ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​អាមេរិក​​អនុម័ត​ដោយ​សំឡេង​លើសលុប​លើ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ឧក្រិដ្ឋកម្ម​ស្អប់​ខ្ពើម​លើ​ជនជាតិ​អាស៊ី


សមាជិកព្រឹទ្ធសភាអាមេរិកចូលរួមថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយពេលព្រឹទ្ធសភាបានបោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្ម​ស្អប់​ខ្ពើម​លើ​ជនជាតិ​អាស៊ី នៅវិមានសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១។
សមាជិកព្រឹទ្ធសភាអាមេរិកចូលរួមថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយពេលព្រឹទ្ធសភាបានបោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្ម​ស្អប់​ខ្ពើម​លើ​ជនជាតិ​អាស៊ី នៅវិមានសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១។

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ បាន​អនុម័ត​ដោយ​សំឡេងលើស​លុប​នូវ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​មួយ ដែល​មាន​គោលបំណង​បង្កើន​កិច្ចប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កើន​ឡើង​នូវ​ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម​លើ​ជនជាតិ​អាស៊ី ​ក្នុង​អំឡុង​ពេល​នៃ​ការរាតត្បាត​ជំងឺ​កូវី១៩។ ការ​បោះឆ្នោត​មាន ​៩១ ​សំឡេងគាំទ្រ​ ទល់​នឹង​ ១ ​សំឡេង​ប្រឆាំង។

សេចក្តី​ព្រាង​ច្បាប់​នេះ​នឹងបង្កើត​តួនាទី​ថ្មី​មួយដល់​ក្រសួង​យុត្តិធម៌​ ដើម្បី​ពន្លឿន​ការ​សើរើ​ពិនិត្យ​មើល​នូវ​បទ​ល្មើសឧក្រិដ្ឋស្អប់​ខ្ពើម​ ទាក់ទិន​នឹង​ជំងឺ​កូវីដ១៩​ និង​ផ្តល់​ការគាំទ្រ​ដល់​ទីភ្នាក់ងារ​ពង្រឹង​ច្បាប់​មូលដ្ឋាន ​ដើម្បី​ឆ្លើយ​តប​ទៅនឹងអំពើ​ហិង្សា​នៃ​ការស្អប់​ខ្ពើម​លើ​ជនជាតិ​អាស៊ី។ សេចក្តី​ព្រាងច្បាប់​នេះ​ក៏​រួម​បញ្ចូល​ទាំង​វិសោធនកម្ម​ ដែល​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការប្រមូល​ទិន្នន័យនៃ​ឧក្រិដ្ឋកម្ម​ស្អប់​ខ្ពើមទាំង​នោះ ហើយ​បង្កើត​បណ្តាញ​ទូរស័ព្ទ​សម្រាប់ការរាយការណ៍អំពីឧក្រិដ្ឋកម្ម​ស្អប់​ខ្ពើម។

សេចក្តី​ព្រាងច្បាប់​នេះ​កើត​មាន​ឡើង​ ស្រប​ពេលមាន​ការ​កើន​ឡើង​នូវ​ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម ​និង​ការ​រើសអើងលើជនជាតិ​អាស៊ី។ បញ្ហានេះត្រូវបានអ្នក​គាំទ្រ​សិទ្ធិ​ពលរដ្ឋ​ពណ៌នា​ថា បណ្តាល​មក​ពី​ការ​បន្ទោស​គ្មានមូលដ្ឋាន​ថា ជនជាតិ​អាស៊ី​ជា​អ្នក​នាំ​ចូល​វីរុសកូរ៉ូណាដែលបង្កជា​កូវីដ១៩ ​ដែល​មាន​ប្រភព​ដើម​ពី​ប្រទេស​ចិន​។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ លោក​ស្រី Mazie K. Hironi មកពី​រដ្ឋ​ហាវ៉ៃ​ ដែល​ជា​អ្នក​តាក់តែងសេចក្តី​ព្រាង​ច្បាប់​នោះ​មួយ​រូប ​និង​ជា​សមាជិក​ព្រឹទ្ធសភា​ដើម​កំណើត​អាស៊ី​ម្នាក់​ ក្នុង​ចំណោម​ ២ នាក់​ នៅ​ក្នុង​ព្រឹទ្ធសភាអាមេរិក ​បាន​សរសើរ​ការ​បោះឆ្នោត​គាំទ្រ​ដោយ​គណបក្ស​ទាំង​ ២​ នេះ។ លោកស្រី​បាន​និយាយ​ថា វា​បាន​បញ្ជូន ​«សារ​សាមគ្គីភាព​ដ៏​ខ្លាំង​មួយដល់​សហគមន៍​អាស៊ី​អាមេរិកាំង ​និង​អ្នក​កោះ​ប៉ាស៊ីហ្វិក»។

ឥឡូវ​នេះ សេចក្តី​ព្រាងច្បាប់នេះ​ត្រូវ​បានបញ្ជូន​ទៅ​កាន់​រដ្ឋសភា ដែល​នៅ​ទីនោះ​ត្រូវ​គេ​រំពឹង​ថា ​នឹង​បាន​ទទួល​ការ​អនុម័ត​ដោយ​មាន​ការគាំទ្រ​យ៉ាង​ខ្លាំង​ពី​គណបក្ស​ទាំង ២។ លោក​ប្រធានាធិបតី Joe Biden បាន​សម្តែង​នូវ​ការ​សាទរ​ចំពោះ​ច្បាប់​នេះ​ ហើយ​រពឹង​ថា នឹង​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​នេះឲ្យ​ក្លាយ​ជា​ច្បាប់ ​នៅពេល​ដែល​វា​ត្រូវបានបញ្ចូនទៅដល់​ការិយាល័យរបស់លោក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG