ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ត្អូញត្អែរ​អំពី​​តម្លៃ​សាំង​បន្ត​ឡើង​ថ្លៃ​


តម្លៃ​ប្រេងសាំង​លក់រាយ​នៅ​ស្ថានីយ PPT ក្នុង​ទីក្រុងភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៧ ខែ​កុម្ភៈ ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
តម្លៃ​ប្រេងសាំង​លក់រាយ​នៅ​ស្ថានីយ PPT ក្នុង​ទីក្រុងភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៧ ខែ​កុម្ភៈ ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​បាន​ត្អូញ​ត្អែរ​អំពី​ការ​ឡើង​ថ្លៃ​ប្រេងសាំង​ធម្មតា​ដល់​៤.៧០០​រៀល​ក្នុង​មួយ​លីត្រ​ដែល​ពួក​គេ​ថា​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​របស់​ពួកគេ។​ ក្រសួង​ពាណិជ្ជ​កម្ម​លើក​ឡើង​ថា​ការ​ឡើង​ថ្លៃ​នេះ​ដោយ​សារ​ទីផ្សារ​អន្តរ​ជាតិ។

ទោះ​ជា​យ៉ាង​ណា​ អ្នក​ជំនាញ​សេដ្ឋកិច្ច​យល់​ថារដ្ឋាភិបាល​គួរ​សិក្សា​ឲ្យ​បាន​ច្បាស់​ជាមួយ​ក្រុមហ៊ុន​អំពី​តម្លៃ​ប្រេង​នាំ​ចូល​និង​ចរចា​ជាមួយ​ក្រុមហ៊ុន​ប្រេង​ទាំង​នោះ​ដើម្បី​ឱ្យ​មាន​ការ​ចំណេញ​ក្នុង​កម្រិត​មួយ​ដែល​អាច​ជួយ​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​និង​កុំ​ឲ្យ​តម្លៃ​ទំនិញ​លើ​ទីផ្សារ​កើន​ឡើង។​

កាលពី​ថ្ងៃ​ពុធ​ក្រសួង​ពាណិជ្ជកម្ម​ឲ្យ​ដឹង​ថា​តម្លៃ​ប្រេង​ឥន្ធនៈ​លក់​រាយ​ចាប់​ពី​ថ្ងៃ​ទី​១៦​ដល់​២៨​ខែ​កុម្ភៈ​នេះ​នឹង​ត្រូវ​លក់​៤.៨៦០​រៀល​ក្នុង​មួយ​លីត្រ​សម្រាប់​សាំង​ធម្មតា​ដោយ​ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេង​ឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ។ ​ប៉ុន្តែ​ក្រសួង​ពាណិជ្ជកម្ម​បញ្ជាក់​ថា​តម្លៃ​សាំង​ធម្មតា​នេះ​គឺ​ចុះ​មក​ត្រឹម​តែ​៤.៧០០​រៀល​តែ​ប៉ុណ្ណោះ​ដោយ​មាន​ការ​សម្រួល​ពី​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​ចែក​ចាយ​ប្រេង​ឥន្ធនៈ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់ប្រជាជន។​

ទោះ​បីជាយ៉ាង​ណា​តម្លៃ​ប្រេង​សាំង​ធម្មតា​លក់​រាយ​លើ​ទីផ្សារ​៤.៧០០​រៀល​ក្នុង​មួយ​លីត្រ​បាន​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ត្អូញ​ត្អែរ​អំពី​ការ​កើន​ឡើង​នេះ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​របស់​ពួក​គេ​ស្រប​ពេល​ពួក​គេ​រក​ចំណូល​មិន​សូវ​បាន។​ ពួក​គេ​ថា ប្រសិន​បើ​តម្លៃ​សាំង​ចុះ​មក​ត្រឹម​៤​ពាន់​រៀល​ក្នុង​មួយ​លីត្រ​នោះ​វា​អាច​នឹង​ជួយ​ដល់​ជីវភាព​និង​សេដ្ឋ​កិច្ច​របស់​ពួក​គេ​បាន​ច្រើន។​

លោក ​អ៊ិន សំអៀត ​អាយុ​២៩​ឆ្នាំ​ជា​អ្នក​ដឹក​ជញ្ជូន​អីវ៉ាន់​និង​ម្ហូប​នៅ​ក្រុមហ៊ុន​ញាំ២៤​(Nham24)​ដែល​កំពុង​ឈរ​ចាំ​ភ្ញៀវ​ចុះ​មក​យក​អីវ៉ាន់​បាន​ត្អូញ​ត្អែរ​ថា​បញ្ហា​សាំង​ឡើង​ថ្លៃ​នេះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​របស់​លោក​ក្នុង​ពេល​មាន​វិបត្តិ​កូវីដ១៩​ដែល​ធ្វើ​ឱ្យ​លោក​រក​ចំណូល​មិន​សូវ​បាន​ផង​ ហើយ​ត្រូវ​បង់​ថ្លៃ​ផ្ទះ​ជួល​ការ​ហូប​ចុក​ផង​ស្រប​ពេល​សាំង​ឡើង​ថ្លៃ​ដោយ​ត្រូវ​ចំណាយ​ថ្លៃ​សាំង​ជា​មធ្យម​២​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ដែល​ធ្វើ​ឲ្យ​ចំណូល​ពី​ការ​ប្រកប​របរ​នេះ​កាន់​តែ​តិច​ជាង​មុន​និង​អាច​រក​មួយ​ថ្ងៃ​ចាយ​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ។​

លោក​ប្រាប់​វីអូអេ​ថា៖​ «អ្នក​ដឹក​ជញ្ជូន​ អ៊ីចឹង​សម្រាប់​សាំង​ឡើង​ថ្លៃ​មាន​ផល​លំបាក​សម្រាប់​ខ្ញុំ​ដែរ​បង​ពី​ព្រោះ​ក្នុង​មួយ​ថ្ងៃ​យើង​រក​ចំណូល​អត់​សូវ​បាន​ច្រើន​ប៉ុន្មាន​ផង​ប៉ុន្តែ​សាំង​ត្រូវ​ចំណាយ​មួយ​ថ្ងៃ​៤​ទៅ​៥​ដុល្លារ​បាត់​ហើយ[ហើយ]​មួយ​ថ្ងៃ​បាន​តែ​១០​ដុល្លារ​ជាង។​ អ៊ីចឹង​យើង​ត្រូវ​ចំណាយ​ថ្លៃ​សាំង​ពាក់​កណ្តាល​បាត់​ហើយ»។​

អ្នក​ដឹក​ជញ្ជូន​អីវ៉ាន់​ដែល​មក​ពី​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ​ស្នើ​ឲ្យ​តម្លៃ​ប្រេង​សាំង​ចុះ​មក​នៅ​ត្រឹម​ជាង​៣​ពាន់​រៀល​ឬ​៤​ពាន់​រៀល​ក្នុង​មួយ​លីត្រ​ដើម្បី​ជួយ​សម្រួល​ជីវភាព​ខណៈ​លោក​ត្រូវ​ចេញ​ដឹក​ជញ្ជូន​តាំង​ពី​ម៉ោង​៧​ព្រឹក​រហូត​ដល់​ម៉ោង​៩​យប់​ប៉ុន្តែ​មាន​ពេល​សម្រាក​ហូប​បាយ​ថ្ងៃ​ខ្លះ។​

លោក​បញ្ជាក់​ថា៖​ «បើ​សិន​ជា​សាំង​អាច​ទម្លាក់​តម្លៃ​ខ្ទង់​៣​ពាន់​ជាង​អី​ក៏​អាច​សម្រួល​ជីវភាព​សម្រាប់​ពួក​ខ្ញុំ​អ្នក​ដឹក​ជញ្ជូន​ដែរ​បង»។​

ចំណែក​បុរស​ម្នាក់​ទៀត​ដែល​កំពុង​អង្គុយ​ចាំ​ភ្ញៀវ​លើ​កង់​បី​ខ្មែរ​នៅ​សួន​វត្ត​បុទុម​ លោក ​វែន គឺមស៊ន ​អាយុ​៥២​ឆ្នាំ បាន​ត្អូញ​ត្អែរ​អំពី​ការ​ឡើង​ថ្លៃ​ប្រេង​សាំង​នេះ​ផង​ដែរ។​

លោក​បញ្ជាក់​ថា៖​ «សាំង​ឡើង​ថ្លៃការ​រក​ស៊ី​របស់​ខ្ញុំ​រត់​កង់​បី​[ខ្មែរ]​ វា​មាន​ការ​ប៉ះពាល់​ច្រើន​ហើយ​ឥឡូវ​អត់​សូវ​មាន​ភ្ញៀវ​ទៀត។​អ៊ីចឹង ខ្ញុំ​ចង់​ឲ្យ​សាំង​ហ្នឹង​តម្លៃ​វា​ថេរ​ធម្មតាសមរម្យ​ប្រហែល​ជា​១​ដុល្លារ​អាមេរិក»។​

ចំណែក​អ្នក​រត់​កង់​បី​ខ្មែរ​ម្នាក់​ទៀត​លោក ផន ផៃ​ អាយុ​៦៤​ឆ្នាំ​ ដែល​កំពុង​ឈប់​នៅ​កោះ​ពេជ្រ​រង់​ចាំ​ហៅ​ភ្ញៀវ​ជិះ ក៏​បាន​ត្អូញ​ត្អែរ​អំពី​ចំណូល​របស់​លោក​ធ្លាក់​ចុះ ដែរ ខណៈ​បច្ចុប្បន្ន​នេះ​លោក​អាច​រក​បាន​ជា​មធ្យម​ត្រឹម​តែ​៣​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​ ហើយ​លោក​ត្រូវ​ចំណាយ​ពេល​រត់​កង់​បី​២៤​ម៉ោង​ឲ្យ​តែ​មាន​ភ្ញៀវ​ហៅ​ជិះ​និង​គេង​លើ​កង់​បី​គ្រប់​ទី​កន្លែង។​

លោក​បញ្ជាក់​ថា៖​«រក​[លុយ]​មិន​បាន​ សាំង​ឡើង​ថ្លៃ។​ គិត​ទៅ​យ៉ាប់​ដែរ​ហ្នឹង​ជីវភាព...។​ មើល​កោះពេជ្រ​ស្ងាត់​បិទ​រោង​ការ។​បើ​នៅ​រោង​ការ​ក៏​អាច​បាន​ដឹក​អ្នក​ស្រវឹង​ស្រា​អ្នក​មក​ស៊ីការ​អ៊ីចឹង​ណា៎។​ឥឡូវ​ចប់»។​

អ្នក​ជំនាញ​សេដ្ឋ​កិច្ច​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​លោក​ គី សេរីវឌ្ឍន៍ ​ថ្លែង​ថា​ការ​កើន​ឡើង​តម្លៃ​ប្រេង​ឥន្ទនៈ​លើ​ទីផ្សារ​អន្តរ​ជាតិ​គឺ​ដោយ​សារ​វិបត្តិ​និង​ជម្លោះ​រវាង​ប្រទេស​អ៊ុយក្រែន​និង​ប្រទេស​រុស្ស៊ី។ ​លោក​បន្ត​ថាមូលហេតុ​ដែល​នាំ​ឲ្យ​ប្រេង​ឥន្ទនៈ​របស់​កម្ពុជា​មាន​តម្លៃ​ថ្លៃ​ជាង​ប្រទេស​ជិត​ខាង​គឺ​ដោយ​សារ​កម្ពុជា​ទិញ​ប្រេង​ពី​ប្រទេស​ដទៃ​ដឹក​ចូល​បាន​ត្រឹម​កំពង់​ផែ​របស់​ប្រទេស​វៀតណាម​និង​ប្រទេស​ថៃ​រួច​ទើប​ដឹក​បន្ត​មក​កម្ពុជា។​ហើយ​បញ្ហា​នេះ​ដោយ​សារ​តែ​កម្ពុជា​មាន​តែ​កំពង់​ផែ​ទឹក​រាក់​មិន​ទាន់​មាន​កំពង់​ផែ​ទឹក​ជ្រៅ​ខណៈ​រដ្ឋាភិបាល​កំពុង​សាង​សង់​កំពង់​ផែ​ទឹក​ជ្រៅ​នេះ។​

លោក​បន្ថែម​ថា​រដ្ឋ​ក៏​បាន​បញ្ចេញ​ថវិកា​ជាតិ​មួយ​ចំនួន​សម្រាប់​ជួយ​បន្ធូរ​បន្ថយ​ពន្ធ​លើ​ការ​នាំ​ចូល​ប្រេង​នេះ​ ប៉ុន្តែ​លោក​មើល​ឃើញ​ថារដ្ឋ​គួរ​ជជែក​ជា​មួយ​ក្រុមហ៊ុន​ឯកជន​នាំ​ប្រេង​សាំង​ចូល​បន្ថែម​ទៀត​ដោយ​ទុក​កម្រិត​ចំណេញ​ល្មម​មួយ​ដល់​ក្រុម​ហ៊ុន​ឧទាហរណ៍​ដូច​ជា​ក្រុម​ហ៊ុន​ចំណេញ​១០%​ត្រូវ​ឲ្យ​ថយ​ប្រាក់​ចំណេញ​មក​ត្រឹម​៣%​ទៅ​៤%​វិញ។​ ប៉ុន្តែ​មិន​មែន​ដល់​ថ្នាក់​ខាត​នោះ​ទេ​ដើម្បី​អាច​ជួយ​សម្រួល​បញ្ហា​ឡើង​ថ្លៃ​ប្រេង​ក្នុង​ប្រទេស​និង​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រជា​ពលរដ្ឋ។​

លោក​ថ្លែង​ថា៖​ «នៅ​មាន​វិធី​មួយ​ទៀត​ដែរ​ដែល​រដ្ឋាភិបាល​អាច​សិក្សា​ជា​មួយ​ក្រុមហ៊ុន​ប្រេង​ឲ្យ​បាន​ច្បាស់​អំពី​ថ្លៃ​ដើម​នៃ​ការ​នាំ​ចូល​ហើយ​អាច​ធ្វើ​ឲ្យ​គាត់​[ក្រុមហ៊ុន]​មាន​ប្រាក់​ចំណេញ​ក្នុង​កម្រិត​ណា​មួយ​អាច​ទទួល​យក​បាន​ឬ​អាច​បញ្ចុះ​ថ្លៃ​ឬ​អាច​រួម​ចំណែក​ក្នុង​ការ​កំណត់​ថ្លៃ​លក់​នេះ​ឲ្យ​បាន​ទាប​មួយ​រយៈ​ពេល​សិន​ ខណៈ​ពេល​ដែល​ប្រជា​ពល​រដ្ឋ​ខ្មែរ​យើង​នៅ​មាន​កម្រិត​នៃ​ប្រាក់​ចំណូល​ដោយ​សារ​ជំងឺ​កូវីដ១៩​មិន​ទាន់​ធូរ​ស្បើយ»។​

លោក​កត់​សម្គាល់​ថា​ការ​ឡើង​ថ្លៃ​ប្រេង​លើ​ទីផ្សារ​ក្នុង​ស្រុក​ក៏​ជះ​ឥទ្ធិពល​ដល់​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ផង​ដែរ​ដែល​រដ្ឋ​អាច​លើក​ទឹក​ចិត្ត​និង​ជួយ​សម្រួល​ការ​បន្ធូរ​បន្ថយ​ពន្ធដារ​ដល់​ក្រុមហ៊ុន​អាជីវ​កម្ម​ដែល​ងាយ​រង​គ្រោះ​និង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ​និង​ម្ហូប​អាហារ​ជាដើម។​ លោក​បន្ថែម​ថា​រដ្ឋ​ត្រូវ​ចរចា​ជាមួយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ធំៗ​ក្នុង​ការ​កាត់​បន្ថយ​ប្រាក់​ចំណេញ​បន្តិច​បន្តួច​ដើម្បី​កុំ​ឲ្យ​ថ្លៃ​ដើម​ទំនិញ​លើ​ទីផ្សារ​កើន​ឡើង​ខ្ពស់។​

អនុ​រដ្ឋ​លេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម​លោក​ ប៉ែន សុវិជាតិ​ ប្រាប់​វីអូអេ​ថា​ការ​ឡើង​ថ្លៃ​ប្រេង​នេះ មិន​មែន​កើត​ឡើង​តែ​នៅ​កម្ពុជា​ទេ​គឺ​នៅ​ប្រទេស​ជិត​ខាង​ដូច​ជា​ថៃ ​វៀតណាម​ ក៏​កើន​ឡើង​ដែរ។​ លោក​បន្ថែម​ថា​កម្ពុជា​ទិញ​ប្រេង​ចូល​ដូច្នេះ​តម្លៃ​ឡើង​ចុះ​ទៅ​តាម​ទីផ្សារ​អន្តរ​ជាតិ។​ លោក​បញ្ជាក់​ថា​តម្លៃ​ប្រេង​អន្តរ​ជាតិ​ប្រែប្រួល​យ៉ាង​ខ្លាំង​ស្រប​ពេល​មាន​វិបត្តិ​រវាង​ប្រទេស​អ៊ុយក្រែន​និង​ប្រទេស​រុស្ស៊ី​និង​បញ្ហា​កូវីដ១៩​ដែល​ធ្វើ​ឲ្យ​ប្រទេស​ផលិត​ប្រេង​ពិបាក​ព្យាករ​និង​ពិបាក​គណនា​ការ​ផ្គត់​ផ្គង់​លើ​ទីផ្សារ​ដែល​ជះ​ឥទ្ធិពល​ដល់​តម្លៃ​ប្រេង​អន្តរជាតិ។​

លោក​ថ្លែង​ថា៖​ «រាជ​រដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួង​ពាណិជ្ជ​កម្ម​ក៏​យើង​មិន​ព្រងើយ​កន្តើយ​ដែរ។​ យើង​បន្ត​ពិនិត្យ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អំពី​បញ្ហា​នៃ​ការ​ឡើង​ថ្លៃ​នេះ។​ហើយ​យើង​នឹង​ប្រឹង​ប្រែង​រក​វិធីសាស្រ្ត​នៅ​ពេល​ដែល​កម្រិត​ណា​មួយ​ឈាន​មក​ដល់​ឬ​ចាំ​បាច់​បំផុត​យើង​ត្រូវ​រក​មធ្យោបាយ​ធានា​យ៉ាង​ណា​ឲ្យ​មាន​ស្ថិរ​ភាព​ហើយ​យើង​ក៏​ពឹង​ផ្អែក​ទៅ​លើ​សភាព​ការណ៍​ប្រែប្រួល​ថ្លៃ​ប្រេង​នៅ​អន្តរ​ជាតិ​ដែរ»។​

លោក ​វន់ ពៅ​ ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯក​រាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ (IDEA)​ ថ្លែង​ថា​រដ្ឋ​ត្រូវ​តែ​រៀប​ចំ​គោល​នយោបាយ​ក្នុង​ការ​ស្តារ​ឡើង​វិញ​នៃ​ការ​ដួល​រលំ​នៃ​អាជីវ​កម្ម​របស់​ប្រជា​ពលរដ្ឋ​និង​ត្រូវ​ធ្វើ​អន្តរាគមន៍​ដោះស្រាយ​ជា​បន្ទាន់​ចំពោះ​តម្លៃ​សាំង​និង​តម្លៃ​ទំនិញ​ដែល​កំពុង​កើន​ឡើង​នេះ​ដើម្បី​កុំ​ឲ្យ​ប្រជា​ពល​រដ្ឋ​ញាំញី​និង​ធ្លាក់​ទៅ​រក​បន្ទាត់​នៃ​ភាព​ក្រីក្រ​ឬ​ក្រោម​បន្ទាត់​ក្រីក្រ។​

លោក​ថ្លែង​ថា៖​«រដ្ឋ​ត្រូវ​តែ​ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់​ទាក់​ទង​ថ្លៃ​សាំង​ឡើង​ខ្ពស់​នេះ​ហើយ​មួយ​ទៀត​ធ្វើ​អន្តរាគមន៍​លើ​ការ​ឡើង​ថ្លៃ​នៃ​ទំនិញ​លើ​ទីផ្សារ​ផង​ដែរ។ [បើ]​មិន​ធ្វើ​អន្តរាគមន៍​ទេ​ វា​ជា​រឿង​មួយ​ដែល​ធ្វើ​ឱ្យ​យើង​ធ្លាក់​ខ្លួន​ចូល​ក្នុង​បន្ទាត់​ភាព​ក្រីក្រ​ឬ​ក្រោម​បន្ទាត់​ក្រីក្រ​កាន់​តែ​ច្រើន​ទៅៗ​ ឬ​កាន់​តែ​ធ្ងន់​ទៅៗ។​ភាព​ក្រីក្រ​កាន់​តែ​ញាំញី​ កាន់​តែ​ប៉ះ​ពាល់​យ៉ាង​ធំ​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​ធ្វើការ​ក្នុង​វិស័យ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ»។​

គួរ​បញ្ជាក់​ថា​កាល​ពី​ខែ​តុលា ឆ្នាំ​២០២១​ ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ក៏​បាន​ត្អូញ​ត្អែរ​អំពី​ការ​ឡើង​ថ្លៃ​សាំង​ដែល​កាល​នោះ​ឡើង​ដល់​៤.៣០០​រៀល​ក្នុង​មួយ​លីត្រ៕​

XS
SM
MD
LG