ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក អ្នកយកព័ត៌មាន​ជនជាតិ​កាមេរូនតវ៉ា​ប្រឆាំងនឹង​ការយាយី និង​ការ​ចាប់ខ្លួន​ដោយ​បំពាន


រូបឯកសារ៖ អ្នកកាសែត​កាមេរូន​ម្នាក់​កាន់​បដា​មួយ​សរសេរ​ថា «គ្មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​កាសែត» នៅ​ក្នុង​ក្រុង Yaounde ប្រទេស​កាមេរូន ក្នុង​អំឡុងពេល​នៃ​ការ​​ប្រមូល​ផ្ដុំ​សាធារណៈ​មួយ។
រូបឯកសារ៖ អ្នកកាសែត​កាមេរូន​ម្នាក់​កាន់​បដា​មួយ​សរសេរ​ថា «គ្មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​កាសែត» នៅ​ក្នុង​ក្រុង Yaounde ប្រទេស​កាមេរូន ក្នុង​អំឡុងពេល​នៃ​ការ​​ប្រមូល​ផ្ដុំ​សាធារណៈ​មួយ។

អ្នកយកព័ត៌មាន​ជនជាតិ​កាមេរូន បាន​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ដោយ​ការតវ៉ា​ប្រឆាំង​នឹង​ការរំលោភបំពាន​ពី​សំណាក់​រដ្ឋាភិបាល ក៏ដូចជា​ពី​ក្រុមឧទ្ទាម​ដែល​កំពុង​ប្រយុទ្ធ​ទាមទារ​ឲ្យ​មាន​រដ្ឋ​ឯករាជ្យ​មួយ ដែល​និយាយ​ភាសា​អង់គ្លេស។ នៅក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ ២០២០​របស់​ខ្លួន អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន បាន​ដាក់​ចំណាត់​ថ្នាក់​ឲ្យ​ ប្រទេស​កាមេរូន​នៅ​លំដាប់​ទី ១៣៤ ក្នុង​ចំណោម​ប្រទេស ១៨០។ អ្នកកាសែត​កាមេរូន​ខ្លះ ត្រូវ​បាន​ឃុំ​ខ្លួន​ដោយសារ​ការរាយការណ៍​របស់​ពួកគេ ឬ ក៏​កំពុង​រត់គេច​ពី​យោធា ឬ ក្រុម​បំបែក​ខ្លួន។

សារ​របស់​សមាគម​អ្នកកាសែត​និយាយ​ភាសា​អង់គ្លេស​នៃ​ប្រទេស​កាមេរូន​ដែល​ថា អ្នកកាសែត​មាន​គោលការណ៍ បទបញ្ញត្តិនិង​ក្រម​សីលធម៌​វិជ្ជាជីវៈ ត្រូវ​បាន​ចាក់ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ និង​វិទ្យុ ហើយ​ត្រូវ​បាន​ចែករំលែក​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដោយ​អ្នកសារព័ត៌មាន​នៅ​ប្រទេស​កាមេរូន ដើម្បីជា​សញ្ញា​នៃ​ការតវ៉ា​ប្រឆាំងនឹង​ការរំលោភបំពាន ដែល​ពួកគេ​ប្រឈម។ នៅក្នុង​សារ​នោះ​ទទូច​ថា អ្នកសារព័ត៌មាន គួរតែ​ត្រូវ​បាន​ទទួល​ការអនុញ្ញាត​ឲ្យ​មាន​សេរីភាព ក្នុង​ការអនុវត្ត​វិជ្ជាជីវៈ​របស់​ពួកគេ។ នៅក្នុង​សារ​ចម្បង​របស់​ពួកគេ មាន​ខ្លឹមសារ​ថា៖

«យើង​និយាយ ទេ ចំពោះ​ការយាយី​ជាប្រចាំ និង​ការចាប់ខ្លួន​តាម​ទំនើង​ចិត្ត​ទៅ​លើ​អ្នកកាសែត ដែល​កំពុង​បំពេញ​ភារកិច្ច​របស់​ពួកគេ»។

អ្នកសារព័ត៌​មាន មិន​បាន​រៀបចំ​ប្រារព្ធ​ពិធី​ដ៏​មានប្រជាប្រិយភាព​នេះ និង​ការតវ៉ា​ជា​សាធារណៈ​ដូច​ឆ្នាំ​មុនៗ​នោះ​ទេ ដោយសារតែ​អ្នក​ឆ្លង​វីរុសកូរ៉ូណា​មាន​ជាង ២,០០០ នាក់​នៅ​ប្រទេស​កាមេរូន។

ទោះជាយ៉ាងនេះក្តី ពួកគេ​បាន​និយាយ​ថា ពួកគេ​បាន​ចូលរួម​រំលែក​ការឈឺចាប់​របស់​មិត្តភក្ដិ ដែល​ត្រូវបាន​គេ​ឃុំឃាំង​ដូចជា Mancho Bibixy និង Tsi Conrad ដែល​ត្រូវ​បាន​ចាប់ខ្លួន និង​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​បះបោរ​ប្រឆាំងនឹង​រដ្ឋ​កាមេរូន ហើយ​ដែល​ត្រូវបាន​ឃុំខ្លួន​ចាប់តាំងពី​ឆ្នាំ ២០១៧ Samuel Wazizi ត្រូវបាន​ចាប់ខ្លួន​កាលពី​ចុង​ឆ្នាំ​មុន ហើយ​ត្រូវ​ជាប់​ពន្ធនាគារ​ពី​បទ​សហការ​ជាមួយ​អ្នកប្រយុទ្ធ​បំបែកខ្លួន និង Wawa Jackson ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ឆ្នាំ ២០១៩ និង​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ឃោសនា​របៀបវារៈ​របស់​ក្រុម​អបគមន៍​នៅក្នុង​តំបន់​និយាយ​ភាសា​អង់គ្លេស ដែល​ក្រុមបំបែក​ខ្លួន កំពុង​ប្រយុទ្ធ​ដើម្បី​បំបែក​ចេញ​ពី​ប្រទេស​ដែល​ភាគច្រើន និយាយ​ភាសា​បារាំង។

លោកNgah Christian Mbipgo ចាងហ្វាង​កាសែតGuardian Post ដែល​បោះពុម្ព​ផ្សាយ ប្រចាំថ្ងៃ​ជា​ភាសា​អង់គ្លេស​តែ​មួយ​គត់​នៅ​ប្រទេស​កាមេរូន បាន​និយាយ​ថា អង្គភាព​ព័ត៌មាន​របស់​លោក​បាន​រងគ្រោះ​ដោយសារ​ការរំលោភ​បំពាន​ខាង​សារព័ត៌មាន នៅ​ពេល​ដែល​រាយការណ៍​អំពី​វិបត្តិ​នៃ​ការបំបែក​ខ្លួន ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណជា ៣,០០០ នាក់​នៅក្នុង​ប្រទេស​កាមេរូន​ក្នុង​រយៈពេល​បី​ឆ្នាំ​កន្លង​មក​នេះ។ លោក​បាន​និយាយ​ថា អ្នកយកព័ត៌មាន​របស់​លោក​ចំនួន ១៥ នាក់ អ្នកលក់​កាសែត និង​សមាជិក​គ្រួសារ​របស់​ពួកគេ បាន​ភៀស​ខ្លួន​ចេញ​ពី​តំបន់​ដែល​មាន​អរិភាព​នៅក្នុង​តំបន់​ភាគពាយព្យ​និង​ភាគនិរតី ដែល​ជា​តំបន់​និយាយ​ភាសា​អង់គ្លេស។ លោកMbipgo បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«ក្រុមបំបែកខ្លួន​គិត​ថា យើង​មិន​បាន​ធ្វើ​អ្វី​ច្រើន​ដើម្បី​បង្ហាញ​អំពី​មនោគមវិជ្ជា​ឯករាជ្យ​របស់​ពួកគេ​នោះ​ទេ ហើយ​នោះ​ជា​មូលហេតុ​ដែល​អ្នកយកព័ត៌មាន​របស់​យើង​ដែល​បាន​ចុះ​ទៅ​យក​ព័ត៌មាន ត្រូវ​បាន​គេ​កំណត់​ជា​គោលដៅ។ ខ្ញុំ​មិន​បាន​ចាកចេញ​ពី ទីក្រុង Yaoundé [ទៅ​កាន់​តំបន់​ភាគពាយព្យនិង​ភាគនិរតី​ដែល​ជា​តំបន់​និយាយ​ភាសា​អង់គ្លេស] ចាប់តាំងពី​ឆ្នាំ ២០១៧ ដែល​នៅ​ពេល​នោះ វិបត្តិ បាន​ឈាន​ដល់​ជម្លោះ​ប្រដាប់​អាវុធ ពីព្រោះ​ពួកគេ​បាន​អំពាវនាវ​ដោយ​បើក​ចំហ​ដើម្បី​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​គឺ​ជា​គោលដៅ​របស់​ពួកគេ។ យើង​ក៏​បាន​ទទួល​ការហៅ​ទូរស័ព្ទ ពី​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់ ដែល​និយាយ​ថា យើង​ជា​កាសែត​ដែល​កំពុង​ធ្វើការ​ឲ្យ​ក្រុម​បំបែក​ខ្លួន»។

រដ្ឋាភិបាល​របស់​ប្រទេស​កាមេរូន មិន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ស្តីពី​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ទេ ក្នុង​គ្រាដែល​មិន​មាន​ពិធី​សាធារណៈ​ដោយសារតែ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩។ តែ​ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាល​តែងតែ​អះអាង​ថា មាន​សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​កាមេរូន ហើយ​អ្នកសារព័ត៌មាន ត្រូវបាន​ចាប់ខ្លួន​នៅ​ពេល​ពួកគេ​ធ្វើ​សកម្មភាព​មិន​គោរព​ទៅ​តាម​វិជ្ជាជីវៈ។

លោកJude Viban ប្រធាន​សមាគម​អ្នកកាសែត​និយាយ​ភាសា​អង់គ្លេស​នៃ​ប្រទេស​កាមេរូន​និយាយ​ថា រដ្ឋាភិបាល​គួរតែ​លែង​ចាត់​ទុកបទល្មើស​នៃ​ប្រព័ន្ទផ្សព្វផ្សាយ​ថា​ជា​បទល្មើស​ព្រហ្មទណ្ឌ ហើយនឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា ការរំលោភ​បំពាន​លើ​សិទ្ធិ​របស់​អ្នកសារព័ត៌មាន​ដោយ​មន្ត្រី​រដ្ឋាភិបាល និង​អ្នក​ប្រយុទ្ធ​បំបែក​ខ្លួន​ត្រូវ​បាន​បញ្ឈប់។ លោកJude Viban បាន​ថ្លែង​បន្ត​ក្នុងសម្តី​ដើម​ថា៖ ​

«អ្វី​ដែល​យើង​កំពុង​ធ្វើ គឺ​ដើម្បី​ជូន​ព័ត៌មាន ហើយ​យើង​ធ្វើ​ដូចនោះ គឺ​ដើម្បី​ផលប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ ដូច្នេះ​មនុស្ស​មួយ​ចំនួន​តូច មិន​គួរវាយ​ប្រហារ​សារព័ត៌មាន​ទេ។ នៅ​ពេល​ដែល​រឿងរ៉ាវ​មិន​ត្រូវ​បាន​គេ​រាយការណ៍ ដោយសារតែ អ្នកសារព័ត៌មាន​រង​ការវាយ​ប្រហារនោះ ​ប្រជាពលរដ្ឋ​នឹង​មិនបាន​ទទួល​ព័ត៌មាន ដែល​ប្រាកដ​ណាស់ គឺ​ជា​សិទ្ធិ​របស់​ពួកគេ ដែល​ត្រូវ​បាន​ទទួល​ព័ត៌មាន​នានា នៅក្នុង​សង្គម​លទ្ធិប្រជាធិបតេយ្យ​ដូច​ដែល​យើង​មាន​នេះ»។

អង្គការ​អ្នកសារព័ត៌មាន​គ្មានព្រំដែន​និយាយ​ថា សេរីភាព​សារព័ត៌មាន​នៅតែ​បន្ត​ធ្លាក់​ចុះ​ទៀត ដែល​ការ​ធ្លាក់​ចុះ​នេះ មាន​ជា​យូរមក​ហើយ​នៅក្នុង​ប្រទេស​កាមេរូន ហើយ​អ្នកសារព័ត៌មាន​នៅតែ​បន្ត​ទទួល​រង​ការគំរាម​កំហែង ការវាយ​ប្រហារ ការបំភិត​បំភ័យ និង​ការចាប់ខ្លួន បន្ទាប់ពីការជាប់ឆ្នោត​ជា​ថ្មី​របស់​លោក​ប្រធានាធិបតី Paul Biya សម្រាប់​អាណត្តិ​ទី ៧ កាលពី​ខែតុលា ឆ្នាំ ២០១៨៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG