នៅសល់ពេល ១០ ខែទៀតមុននឹងអ្នកបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិកចាប់ផ្ដើមដំណើរការជ្រើសរើសបេក្ខជនម្នាក់ខាងគណបក្សប្រជាធិបតេយ្យតាមរយៈការជួបប្រជុំគណបក្ស និងការបោះឆ្នោតបឋម ដែលនឹងធ្វើឡើងនៅខែកុម្ភៈឆ្នាំក្រោយ។
ប៉ុន្តែ បេក្ខជនខាងគណបក្សប្រជាធិបតេយ្យចំនួន ១៥ នាក់ ឬក៏ច្រើនជាងនេះ កំពុងធ្វើយុទ្ធនាការយ៉ាងមមាញឹក ដើម្បីប្រជែងយកតំណែងជាអ្នកប្រកួតប្រជែងជាមួយលោកប្រធានាធិបតី Donald Trump នៅឆ្នាំក្រោយ។
បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតឆ្នាំ ២០២០ មានភាពចម្រុះគឺ មានតាំងពីស្ត្រី បុរស ជនជាតិភាគតិច និងអ្នកដែលមានបទពិសោធន៍នយោបាយខុសៗគ្នា។
នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីសប្ដាហ៍មុន បេក្ខជនខាងគណបក្សប្រជាធិបតេយ្យមួយចំនួន បានប្រឹងប្រែងស្វែងរកការគាំទ្រនៅចំពោះមុខក្រុមសហជីពកម្មករ និងក្រុមសកម្មជនសេរីនិយមនានា នៅឯវេទិកាមួយដែលមានឈ្មោះថា «We the People»។
អ្នកស្រី Elizabeth Warren សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Massachusetts បានថ្លែងនៅចំពោះមុខអ្នកចូលរួមថា៖ «រដ្ឋបាលរបស់លោក Trump គឺជាការគំរាមកំហែងចំពោះសន្តិសុខជាតិគ្រប់រូបភាពទាំងអស់ ហើយយើងត្រូវតែបញ្ឈប់រឿងនេះ»។
អ្នកស្រី Warren គឺជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនជាស្ត្រីមួយចំនួន ដែលមិនខ្លាចនឹងរិះគន់លោកប្រធានាធិបតី Donald Trump។ ក្រុមស្ត្រីទាំងនោះក៏មានអ្នកស្រី Amy Klobuchar ដែលជាសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Minnesota ផងដែរ។
អ្នកស្រី Klobuchar បានសន្យាដូច្នេះថា៖ «ពេលខ្លះ លោក Trump គិតថា អំពើស្អប់គុំកួនដែលរៀបចំទុកគឺមានឥទ្ធិពលជាងសេចក្ដីស្រលាញ់ដែលមិនរៀបចំទុក។ ការគិតរបស់លោក Trump ប្រហែលជាត្រូវដែរ។ ប៉ុន្តែតើយើងឆ្លើយតបចំពោះរឿងនេះតាមវិធីណា? គឺយើងត្រូវរួមកម្លាំងគ្នា ហើយការរួមកម្លាំងគ្នានេះហើយដែលធ្វើឲ្យយើងឈ្នះ»។
ក្រុមបេក្ខជនចម្រុះ
បេក្ខជនដែលជាជនជាតិភាគតិចមួយចំនួនក៏បានចូលរួមប្រកួតដើម្បីបានក្លាយជាបេក្ខជនប្រធានាធិបតីប្រកួតនៅក្នុងការបោះឆ្នោតឆ្នាំ ២០២០ ខាងមុខនេះដែរ។ ក្នុងនោះមានដូចជាអ្នកស្រី Kamala Harris សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ California លោក Julian Castro អតីតប្រធានគណៈរដ្ឋមន្ត្រី និងលោក Cory Booker សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ New Jersey ដែលជារឿយៗផ្ដោតលើប្រធានបទសាមគ្គីភាពជាតិជាដើម។
លោក Cory Booker និយាយដូច្នេះថា៖ «ការបោះឆ្នោតនៅឆ្នាំ ២០២០ គឺមិនគ្រាន់តែជាការបោះឆ្នោតដើម្បីទម្លាក់មនុស្សម្នាក់ចេញពីតំណែងនោះទេ ប៉ុន្តែគឺជាការចាប់ផ្ដើមនូវយុគសម័យថ្មីរបស់សហរដ្ឋអាមេរិក ដែលក្ដីសុបិនគឺមិនមែនត្រឹមតែជាពាក្យសម្ដី ឬក៏បទចម្រៀងនោះទេ ប៉ុន្តែគឺជាការពិតសម្រាប់មនុស្សគ្រប់គ្នា»។
សាមគ្គីភាពជាតិក៏ជាប្រធានបទមួយសម្រាប់លោក Beto O'Rourke អតីតសមាជិករដ្ឋសភាប្រចាំរដ្ឋ Texas ផងដែរ។ លោក Beto O'Rourke បានប្រកាសជាផ្លូវការនូវបេក្ខភាពរបស់លោកនៅក្នុងទីក្រុង El Paso រដ្ឋ Texas ដែលជាស្រុកកំណើតរបស់លោក។
លោក Beto O'Rourke និយាយដូច្នេះថា៖ «យើងមិនត្រូវទុកឲ្យភាពខុសគ្នានេះកំណត់ថាពួកយើងជានរណា ឬក៏មកបំបែកបំបាក់ពួកយើងបានទេ។ ចូរយើងឯកភាពគ្នាថា ពួកយើងផ្ដោតលើពលរដ្ឋអាមេរិកាំងមុនអ្វីៗទាំងអស់»។
លោក O'Rourke បានបញ្ជាក់នៅក្នុងវេទិកា «We the People» ថា លោកនឹងគាំទ្រការលុបចោលអង្គបោះឆ្នោតសម្រាប់ជ្រើសរើសប្រធានាធិបតី ហើយនឹងគាំទ្រការបោះឆ្នោតដោយប្រជាពលរដ្ឋផ្ទាល់ដើម្បីសម្រេចអំពីលទ្ធផល។
អត្រាគាំទ្រកើនឡើងនៅក្នុងការស្ទង់មតិ
ការគាំទ្រលោក O'Rourke នៅក្នុងការស្ទង់មតិនាពេលថ្មីៗនេះមានការកើនឡើង។ បេក្ខជនថ្មីៗផ្សេងទៀតដែលទទួលបានការគាំទ្រកើនឡើងនៅក្នុងការស្ទង់មតិគឺលោក Pete Buttigieg អភិបាលក្រុង South Bend រដ្ឋ Indiana និងអ្នកស្រី Kamala Harris សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ California។
ការស្ទង់មតិថ្មីចុងក្រោយបង្អស់របស់សាកលវិទ្យាល័យ Quinnipiac បានបង្ហាញថា លោកអតីតអនុប្រធានាធិបតី Joe Biden នាំមុខគេនៅក្នុងក្រុមបេក្ខជនខាងគណបក្សប្រជាធិបតេយ្យ ដោយទទួលបានការគាំទ្រចំនួន ២៩ ភាគរយ ហើយបន្ទាប់មកគឺលោក Bernie Sanders សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Vermont ដែលទទួលបានការគាំទ្រចំនួន ១៩ ភាគរយ។ ចំណែកឯលោក O'Rourke ទទួលបានការគាំទ្រចំនួន ១២ ភាគរយ ហើយអ្នកស្រី Harris ទទួលបានការគាំទ្រចំនួន ៨ ភាគរយ។
ការស្ទង់មតិនាពេលថ្មីៗនេះរបស់មហាវិទ្យាល័យ Emerson អំពីអ្នកបោះឆ្នោតនៃរដ្ឋ Iowa បានបង្ហាញថា ការគាំទ្រលោក Buttigieg បានកើនឡើង ដោយទទួលបានការគាំទ្រចំនួន ១១ ភាគរយ ដែលធ្វើឲ្យលោកឈានដល់លំដាប់ថ្នាក់ទី ៣ បន្ទាប់ពីលោក Biden និងលោក Sanders ហើយលោកនាំមុខអ្នកស្រី Harris និងអ្នកស្រី Warren តិចតួច។
លោក Biden ត្រូវគេរំពឹងថានឹងចូលរួមនៅក្នុងការប្រកួតប្រជែងនេះក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែលោកបានរងការរិះគន់ បន្ទាប់ពីស្ត្រីមួយចំនួនបានប្ដឹងលោកអំពីការប៉ះរាងកាយដោយគ្មានការអនុញ្ញាត។ កាលពីថ្ងៃទី ៣ ខែមេសា លោក Biden បានបង្ហោះវីដេអូមួយនៅលើ Twitter ដោយបញ្ជាក់ថា «ព្រំដែននៃការការពារដែនបុគ្គលម្នាក់ៗត្រូវបានគេកែប្រែថ្មី»។ លោក Biden បានបន្ថែមថា លោកនឹងយកចិត្តទុកដាក់ជាងមុនអំពីការគោរពដែនបុគ្គលម្នាក់ៗនៅពេលអនាគត។
លោក Biden ត្រូវបានអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យភាគច្រើនចាត់ទុកថាជាបេក្ខជននាំមុខគេ ប៉ុន្តែការបរាជ័យពីរលើករបស់លោកនៅក្នុងការធ្វើយុទ្ធនាការលើកមុនៗ បានធ្វើឲ្យអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យមានការប្រយ័ត្នប្រយែង។
ការពិនិត្យតាមដានរួចមកហើយ
ដោយសារតែបេក្ខជនខាងគណបក្សប្រជាធិបតេយ្យបានធ្វើដំណើរមុនកាលកំណត់យ៉ាងក្លៀវក្លាទៅកាន់រដ្ឋបោះឆ្នោតដំបូងគេសំខាន់ៗដូចជារដ្ឋ Iowa និងរដ្ឋ New Hampshire ជាដើម អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យបានពិនិត្យតាមដានបេក្ខជនទាំងនោះយ៉ាងយកចិត្តទុកដាក់។
លោក Bill Sweeney អ្នកជំនាញនៃសាកលវិទ្យាល័យ Amercain University បាននិយាយថា៖ «អ្នកបោះឆ្នោតដែលគាំទ្រគណបក្សប្រជាធិបតេយ្យជាចម្បងចោទសួរបេក្ខជនទាំងនោះលើចំណុចចំនួនពីរ។ ទីមួយ និងសំខាន់ជាងគេបំផុតនោះ គឺអំពីទស្សនៈវិស័យគោលនយោបាយរបស់ពួកគេសម្រាប់សហរដ្ឋអាមេរិកនៅពេលអនាគត។ ទីពីរគឺថាតើពួកគេមានសមត្ថភាពអាចយកឈ្នះលោក Trump នៅក្នុងការបោះឆ្នោតឆ្នាំ ២០២០ ខាងមុខនេះបានដែរឬទេ?»។
បេក្ខជនថ្មីៗមួយចំនួនដែលឡើងលើវេទិកាជាតិនេះ ផ្ដោតលើបញ្ហាសំខាន់ៗមួយ ឬក៏ពីរ។ សម្រាប់លោក Jay Inslee ដែលជាអភិបាលរដ្ឋ Washington វិញ បញ្ហាដែលលោកផ្ដោតគឺបញ្ហាប្រែប្រួលអាកាសធាតុ។
លោក Inslee បានបញ្ជាក់នៅក្នុងវេទិកានោះថា៖ «នេះគឺជាពេលវេលាដ៏សំខាន់មួយ ដោយសារតែពួកយើងគឺជាជំនាន់ដំបូងបង្អស់ហើយដែលជួបប្រទះនឹងបញ្ហាប្រែប្រួលអាកាសធាតុ ហើយពួកយើងគឺជាជំនាន់ចុងក្រោយដែលអាចស្វែងរកដំណោះស្រាយចំពោះរឿងនេះ»។
ទោះបីជាមានបេក្ខជនថ្មីៗជាច្រើនបានចូលរួមនៅក្នុងការប្រកួតដើម្បីឲ្យបានក្លាយជាបេក្ខជនប្រធានាធិបតីនៅក្នុងការបោះឆ្នោតឆ្នាំ ២០២០ ក៏ដោយ ក៏គេឃើញលោក Bernie Sanders ដែលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ ២០១៦ ក៏បានចូលរួមផងដែរ។
ជាថ្មីម្ដងទៀត លោក Sanders បានសន្យាយ៉ាងម៉ឺងម៉ាត់អំពីការពង្រីកតួនាទីរបស់រដ្ឋាភិបាលនៅក្នុងការថែរក្សាសុខភាព ការអប់រំថ្នាក់មហាវិទ្យាល័យដោយឥតបង់ថ្លៃ និងយុត្តិធម៌ផ្នែកសេដ្ឋកិច្ច។
លោក Sanders បានថ្លែងក្នុងវេទិកា «We the People» យ៉ាងដូច្នេះថា៖ «អ្វីដែលខ្ញុំបានសន្យាជាមួយអ្នកគឺថា ប្រសិនបើខ្ញុំត្រូវបានគេជ្រើសរើសឲ្យធ្វើជាប្រធានាធិបតី ខ្ញុំនឹងធ្វើដំណើរទៅគ្រប់កន្លែងទាំងអស់នៅក្នុងប្រទេស ដែលជាផ្នែកមួយនៃចលនានយោបាយមូលដ្ឋាន»។
លោក Sanders រៃអង្គាសថវិកានៅក្នុងត្រីមាសដំបូងក្នុងឆ្នាំនេះបានសរុបចំនួន ១៨ លានដុល្លារអាមេរិក ដែលធ្វើឲ្យលោកនាំមុខគេនៅក្នុងចំណោមបេក្ខជនខាងគណបក្សប្រជាធិបតេយ្យទាំងអស់។ កាលពីថ្ងៃទី ៣ ខែមេសា លោក O'Rourke បានបញ្ជាក់ថា លោករៃអង្គាសថវិកាបាន ៩ លាន ៤ សែនដុល្លារនៅក្នុងដំណាក់កាលដំបូងនៃយុទ្ធនាការរបស់លោក ដែលជាសញ្ញាបង្ហាញថា លោកអាចជាគូប្រជែងដ៏សំខាន់មួយ។
ជម្រើសជាច្រើន
ដោយសារចំនួនបេក្ខជនសរុបចុងក្រោយខាងគណបក្សប្រជាធិបតេយ្យទំនងជាមានចំនួនពី ១៥ ទៅ ២០ នាក់ អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យនឹងមានជម្រើសច្រើន ដោយបេក្ខជននីមួយៗមានលក្ខណៈសម្បត្តិ និងទស្សនវិស័យគ្រប់គ្រងប្រទេសខុសៗគ្នា។ នេះបើតាមការបញ្ជាក់របស់លោក Matt Dellek អ្នកវិភាគនៃសាកលវិទ្យាល័យ George Washington។
ការប្រកួតប្រជែងដ៏ធំដំបូងបំផុតនៅក្នុងការប្រកួតប្រជែងជ្រើសរើសបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនេះ នឹងធ្វើឡើងនៅក្នុងការជជែកដេញដោលដំបូងបង្អស់របស់បេក្ខជនចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែមិថុនាខាងមុខនេះ នៅក្នុងទីក្រុង Miami រដ្ឋ Florida៕
ប្រែសម្រួលដោយ ភី សុភាដា