ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ១២នាក់ ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី


រូបឯកសារ៖ លោក John Hickenlooper អតីត​អភិបាល​រដ្ឋ Colorado 

លោក Sherrod Brown សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Ohio និង​លោក Beto O'Rourke អតីត​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Texas គឺ​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​កំពុង​ពិចារណា​ចូលរួម​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ ២០២០ ខាង​មុខ​នេះ។

លោក John Hickenlooper អតីត​អភិបាល​រដ្ឋ Colorado និង​លោក Jay Inslee អភិបាល​រដ្ឋ Washington គឺ​ជា​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ពីរ​នាក់​ថ្មី​ទៀត​ ដែល​ប្រកាស​ចូលរួម​ប្រកួត​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ ២០២០ ខាង​មុខ​នេះ។

ប៉ុន្តែ សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ភាគ​ច្រើន​នៅតែ​ឆ្ងល់​អំពី​បុរស​ម្នាក់​ដែល​មិន​ទាន់​ហក់​ចូល​ក្នុង​ការ​ប្រកួត​នេះ​នៅ​ឡើយ ដែល​នោះ​គឺ​អតីត​អនុ​ប្រធានាធិបតី​អាមេរិក​លោក Joe Biden។

ឥឡូវ​នេះ​អ្នក​ប្រកាស​ចូលរួម​ប្រកួត​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មាន​ចំនួន១២នាក់​ហើយ។ ចំណែក​ឯ​លោក Biden និង​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ទៀត​កំពុង​ពិចារណា​ថា​ តើ​នឹង​ប្រកាស​ចូលរួម​ឬ​ក៏​យ៉ាង​ណា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ ឬ​ក៏​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។

លោក Sherrod Brown សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Ohio និង​លោក Beto O'Rourke អតីត​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Texas គឺ​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​កំពុង​ពិចារណា​ចូលរួម​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ ២០២០ ខាង​មុខ​នេះ។

បេក្ខជន​ដែល​អាច​ទៅ​រួច​មួយ​ចំនួន​ទៀត ដែល​បាន​ប្រកាស​មិន​ចូលរួម​មាន​ដូចជា​លោក Eric Holder អតីត​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក Michael Bloomberg អតីត​អភិបាល​ក្រុង New York លោក Jeff Merkley សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Oregon និង​អ្នកស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦។

ចំណែក​ឯ​លោក Biden វិញ កាល​ពី​សប្ដាហ៍​មុន លោក «ជិត‍» ឈាន​ដល់​ការ​សម្រេចចិត្ត​ចូលរួម​ប្រកួត​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី ដោយ​លោក​បាន​និយាយ​ថា មាន​ការ «ឯកភាព​គ្នា‍» ក្នុង​ក្រុម​គ្រួសារ​របស់​លោក​ដែល​គាំទ្រ​លោក​ឲ្យ​ចូលរួម​ប្រកួត​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ជា​លើក​ទី ៣៕

XS
SM
MD
LG