ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​មួយ​ចំនួន​ស្ថិត​ក្នុង​ដំណាក់កាល​ផ្សេង​គ្នា​នៃ​ការ​បង្កើត​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩


រូប​ឯកសារ៖ អ្នក​ស្រាវជ្រាវ​ធ្វើ​ការ​ជាមួយ​នឹង​គំរូ​មេរោគ​កូរ៉ូណា​ នៅ​សាកលវិទ្យាល័យ University of Minnesota ក្នុង​ក្រុង Minneapolis កាលពី​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។

នៅ​ក្នុង​ការ​ប្រឹងប្រែង​ដើម្បី​បញ្ចប់​វិបត្តិ​ជំងឺ​កូវីដ១៩ ដែល​រាតត្បាត​ជា​សាកល វ៉ាក់សាំង​នាំ​មុខ​ចំនួន ៨ កំពុង​ត្រូវ​បាន​គេ​សិក្សា​បង្កើត​ឡើង។

វ៉ាក់សាំង​ទាំង ៨ នេះ កំពុង​ឆ្លងកាត់​ការ​ពិសោធន៍​លើ​មនុស្ស​នៅ​តាម​គ្លីនិក​នានា​ក្នុង​ប្រទេស​ចិន សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​អាល្លឺម៉ង់។ ក្រៅ​ពី​នេះ មាន​វ៉ាក់សាំង​យ៉ាង​តិច ៩៤ ផ្សេង​ទៀត ដែល​ស្ថិត​ក្នុង​ដំណាក់កាល​ផ្សេង​គ្នា​នៃ​ការ​បង្កើត​ឡើង។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កំពុង​ជំរុញ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ រាប់រយ​លាន​ដូស នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ។ ប៉ុន្តែ អ្នក​ជំនាញ​បាន​បញ្ជាក់​ថា ការ​ប្រញាប់ប្រញាល់​ពេក​អាច​ឲ្យ​មាន​ហានិភ័យ​ចំពោះ​សុវត្ថិភាព ហើយ​មក​ទល់​នឹង​ពេល​នេះ មិន​ទាន់​មាន​ការ​ធានា​ណា​មួយ​ដែល​ថា វ៉ាក់សាំង​ណា​មួយ​ក្នុង​ចំណោម​នោះ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ។

វ៉ាក់សាំង​នាំ​មុខ​ទាំង ៨ នេះ មាន ៣ ប្រភេទ។ ប្រភេទ​ទី​មួយ​ប្រហែល​ជា​អាច​ហៅ​ថា​វិធីសាស្ត្រ​បុរាណ គឺ​ការ​ជំរុញ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​ជំងឺ​ឆ្លើយតប​ទៅ​នឹង​វីរុស ដោយ​ការ​ចាក់​បញ្ចូល​វីរុស​នេះ​ដែល​គេ​សម្លាប់​រួចរាល់​ហើយ​ទៅ​ក្នុង​ខ្លួន​មនុស្ស។

វិធីសាស្ត្រ​ទី​ពីរ​គឺ​ការ​ប្រើ​វីរុស​មួយ​ទៅ​ប្រឆាំង​នឹង​វីរុស​មួយ​ទៀត។ នៅ​ក្នុង​វីធីសាស្ត្រ​នេះ គេ​ចាក់​វីរុស​ដែល​បំលែង​រួច​ហើយ​ដែល​មិន​បណ្ដាល​ឲ្យ​កើត​ជំងឺ​ទៅ​ក្នុង​ខ្លួន​មនុស្ស។ វីរុស​នេះ​នឹង​ចម្លង​ដល់​កោសិកា​មួយ​ចំនួន​របស់​មនុស្ស ប៉ុន្តែ​ជាជាង​បង្កើត​បន្ថែម​នូវ​វីរុស កោសិកា​ទាំង​នេះ​នឹង​ផលិត​ផ្នែក​មួយ​នៃ​វីរុស​កូរ៉ូណា។ ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​នឹង​ឆ្លើយតប​ទៅ​នឹង​ប្រូតេអ៊ីន​នៃ​វីរុស​កូរ៉ូណា​នេះ ដូច្នេះ​លើក​ក្រោយ វា​នឹង​អាច​ទប់ទល់​នឹង​វីរុស​នេះ។

វិធីសាស្ត្រ​ចុង​ក្រោយ គឺ​អ្នក​ស្រាវជ្រាវ​ចាក់​បញ្ចូល​ដោយ​ផ្ទាល់​ទៅ​ក្នុង​ខ្លួន​មនុស្ស​នូវ​កូដ​ដែល​កំណត់​ការ​សំយោគ​របស់​កោសិកា​សម្រាប់​ផ្នែក​មួយ​នៃ​វីរុស​កូរ៉ូណា​ក្នុង​ទម្រង់​ជា DNA ឬ​ក៏ RNA៕

XS
SM
MD
LG