សេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកាសវិធានការបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការរិះគន់ដែលថា លោកប្រធានាធិបតី Joe Biden មិនបានចាត់វិធានការឲ្យបានគ្រប់គ្រាន់ចំពោះការកើនឡើងនូវហេតុការណ៍ស្អប់គុំកួនប្រឆាំងនឹងពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី និងការខ្វះតំណាងពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីនិងអ្នកកោះប៉ាស៊ីហ្វិក (AAPI) នៅក្នុងរដ្ឋបាលរបស់លោក។
ក្នុងចំណោមការប្រកាសកាលពីថ្ងៃអង្គារម្សិលមិញនោះ កិច្ចផ្តួចផ្តើមរបស់សេតវិមានស្តីពីពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីនិងអ្នកកោះប៉ាស៊ីហ្វិក នឹងត្រូវអនុវត្តឡើងវិញ និងពង្រីកបន្ថែម។ កិច្ចផ្តួចផ្តើមនេះត្រូវបានបង្កើតដំបូងក្នុងអំឡុងរដ្ឋបាលរបស់លោកអតីតប្រធានាធិបតី Bill Clinton។
លោកប្រធានាធិបតី Biden ក៏នឹងតែងតាំងអ្នកសម្របសម្រួលម្នាក់សម្រាប់គោលនយោបាយទាំងនេះផងដែរនៅទូទាំងរដ្ឋាភិបាលសហព័ន្ធ។ ក្រុមអ្នកគាំទ្រសហគមន៍បានធ្វើការស្នើបែបនេះ។
សេតវិមានក៏នឹងផ្ដល់ថវិកាចំនួនប្រហែល ៥០ លានដុល្លារសម្រាប់អ្នកនៅរស់រានមានជីវិតពីអំពើហិង្សាក្នុងគ្រួសារនិងអំពើបំពានផ្លូវភេទ និងសម្រាប់កិច្ចផ្តួចផ្តើមពហុទីភ្នាក់ងាររដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាកើនឡើងនៃឧក្រិដ្ឋកម្មស្អប់គុំកួនប្រឆាំងនឹងជាតិសាសន៍អាស៊ីផងដែរ៕