ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​បទ​ពិសោធន៍​របស់​លោក ​Joe Biden ​​ជួយ​ឲ្យ​លោក​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​​ឬ​ទេ?


អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Joe Biden ប្រកាស​បេក្ខភាព​ប្រធានាធិបតី​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​។ រូបថត​យក​ពី​វីដេអូ កាល​ពីថ្ងៃ​ទី​២៥ មេសា ២០១៩។
អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Joe Biden ប្រកាស​បេក្ខភាព​ប្រធានាធិបតី​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​។ រូបថត​យក​ពី​វីដេអូ កាល​ពីថ្ងៃ​ទី​២៥ មេសា ២០១៩។

តើ​បទ​ពិសោធន៍​​របស់​លោក ​Joe Biden ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ជា​អនុ​ប្រធានាធិបតី​ពីរ​អាណត្តិ​របស់​លោក​ប្រធានាធិបតី ​​បារ៉ាក់ អូបាម៉ា​​ អាច​ជួយ​ជំរុញ​លោក​ទទួល​បាន​តំណែង​ប្រធានាធិបតី​​បាន​ឬ​ទេ?​

សមាជិក​ព្រឹទ្ធ​សភា​ជើង​ចាស់​រដ្ឋ ​Delaware ​រូប​នេះ​មាន​ឈ្មោះ​លេច​ធ្លោ​ក្នុង​បញ្ជី​គណបក្ស​ប្រជា​ធិបតេយ្យក្នុង​ការ​ស្ទង់​មតិ​ថ្មីៗ។ ​ប៉ុន្តែ​នៅ​មាន​ចម្ងល់​ថា ​តើ​លោក​អាច​ប្រមូល​មូលនិធិ​សម្រាប់​ការ​បោះ​ឆ្នោត​បាន​ឬទេ?

អតីត​អនុ​ប្រធានាធិបតី​លោក​ Joe Biden ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ លោក​នឹង​ស្វែង​រក​ការ​តែង​តាំង​ជា​បេក្ខេជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រជា​ធិបតេយ្យ​សម្រាប់​ឆ្នាំ ២០២០​ ដែល​ភ្លាមៗ​នោះ​លោក​បាន​ក្លាយ​ទៅ​គូ​ប្រជែង​កំពូល​ដែល​មាន​ប្រជា​ប្រិយភាព​កាន់​តែ​ខ្លាំង​ឡើង​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ត្រាំ។

លោក ​Biden ​ក្នុង​សេចក្តី​ថ្លែងការណ៍​ជា​វីដេអូ​មួយ​ដែល​បង្ហាញ​ពីយុទ្ធនាការ​របស់​លោក​ជា​ផ្លូវ​ការ​បាន​លើក​ឡើង​នូវ​អ្វី​ដែល​លោក​ហៅ​ថា​ជា​ «ការ​ប្រយុទ្ធ​ដើម្បី​ព្រលឹង»ជាតិ។

លោក​បាន​និយាយ​ថា៖​ «ខ្ញុំ​ជឿ​ជាក់​ថា ​ប្រវត្ដិសាស្ដ្រ​នឹង​ពិនិត្យ​មើល​ឡើង​វិញ​នូវ​រយៈ​ពេល​៤​ ឆ្នាំ​នៃ​ប្រធានាធិបតី​នេះ​ ហើយ​អ្វី​ដែល​គាត់​កំពុង​ឱប​ក្រសោប​គឺ​ជា​រយៈ​ពេល​គួរ​ឱ្យ​ស្អប់​ខ្ពើម។ ហើយប្រសិន​បើ​យើង​ផ្តល់​ឱ្យ​លោក​ ដូណាល់ ត្រាំ ​កាន់​តំណែង​ប្រធានាធិបតីរយៈ​ពេល​ប្រាំ​បី​ឆ្នាំ ​យើង​នឹង​ផ្លាស់​ប្តូរ​ឥរិយាបថ​ជា​មូលដ្ឋាន​របស់​ប្រទេស​ជាតិ​នេះ​ជា​អចិន្ត្រៃយ៍​ថា ​យើង​ជា​ប្រទេស​បែប​ណា។​ ហើយ​ខ្ញុំ​មិន​អាច​ឈរ​មើលបណ្តោយ​ឲ្យ​រឿង​បែប​នេះ​កើត​មាន​ទេ»។

រូបឯកសារ៖ លោក​ Joe Biden និង​ភរិយា លោក​ស្រី Jill Biden គោរព​ដល់​សាក​សព​លោក ​ព្រឹទ្ធ​សភា John McCain។
រូបឯកសារ៖ លោក​ Joe Biden និង​ភរិយា លោក​ស្រី Jill Biden គោរព​ដល់​សាក​សព​លោក ​ព្រឹទ្ធ​សភា John McCain។

សមាជិក​ព្រឹទ្ធសភា​ជើង​ចាស់​ពី​រដ្ឋ ​Delaware ​និង​អនុ​ប្រធានាធិបតី​រយៈ​ពេល​២​អាណត្តិ​នៅ​រដ្ឋបាល​លោក​ អូបាម៉ា​ បាន​ប្រជែង​ជាមួយ​លោក​ Bernie Sanders​ សមជិក​ព្រឹទ្ធ​សភា​រដ្ឋ​ Vermont​ និង​អ្នក​ចង់​ឈរ​ឈ្មោះ​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជា​ធិបតេយ្យ​ដទៃ​ទៀត​ក្នុង​ការ​ស្ទង់មតិ​នា​ពេលថ្មីៗ​នេះ ​តែ​ទោះបី​ជា​យ៉ាង​ណា​មាន​សំណួរ​ខ្លះ​ថា​ តើ​លោក​នឹង​អាច​ប្រកួត​ប្រជែង​ជាមួយ​ពួក​គេ​ក្នុង​ការ​អង្គាស​ប្រាក់​បាន​ដែរ​ឬទេ។ ​បទ​ពិសោធន៍​របស់​លោក ​Biden​ នៅ​ក្នុង​វិស័យ​កិច្ចការ​បរទេស យុត្តិធម៌​ព្រហ្មទណ្ឌ​ និង​គោល​នយោបាយ​ក្នុង​ស្រុក​គឺ​មាន​ប្រៀប​លើ​បេក្ខជន​ប្រធានាធិបតី​ដទៃ​ទៀត។​

ក៏ប៉ុន្តែទម្លាប់​ចាស់​របស់​អ្នក​នយោបាយ​វ័យ​៧៦​ឆ្នាំ​ដែល​មាន​ចិត្ត​រីករាយ​និង​ចូលចិត្ត​ស្ទាប​ឬ​ប៉ះ​អ្នក​នៅ​ក្បែរបាន​បង្កផល​អវិជ្ជមាន​សម្រាប់​លោក​កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ពេល​ដែល​ស្ត្រី​យ៉ាង​ហោច​ណាស់​ចំនួន​ប្រាំពីរ​នាក់ រួម​ទាំង​បេក្ខនារី​ឈរ​ឈ្មោះ​ជា​អភិបាល​រង​នៅ​រដ្ឋ​ Nevada​ ផង ​បាន​ចោទ​ប្រកាន់​លោក​ថា ​មាន​ទម្លាប់​ស្ទាប​ប៉ះ​ឱបនិង​ថើប​គេ​មិន​សមរម្យ​នៅ​ពិធី​សាធារណៈ។ ​ទោះ​ជា​លោក​ Biden​ បាន​និយាយ​ការពារ​ឥរិយាបថ​កាល​ពី​អតីត​កាល​របស់​លោក​ដោយ​អះអាង​ថា វា​ស្រប​តាម​កិច្ច​ខិត​ខំប្រឹង​ប្រែង​អស់​មួយ​ជីវិត​របស់​លោក​ដើម្បី​បង្កើត​ទំនាក់​ទំនង​«មនុស្ស​និង​មនុស្ស»​មិន​ថា ​ បុរស​ឬ​ស្រ្តី​ក៏​ដោយ ​ក៏​លោកបាន​ប្តេជ្ញា​នៅ​ក្នុង​វីដេអូ​ថ្មីៗ​នេះ​ថា ​ទៅ​ថ្ងៃមុខ​ទៀត​«លោក​នឹង​ប្រយ័ត្ន​ប្រយែង»​អំពី​ការនៅ​ជិត​គេ​ពេក។​

លោក Biden​ មាន​លក្ខណៈ​សម្បត្តិ​មួយ​ដែល​គូប្រជែង​របស់​លោក​ជា​ច្រើន​មិន​មាន​គឺបទ​ពិសោធន៍​របស់​លោក​ធ្វើ​ការ​ក្នុង​រដ្ឋាភិបាលជាង​កន្លះ​សតវត្សរ៍និង​កំណត់ត្រា​ដ៏វែង​ឆ្ងាយ​នៃ​ការ​សម្រេច​ចិត្ត​ខាង​នយោបាយដែល​ការ​សម្រេច​ចិត្ត​ខ្លះ​ធ្វើ​ឡើង​នៅ​ថ្នាក់​ខ្ពស់​បំផុត​នៃ​រដ្ឋាភិបាល។ ​លោក​បាន​បម្រើ​ការងារ​អស់​រយៈ​ពេល​ជិត​បួន​ទសវត្សរ៍​នៅ​ក្នុង​ព្រឹទ្ធ​សភា​ ហើយ​បាន​ឡើង​ធ្វើជា​ប្រធាន​គណៈកម្មាធិការ​យុត្តិធម៌ ​និង​គណៈ​កម្មាធិការ​ទំនាក់​ទំនង​បរទេស។​ ​បន្ទាប់​មក​លោក​បាន​ធ្វើ​ជា​អនុ​ប្រធានាធិបតីរបស់​លោកប្រធានាធិបតី ​បារ៉ាក់ ​អូបាម៉ា​ អស់​រយៈ​ពេល​៨​ឆ្នាំ។

លោក​បាន​ផ្តល់​ការ​គាំទ្រ​ដល់​អន្តរាគមន៍​បរទេស​មួយ​ចំនួន​របស់​សហ​រដ្ឋ​អាមេរិក ​រួម​ទាំង​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន​ក្នុង​ឆ្នាំ​២០០១ ​និង​ការ​ឈ្លានពានប្រទេស​អ៊ីរ៉ាក់​នៅ​ឆ្នាំ​២០០៣​ និង​បាន​ដើរ​តួ​យ៉ាង​សំខាន់ក្នុង​ការ​អនុម័ត​ច្បាប់​គ្រប់គ្រង​កាំភ្លើង​ព្រម​ទាំងការកែ​សម្រួល​ដ៏​ធំ​នៃ​ប្រព័ន្ធ​យុត្តិ​ធម៌​ព្រហ្មទណ្ឌ។​

ទោះជា​យ៉ាង​ណាក៏​ដោយ ​ដោយសារ​កាលៈ​ទេសៈ​និង​សេចក្តី​ថ្លៃថ្នូរ​មាន​ការ​ប្រែប្រួល​ ​ការ​សម្រេច​ចិត្ត​និង​សកម្មភាព​មួយ​ចំនួន​របស់​លោក​ Biden ​ត្រូវ​បាន​សង្ស័យ​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​អ្នក​ប្រជា​ធិបតេយ្យ​ និង​អ្នក​ឯករាជ្យ​ដែល​មាន​និន្នការ​សេរី​និយម​ច្រើន​ជាង។​

ខណៈ​អ្នក​ខ្លះ​ក្នុង​គណបក្ស​ប្រជា​ធិបតេយ្យ​យល់​ថា ​អាជីព​របស់​លោក ​Biden​ នៅ​ក្នុង​រដ្ឋាភិបាល​វ៉ាស៊ីនតោន​នឹង​ជួយ​គាត់​បញ្ចុះ​បញ្ចូល​ឲ្យ​អ្នក​បោះ​ឆ្នោត​យល់​ថា ​លោក​អាច​យក​ឈ្នះ​លោក ត្រាំ ​នៅ​ឆ្នាំ​ក្រោយ​នោះ​ ប៉ុន្តែអ្នក​ផ្សេង​ទៀតអះអាង​ថា ​គណបក្ស​នេះ​ត្រូវ​ការ​មនុស្ស​ថ្មី​ដូច​លោក​ ត្រាំ ​ដែល​មាន​បទពិសោធន៍​ក្រៅ​ពី​ការងារក្នុង​រដ្ឋាភិបាល​វ៉ាស៊ីនតោន។

លោក ​Jim Kessler ​នៃ​មជ្ឈមណ្ឌល Third Way ​ដែល​ជាក្រុម​តស៊ូ​មតិ​សាធារណៈ​កណ្តាល​ឆ្វេង​និយមបាន​និយាយ​ថា ​នៅ​ពេល​នេះ​គេ​មិន​អាច​ដឹង​ថា តើ​ប្រវត្តិការងារ​របស់​លោក​ Biden ​នឹង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​លក្ខណៈ​សម្បត្តិឬ​ជា​បន្ទុក​នោះ​ទេ។ ​

លោក Joe Biden ក្នុង​យុទ្ធនាការ​ឃោសាន​បោះ​ឆ្នោត​ឆ្នាំ​ ២០២០។
លោក Joe Biden ក្នុង​យុទ្ធនាការ​ឃោសាន​បោះ​ឆ្នោត​ឆ្នាំ​ ២០២០។

កាលពី​នៅ​ក្មេង​និង​ការ​ខូចចិត្ត​

នៅ​ពេល​គាត់​មាន​អាយុ​តែ​ ២៩ឆ្នាំ ​ លោក ​Biden បាន​ចាប់​ផ្តើម​ឈរ​ឈ្មោះជា​សមាជិក​ព្រឹទ្ធ​សភា​នៅ​ឆ្នាំ​១៩៧២ ដែល​មាន​ការ​ប្រកួត​ប្រជែង​ដ៏​លំបាក ដែល​ធ្វើ​ឲ្យ​លោកក្លាយ​ជា​សមាជិក​ព្រឹទ្ធ​សភា​វ័យ​ក្មេង​បំផុត​ទី២​ នៅក្នុង​ប្រវត្តិ​សាស្ត្រ​អាមេរិក។​

ពីរ​បី​សប្តាហ៍​ក្រោយ​មក ​ភរិយា​របស់​លោក​ឈ្មោះ ​Neilia ​និង​កូនស្រី​ឈ្មោះ ​Naomi​ បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត ​នៅ​ពេល​មួយ​សប្តាហ៍​មុន​បុណ្យ​ណូអែល។ កូន​ប្រុស​ពីរ​នាក់​របស់​លោក​ឈ្មោះ​ Beau ​និង ​Hunter ​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ​ប៉ុន្តែ​បាន​រួច​ជីវិត​ពីគ្រោះ​ថ្នាក់​នេះ ​ហើយ​លោក ​Biden ​បាន​ស្បថ​ចូល​កាន់​តំណែង​សមាជិក​ព្រឹទ្ធ​សភា។ ​ការស្បថ​នេះ​ធ្វើ​ឡើង​នៅ​ក្បែរ​គ្រែ​របស់​កូន​ប្រុស​ឈ្មោះBeau ​ក្នុង​មន្ទីរ​ពេទ្យ​នៅ​ឆ្នាំ​១៩៧៣។​

ជាង​៤០​ឆ្នាំ​ក្រោយ​មក ​ លោក​ Biden​ ដែល​ក្រោយ​មក​បាន​រៀប​ការ​ម្តងទៀត ​បាន​ប្រឈម​នឹង​សោក​នាដកម្មម្តង​ទៀតដែល​មិន​នឹក​ស្មាន​ដល់​គឺ​កូន​ប្រុស​ឈ្មោះ​ Beau ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​ខួរ​ក្បាល​នៅ​អាយុ​៤៦​ឆ្នាំ។ ​លោក ​Biden ​បាន​លើក​ឡើង​ថា ​ទុក្ខ​សោក​គ្រួសារ​របស់​លោកបន្ទាប់​ពី​ការ​ស្លាប់​កូន​ប្រុស​ឈ្មោះ Beau ​នៅ​ខែ​ឧសភា​ឆ្នាំ​២០១៥ គឺ​ជា​ហេតុផល​ដែល​លោក​មិន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​គណ​បក្ស​ប្រជា​ធិបតេយ្យ​ក្នុង​ការ​ប្រកួត​ប្រជែង​បឋម​ជាមួយ​លោកស្រី​ហ៊ីលឡារី គ្លីនតុន នៅ​ឆ្នាំ​នោះ។

លោក ​Joel Goldstein ​នៃ​សាកល​វិទ្យាល័យ​ច្បាប់ ​Saint Louis ​និង​ជាអ្នក​និពន្ធ​សៀវភៅ​ពីរ​ក្បាល​ស្តីពី​លោក​អនុ​ប្រធានាធិបតី​នេះបាន​ប្រាប់​វីអូអេ​ថា ​វិធី​ដែល​លោក ​Biden បាន​ទប់ទល់​នឹង​សោក​នាដកម្ម​នោះ ​«បង្ហាញ​អំពីភាព​រឹង​មាំ ​និង​អាកប្បកិរិយា​និង​កម្លាំង​របស់​លោក»។

អំឡុងពេល​លោក ​Biden ​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា

លោក Biden ​បាន​ចំណាយ​ពេល​៣៦​ឆ្នាំធ្វើ​ការ​នៅ​ព្រឹទ្ធ​សភា​ ដោយ​ធ្វើ​ដំណើរ​ចម្ងាយ​ជាង​១០០​គីឡូម៉ែត​តាម​រថភ្លើង​ស្ទើរ​តែ​រាល់​ថ្ងៃគឺ​ពី​ផ្ទះ​របស់​លោក​មក​រដ្ឋធានី​វ៉ាស៊ីនតោន។​

លោក​ Biden តែង​តែ​តស៊ូមតិ​ដើម្បី​សាមគ្គីភាព​ជា​ឧភតោ​ភាគី ​ជា​កត្តា​ដែល​អ្នកគាំទ្រ​របស់​លោក​ចាត់​ទុក​ថា​ ជា​កម្លាំង​មួយ ​ប៉ុន្តែ​អ្នក​ជំទាស់​នឹង​លោក​ចាត់​ទុក​ថា ​នេះ​ជា​បន្ទុក​ដ៏​មាន​សក្តានុពល​សម្រាប់​ពួក​គេ​កេង​ចំណេញនៅ​ក្នុង​បរិយាកាស​នយោបាយ​ដែល​មាន​ការ​បែក​បាក់​គ្នា​យ៉ាង​ខ្លាំង​បច្ចុប្បន្ន​នេះ។​

នៅ​ខែ​មីនា ​លោក ​Biden ​បាន​ហៅ​លោក​អនុប្រធានាធិបតី​ Mike Pence​ ថា​ជា ​«មនុស្ស​ត្រឹម​ត្រូវ» ​ប៉ុន្តែ​បន្ទាប់​មក​លោក​បាន​ដក​ពាក្យ​របស់​លោក​វិញក្រោយ​ពី​មាន​ការ​រិះគន់​ពី​ក្រុម​ឆ្វេង​និយម​ ដោយ​សារ​តែ​ជំហរ​របស់​លោក​ Pence​ ប្រឆាំង​នឹង​សិទ្ធិ​ស្រឡាញ់​ភេទ​ដូច​គ្នា។ ​ ក្រោយ​មក​លោក​ Biden ​បាន​សរសេរ​ថា ​«គ្មាន​អ្វីជា​ការ​ត្រឹមត្រូវទេ ​ការ​ប្រឆាំង​នឹង​សិទ្ធិ LGBTQ​ គឺ​សិទ្ធិ​របស់អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​រួមទាំង​លោក​អនុ​ប្រធានាធិបតី​ផង»។​

លោក ​Kyle Kondik អ្នកវិភាគ​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ Virginia ​បាន​និយាយ​ថា ​«ការណ៍​ដែលលោក​ Biden ​ត្រូវ​តែ​ប្រែ​ក្រឡះ​ពាក្យ​សម្តី​របស់​ខ្លួនអំពី​រឿង​នេះ​គឺ​ជា​ការ​បង្ហាញ​ថា ​តើ​អ្នក​ប្រជា​ធិបតេយ្យ​កំពុង​ស្វែង​រក​អ្វី​នៅ​ក្នុង​ចំណោម​បេក្ខជន​របស់​ពួក​គេ»។

កាលពី​ដើម​ឆ្នាំ​នេះ​ លោក ​Biden​ បាន​ប្រាប់​សន្និសីទ​អភិបាល​ក្រុងធ្វើ​ឡើង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ថា ​«ខ្ញុំ​បាន​អាន​នៅកាសែត​ The New York Times​ នៅ​ថ្ងៃ​នេះ​ ដែល​សរសេរ​ថា ​បញ្ហា​មួយ​នៃ​បញ្ហា​របស់​ខ្ញុំ​គឺ​ថា ​ខ្ញុំ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ ​តែ​ខ្ញុំ​បែរ​ជា​ចូល​ចិត្ត​អ្នក​សាធារណ​រដ្ឋ។ ​សូម​ទោស​បាទ!​ សូម​ព្រះ​មេត្តាប្រោស​ បើ​សិន​ខ្ញុំ​មាន​បាប»។​

លោក ​Biden បាន​បន្ត​ថា ​ស្ថានភាព​នៃ​ការ​បែង​ចែក​ខាង​នយោបាយ​កំពុង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ឈឺ​ចាប់។​ លោក​និយាយ​ថា​ «ដូចជា​យើង​បំបែក​ប្រទេស​ជា​បំណែកៗ​អីចឹង។​ តើ​យើង​អាច​រួមគ្នា​ជា​អាមេរិក​តែ​មួយ​បាន​ទេ​ បើ​យើង​នៅ​តែ​ដើរ​តាមផ្លូវនេះ? ​ខ្ញុំ​មិន​ប្រកាន់​ថា ​ អ្នក​មាន​និន្នាការ​ទៅ​គណបក្ស​ណា​នោះ​ទេ»។

ពិត​មែន​តែ​សកម្មភាព​អតីត​កាល​របស់​លោក Biden ​នាំឲ្យមាន​ការ​ចង​ពៀរ​ខាង​នយោបាយ​ក៏​ដោយលោក​ក៏​បាន​អួត​អំពី​ជោគជ័យ​ធំៗ ​ដូច​ជា​ជួយ​ដល់ច្បាប់​ស្តីពី​អំពើ​ហិង្សា​ប្រឆាំង​នឹង​ស្ត្រី​ដែល​បង្កលក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​កាត់ទោស​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ការ​រំលោភ​បំពាន​ផ្លូវភេទ​ អំពើ​ហិង្សា​ខាង​ទំនាក់​ទំនង​ស្នេហា​និង​ការ​តាមញ៉ែ។ ​លោក​ Biden ​ក៏​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​អនុម័ត​ច្បាប់​ Brady Bill ​ដែល​តម្រូវឱ្យ​មាន​ការពិនិត្យ​ប្រវត្តិ​រូប​សម្រាប់​ការ​ទិញ​កាំភ្លើង​ភាគ​ច្រើន​បំផុត។

នយោបាយ​ជាតិ​របស់​លោក ​Biden

លោក ​Biden ​បាន​ស្វះ​ស្វែងឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ពីរ​ដង​ក្នុង​ឆ្នាំ​១៩៨៨​និង​ឆ្នាំ​២០០៨ ​ប៉ុន្តែ​លោក​មិន​ទទួល​បាន​ការគាំទ្រ​ច្រើន​ពីអ្នក​បោះ​ឆ្នោត​ទេក្នុង​ការ​ស្វះ​ស្វែង​ទាំង​ពីរ​លើក​នេះ។​ លោក​ត្រូវ​បាន​បង្ខំ​ឱ្យ​បោះបង់​ចោល​ការ​ប្រកួត​ប្រជែង​តំណែង​ប្រធានាធិបតី​លើក​ដំបូង​ដោយ​សារ​តែ​រឿង​អាស្រូវ​លួច​ថ្វី​មាត់របស់​គេនៅ​ពេល​ដែល​លោក​បាន​ដក​ស្រង់​សម្តី​អ្នក​នយោបាយ​អង់​គ្លេស​លោក Neil Kinnock ​ក្នុង​អំឡុង​ពេលពិភាក្សា​ ដេញ​ដោល​ ប៉ុន្តែ​លោក​មិន​បាន​និយាយ​ឈ្មោះ​លោក​ Neil Kinnock។

លោក​បាន​បាត់​បង់ការ​ប្រកួត​ប្រជែងនៅឆ្នាំ​២០០៨​ ​បន្ទាប់​ពី​លោក​បាន​ទទួល​សន្លឹក​ឆ្នោត​តិច​ជាង​១​ភាគរ​យ​នៅ​ក្នុង​ការ​ប្រជុំ​ក្រុម​សភា​នៅ​រដ្ឋ​ Iowa។​

ក្នុង​អំឡុង​យុទ្ធនាការ​លើក​ទី​២​របស់​លោក ​លោក ​Biden ​ល្បី​ថា ​បាន​ប្រើ​សម្តី​មិន​សមរម្យ​រួម​ទាំង​ពេល​ដែល​លោក​បាន​ពិពណ៌នា​អំពី​គូប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ ដែល​កាល​ណោះ​គឺ​លោក​ បារ៉ាក់ អូបាម៉ា ដោយ​លោក​ថា ជា​ «មេដឹកនាំ​អាមេរិក​ដើម​កំណើត​អាហ្វ្រិក​ដំបូង​គេ​ដែល​មានថ្វី​មាត់​និង​ឆ្លាត​និង​ស្អាត​ស្អំ​និង​ជាបុរស​សង្ហា»។​

រូបឯកសារ៖ អតីត​ប្រធានាធិបី អូបាម៉ា និង​លោក Joe Biden ក្នុង​ពេល​ប្រកាស​ចូល​កាន់​តំណែង​ប្រធានាធិបតី ត្រាំ កាល​ពី​ខែ​មករា ២០១៧។
រូបឯកសារ៖ អតីត​ប្រធានាធិបី អូបាម៉ា និង​លោក Joe Biden ក្នុង​ពេល​ប្រកាស​ចូល​កាន់​តំណែង​ប្រធានាធិបតី ត្រាំ កាល​ពី​ខែ​មករា ២០១៧។

លោក ​អូបាម៉ា​ ដែលទទួល​បាន​ការ​តែង​តាំង​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ហើយ​ក្រោយ​មក​ក្លាយ​ជា​ប្រធានាធិបតី​បាន​ជ្រើស​រើស​លោក​ Biden ​ធ្វើជា​ដៃគូ​អនុ​ប្រធានាធិបតី​របស់​លោក ​មួយ​ផ្នែក​ធំ​ដោយ​សារតែ​បទ​ពិសោធន៍​របស់​លោក Biden​ យ៉ាង​យូរ​នៅ​លើ​ឆាក​អន្តរជាតិ។​ ​

នៅ​ពេល​ដែល​លោក​ Biden ​បាន​ទទួល​តំណែង​ជា​អនុ​ប្រធានាធិបតី​លោក​បាន​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ធ្វើការ​ជាមួយ​គណបក្ស​សាធារណ​រដ្ឋ​នៅ​ក្នុង​សភា​ដើម្បី​ចៀស​វាង​ការ​បិទ​រដ្ឋាភិបាល​និង​ដោះ​ស្រាយ​បញ្ហា​បំណុល។​

លោក ​Kessler ​បា​នថ្លែង​ថា​ «គាត់​ជា​មនុស្ស​សំខាន់​នៅ​ក្នុង​គ្រប់​កិច្ចព្រម​ព្រៀង​រវាង​សភា​និង​សេតវិមាន» ​រួម​ទាំង​ច្បាប់​ថែទាំ​សុខភាព ​Obama ​Care ​ដែល​ជា​កេរ​តំណែល​របស់​លោក​ អូបាម៉ា​ ផងដែរ។​ ​

លោក ​អូបាម៉ា​ បាន​ធ្វើ​ឲ្យលោក ​Biden ​ភ្ញាក់​ផ្អើល​នៅ​ក្នុង​ឆ្នាំ​២០១៧​ ដោយ​ផ្តល់មេដាយ​សេរីភាព​ប្រធានាធិបតី​ Presidential Medal of Freedom​ ដែល​ជា​មេដាយ​ផ្តល់​កិត្តិយស​ខាង​ស៊ីវិល​ខ្ពស់​បំផុត​របស់​ជាតិ។​

បន្ទាប់ពី​បម្រើ​ការ​នៅ​ក្នុង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជិត​ពាក់​កណ្តាល​សតវត្សរ៍ ​ជីវិត​របស់​លោក ​Biden ​បាន​បម្រើ​រដ្ឋាភិបាល​សាធារណៈ​យូរ​ជាង​គូប្រជែង​របស់​លោក​ខ្លះ​ក្នុង​គណបក្ស​ប្រជា​ធិបតេយ្យ​ដែល​នៅ​រស់។ ​

លោក​ Biden ​ជា​មនុស្ស​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ក្នុង​ការឈរ​ឈ្មោះ​បោះឆ្នោត​ ​ហើយ​បើ​លោក​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធានាធិបតី​លោក​នឹង​ជា​ប្រធានាធិបតីចាស់​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក។​ ខណៈលោក​ Biden ​ទំនង​ជាត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​មេ​ដឹកនាំ​វ័យ​ចាស់​និង​ជា​អ្នក​កាន់​ខ្ជាប់​តាម​បទដ្ឋាន ​គណបក្ស​ប្រជា​ធិបតេយ្យ​នោះ លោក​នៅ​តែ​ត្រូវ​ធ្វើ​ការ​ងារ​ដែល​ត្រូវ​បង្ហាញ​ច្បាស់​ថា ​លោក​គឺ​ជា​អ្នក​តំណាង​ដ៏ល្អ​បំផុត​នៃ​គណបក្ស​ដែល​បាន​ងាក​ឆ្វេងគួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ពេល​ពីរ​ឆ្នាំ​ចាប់​តាំង​ពី​លោក ​បាន​ចេញ​ពី​តំណែង​អនុ​ប្រធានាធិបតី៕

XS
SM
MD
LG