ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​ចាប់​ផ្តើម​ប្រមូល​ពន្ធ​អាករ​១០%​លើ​ការ​ប្រើ​សេវា​ឌីជីថល​


រូប​ឯកសារ៖ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​នៅ​ប្រទេស​កម្ពុជា​ ​កំពុង​មើល​មុខងារ​ថ្មី​របស់​ហ្វេសប៊ុក​ ​ហៅ​ថា​ 'Explore feed'​ នៅ​លើ​ទូរស័ព្ទ​ស្មាតហ្វូន​របស់​គាត់​ ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។​ ​(នៅ វណ្ណារិន/វីអូអ)
រូប​ឯកសារ៖ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​នៅ​ប្រទេស​កម្ពុជា​ ​កំពុង​មើល​មុខងារ​ថ្មី​របស់​ហ្វេសប៊ុក​ ​ហៅ​ថា​ 'Explore feed'​ នៅ​លើ​ទូរស័ព្ទ​ស្មាតហ្វូន​របស់​គាត់​ ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។​ ​(នៅ វណ្ណារិន/វីអូអ)

​អាករ​លើ​តម្លៃ​បន្ថែម​ឬ​ហៅ​ថា​VAT ទៅ​លើ​សេវា​ពាណិជ្ជកម្ម​ឌីជីថល​ក្នុង​នោះ​ក៏​មាន​ការ​ប្រើប្រាស់​ពាណិជ្ជកម្ម​នៅ​លើ​ហ្វេសប៊ុក​ដែរ​នោះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចាប់​ផ្តើម​កំណត់​យក​អាករ​ចាប់​ពី​ថ្ងៃ​ទី​១​ខែ​មេសា​ឆ្នាំ​២០២២​នេះ។​ នេះ​ជា​ការ​សម្រេច​ថ្មី​មួយ​ដែល​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ដើម្បី​បង្កើន​ចំណូល​ថវិកា​ចូល​រដ្ឋ​ខណៈ​ផ្នែក​ឌីជីថល​និង​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​តាម​អនឡាញ​នេះ​កំពុង​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា។​

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ផង​ដែរ​ ក្រុមហ៊ុន​Meta​ឬ​គេ​ស្គាល់​ជា​ទូទៅ​ថា​ហ្វេសប៊ុក​បាន​ប្រកាស​ប្រាប់​អតិថិជន​របស់​ខ្លួន​ថា​ដោយ​សារ​ការ​កំណត់​យក​តម្លៃ​ពន្ធ​បន្ថែម​(VAT)​នៅ​កម្ពុជា​ក្រុមហ៊ុន​Meta​តម្រូវ​គិត​ថ្លៃ​តម្លៃ​ពន្ធ​បន្ថែម​លើ​ការ​លក់​ដែល​មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដល់​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដោយ​មិន​គិត​ថា​តើ​អ្នក​កំពុង​ទិញ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​សម្រាប់​គោលបំណង​អាជីវកម្ម​ឬ​ផ្ទាល់​ខ្លួន​នោះ​ទេ។​

គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​តើ​ការ​កំណត់​យក​អាករ​លើ​តម្លៃ​បន្ថែម​នេះ​នឹង​ប៉ះពាល់​កម្រិត​ណា​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ប្រមាណ​១៣​លាន​គណនី។​

កាល​ពី​កន្លង​ទៅ​ ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​បាន​ណែនាំ​ទៅ​ក្រុមហ៊ុន​អេឡិចត្រូនិក​នៅ​ក្រៅ​ប្រទេស​ដែល​មាន​ប្រតិបត្តិ​ការ​ថ្នាល​អេឡិចត្រូនិក​ក្នុង​ប្រទេស​កម្ពុជា​ដូច​ជា​ក្រុមហ៊ុន ​Meta ​ឬ​ហ្វេសប៊ុក​ក្រុមហ៊ុន ​Netflix ​និង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ត្រូវ​អនុវត្ត​ក្នុង​ការ​ប្រមូល​អាករ​បន្ថែម​១០%​ពី​អតិថិ​ជន​ខ្លួន​ដែល​ប្រើប្រាស់​សេវា​ឌីជីថល​ឬ​សកម្មភាព​ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឬ​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ក្នុង​ប្រទេស​កម្ពុជាទៅ​ឱ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ​ចាប់​ពី​ដើម​ខែ​មេសា​នេះ។​

អ្នក​ជំនាញ​សេដ្ឋកិច្ច​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​លោក​គី សេរីវឌ្ឍន៍​បាន​លើក​ឡើង​ថា​ក្រុមហ៊ុន​ធ្វើ​Platform​ឬហៅ​ថា​ថ្នាល​អេឡិចត្រូនិក​ក្នុង​ប្រទេស​កម្ពុជា​តែង​តែ​ចំណេញ​ពី​ការ​រួច​ពន្ធ​ជា​ច្រើន​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​សម្រេច​យក​ពន្ធ​នេះ។​ ប៉ុន្តែ​លោក​ថា​រដ្ឋាភិបាល​គួរ​តែ​យក​ពន្ធ​លើ​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ដែល​បង្កើត​ថ្នាល​ទាំង​នោះ​ជា​ពិសេស​ក្រុម​ហ៊ុន ​Facebook​ ជា​ជាង​យក​ពី​ពលរដ្ឋ​ដែល​ប្រកប​អាជីវ​កម្ម​តូច​តាច​ដែល​បាន​ផ្សព្វផ្សាយ​អាជីវកម្ម​ក្នុង ​Facebook ​នេះ។​

លោក​ថ្លែង​ថា៖​«យើង​បាន​ដឹង​ថា​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​មក​ប្រមូល​លុយ​ហ្នឹង​ពី​ប្រជាជន​ខ្មែរ​ពី​អ្នក​ជំនួញ​ខ្មែរ​ច្រើន​ណាស់​ពីព្រោះ​យើង​បាន​ប្រើ​ប្រាស់ ​Facebook ​ជា ​Platform ​ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ។​ ហើយ​ក្នុង​មួយ​ក្រុមហ៊ុនៗ​គឺ​គាត់​បាន​ធ្វើ​ការ​Boost​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​របស់​គាត់​ហ្នឹង​ចូល​រង្វង់​មិន​ក្រោម​១០០​ដុល្លារ​ទេ​ក្នុង​មួយ​សប្តាហ៍​ឬ​ក្នុង​មួយ​ខែ​នោះ។​ដូច្នេះ​ហើយ​ត្រូវ​តែ​យក​ពន្ធ​លើ​ប្រាក់​ចំណូល​ពី​Facebook​ ប្រសើរ​ជាង​យក​ពន្ធ​VAT។​ប៉ុន្តែ​ប្រសិន​បើ​រដ្ឋាភិបាល​យក​ពន្ធ​VAT​ ក៏​គួរតែ​មាន​ការ​កំណត់​ថា​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ក្នុង​Facebook​ ក្នុង​បរិមាណ​ប៉ុន្មាន​ដុល្លារ​ក្នុង​មួយ​ខែ​ដែល​យើង​ចាត់​ទុក​ជា​ក្រុមហ៊ុន​ដែល​មាន​ផល​របរ​ធំ​[មុខ​របរ​ធំ]​ហើយ​ត្រូវ​យក​ពន្ធ​នោះ​ឬ​ក្រុម​ហ៊ុន​មាន​ការ​ចុះ​បញ្ជី​ត្រឹមត្រូវ​ដែល​Facebook​បាន​កត់​ត្រា​ពីព្រោះ ​Register Page ​ក្នុង ​Facebook ​ត្រូវ​មាន​បញ្ជី​ស្នាម​ពន្ធ​បាតង់​ជា​ដើម»។​

តែ​ទោះ​ជាយ៉ាង​ណា​លោក​ថា​ប្រសិន​បើ​រដ្ឋាភិបាល​យក​ពន្ធ​VAT​នេះ​គឺ​គួរ​តែ​កំណត់​នូវ​ប្រភេទ​អាជីវកម្ម​ណា​ធំៗ​ល្អ​ជាង​យក​ទូទៅ​ដើម្បី​កុំ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​លក់​ដូរ​ឬ​ការ​ប្រកប​អាជីវ​កម្ម​តូចៗ​របស់​ប្រជា​ពលរដ្ឋ៕

XS
SM
MD
LG