ស្រ្តីម្នាក់បានប្រើប្រាស់ឧបករណ៍ឧឃោសនសព្ទដើម្បីប្រាប់ទៅពលរដ្ឋនៅឯផ្សារ Mfoundi ក្នុងរដ្ឋធានីយុនដេថា ថង់ប្លាស្ទិកគឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះបរិស្ថាន។
ស្រ្តីរូបនេះនិយាយថា ការកើតជំងឺនិងទឹកជំនន់នឹងថយចុះ នៅពេលពលរដ្ឋងាកទៅរករបៀបវេចខ្ចប់និងស្តុកទុកអាហារតាមទម្លាប់ដើម គឺតាមរយៈការប្រើប្រាស់ស្លឹកចេក ឬស្លឹករុក្ខជាតិដទៃទៀត។
ក្រសួងពាណិជ្ជកម្មនិងក្រសួងបរិស្ថានកាមេរូននិយាយថា មានក្បួនយានបានដង្ហែទៅតាមទីផ្សារនានា នៅកាមេរូនដែលជាផ្នែកមួយនៃសកម្មភាពប្រារព្ធទិវាគ្មានថង់ប្លាស្ទិកអន្តរជាតិ ដែលធ្វើឡើងប្រចាំឆ្នាំ នៅរាល់ថ្ងៃទី៣ ខែកក្កដា។
អ្នកស្រី Florence Tumasang គឺជាវេជ្ជបណ្ឌិតប្រចាំទីភ្នាក់ងារសេវាកម្មសុខភាពនៃសមាគម Cameroon Baptist Convention។
អ្នកស្រីនិយាយថា ស្លឹករុក្ខជាតិអាចរលាយក្នុងដី ហើយពោរពេញដោយសារធាតុអង់ទីអុកស៊ីដង់ ចំណែកឯថង់ប្លាស្ទិកបង្កគ្រោះថ្នាក់ចំពោះសុខភាពនិងបរិស្ថាន។
អ្នកស្រី Tumasang ថ្លែងថា៖ «ខ្ញុំមិនដឹងថា យើងនឹងអាចបញ្ឈប់ពលរដ្ឋយើងពីការដាក់អាហារក្តៅក្នុងថង់ប្លាស្ទិកបានតាមរបៀបណានោះទេ ពីព្រោះកម្តៅធ្វើឲ្យថង់ប្លាស្ទិកទាំងនោះបញ្ចេញសារធាតុពុល។ សារធាតុពុលនេះចូលទៅក្នុងអាហារ ហើយអាចបង្កជាជំងឺមហារីក។ យើងត្រូវត្រឡប់ទៅប្រើប្រាស់ស្លឹករុក្ខជាតិ ដែលជារបស់ធម្មជាតិ ដើម្បីខ្ចប់អាហារក្តៅវិញ»។
មនុស្សមួយចំនួននៅប្រទេសកាមេរូនកំពុងប្រើប្រាស់ថង់ក្រដាសផងដែរ ប៉ុន្តែអ្នកខ្លះអះអាងថា ថង់ក្រដាសមិនអាចរក្សាទុកអាហារចម្អិនហើយឱ្យបានល្អនោះទេ។
កាលពីឆ្នាំ ២០១២ ប្រទេសកាមេរូនបានដាក់បម្រាមលើការប្រើប្រាស់ថង់ប្លាស្ទិកដែលមិនរលាយក្នុងដី សម្រាប់ការវេចខ្ចប់ យោងលើហេតុផលថង់ប្លាស្ទិកអាចធ្វើឱ្យស្ទះប្រព័ន្ធបង្ហូរទឹក ខូចសោភណភាព និងត្រូវការពេលវេលាប្រមាណមួយពាន់ឆ្នាំដើម្បីរលាយ។ ហើយនៅពេលរលាយ ថង់ប្លាស្ទិកបានបែកចេញជាភាគល្អិតតូចៗ ដែលបង្កជាការបំពុលដីនិងទឹក។
បន្ទាប់ពីធ្លាក់ចុះបរិមាណអស់ពេលរាប់ឆ្នាំមកនេះ ការបំពុលដោយថង់ប្លាស្ទិកមិនរលាយក្នុងដី បានកើនឡើងទ្វេដងចាប់តាំងពីឆ្នាំ ២០១៩ មក រហូតដល់ចំនួន ៦០០.០០០ តោនក្នុងមួយឆ្នាំ។ នេះបើយោងតាមរដ្ឋាភិបាលកាមេរូន។
លោក Abel Foncha Ghogomu គឺជាមន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់នៅតំបន់ភាគពាយព្យនៃប្រទេសកាមេរូន។ លោកនិយាយថា មិនមែនជារឿងងាយស្រួលនោះទេក្នុងការបញ្ឈប់អ្វីដែលលោកហៅថាជា បរិមាណដ៏ធំនៃថង់ប្លាស្ទិកដែលត្រូវបាននាំចូលដោយខុសច្បាប់ពីនីហ្សេរីយ៉ាជារៀងរាល់ថ្ងៃ។
លោក Ghogomu ថ្លែងថា៖ «យើងពិតជាមិនអាចបញ្ឈប់ថង់ប្លាស្ទិកមិនឱ្យចូលពីប្រទេសជិតខាងនោះទេ។ ភាពចន្លោះប្រហោងនៅតាមព្រំដែនក្នុងតំបន់គឺជាបញ្ហាដែលយើងកំពុងប្រឈមមុខ»។
ថង់ប្លាស្ទិកចំនួនរាប់លានបន្ថែមទៀត ត្រូវបានផលិតឡើងដោយខុសច្បាប់ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកាមេរូន។
ពលរដ្ឋដែលប្រើប្រាស់ថង់ប្លាស្ទិកនិយាយថា រដ្ឋាភិបាលមិនបានចាប់ផ្តើមផលិតគ្រឿងសម្រាប់វេចខ្ចប់ដែលអាចរលាយក្នុងដីដោយសហការជាមួយនឹងក្រុមហ៊ុនឯកជន ដូចដែលខ្លួនបានសន្យានោះទេ។
រដ្ឋាភិបាលកាមេរូនទទួលស្គាល់ថា គ្រឿងសម្រាប់វេចខ្ចប់ដែលខ្លួនកំពុងផលិតមិនបានបំពេញតាមតម្រូវការកម្រិតថ្នាក់ជាតិនោះទេ ហើយកំពុងជំរុញឱ្យពលរដ្ឋប្រើប្រាស់ស្លឹករុក្ខជាតិ។
ទិវាគ្មានថង់ប្លាស្ទិកអន្តរជាតិត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ៣ ខែកក្កដា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់ដែលថង់ប្លាស្ទិក ដែលអាចប្រើប្រាស់បានត្រឹមតែមួយលើក មានមកលើបរិស្ថាន៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្ត្របញ្ញា