ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាជន​អាហ្វ្រិក​បង្ហាញ​ប្រតិកម្ម​របស់​ខ្លួន​ចំពោះ​ជ័យជម្នះ​របស់​លោក​ត្រាំ


មេដឹកនាំបក្សប្រឆាំង​នៅ​កេនយ៉ា​លោក Raila Odinga និយាយ​ទៅ​កាន់​អគ្គរដ្ឋទូត​អាមេរិក​លោក Robert Godec អំឡុងពេល​រង់ចាំ​មើល​លទ្ធផល​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឯ​គេហដ្ឋាន​របស់​លោក​អគ្គរដ្ឋទូត​នៅ​ក្រុង​ណៃរ៉ូប៊ី កាល​ពី​ថ្ងៃ​ទី០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
មេដឹកនាំបក្សប្រឆាំង​នៅ​កេនយ៉ា​លោក Raila Odinga និយាយ​ទៅ​កាន់​អគ្គរដ្ឋទូត​អាមេរិក​លោក Robert Godec អំឡុងពេល​រង់ចាំ​មើល​លទ្ធផល​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឯ​គេហដ្ឋាន​របស់​លោក​អគ្គរដ្ឋទូត​នៅ​ក្រុង​ណៃរ៉ូប៊ី កាល​ពី​ថ្ងៃ​ទី០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

ដូច​នៅ​ក្នុង​សហរដ្ឋអាមេរិក​ដែរ ប្រជាជន​នៅ​ទ្វីប​អាហ្វ្រិក​ក៏​មាន​អារម្មណ៍​លាយ​ឡំ​គ្នា​ចំពោះ​លទ្ធផល​នៃ​​ការ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​របស់​លោក​ ដូណាល់ ត្រាំ។​

នៅ​ស្រប​ពេល​ដែលការ​ជាប់​ឆ្នោត​របស់​លោក​ ដូណាល់ ត្រាំ​ ជា​ប្រធានាធិបតី​អាមេរិក​ត្រូវ​បាន​ប្រកាស​ឡើង​នៅ​ថ្ងៃ​ទី០៩ ​ខែ​វិច្ឆិកា អ្នកសារព័ត៌មាន​ VOA នៅ​តាម​បណ្តា​ទីក្រុង​នានា​នៅ​ទ្វីប​អាហ្វ្រិក​បាន​ចុះយក​ការណ៍​អំពី​ប្រតិកម្ម​ផ្សេងៗ​ ដែល​រួម​មាន​ទាំង​ប្រតិកម្ម​ល្អ និង​អាក្រក់ និង​អារម្មណ៍​លាយ​ឡំ​គ្នា។

ដូច​នៅ​ក្នុង​សហរដ្ឋអាមេរិក​ដែរ ប្រជាជន​នៅ​ទ្វីប​អាហ្វ្រិក​ក៏​មាន​អារម្មណ៍​លាយ​ឡំ​គ្នា​ចំពោះ​លទ្ធផល​នៃការ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​របស់​លោក​ ដូណាល់ ត្រាំ។​

នៅ​ប្រទេស​កេនយ៉ា​ ជាទី​ដែល​លោក​ប្រធានាធិបតី ​អូបាម៉ា ​មាន​ខ្សែ​ស្រឡាយ​និងសាច់​ញ្ញាតិ​នោះប្រជាជន​មួយ​ចំនួន​សង្ឃឹម​ថា​ លោក​ស្រី​ ហ៊ីលឡារី គ្លីនតុន ​នឹង​ស្នង​កេរតំកែល​របស់​លោក។

នាង ​AMILA WAFULA យល់​ថា៖ «តាម​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​គិត​ថា វា​ជា​លទ្ធផល​មួយ​ដែល​គេ​បាន​រំពឹង​ទុក​ ពី​ព្រោះ​ខ្ញុំ​មិន​គិត​ថា ​អាមេរិក​ត្រៀម​លក្ខណៈ​គ្រប់​គ្រាន់​សម្រាប់​ប្រធានាធិបតីស្រ្តី​នៅ​ឡើយ​ទេ។ យើង​ពិត​ជា​សង្ឃឹម​ថា លោក​ស្រី​ គ្លីនតុន​ នឹង​ឈ្នះ​ ប៉ុន្តែគេ​បាន​រំពឹង​ទុក​រួច​ហើយ​ថា​លោក​ត្រាំ​នឹង​ឈ្នះ»។

សកម្មជន​កិច្ចការ​សង្គម​នៅ​ប្រទេស​ហ្គាណា ​រូប​នេះ​និយាយ​ថា​ នាង​ចង់​ឃើញ​ប្រធានាធិបតីស្ត្រី​ដំបូង​របស់​អាមេរិក។

អ្នក​ស្រី​ SARA ASAFU-ADJAYE និយាយ​ថា៖ «លោក​ស្រី​មិន​ត្រឹម​តែ​ជា​ស្រ្តី​ម្នាក់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ស្រ្តីដែល​មាន​សមត្ថភាព​ទៀត​ផង។ ហើយ​ការណ៍​ដែល​ប្រជាពលរដ្ឋ​អាមេរិក​រាប់​សិប​លាន​នាក់ គឺ​មាន​ជាង ៤៨ ​ភាគរយ​ជឿថា ​លោក​ស្រី​មិន​មែន​ជា​បុគ្គល​ប្រសើរ​ម្នាក់​សម្រាប់​ការងារ​នេះ វា​ពិត​ជា​ធ្វើ​ជា​ខ្ញុំ​ព្រឺ​ខ្លាច​មែនទែន»។

លោក​ Charles Eboune ​ដែល​ជា​អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​ប្រទេស​កាមេរូន និយាយ​ថា ជ័យជម្នះ​របស់​លោក ​ត្រាំ​ បង្ហាញ​ថា​មនុស្ស​ទូទៅ​ក៏​អាច​យល់​ខុស​បាន​ដែរ។

«ជ័យជម្នះ​របស់​លោក ​ត្រាំ​ គឺ​ជា​ការ​បង្ហាញ​បែប​សាមញ្ញ​មួយ​ថា អ្នក​អាច​មាន​បទពិសោធន៍​ ៤០​ ឬ​ ៥០ ​ឆ្នាំ ​ប៉ុន្តែ​អ្នកត្រូវ​ការ​អ្វី​ដែល​ហៅ​ថា ​បទពិសោធន៍​មាន​ប្រយោជន៍​ ជា​ជាង​បទ​ពិសោធន៍​ឥត​ប្រយោជន៍​ ពីព្រោះ​ថា​ ប្រសិន​បើ​អ្នក​មើល​ទៅ​គុណសម្បត្តិ​នៃ​ស្រ្តី​ម្នាក់​ដែល​ស្ថិត​នៅ​ចំពោះ​មុខ​លោក​ ត្រាំ​ នៅ​ក្នុង​ការ​បោះឆ្នោត​នោះ ​និង​អ្នក​ដែល​គាំទ្រ​លោកស្រី វា​អាច​មាន​ន័យ​ផ្សេង​មួយ​ទៀត​ថា មតិភាគ​ច្រើន​មិនមែន​រមែង​តែ​ត្រឹមត្រូវ​រហូត​នោះ​ទេ»។

រូបឯកសារ៖ លោកដូណាល់ ត្រាំ​ ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក។
រូបឯកសារ៖ លោកដូណាល់ ត្រាំ​ ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក។

មនុស្ស​មួយ​ចំនួន​ទៀត​ ដូចជា​លោក​ Francis Kouamé​ នៅ​ប្រទេស​កូតឌីវ័រ​ មាន​ការ​ព្រួយបារម្ភថា​ ជ័យជម្នះ​របស់​លោក​ ត្រាំ​ អាច​ប៉ះពាល់​ដល់ទ្វីប​អាហ្វ្រិក​ដោយ​ផ្ទាល់។

លោក​និយាយ​ថា៖ «ជ័យជម្នះ​នោះ​ប្រហែល​ពន្យឺត​ការ​ធ្វើ​អន្តោប្រវេសន៍ ដែល​អាច​ចេញពី​បណ្តា​ប្រទេស​នានា​នៅ​ទ្វីប​អាហ្វ្រិក ​ទៅ​កាន់​សហរដ្ឋអាមេរិក។ ជ័យជម្នះ​នោះ​នឹង​ធ្វើ​ឲ្យ​ការ​ធ្វើ​អន្តោប្រវេសន៍​មាន​ការ​ពិបាក​ជាង​មុន។ ពិត​ណាស់ ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ​ ដែល​គាត់​បាន​ឈ្នះ»។

នាង ​Remi Patnak ​ជនជាតិ​នីហ្សេរីយ៉ា ក៏​មាន​ការ​ព្រួយបារម្ភ​ពី​វោហាសព្ទ​របស់​លោក​ត្រាំ​ផង​ដែរ។

«អ្វី​ទាំង​អស់​ដែល​គាត់​បាន​និយាយ​នៅ​ក្នុងសុន្ទរកថា​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត គឺ​គាត់​និយាយ​ថា ​គាត់​នឹង​យក​គ្រប់​ជន​មូស្លីម និង​ជន​ស្បែក​ខ្មៅ​ទាំង​អស់​ចេញ​ពី​សហរដ្ឋ​អាមេរិក។ ច្បាស់​ណាស់​ថា​ គាត់​គឺ​ជា​មនុស្ស​ប្រកាន់​ពូជសាសន៍។ ​ប្រសិន​បើ​គាត់​យក​ជន​មូស្លីម​ចេញ​ទាំងអស់ ហើយប្រសិន​បើ​គាត់​បញ្ជូន​គ្រប់​ជន​ស្បែក​ខ្មៅ​ចេញ​ពី​ប្រទេស​ រឿង​មួយ​ចំនួន​នឹង​មិន​មាន​ដំណើរការ​ប្រសើរ​នោះ​ទេ»។

ប៉ុន្តែ​ នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​វិញ ​ទី​ដែល​បាតុកម្ម​របស់​ក្រុម​និស្សិត​បាន​ធ្វើ​ឲ្យ​ផ្អាក​ដំណើរការ​សាកលវិទ្យាល័យ​កាល​ពីពេល​ប៉ុន្មាន​ខែ​មក​នេះ ​យ៉ាង​ហោចណាស់​មាន​និស្សិត​ម្នាក់​និយាយ​ថា ខ្លួន​គេ​មាន​បញ្ហា​ច្រើន​ផ្សេង​ទៀត​ដែល​ត្រូវ​យក​ចិត្ត​ទុកដាក់។

«លោក​ត្រាំ​មិន​ប៉ះ​ពាល់​ដល់​ជីវិត​ខ្ញុំ​ទេ។ ប្រសិន​បើ​លោក​ត្រាំ​អាច​មក​ទី​នេះ ហើយ​ដោះស្រាយ​បញ្ហា​ថ្លៃ​សិក្សា​ដែល​កំពុង​តែ​ធ្លាក់​ចុះ​នៅ​ប្រទេស​ខ្ញុំ នោះ​ខ្ញុំ​នឹង​គាំទ្រ​គាត់។ ប្រសិន​បើ​ដរាបណា​គាត់​មិន​ធ្វើ​អ្វី​ដែល​នឹង​ប៉ះ​ពាល់​ដល់​ខ្ញុំក្នុង​ឋានៈ​ជាយុវជន​អាហ្វ្រិក​មួយ​រូប ខ្ញុំ​មិន​ខ្វល់​ពី​លោក​ត្រាំ​ទេ»។​

រូបឯកសារ៖ ប្រធានាធិបតី​ជាប់ឆ្នោត​លោក​ដូណាល់ ត្រាំ និង​លោកស្រីហ៊ីល ឡារីគ្លីនតុន។
រូបឯកសារ៖ ប្រធានាធិបតី​ជាប់ឆ្នោត​លោក​ដូណាល់ ត្រាំ និង​លោកស្រីហ៊ីល ឡារីគ្លីនតុន។

សារព័ត៌មាន​នៅ​ប្រទេស​កុងហ្គោ​ បាន​រាយការណ៍​ពី​ការ​ឈ្នះ​ឆ្នោត​របស់​លោកត្រាំ​ ក្រោមចំណង​ជើង​មួយ​ថា «ការ​ភ្ញាក់ផ្អើលដោយសារ​លោក​ត្រាំ» (The Trump Surprise) ខណៈ​ពេល​ដែល​វិបសាយ​មាន​ប្រជាប្រិយភាព​មួយ​បាន​ដាក់​បង្ហាញ​រូប​លោក ត្រាំ ជាមួយ​នឹង​ការ​លេង​ចំណង​ជើង​ដោយ​ដាក់​គោតនាម​របស់​លោក ​ត្រាំ ជាមួយ​និង​កិរិយាសព្ទ​ភាសា​បារាំង​ថា ​«se tromper»​ ដែល​មាន​ន័យ​ថា​ «ធ្វើ​ឲ្យ​មាន​កំហុស»។

ប៉ុន្តែ​បុគ្គលិក​ផ្នែក​រដ្ឋបាល​មួយរូប​នៅ​ក្រុង​ដាកា​ (Dakar) នៅ​តែ​មាន​សុទិដ្ឋិនិយម​ទៅ​លើ​ជម្រើស​ប្រធានាធិបតី​របស់​អាមេរិក។

លោក​ MOUSSA TRAORE​ និយាយ​ថា៖ «ខ្ញុំ​មាន​ការ​អស់​សង្ឃឹម​បន្តិច​ដែរ​ ពី​ព្រោះ​ខ្ញុំ​គាំទ្រ​លោកស្រី​ហ៊ីលឡារី គ្លីនតុន។ ប៉ុន្តែ​ ខ្ញុំ​យល់​ឃើញ​ថា​ ​ប្រជាជន​អាមេរិក​បាន​ជ្រើសរើស​យក​លោក​ ដូណាល់ ត្រាំ​ ជា​ប្រធានាធិបតី​របស់​ពួកគេ។ លោក​ ត្រាំ​ មិន​មែន​ជា​មនុស្ស​អាក្រក់​ទេ។ អ្វី​ដែល​សំខាន់​នោះ​គឺ​ថា ប្រជាជន​មិន​សប្បាយ​ចិត្ត​បន្តិច​ពេល​ឮ​ដំណឹង​នេះ ​ប៉ុន្តែ​ប្រហែល​ជានឹង​មាន​ការ​ផ្លាស់ប្តូរ»។

លោក ​Keith Benon Robe​ មាន​ភាព​សកម្ម​នៅ​ក្នុង​ជួរ​បក្ស​ប្រឆាំង​នៅ​ប្រទេស​អ៊ូហ្គង់ដា ក្នុង​អំឡុង​ពេល​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​នៅ​ប្រទេស​លោក​កាល​ពី​ដើម​ឆ្នាំ​នេះ។ លោក​និយាយថា លោក​មាន​ក្តី​រំភើប ​ពី​ព្រោះ​លោក​មាន​ជំនឿ​ថា ​លោក​ ត្រាំ​ នឹង​តទល់​ជាមួយ​នឹង​មេដឹកនាំ​ផ្តាច់ការ​នៅ​អាហ្រ្វិក។

«ខ្ញុំ​លោត​កញ្ជ្រោល​ដើម្បី​អបអរសាទរ។ ខ្ញុំ​មាន​ក្តី​រំភើប​ណាស់​ វា​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​ទាល់​តែ​សោះ.... ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា​ សេដ្ឋកិច្ច​នឹង​មាន​ភាព​ប្រសើរ​ឡើង ជាង​ពេល​បច្ចុប្បន្ន។ ហើយ​ខ្ញុំ​ជឿ​ជាក់​លើ​គាត់​ ពីព្រោះ​គាត់​ជា​អ្នក​ជំនួញ​មួយរូប។ គាត់​នឹង​ផ្លាស់​ប្តូរ​អ្វីៗ​ទាំង​អស់។ ប៉ុន្តែ​ចំណុច​សំខាន់​គឺ​ថា​ គាត់​នឹង​ជួយ​យើង​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​របប​ដឹក​នាំ​នេះ ​ដែល​យើង​ធុញ​ទ្រាន់»។​

លោក ​Stanley​ ដែល​ជា​គ្រូ​ប្រវិត្តវិទ្យា​ម្នាក់​នៅ​ក្រុង​ Kinshasa ​ដែល​សុំ​មិនបញ្ចេញ​នាម​ត្រកូល​របស់​លោក និយាយ​ថា​ មិន​ថា​នរណា​ជា​អ្នក​ឈ្នះ​នោះ​ទេ វដ្ត​នៃ​ការ​បោះឆ្នោត​របស់អាមេរិក​ បាន​ដើរ​តួ​ជា​ឧទាហរណ៍​ដ៏​ប្រសើរ​មួយ​សម្រាប់​ប្រទេស​ដទៃៗ​ទៀត។​

លោក​និយាយ​ថា មេរៀន​ផ្សេងៗ​ដែល​ខ្ញុំ​បាន​យល់​ដឹង​ក្នុង​ឋានៈ​ជា​ប្រជាជន​កុងហ្គោ​ និង​ជា​ប្រជាជន​អាហ្វ្រិក​ម្នាក់​នោះ ​គឺ​ការ​ប្រគល់​អំណាច​យ៉ាង​ជាក់​ច្បាស់​ ស្អាត​ស្អំ​ និង​ដោយ​មិន​មាន​បញ្ហា​កើត​ឡើង។ លោកស្រី ​គ្លីនតុន ​ថែម​ទាំង​បាន​ទូរស័ព្ទ​ទៅ​លោក​ ត្រាំ​ ដើម្បី​អបអរសាទរ​លោក​ទៀត​ផង។

មេដឹកនាំ ​និង​អ្នកនយោបាយ​អាហ្រ្វិក​នៅ​ប្រទេស​កេនយ៉ា អាហ្វ្រិក​ខាង​ត្បូង អ៊ូហ្គង់ដា តង់សានី ប៊ូរុនឌី​ និង​ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ជា​ដើម​បាន​បញ្ជូន​សារ​ ឬ​បង្ហោះ​សារ​តាម​បណ្តាញ​ទ្វីធឺ (Twitter) ទៅ​កាន់​លោក​ ត្រាំ ដោយ​អបអរសាទរ​ជ័យជម្នះ​របស់​លោក។ បង​ប្រុស​ម្តាយ​ទី​ទៃ​របស់​លោក​ប្រធានាធិបតី​ អូបាម៉ា​ គឺ​លោក Malik Obama ​ក៏​បាន​អបអរសាទរ​លោក ​ត្រាំ​ ផង​ដែរ៕

ប្រែសម្រួល​ដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG