លោក Abdoul-Karimou គឺជាអនុប្រធានគ្រប់គ្រងនៃគណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសកាមេរ៉ូន។
លោកបាននិយាយថា គណៈកម្មការរៀបចំការបោះឆ្នោត មិនទាន់ទទួលបានឯកសារពីបេក្ខជនប្រធានាធិបតី ណាម្នាក់ទេ ប៉ុន្តែខ្លួនរំពឹងថានឹងទទួលបាននាពេលខាងមុខ។
លោកបាននិយាយថា បើយោងទៅតាមច្បាប់បោះឆ្នោតរបស់ប្រទេសកាមេរ៉ូន ប្រជាពលរដ្ឋដែលចង់ឈរឈ្មោះជាប្រធានាធិបតី អាចមានពេលរហូតដល់ថ្ងៃទី១៩ ខែកក្កដាខាងមុខ ក្នុងការបញ្ជូនឯកសាររបស់ពួកគេឲ្យគណៈកម្មការរៀបចំការបោះឆ្នោតសម្រាប់ធ្វើការត្រួតពិនិត្យ។
មានមនុស្សប្រមាណជា១២នាក់ហើយ ដែលបានប្រកាសពីបំណងរបស់ពួកគេក្នុងការឈរឈ្មោះជាប្រធានាធិបតី ដែលក្នុងនោះរួមមានទាំង លោក Joshua Osih មកពីគណបក្សរណសិរ្សសង្គមប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងដ៏ចម្បង លោក Akere Muna ដែលជាមេធាវី និងជាអតីតអនុប្រធានអង្គការតម្លាភាពអន្តរជាតិ (Transparency International) លោក Maurice Kamto ដែលជាប្រធានចលនានៃការចាប់កំណើតឡើងវិញរបស់ប្រទេសកាមេរ៉ូន និងលោក Kabral Libi ដែលជាអ្នកកាសែតផងដែរ។
ប្រធានាធិបតីដែលកំពុងកាន់តំណែងលោក Paul Biya ដែលបានធ្វើជាប្រធានាធិបតីជាង៣៥ឆ្នាំហើយនោះ មិនបានប្រាប់ទេថា លោកនឹងឈរឈ្មោះបោះឆ្នោត។ ប៉ុន្តែមានការអំពាវនាវពីសំណាក់គណបក្សរបស់លោក មេដឹកនាំបែបបុរាណ និងគណបក្សប្រឆាំងមួយចំនួន ឲ្យលោកឈរឈ្មោះជាបេក្ខជនរបស់ពួកគេ។
មេដឹកនាំបែបបុរាណ និងតំណាងរាស្ត្រលោក Chaffa Isaac បាននិយាយថា ពួកគេកំពុងតែស្នើឲ្យលោក Biya ឈរឈ្មោះជាប្រធានាធិបតី ដោយរំពឹងថា ការជាប់ឆ្នោតរបស់លោក អាចនាំសន្តិភាព ដល់តំបន់ភាគពាយព្យដែលប្រឆាំងនឹងរដ្ឋាភិបាល ហើយលោកនឹងអនុវត្តបញ្ចប់គម្រោងអភិវឌ្ឍ ដែលលោកបានផ្ដួចផ្ដើមឡើងសម្រាប់ប្រទេសទាំងមូល។
«យើងកំពុងតែអំពាវនាវឲ្យលោកប្រធានាធិបតី Pual Biya ចាត់វិធានការសមរម្យនានាដើម្បីបង្កើតបរិយាកាសអំណោយផលមួយ ដែលជាបរិយាកាសសម្រាប់សន្តិភាពនៅក្នុងប្រទេសកាមេរ៉ូន និងជាបរិយាកាសសម្រាប់ការបោះឆ្នោតដោយជោគជ័យ ដែលនៅក្នុងការបោះឆ្នោតនោះ លោកគឺជាបេក្ខជនឈរឈ្មោះមួយរូបផងដែរ»។
ប៉ុន្តែលោក Joshua Osih មកពីគណបក្សរណសិរ្សសង្គមប្រជាធិបតេយ្យបាននិយាយថា លោកគិតថា ការបោះឆ្នោតគឺមិនអាចប្រព្រឹត្តទៅបានដោយជោគជ័យទេ នៅតំបន់ភាគពាយព្យ និងតំបន់ភាគនិរតីដែលនៅទីនោះពួកយោធាកំពុងតែប្រយុទ្ធជាមួយក្រុមប្រដាប់អាវុធដែលទាមទារឲ្យមានការបង្កើតរដ្ឋដែលនិយាយភាសាអង់គ្លេស។
ប្រហែលជា២០ភាគរយនៃប្រជាជនកាមេរ៉ូនសរុបចំនួន២៣លាននាក់ គឺជាអ្នកដែលប្រើប្រាស់ភាសាអង់គ្លេសនៅក្នុងប្រទេសដែលនិយាយពីរភាសានេះ ដែលនៅក្នុងប្រទេសនេះភាសាបារាំងគឺជាភាសាចម្បង។
ជម្លោះនេះបានធ្វើឲ្យទាហាន យុទ្ធជនប្រដាប់អាវុធ និងពលរដ្ឋ ប្រមាណជាង២៥០នាក់ស្លាប់បាត់បង់ជីវិត។ វាក៏បានធ្វើឲ្យមនុស្សប្រមាណជា១៦ម៉ឺននាក់ផ្លាស់ទីកន្លែងនៅក្នុងប្រទេសនេះ និងបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ទៀតឆ្លងព្រំដែនទៅកាន់ប្រទេសនីហ្សេរីយ៉ា។
លោក Joshua Osih និយាយថា៖ «ការបោះឆ្នោតនៅភាគពាយព្យ និងនិរតី គឺមិនអាចធ្វើឡើងបានទេនៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ»។
កាលពីសប្ដាហ៍មុន អ្នកតំណាងរាស្ត្រនៅក្នុងសភា បានអនុម័តច្បាប់មួយដែលពន្យាអាណត្តិរបស់ពួកគេចំនួន១២ខែ ដោយសំអាងថា ប្រទេសកាមេរ៉ូន មិនអាចរៀបចំការបោះឆ្នោតសភា និងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងឆ្នាំតែមួយបានទេ។
អ្នកតំណាងរាស្ត្រខ្លះបាននិយាយថា ពួកគេបោះឆ្នោតគាំទ្រសំណើច្បាប់នេះ ពីព្រោះវិបត្តិនៅក្នុងតំបន់និយាយភាសាអង់គ្លេស នឹងរាំងស្ទះដល់ការបោះឆ្នោត។
កាលពីខែមិនាឆ្នាំមុន ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា មិនអាចធ្វើបានឡើយនៅឯតំបន់រដ្ឋបាលManyu និងតំបន់រដ្ឋបាលLebialem ដែលសមាជិកក្រុមប្រឹក្សាខ្លះនៃតំបន់ទាំងនោះ ត្រូវបានចាប់ខ្លួន និងឃុំខ្លួនដោយក្រុមប្រដាប់អាវុធ។
អ្នកទាមទារបំបែករដ្ឋដែលប្រដាប់ដោយអាវុធ បានគំរាមថានឹងរារាំងការបោះឆ្នោតដែលនឹងធ្វើឡើងនៅក្នុងតំបន់ដែលនិយាយភាសាអង់គ្លេស។ រដ្ឋាភិបាលនិយាយថា ខ្លួននឹងធានាសន្តិសុខ និងសុវត្ថិភាពជូនអ្នកបោះឆ្នោត។
ប្រែសម្រួលដោយ យូ សុធារី