ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការវាយប្រហារ​ទៅ​លើ​សាលារៀន​នៅ​កាមេរ៉ូន​ ធ្វើ​ឲ្យ​ឪពុកម្តាយ​ជាច្រើន​សម្រេចចិត្ត​មិន​ឲ្យ​កូន​ទៅ​រៀន


រូបឯកសារ៖ យោធា​ល្បាតសាលារៀន​មួយ​នៅ​ក្រុង Limani ប្រទេស​កាមេរ៉ូន។ 

គ្រូបង្រៀន​ឈ្មោះ John Nlom និង​កូនៗ​របស់​លោក​បីនាក់​បាន​ចាកចេញ​ពី​សាលា Saint Josephsនៅ​តំបន់ Sasse ដោយ​លោក​បាន​និយាយ​ថា​ លោក​មិន​ទុកចិត្ត​លើ​ការ​ធានា​អះអាង​របស់​លោកអភិបាលក្រុង​ដែល​បាន​ប្រកាស​ថា​ពួកគេ​នឹង​មាន​សុវត្ថិភាព​នោះ​ទេ។

ឪពុកម្តាយ​របស់​សិស្សសាលា​រាប់ពាន់នាក់​កំពុង​ដក​កូនៗ​របស់​ពួកគេ​ចេញ​ពី​សាលា​នានា​នៅ​តំបន់​និយាយ​ភាសា​អង់គ្លេស​ក្នុង​ប្រទេស​កាមេរ៉ូន ​បន្ទាប់​ពី​ក្រុម​ប្រដាប់​អាវុធ​បាន​វាយប្រហារ​ និង​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​រងរបួស​នៅ​ក្នុង​តំបន់​នោះ។

ក្រុមផ្តាច់ខ្លួន​ ដែល​កំពុង​វាយប្រយុទ្ធ​ ដើម្បី​ធ្វើ​ឲ្យ​តំបន់​និយាយ​ភាសាអង់គ្លេស​ក្នុង​ប្រទេស​កាមេរ៉ូន​ក្លាយ​ជា​តំបន់​ឯករាជ្យ​នោះ​បាន​ព្រមាន​ឪពុកម្តាយ​ទាំងនោះ​កុំ​ឲ្យ​បញ្ជូន​កូនៗ​របស់​ពួកគេ​ទៅ​សាលារៀន​ ដោយ​បាន​ប្រកាស​ថា​ ពួកគេ​មិន​អាច​ធានា​សុវត្ថិភាព​ដល់​កូន​សិស្ស​ទាំងនោះ​បាន​ទេ។ អ្នកភូមិ​ និង​ឪពុកម្តាយ​សិស្ស​សាលា​រាប់សិបនាក់​កាល​ពី​ថ្ងៃអង្គារ​កន្លង​ទៅ​បាន​ស្វែងរក​តំបន់ព្រៃ​នានា​នៅ​ជុំវិញ​តំបន់ Sasse ដែល​នៅ​ជិតខាង​ទីក្រុង Buea ភាគនិរតី​ ដើម្បី​រក​កូនៗ​របស់​ពួកគេ​ដែល​លាក់​ខ្លួន​ បន្ទាប់​ពី​ពួកសកម្ម​ប្រយុទ្ធ​ប្រដាប់​អាវុធ​បាន​វាយប្រហារ​សាលា Saint Josephs កាល​ពី​ល្ងាច​ថ្ងៃអាទិត្យ។ មនុស្ស​រាប់សិបនាក់​បាន​រងរបួស​ដោយសារ​ការ​វាយប្រហារ​នេះ។

លោក Charles Mbella Moki សមាជិក​ព្រឹទ្ធសភា​មក​ពី​តំបន់​និយាយ​ភាសា​អង់គ្លេស​នៅ​តំបន់​ភាគនិរតី​នៃ​ប្រទេសកាមេរ៉ូន​ ដែល​ជា​ថ្នាក់​ដឹកនាំ​នៅក្នុង​ភូមិ​បាន​ថ្លែង​ថា​ ពួកគេ​សប្បាយ​ចិត្ត​ដែល​បាន​រកឃើញ​សិស្សសាលា​បីនាក់​ដែល​បាន​បាត់​ខ្លួន។

លោក Charles Mbella Moki បាន​ថ្លែង​ថា «ដោយសារ​តែ​មាន​ជំនួយ​ពី​អ្នកចិត្តល្អ​ យើង​អាច​រកឃើញ​សិស្សសាលា​ ដែល​បាន​បាត់​ខ្លួន​រត់គេច​ពី​ការ​វាយប្រហារ​ដោយ​ពួក​សកម្មប្រយុទ្ធ។ សិស្សសាលា​ខ្លះ​បាន​រងរបួស​ ហើយ​ខ្លះ​ទៀត​មាន​អារម្មណ៍​បាក់ស្បាត។ អ្នក​ខ្លះ​ទៀត​មិន​បាន​ដឹងថា ​ពួកគេ​បាន​រត់​ទៅ​ដល់​កន្លែង​ណា​នោះ​ទេ​ ហើយ​ខ្លះទៀត​រត់​គេច​ខ្លួន​ទាំង​សំលៀកបំពាក់​គេង​យប់។ ពួកគេ​គួរ​ឲ្យ​អាណិត​ណាស់ ប៉ុន្តែ​សិស្សសាលា​ទាំងអស់​នៅ​តំបន់​Sasseមាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ និង​បាន​ត្រៀម​ខ្លួន​គ្រប់គ្រាន់​ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​នេះ»។

លោកBernard Okalia Bilai អភិបាលក្រុង​នៃ​តំបន់​ភាគនិរតី​ប្រទេសកាមេរ៉ូន​បាន​ថ្លែង​ថា​ ជនប្រដាប់​អាវុធ​មិន​ស្គាល់​អត្តសញ្ញាណ​មួយក្រុម​បាន​វាយប្រហារ​ទៅ​លើ​សាលារៀន​ សិស្សសាលា ​និង​លោកគ្រូ​អ្នកគ្រូ​នៅក្នុង​សាលា​នោះ។ លោក​បាន​ថ្លែង​បន្ត​ថា​ សិស្សសាសា​មួយចំនួន​ដែល​មាន​អាយុ​ពី៩ទៅ១៧ឆ្នាំ​បាន​រងរបួស​ដោយសារ​កាំបិត​ និង​គ្រាប់​កាំភ្លើង​ ប៉ុន្តែ​សំណាង​ល្អ​ដែល​គ្មាន​អ្នកណា​ម្នាក់​បាត់​បង់​ជីវិត។ បន្ទាប់​ពី​ហេតុការណ៍​បាន​កើតឡើង​ ឳពុកម្តាយ​របស់​សិស្ស​សាលា​ទាំងនោះ​បាន​ដក​កូនៗ​របស់​ពួកគេ ដែល​មាន​ចំនួន​សរុប​ប្រហែល​ជាង៥០០នាក់​ មិន​ឲ្យ​ទៅ​រៀន​នៅ​សាលារៀន​នោះ​តទៅ​ទៀត។ សាលារៀន​ចំនួន៦នៅក្នុង​តំបន់​និយាយ​ភាសាអង់គ្លេស​នៅ​ភាគនិរតី​នេះ​បាន​ស្នើ​ឪពុកម្តាយ​របស់​សិស្ស​ទាំងនោះ​ឲ្យ​យក​កូនៗ​របស់​ពួកគេ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ឳពុកម្តាយ​មួយ​ចំនួន​បាន​យក​កូនៗ​របស់​ពួកគេ​ចេញ​ពី​សាលា​រួច​ទៅ​ហើយ។

គ្រូបង្រៀន​ឈ្មោះ John Nlom និង​កូនៗ​របស់​លោក​បីនាក់​បាន​ចាកចេញ​ពី​សាលា Saint Josephsនៅ​តំបន់ Sasse ដោយ​លោក​បាន​និយាយ​ថា​ លោក​មិន​ទុកចិត្ត​លើ​ការ​ធានា​អះអាង​របស់​លោកអភិបាលក្រុង​ដែល​បាន​ប្រកាស​ថា​ពួកគេ​នឹង​មាន​សុវត្ថិភាព​នោះ​ទេ។ លោកគ្រូ John Nlom បាន​និយាយ​ថា៖

​«លោក​អភិបាល​ក្រុង​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ត្រឡប់​ទៅ​ភូមិ​វិញ​ ដោយ​បាន​និយាយ​ថា អាជ្ញាធរ​នឹង​ការពារ​ពួកយើង​ ប៉ុន្តែ​ជាក់ស្តែង​ពេល​លោក​ធ្វើ​ដំណើរ​ទៅណា​មក​ណា​តែងតែ​មាន​ទាហាន​ការពារ​រូបលោក​ជានិច្ច។ តើ​ទាហាន​ទាំងអស់​អាច​ការពារ​ប្រជាពលរដ្ឋ​ទាំងអស់​បាន​ទេ? នេះ​ហើយ​ជា​ហេតុផល​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​ស្នាក់នៅ​ក្នុង​ភូមិ​បាន។ ខ្ញុំ​ត្រូវ​តែ​ចាកចេញ»។
លោកស្រី​សាស្រ្តចារ្យ Nalova Lyonga រដ្ឋមន្រ្តី​ក្រសួងអប់រំ​នៅ​កម្រិត​វិទ្យាល័យ​កំពុង​អំពាវនាវ​ទៅ​គណៈគ្រប់គ្រង​របស់​សាលានានា​នៅ​តំបន់​មាន​សុវត្ថិភាព​ឲ្យ​ទទួល​យក​សិស្សសាលា​ដែល​បាន​ផ្លាស់ទី​លំនៅ​បើទោះបី​ជា​សាលារៀន​ទាំងនោះ​មាន​សិស្ស​ច្រើន​ក៏​ដោយ។ លោកស្រី​បាន​ថ្លែង​ថា៖

«ដោយសារ​តែ​វិបត្តិ​នេះ​ សូម​គណៈគ្រប់គ្រង​សាលា​ទទួល​យក​សិស្សសាលា​ដែល​កំពុង​ផ្លាស់ទី​លំនៅ​ទៅ​ភាគពាយព្យ​ ឬ​ទៅភាគនិរតី​ទាំង​នេះ​ផង។ សូម​ទទួល​យក​សិស្ស​សាលា​គ្រប់គ្នា​ដែល​មក​សុំ​ចុះ​ឈ្មោះ​ចូល​រៀន​ និង​អ្នក​ដែល​ចង់ផ្លាស់ប្តូរ​សាលារៀន។ បើសិន​ជា​មាន​បញ្ហា​អ្វី​ សូម​រាយការណ៍​មក​ក្រសួង​ ឬទៅ​កាន់​អភិបាលក្រុង​នានា​ គណៈគ្រប់គ្រង​សាលារៀន​ ឬ​អាច​បញ្ជូន​មក​ពួកយើង​ក៏​បាន។ កន្លែង​ណា​ដែល​មាន​សិស្សលើស​ចំនួន​ យើង​នឹង​ចុះ​ទៅ​ជួយ​យក​សិស្សសាលា​ទាំងនោះទៅ​ចូលរៀន​នៅ​កន្លែង​ផ្សេង​ទៀត»។

កាល​ពី​ខែមុន​ ពួកជន​ផ្តាច់​ខ្លួន​ប្រដាប់​អាវុធ​បាន​ប្រកាស​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព្រមាន​ឪពុកម្តាយ​ទាំងឡាយ​ណា​ ដែល​នៅ​តែ​បញ្ជូន​កូនៗ​របស់​ពួកគេ​ទៅ​សាលារៀន។ ពួក​ជនផ្តាច់​ខ្លួន​បាន​ប្រកាស​ថា​ពួកគេ​មិន​អាច​ធានា​សុវត្ថិភាព​ដល់​សិស្សសាលា​នៅ​តាម​សាលារៀន​ទាំង​នោះ​ទេ​ ដោយសារ​តែ​ពួក​សកកម្មប្រយុទ្ធ​របស់​ខ្លួន​នឹង​វាយប្រយុទ្ធ​ជាមួយ​ពួកទាហាន​ដើម្បី​បញ្ឈប់​ការ​បោះឆ្នោតប្រធានាធិបតី​នៅ​ថ្ងៃទី​៧ ខែតុលា​ខាងមុខ​នេះ។

យ៉ាង​ហោចណាស់​មាន​សាលារៀន​ចំនួន ៧០ ត្រូវ​បាន​ដុត​បំផ្លាញ​ចាប់តាំង​ពី​មាន​វិបត្ដិ​បាន​ចាប់ផ្តើម​នៅក្នុង​តំបន់​ដែល​និយាយ​ភាសា​អង់គ្លេស​ក្នុង​ប្រទេសកាមេរ៉ូន​កាល​ពី​ឆ្នាំ ២០១៦មក​ ដែល​នៅ​ពេល​នោះ​ក្រុម​គ្រូបង្រៀន ​និង​មេធាវី​បាន​តវ៉ា​ចំពោះ​ការ​ប្រើ​ភាសា​បារាំង​នៅក្នុង​ប្រទេស​ដែល​និយាយ​ភាសា​បារាំង ​និង​អង់គ្លេស​នេះ។ ពួកបំបែក​ខ្លួន​បាន​កាន់កាប់​រដ្ឋ​និង​បាន​ស្នើ​សុំ​បង្កើត​រដ្ឋ​និយាយ​ភាសា​អង់គ្លេស​ហើយ​រដ្ឋាភិបាល​បាន​ប្រកាស​សង្គ្រាម​ជាមួយ​នឹង​ពួកគេ។ យ៉ាង​ហោចណាស់​មាន​មនុស្ស៣០០នាក់​រួម​ទាំង​ទាហាន និងប៉ូលិស30នាក់​ត្រូវ​បាន​សម្លាប់​ ហើយ​មនុស្ស​ជាច្រើន​នាក់​ទៀត​កំពុង​បាត់​ខ្លួន​នៅ​ឡើយ៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG