ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​កាមេរ៉ូន​សន្យា​នៅ​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​ថា​ នឹង​ប្រឆាំង​អំពើ​ភេរវកម្ម


រូបឯកសារ៖ ប្រធានាធិបតីទើបចូលកាន់តំណែងថ្មីរបស់កាមេរ៉ូន លោក Paul Biya

ប្រធានាធិបតី​ប្រទេស​កាមេរ៉ូន​លោក Paul Biya ដែល​ជា​ប្រធានាធិបតី​កាន់​តំណែង​បាន ៣៦ ឆ្នាំ​មក​ហើយ គឺ​យូរ​ជាង​គេ​បំផុត​ទី​ពីរ​នៅ​ទ្វីប​អាហ្វ្រិក ទើបតែ​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​មួយ​អាណត្តិ​ទៀត​ដែល​មាន​រយៈពេល ៧ ឆ្នាំ។

ប្រជាពលរដ្ឋ​កាមេរ៉ូន​បាន​ច្រៀង​ចម្រៀង​ភ្លេង​ជាតិ​កាល​ពី​ថ្ងៃ​ទី ៦ ខែ​វិច្ឆិកា នៅ​ពេល​ដែល​លោក​ប្រធានាធិបតី Paul Biya ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​រយៈពេល ៧ ឆ្នាំ​ទៀត។

នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​របស់​លោក លោក Biya បាន​សន្យា​ថា​នឹង​ដោះស្រាយ​បញ្ហា​ប្រទេស​កាមេរ៉ូន និង​ជំរុញ​ឲ្យ​មាន​ការ​ឯកភាព​ជាតិ។ លោក​បាន​និយាយ​ថា ប្រជាពលរដ្ឋ​កាមេរ៉ូន​នឹង​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​រហូត​ទាល់តែ​ពួក​ផ្ដាច់​ខ្លួន​នៅ​ក្នុង​តំបន់​និយាយ​ភាសា​អង់គ្លេស​ចំនួន​ពីរ ទម្លាក់​អាវុធ​របស់​ពួកគេ​ចុះចាញ់។

លោក Biya បញ្ជាក់​ថា នៅ​តំបន់​ពាយ័ព្យ និង​តំបន់​និរតី​នៃ​ប្រទេស​កាមេរ៉ូន ពួក​ក្រុម​អវិជ្ជមាន​នានា​បាន​ទាញ​ប្រយោជន៍​ពី​ការ​ត្អូញត្អែរ​របស់​កម្មករ​មួយ​ចំនួន ដើម្បី​អនុវត្ត​គម្រោង​ផ្ដាច់​ខ្លួន​របស់​ពួកគេ និង​ប្រព្រឹត្តិ​អំពើ​ភេរវកម្ម។

លោក​បាន​បន្ថែម​ថា អំពើ​ហិង្សា​បាន​កើត​ឡើង ដូច្នេះ​រដ្ឋាភិបាល​បាន​ឆ្លើយតប​ជាមួយ​នឹង​វិធានការ​នានា​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ និង​ធានា​សុវត្ថិភាព និង​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ និង​ទ្រព្យសម្បត្តិ​របស់​ពួកគេ។

លោក​បញ្ជាក់​ថា ការ​បំបែក​រដ្ឋ​គឺ​ជា​ការ​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ​ប្រទេស​កាមេរ៉ូន និង​លក្ខណៈ​មិន​អាច​បំបែក​បំបាក់​បាន​របស់​ជាតិ។

លោក Biya មិន​បាន​លើក​ឡើង​ពី​ខ្មាន់​កាំភ្លើង​ដែល​ចាត់​ពង្រត់​សិស្ស ៧៩ នាក់ និង​គ្រូ​បង្រៀន ៣ នាក់ ពី​សាលារៀន​មួយ​កន្លែង​នៅ​តំបន់​ភាគ​ពាយ័ព្យ​ប្រទេស កាល​ពី​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​ទេ។

នៅ​ឯ​ផ្លូវ​ដើរ​នៃ​ក្រុម​ប្រឹក្សា​ក្រុង Yaounde មនុស្ស​រាប់​រយ​នាក់​ដែល​រត់​គេច​ពី​ផ្ទះ​សម្បែង​ដោយសារ​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​តំបន់​នោះ បាន​មក​មើល​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Biya នេះ​តាម​កញ្ចក់​ទូរទស្សន៍​ដ៏​ធំ​មួយ។

លោក Julius Tetang អាយុ ៥៥ ឆ្នាំ និយាយ​ថា លោក​បាន​ផ្ដល់​កន្លែង​ស្នាក់នៅ​ដល់​អ្នក​ភៀស​សឹក​ចំនួន ៣០ នាក់ ដែល​មក​ពី​ក្រុង Mbengwi ដែល​ជា​ក្រុង​និយាយ​ភាសា​អង់គ្លេស។ លោក​ចង់​ឲ្យ​លោក Biya រក​ដំណោះស្រាយ​ចំពោះ​ភាព​ចលាចល​នៅ​ក្នុង​តំបន់​នោះ។

លោក Tetang និយាយ​ដូច្នេះ​ថា៖ «នៅ​តំបន់​នោះ​មាន​សាលា​មធ្យម​សិក្សា​ប្រហែល ១៨ សាលា និង​សាលាបឋមសិក្សា​ប្រហែល ៧៦ សាលា ហើយ​គ្មាន​សាលា​ណា​មួយ​ដែល​មាន​សិស្ស​ទៅ​រៀន​នោះ​ទេ។ ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​លះបង់​ទីលំនៅ​របស់​ខ្លួន។ អត្រា​នៃ​ការ​សម្លាប់​មនុស្ស​គឺ​ខ្ពស់​ណាស់។ មនុស្ស​កំពុងតែ​រត់​គេច​ពី​គ្រាប់​កាំភ្លើង»។

លោក Cletus Fonyuy អាយុ ៣២ ឆ្នាំ បាន​គេច​ចេញ​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ក្រុង Kumbo ដែល​ជា​ក្រុង​និយាយ​ភាសា​អង់គ្លេស។ លោក​ថា ប្រពន្ធ​របស់​លោក និង​បង​ប្អូន​ប្រុស​របស់​លោក​ត្រូវ​គេ​សម្លាប់​កាល​ពី​ខែ​មុន​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា។

លោក Fonyuy និយាយ​ដូច្នេះ​ថា៖ «លោក Biya មាន​ឱកាស​មួយ​អាណត្តិ​ទៀត​ដើម្បី​បញ្ឈប់​ការ​សម្លាប់​ប្រជាពលរដ្ឋ​របស់​យើង​នៅ​តំបន់​ភាគ​ពាយ័ព្យ និង​ភាគ​និរតី។ លោក​គួរតែ​ស្នើ​ឲ្យ​ទាហាន​របស់​លោក​បញ្ឈប់​ការ​សម្លាប់​ប្រជាពលរដ្ឋ​របស់​យើង។ ពួកគេ​គឺ​ជា​បងប្អូន​របស់​ពួក​យើង។ ពួក​យើង​គឺ​ជា​ជនជាតិ​តែ​មួយ ដូច្នេះ​លោក Biya គួរតែ​ធ្វើ​អ្វី​មួយ​ដើម្បី​បង្ហាញ​ថា ពួក​យើង​ជា​ជនជាតិ​តែ​មួយ»។

លោក Biya ត្រូវ​បាន​គេ​ប្រកាស​ថា​ជា​អ្នក​ទទួល​បាន​ជ័យជំនះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កាល​ពី​ថ្ងៃ​ទី ៧ ខែ​តុលា​កន្លង​ទៅ​នេះ ដោយ​លោក​ទទួល​បាន​សំឡេង​ភាគ​ច្រើន​លើសលប់​ចំនួន ៧១ ភាគរយ​នៃ​សំឡេង​ឆ្នោត។

លោក Maurice Kamto ដែល​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​បំផុត​របស់​លោក Biya ទទួល​បាន​សំឡេង​គាំទ្រ​តែ ១៤ ភាគរយ​ប៉ុណ្ណោះ។

លោក Kamto និង​អ្នក​គាំទ្រ​របស់​លោក​អះអាង​ថា ការ​បោះ​ឆ្នោត​នេះ​ត្រូវ​បាន​លួច​បន្លំ​ដោយ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​ជ្រើសរើស​ដោយ​លោក Biya និង​ជា​គណៈកម្មការ​មួយ​ដែល​មាន​ភាព​ស្មោះស្ម័គ្រ​ចំពោះ​លោក Biya។

កាល​ពី​ថ្ងៃ​ទី ៦ ខែ​វិច្ឆិកា កង​កម្លាំង​សន្តិសុខ​បាន​បញ្ឈប់​អ្នក​គាំទ្រ​លោក Kamto មិន​ឲ្យ​ព្យាយាម​តវ៉ា​នៅ​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Biya។

លោក Christopher Bime អាយុ ២៤ ឆ្នាំ និយាយ​ថា ប៉ូលិស​បាន​រារាំង​លោក​មិន​ឲ្យ​តវ៉ា​ចំពោះ​អ្វី​ដែល​លោក​ហៅ​ថា​ជា​ជោគជ័យ​លួច​បន្លំ​របស់​លោក Biya។

លោក Christopher Bime និយាយ​ដូច្នេះ​ថា៖ «លោក Biya បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​បាន ៣៦ ឆ្នាំ​មក​ហើយ។ យុវជន​កាមេរ៉ូន​រងគ្រោះ​ច្រើន​ណាស់។ យុវជន​បាន​ចូល​រៀន និង​ទទួល​បាន​សញ្ញាប័ត្រ ប៉ុន្តែ​ពួកគេ​រងគ្រោះ​នៅ​ទូទាំង​ប្រទេស»។

លោក Biya កាន់​អំណាច​នៅ​ក្នុង​ប្រទេស​កាមេរ៉ូន​អស់​រយៈពេល​ជាង ៤ ទសវត្សរ៍​មក​ហើយ ដោយ​លោក​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បាន ៧ ឆ្នាំ និង​ជា​ប្រធានាធិបតី​បាន ៣៦ ឆ្នាំ។

កាល​ពី​ឆ្នាំ ២០០៨ លោក​បាន​លុប​ចោល​ច្បាប់​កំណត់​អាណត្តិ​ពី​រដ្ឋធម្មនុញ្ញ ដោយ​អនុញ្ញាត​ឲ្យ​លោក​អាច​កាន់​តំណែង​គ្មាន​កាល​កំណត់។

នៅ​ពេល​ដែល​អាណត្តិ​ថ្មី​នេះ​បញ្ចប់​នៅ​ក្នុង​រយៈពេល ៧ ឆ្នាំ​ខាង​មុខ​ទៀត លោក Biya នឹង​មាន​អាយុ ៩៣ ឆ្នាំ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG