ។
ក្រោយពីហេតុការណ៍ដ៏រន្ធត់នេះកើតឡើង មេដឹកនាំសហគមន៍ខ្មែរនៅតាមទីក្រុងមួយចំនួននៅក្នុងសហរដ្ឋអាមេរិកក្រើនរំឭកបងប្អូនខ្មែរ ដែលរស់នៅក្នុងសហរដ្ឋអាមេរិកឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពេលទៅណាមកណា ព្រោះថាជាក់ស្ដែងមិនមានវិធានការការពារខ្លួនពីការរើសអើងជាតិសាសន៍អាស៊ីណាដែលធានាថាមានប្រសិទ្ធភាពសម្រាប់បងប្អូនខ្មែរយើងយកមកអនុវត្តនោះទេ។
លោក នុត នឹម អាយុ ៧២ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់សមាគមន៍ព្រះពុទ្ធសាសនាកម្ពុជាប្រចាំរដ្ឋ Georgia បានប្រាប់វីអូអេថា៖ «នៅក្នុងវិស័យគ្រួសារវិញ គឺថាយើងតែអប់រំគ្នាទៅវិញទៅមក ហើយប្រាប់គ្នាទៅវិញទៅមកថា យើងទៅ ណាមកណាត្រូវតែប្រយ័ត្នរៀងខ្លួន។ អ្វីក៏ដោយ គឺថាភ្នែកយើងត្រូវតែរវៀស ដើម្បីមើលសភាពការណ៍ថាវាយ៉ាងម៉េចៗ។ ហើយបើយើងទៅផ្សារឬទីណាក៏ដោយ យើងត្រូវរវៀសឲ្យមែនអារឿងចាប់អារម្មណ៍ មនុស្សនោះរបៀបម៉េច អ្នកដែលនៅជុំវិញខ្លួនយើង។ កុំឲ្យតែយើងទៅ ទៅដោយមិនគិតអីនោះណាស់»។
អ្នកស្រី Chhaya បានលើកឡើងថា ក្រោយពីព្រឹត្តិការណ៍ក្នុងទីក្រុង Atlantaអ្នកស្រីបានគិតភ្លាមថា គួរតែមានការពិភាក្សាគ្នាក្នុងសហគមន៍ដែលមានជនជាតិដើមកំណើតអាស៊ីរស់នៅ ចែករំលែកបទពិសោធន៍ពីការរើសអើងជាមួយគ្នាទៅវិញទៅមក ប្រមូលព័ត៌មាន និងចងក្រងជាទិន្នន័យ ដើម្បីរកផ្លូវដោះស្រាយ។
មានដំណោះស្រាយសម្រាប់ការរើសអើងពូជសាសន៍អាស៊ីទេ?
ការរើសអើងពូជសាសន៍ជាប្រធានបទដ៏ស្មុគស្មាញ ដែលចាក់ស្រេះក្នុងសង្គមអាមេរិកជាយូរណាស់មកហើយ ហើយក៏គ្មានផ្លូវចេញងាយៗ និងឆាប់រហ័សដើម្បីដោះស្រាយបញ្ហានេះដែរ។ តែទោះជាយ៉ាងនេះក្ដី ពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួននៅតែមានសុទិដ្ឋិនិយមក្នុងការរកវិធីធ្វើឲ្យធូរស្រាល ឬរកផ្លូវចេញពីបញ្ហានេះ។
លោក Charles Song មានសុទិដ្ឋិនិយមថា បើសិនជាលោកអតីតប្រធានាធិបតី Donald Trump ចេញមកថ្លែងសារប្រាប់អ្នកគំាទ្រលោក ឬពលរដ្ឋអាមេរិកទូទៅកុំឲ្យរើសអើងជនជាតិអាស៊ី នោះការ រើសអើងនឹងថយចុះ ដោយសារលោកជឿថា លោក Trump តិចឬច្រើនជាអ្នកបង្កឲ្យមានការកើនឡើងនៃការរើសអើងពលរដ្ឋអាស៊ីនេះ។
អ្នកស្រី Chhay Kunnida ថាអ្នកស្រីបានបង្រៀនកូនពីតូចបណ្ដើរៗឲ្យស្គាល់ពីនិយមន័យនៃការរើសអើង និងបង្រៀនកូនឲ្យសេចក្ដីក្លាហាន ចេះឆ្លើយតប រើបម្រះ តទល់នឹងការរើសអើសពូជសាសន៍ បើថ្ងៃណាមួយត្រូវគេប្រព្រឹត្តិអំពើរើសអើងនេះដាក់ខ្លួន។
ចំណែកលោក នួន វាសនា និង អ្នកស្រី Nicole Ung ក៏ចែករំលែកដំណោះស្រាយរួមរយ:ពេលវែងមួយដោយប្រយោល តាមរយ:លើកឧទាហរណ៍ពីទស្សន:មួយ ឲ្យពលរដ្ឋខ្មែរយើងយកមកគិត។ ឧទាហរណ៍នោះគឺ បើថ្ងៃមុនគេធ្វើបាបពលរដ្ឋស្បែកខ្មៅ យើងឃើញយើងនៅស្ងៀម ថ្ងៃមុនមួយទៀតគេធ្វើបាបពលរដ្ឋអាមរិកឡាទីន យើងឃើញយើងនៅស្ងៀម ថ្ងៃនេះគេធ្វើបាបពលរដ្ឋអាស៊ី យើងឃើញ យើងនៅស្ងៀម ថ្ងៃមុខគេធ្វើបាបពលរដ្ឋខ្មែរយើងស្រែកឲ្យគេជួយ ច្បាស់ជាគ្មានគេជួយទេ។
អាមេរិកនៅតែជាជម្រើសអាទិភាពទោះបីជាមានការរើសអើងពូជសាសន៍
ទោះបីជាក្នុងសង្គមអាមេរិក មានការរើសអើងពូជាសាសន៍អាស៊ីក្ដី ទាំងពលរដ្ឋខ្មែរកើតមុនសម័យខ្មែរក្រហម និងកើតក្រោយសម័យខ្មែរក្រហម ដែលសព្វថ្ងៃរស់នៅសហរដ្ឋអាមេរិក ដែលវីអូអេបានសម្ភាសន៍សុទ្ធតែបានលើកឡើងថា ពួកគេគាត់មិនស្ដាយក្រោយទេដែលបានមករស់នៅសហរដ្ឋអាមេរិក។
ពួកគាត់ទាំងអស់គ្នាសុទ្ធតែយល់ស្របថា នៅទីកន្លែងណាក៏មានការរើសអើសដែរ ដូចជាការរើសអើងពូជសាសន៍ រើសអើងសាសនា រើសអើងជនអន្តោរប្រទេស និងការរើសអើងរវាងអ្នកមាន និងអ្នកក្រជាដើម៕