ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Biden និង​អ្នកស្រី​ Harris ​ថ្កោលទោស​ការ​រើសអើង​ជាតិ​សាសន៍​នៅ​សហ​រដ្ឋអាមេរិក


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden ឈរ​ស្ដាប់ ខណៈ​អនុប្រធានាធិបតី អ្នកស្រី Kamala Harris ថ្លែង​សុន្ទរកថា បន្ទាប់​ពី​ជួប​ប្រជុំ​ជាមួយ​នឹង​បណ្ដា​មេដឹកនាំ​មក​ពី​សហគមន៍​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាស៊ី នៅ​សាកលវិទ្យាល័យ Emory ទីក្រុង Atlanta ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

កាលពី​ថ្ងៃ​អាទិត្យ​ប្រធានាធិបតី​ លោក Joe Biden​ បាន​ថ្លែង​ប្រឆាំងនឹងអ្វី​ដែល​លោក​ថា​ជា «ការ​បំពុល​ដ៏​អាក្រក់» នៃ«​ការ​រើសអើង​ជាតិ​សាសន៍​ជាប្រព័ន្ធ និង​ទស្សនៈ​ដែលថាជនជាតិ​ស្បែក​សល្អប្រសើរ​ជាង​ជាតិសាសន៍​ដទៃ» ដែល​លោក​បាន​និយាយ​ថា​ បាន​ញាំញី​សហ​រដ្ឋ​អាមេរិក​ជាយូរ​មក​ហើយ​ ហើយ​លោក​ប្តេជ្ញាថា​ នឹង​ផ្លាស់ប្តូរ​ច្បាប់​ដែល​អាច​បន្ដ​ឲ្យ​មាន​ការ​រើសអើង​។ ​

ប្រធានាធិបតី​ពី​ខាង​គណបក្ស​ប្រជា​ធិបតេយ្យរូបនេះ​បាន​និយាយ​ចំៗ​ថា​ ប្រទេស​នេះ​បាន​ប្រឈម​នឹង​បញ្ហា​រើសអើង​ជាតិសាសន៍​ ការ​ស្អប់ខ្ពើម​ជន​បរទេស​ និង​ជាតិ​សាសន៍​និយម។​

សេចក្តី​ថ្លែង​ការណ៍​របស់​លោក ​Biden ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​បង្ហាញ​ទស្សនៈ​ស្រដៀង​គ្នា​ដោយ​អនុ​ប្រធានាធិបតី​អ្នកស្រី ​Kamala Harris ​ដែល​បាន​រៀបរាប់​លម្អិតនៅទីក្រុង Atlanta ​កាល​ពី​ថ្ងៃសុក្រ​អំពី​ប្រវត្តិសាស្រ្ត​នៃ​ការ​រើសអើង​នៅ​អាមេរិក​ប្រឆាំង​នឹង​ជនជាតិ​អាមេរិកាំង​អាស៊ី។​

អ្នកស្រី​ Harris ​ដែល​ជា​អនុ​ប្រធានាធិបតីជនជាតិ​អាស៊ី ​និង​អាហ្វ្រិក​ដំបូង​គេ ​បាន​មាន​ប្រសាសន៍​ថា​៖ «ការ​ប្រកាន់​ជាតិ​សាសន៍​មាន​ពិត​ប្រាកដ​នៅ​អាមេរិក​ ហើយ​វា​តែង​តែ​កើត​មាន​រហូតមក។​ ការ​ស្អប់ខ្ពើម​ជន​បរទេស​ពិតជា​មាន​នៅ​សហរដ្ឋ​អាមេរិក​រហូតមក។ ​ភេទ​និយម​ក៏​អ៊ីចឹង​ដែរ»។​

សេចក្តីថ្លែងការណ៍​របស់​លោក ​Biden ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​យប់​ថ្ងៃ​អាទិត្យ ​អបអរ​សាទរ​ទិវា​អន្តរជាតិ​របស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់លុប​បំបាត់​ការ​រើសអើង​ជាតិសាសន៍​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ទសវត្ស​១៩៧០​ គឺ​ដើម្បី​ប្រារព្ធ​ទិវា​នៃ​ការសម្លាប់​រង្គាល​នៅ​ឆ្នាំ​១៩៦០ ​នៅ​អាហ្វ្រិក​ខាងត្បូង។​

លោក​ Biden ​ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ថា​៖ «ការ​ស្អប់​មិន​អាច​មាន​ជម្រក​សុវត្ថិភាព​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ទេ។​ វា​មិន​គួរមាន​នៅ​កន្លែងណាទាំងអស់​ក្នុង​ពិភពលោក។ ​យើង​ត្រូវតែ​រួមគ្នា​ដើម្បី​បញ្ឈប់​វា»។​

លោក​បាន​និយាយ​ថា​ រដ្ឋបាល​របស់​លោក​នឹងប្រឆាំងការរើសអើង​ជាតិ​សាសន៍​នៅទូទាំង​ពិភពលោក​ រួមទាំង​ការ​ធ្វើបាប​យ៉ាង​សាហាវ​ទៅលើ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ និង​ជនជាតិ​ Uighursនៅក្នុង​ប្រទេស​ចិន​ផង​ដែរ។​

លោកបាន​មាន​ប្រសាសន៍​ថា​៖ «តម្លៃ​និង​ជំនឿ​សំខាន់​ដែល​នាំ​ឲ្យ​យើង​រួម​គ្នា​ក្នុង​នាមជា​ពលរដ្ឋអាមេរិក​គឺ​ប្រឆាំង​ការ​ស្អប់ខ្ពើម ​និង​ការរើស​អើង​ជាតិ​សាសន៍​ ទោះបី​ជា​យើង​ទទួល​ស្គាល់​ថា​ ការរើស​អើង​ជាតិ​សាសន៍​ និងទស្សនៈ​ដែលថាជនជាតិ​ស្បែក​សល្អប្រសើរ​ជាង​ជាតិសាសន៍​ដទៃ ​គឺ​ជា​ថ្នាំ​បំពុល​ដ៏​អាក្រក់​ដែល​បាន​ញាំញី​សហ​រដ្ឋ​អាមេរិក​ជា​យូរ​មក​ហើយ​ក៏​ដោយ។ ​យើងត្រូវ​តែផ្លាស់​ប្តូរ​ច្បាប់​ដែល​អនុញ្ញាត​ឱ្យមាន​ការ​រើសអើង​នៅក្នុង​ប្រទេស​របស់​យើង​ ហើយយើង​ត្រូវតែ​ផ្លាស់​ប្តូរ​ចិត្ត​គំនិត​របស់​យើង»។​

សេចក្តីថ្លែងការណ៍​របស់​លោក ​Biden បាន​កើត​ឡើង​ចំពេល​ដែល​មាន​សម្ពាធ​កាន់តែ​ខ្លាំង​ឲ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ចាត់​ទុក​ការ​បាញ់​ប្រហារ​ដ៏​សាហាវ​កាលពី​សប្តាហ៍​មុន​នៅ​ទីក្រុង Atlanta ​ដែល​បាន​សម្លាប់​មនុស្ស ​៨​ នាក់​រួម​មាន​ស្ត្រី​ដើម​កំណើត​អាស៊ី​ ៦​ នាក់ផងនោះ​ គឺ​ជា​ឧក្រិដ្ឋ​កម្ម​ស្អប់​ខ្ពើម​ជាតិ​សាសន៍៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG