ប្រទេសថៃទំនងជានឹងឃើញផលប៉ះពាល់សេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ រយៈពេល ៩ ខែទៀត។ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan Ocha នៅថ្ងៃអង្គារនេះ។ លោកថ្លែងដូច្នេះ ស្របពេលដែលការបង្អាក់ដោយសារតែវិបត្តិជំងឺនេះនៅលើពិភពលោកប៉ះពាល់ដល់វិស័យទេសចរណ៍ និងសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេស។
សេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលជាប្រទេសមានទំហំសេដ្ឋកិច្ចធំជាងគេទីពីរនៅតំបន់អាស៊ីអាគ្នេយ៍ អាចខាតបង់ថវិកាជាង ១.៣ លានលានបាត ដែលស្មើនឹងប្រហែល ៤០ ពាន់លានដុល្លារ និងអាចធ្វើឲ្យបាត់បង់ការងារចំនួនរហូតដល់ ១០ លាន ដោយសារវិបត្តិជំងឺកូវីដ១៩ នេះ។ នេះបើតាមការប៉ាន់ប្រមាណរបស់ក្រុមពាណិជ្ជកម្មនានា។
លោក Prayuth បាននិយាយថា លោកប្រហែលជាស្នើឲ្យពលរដ្ឋអ្នកមានបន្ថែមទៀតឲ្យជួយសហការនៅក្នុងការដោះស្រាយបញ្ហាធ្លាក់ចុះនៃសេដ្ឋកិច្ចនេះ ដូចដែលលោកបានស្នើរួចមកហើយដល់អ្នកមានជាងគេ ២០ រូប របស់ប្រទេសថៃ ឲ្យជួយសហការកាលពីខែមុន។
រដ្ឋាភិបាលថៃបានស្នើវិធានការសេដ្ឋកិច្ចក្នុងទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារជំងឺនេះ ដែលក្នុងនោះ កញ្ចប់ថវិកាចុងក្រោយបំផុតក្នុងទឹកប្រាក់ ៥៩ ពាន់លានដុល្លារ ត្រូវបានអនុម័តកាលពីដើមខែមេសា។
ធនាគារកណ្ដាលថៃបានព្យាករណ៍ថា សេដ្ឋកិច្ចថៃនឹងធ្លាក់ចុះ ៥.៣% នៅក្នុងឆ្នាំនេះ ដែលជាការធ្លាក់ចុះដ៏អាក្រក់បំផុតតាំងពីសម័យវិបត្តិសេដ្ឋកិច្ចឆ្នាំ ១៩៩៨ មក។
គិតត្រឹមថ្ងៃទី ៥ ខែឧសភានេះ ទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា ប្រទេសថៃមានអ្នកឆ្លងសរុបចំនួន ២.៩៨៨ នាក់ និងអ្នកស្លាប់ចំនួន ៥៤ នាក់ ដោយសារជំងឺកូវីដ១៩៕