ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន​ពិចារណា​ឃោសនា​បោះឆ្នោត​ដោយ​ភា្ជប់​ឃាតកម្ម​លោក​កែម ឡី​ ប៉ុន្តែ​បារម្ភ​អំពី​ផ្លូវ​ច្បាប់


រូបឯកសារ៖ សកម្មភាព​លោក​ យ៉េង វីរៈ ​និង​លោក ​យ៉ង ​សាំង​កុមារ ​សហ​ស្ថាបនិក ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ក្នុង​យុទ្ធនាការ​ឃោសនា​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​កន្លង​ទៅ។ ​(រូបថត​ផ្ដល់​ឱ្យ)​

ខណៈ​គណបក្ស​នានា​​កំពុង​រក​យុទ្ធសាស្ត្រ​ឃោសនា​ដើម្បី​ទាក់​ទាញ​អ្នក​គាំទ្រ​ ក្នុង​ការ​បោះឆ្នោត​សភា​ពី​ថ្ងៃ​ទី​៧​ទៅ​ដល់​ថ្ងៃទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០១៨នោះ​​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​កំពុង​ពិចារណា​ភ្ជាប់​ការ​ឃោសនា​បោះឆ្នោត​របស់​ខ្លួន​ជាមួយ​នឹង​ព្រឹត្តិការណ៍​​សម្លាប់​លោក​ កែម ឡី​ ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​ក្រុម​អ្នក​បង្កើត​គណបក្ស​ថ្មី​នេះ។

គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​របស់​ក្រុម​បញ្ញវន្ត​មួយ​ក្រុម​ដែល​ធ្លាប់​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​នឹង​លោក​ ​កែម ឡី​ ​កំពុង​ពិចារណា​ថា ​ខ្លួន​នឹង​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ដោយ​មាន​ការ​រំឭក​ដល់​ការ​បាញ់​សម្លាប់​លោក​ ​កែម ឡី​ ​អ្នក​វិភាគ​នយោបាយ​កម្ពុជា ​កាលពី​ថ្ងៃ​ទី​១០​ ​ខែ​កក្កដា​ ឆ្នាំ២០១៦។​

លោក​ សាម អ៊ីន ​អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ​បាន​ប្រាប់​ ​VOA​ ​អំពី​ការ​ពិចារណា​នេះ៖​

«យើង​នឹង​រិះរក​ពេល​វេលា​ណា​សម​ស្រប​ដើម្បី​ពិគ្រោះ​យោបល់ ​ជជែក​នៅ​ក្នុង​ក្រុម​ការងារ​យើង​ ពីព្រោះ​យើង​ចង់​ស្តាប់​គំនិត​យោបល់​អ្នក​ដែល​គាត់​យល់​ដឹង​ពី​ផ្លូវ​ច្បាប់​ផ្សេងៗ​ ក្នុង​ការ​ឃោសនា​ហ្នឹង​ ហើយ​យើង​ក៏​ចង់​ពិចារណា​កុំ​ឲ្យ​វា​មាន​ផល​ប៉ះពាល់​ទៅ​លើ​ក្រុម​គ្រួសារ​គាត់​អី​ចឹង​ជា​ដើម។​ អីចឹង​យើង​ព្យាយាម​នឹង​រក​ពេល​វេលា​ណាមួយ​សម​ស្រប​ នៅ​ក្នុង​ក្រុម​ការងារ​យើង​ដើម្បី​ជជែក​រឿង​ហ្នឹង»។​

លោក​ ​កែម ឡី​ ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ក្នុង​ស្ថានីយ៍​ប្រេង​មួយ​នៅ​ក្នុងទី​ក្រុង​ភ្នំពេញ​ ក្រោយ​ពីអ្នក​វិភាគ​រូប​នេះ​បាន​ផ្តល់​ការ​អធិប្បាយ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ ទៅលើ​របាយ​ការណ៍​មួយ​របស់​អង្គការ​ Global Witness​ ដែល​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ទ្រព្យ​សម្បតិ្ត​រាប់​រយ​លាន​ដុល្លារ​របស់​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ។​

លោក ​សាម អ៊ីន​ ​ថ្លែង​បន្ថែម​ថា​ គណបក្ស​កំពុង​ថ្លឹង​ថ្លែង​ថា ​តើ​ដំណើរ​នៃ​ការ​ឃោសនា​ដោយ​មាន​ភ្ជាប់​នឹង​ការ​សម្លាប់​លោក​ កែម ឡី​ នេះ​ នឹង​មានការ​ឆ្លើយតប​ពី​រដ្ឋាភិបាល​ ឬ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​យ៉ាងណា។​ តែ​លោក​ថា​ គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ នឹង​ព្យាយាម​រំឭក​ពី​ទស្សនៈ​របស់​លោក​ កែម ឡី ​ប្រសិន​បើ​ក្រុម​មេ​ដឹកនាំ​គណបក្ស​សម្រេច​ថា​ នឹង​បើក​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​ ដោយ​ភ្ជាប់​នឹង​ឃាតកម្ម​លើ​លោក​ កែម ឡី​ នោះ។​

«ជារួម​យើង​តែងតែ​បង្ហាញ​ ហើយ​យើង​នឹង​បង្ហាញ​បន្ត​អំពី​ការ​ចូលរួម​របស់​លោក​បណ្ឌិត ​កែម ឡី​ ជាមួយ​នឹង​ក្រុម​ការងារ​របស់​យើង ​តាំងពី​ការ​រៀបចំ​បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ​ រហូត​ទៅ​ដល់​ការ​ផ្តួច​ផ្តើម​ការ​បង្កើត​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន។​ ហើយ​ក្រោយ​ការ​បាញ់​សម្លាប់​រូប​លោក​ ក្រោយ​ដែល​លោក​បាន​លាចាក​លោក​ទៅ យើង​បាន​ផ្តល់​កិត្តិយស​ជូន​លោក ​ដោយ​ចាត់​ទុក​រូប​លោក​ជា​បិតា​ស្ថាបនិក​ គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន។​ អីចឹង​ យើង​នឹង​បន្ត​ប្រាប់​ យើង​នឹង​បន្ត​បង្ហាញ​អំពី​រឿង​ពិត​ជាក់​ស្តែង​ ដែល​បាន​កើត​ឡើង​ជាមួយ​នឹង​លោក​បណ្ឌិត​ ​កែម ឡី។​ ​យើង​មិនធ្វើ​កិច្ចការ​ណាមួយ​ដែល​ដើរ​ឆ្ងាយ​ ដើរ​ហួស​ចេញ​ពី​ការណ៍​ពិត​ទេ។​ ​យើង​ប្រាប់​ ​យើង​នឹង​បង្ហាញ​ពី​ការ​ចូល​រួម​របស់​លោក​ តាម​រឿង​ពិត​ជាក់​ស្តែង​ដែល​បាន​កើត​ឡើង»។​

រូបឯកសារ៖ ប្រជាពលរដ្ឋ​អុជធូប​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ កែម ឡី​ អ្នកវិភាគ​កិច្ច​អភិវឌ្ឍន៍​សង្គមនៅស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ថ្ងៃ​សៅរ៍ ទី​១៣ ខែសីហា ឆ្នាំ​២០១៦​។​ (ឡេង ឡែន/VOA)
រូបឯកសារ៖ ប្រជាពលរដ្ឋ​អុជធូប​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ កែម ឡី​ អ្នកវិភាគ​កិច្ច​អភិវឌ្ឍន៍​សង្គមនៅស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ថ្ងៃ​សៅរ៍ ទី​១៣ ខែសីហា ឆ្នាំ​២០១៦​។​ (ឡេង ឡែន/VOA)

លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​មាន​ប្រសាសន៍​ប្រាប់​ ​VOA​ ថា​ គណបក្ស​នយោបាយ​នីមួយៗ​មាន​សិទ្ធិ​ឃោសនា​ដើម្បី​ស្វែង​រក​សំឡេង​គាំទ្រ។​ ​លោក​មិន​ធ្វើការអធិប្បាយ​ទៅ​លើ​សំណួរ​ថា​ តើ​អាច​នឹង​មាន​បញ្ហា​មិន​ប្រក្រតី​ណា​កើត​ឡើង​ឬ​ទេ ​ក្នុង​ករណី​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ ឃោសនា​រក​សំឡេង​ឆ្នោត​ ដោយ​ប្រើប្រាស់​ឃាតកម្ម​លោក​ កែម ឡី​ មក​ធ្វើ​ជា​សារ​ទាក់​យក​ចិត្ត​ម្ចាស់​ឆ្នោត​នោះ។​

«ទី​មួយ​ពាក់​ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លោក​បណ្ឌិត ​កែម ឡី ​យើង​មាន​ការ​សោក​ស្តាយ​ តែ​យើង​ចាត់​ទុក​ថា ​នេះ​វាជា​បាតុភាព​អសកម្ម​នៅ​ក្នុង​សង្គម​ ដែល​សង្គម​ណា​ក៏​មាន​ដែរ​ មិនមែន​ត្រឹម​តែ​កម្ពុជា​ទេ​ នៅ​អាមេរិក​ហ្នឹង​ គឺ​បាញ់​ញឹក​ជាង​ស្រុក​ខ្មែរ​ទៅ​ទៀត។ ​បាទ​ នៅ​បារំាង ​នៅ​អាល្លឺម៉ង់​អីក៏​មានដែរ​ ក៏ប៉ុន្តែ​អ្នក​ដែល​អគតិ​ហ្នឹង​ មិន​បាន​និយាយ​ដល់​អាមេរិក​ ដល់​អាល្លឺម៉ង់​ទេ​ និយាយ​តែ​ពី​រឿង​កម្ពុជា។ហើយ​ចំណុច​ទីពីរ​ ចំពោះ​ការណ៍​ដែល​បងប្អូន​សម្រេច​ឆន្ទៈ​ នៅ​ក្នុង​ការ​បំពេញ​ករណី​កិច្ច​របស់​ខ្លួន​ជា​ពលរដ្ឋ​គឺ​ត្រូវតែ​អនុវត្ត​ទៅ​តាម​ខ្លឹម​សារ​រដ្ឋ​ធម្មនុញ្ញ​ ដែល​បើក​ទូលាយ​សិទ្ធិ​ សេរី​របស់​បង​ប្អូន​ដើម្បី​នឹង​អញ្ជើញ​ទៅ​បោះឆ្នោត»។​

លោក​នាយ​ឧត្តម​សេនីយ៍ ​ខៀវ សុភ័គ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ មិន​ផ្តល់​ការ​អធិប្បាយ​ទៅ​លើ​វិធានការ​ដែល​អាច​នឹង​ធ្វើឡើង​ចំពោះ​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ទេ​ ប្រសិន​បើ​គណបក្ស​មួយ​នេះ​ធ្វើ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​ដោយ​ភ្ជាប់​ការ​បាញ់​សម្លាប់​លោក​ កែម ឡី។​ ​មួយ​វិញទៀត​ លោក​មាន​ប្រសាសន៍​ថា ​ការ​ឃោសនា​មិន​ទាន់​ចាប់​ផ្តើម​នៅ​ឡើយ​ទេ។​

«នៅ​ពេល​នេះ​ ​គឺ​មិន​ទាន់​ដល់​ដំណាក់​កាល​នៃ​ការ​ឃោសនា​នៅ​ឡើយ»។​

រី​ឯ​លោក​ ​ហង្ស ពុទ្ធា​ ​អ្នក​នាំពាក្យ​របស់​ ​គ.ជ.ប.​ ​មាន​ប្រសាសន៍​ថា​ ស្ថាប័ន​បោះឆ្នោត​នឹង​ពិនិត្យ​លើ​ទិដ្ឋភាព​ផ្លូវ​ច្បាប់ចំពោះ​ខ្លឹមសារ​នៃ​ការ​ឃោសនា​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ក្នុង​ការ​បោះឆ្នោត​ខែ​កក្កដា​នេះ។​

«គ.ជ.ប.​ ​មិន​ធ្វើ​បុរេវិនិច្ឆ័យ​ជាមុន​ទេ ​នៅមុន​ព្រឹត្តិ​ការណ៍​ដែល​កើត​ឡើង។​ អីចឹង​អ្វីៗ​ទាំង​អស់​ យើង​ត្រូវ​រង់​ចាំ​មើល​ថា​ តើ​ការ​ឃោសនា​នៃ​គណបក្ស​នយោបាយ​នីមួយៗ​ហ្នឹង​ ស្រប​ទៅតាម​ច្បាប់​ ស្រប​ទៅ​តាម​ក្រម​សីលធម៌​ដែរ​ឬអត់?​ បើសិន​ជា​សមស្រប​ គ.ជ.ប.​ នឹង​អបអរ​ ប៉ុន្តែ​បើ​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​ដំណើរ​ការ​បោះឆ្នោត​ហ្នុង​ ក៏​គ.ជ.ប.ក៏​នឹង​មាន​វិធានការស្រប​ទៅតាម​ច្បាប់​ដែរ​ បាទ»។​

ទាំង​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ និង​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​សម្រេច​ដាក់​បេក្ខជន​ឲ្យ​ឈរ​ឈ្មោះ​នៅ​គ្រប់​រាជធានី​ខេត្ត​ក្រុង។​

ប៉ុន្តែលោក ​សាម អ៊ីន​ ​អគ្គលេខាធិការ​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ អះអាង​ថា​ ​ប្រវត្តិ​ការងារ​លោក​ កែម ឡី​ និងការណ៍​ដែល​លោក​ចូលរួម​បង្កើត​គណបក្ស​នេះ​គឺ​ជា​កត្តា​សំខាន់​ក្នុង​គោល​នយោបាយ​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ និង​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ ​ការ​ឃោសនា​ដោយ​ភ្ជាប់​ឃាតកម្ម​លោក ​កែម ឡី​ អាច​បន្ថែម​ភាព​តាន​តឹង​ខាង​នយោបាយ​ ទៅ​លើ​បញ្ហា​ចម្រូងចម្រាស​បច្ចុប្បន្ន​ ដែល​ក្រុម​មេដឹក​នាំ ​និង​មន្ត្រី​គណបក្ស​ប្រឆាំង​ ដែល​ត្រូវ​រំលាយ​នោះ ​បាន​អំពាវនាវ​ដោយ​ទទូច​ឲ្យ​ពលរដ្ឋ​នៅតែ​ផ្ទះ​ដើម្បី​ឈ្នះ​ឯង​ ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អំពាវនាវ​ឲ្យទៅ​បោះឆ្នោត។​ ​គណបក្ស​ប្រជាជន​ថា​ បើ​ពលរដ្ឋ​មិន​ទៅ​បោះឆ្នោត​ទេ ​គឺ​ស្មើ​នឹង​ប្រឆាំង​ព្រះ​មហាក្សត្រ។​

ដោយ​ឡែក​មេធាវី​មួយ​ចំនួន​និយាយ​ថា​ ការ​ឃោសនា​ដោយ​ប្រើ​ឃាតកម្ម​លោក​កែម ឡី​ គឺ​មិន​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ខាង​ច្បាប់​នោះ​ទេ ​ប្រសិន​បើ​ការ​ឃោសនា​នោះ​មិន​បាន​លើក​ឡើង​អំពី​ហេតុ​ផល​នៃ​ការ​ស្លាប់​របស់​លោក ​កែម ឡី។ ​ចំណែក​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​មួយ​ចំនួន​បានលើក​ឡើង​ថា​ ការ​ឃោសនា​បោះឆ្នោតដែល​ភ្ជាប់​នឹង​ឃាតកម្ម​របស់​លោក​ កែម ឡី​ អាច​នឹង​ធ្វើ​ទៅ​បាន​ ដោយ​គ្មាន​បញ្ហា​ប្រឈម ​ប្រ​សិនបើ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ បាន​កំណត់ថា​ ​ឃាតកម្ម​នេះ​ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​របស់​បក្ស។​

លោក ​សាម អ៊ីន​ អគ្គលេខាធិការ​បក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ បាន​បញ្ជាក់​បន្ថែម​ថា​ គោល​នយោ​បាយ​មួយ​ចំនួន​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន​ បាន​ចាប់​បដិសន្ធិ​ពី​គំនិតរបស់​លោក ​កែម ឡី ​ដែល​ចង់​ឃើញ​ប្រព័ន្ធ​យុត្តិធម៌​មាន​ភាព​ឯករាជ្យ​ និង​អាច​មានការ​ជឿជាក់​បាន​សម្រាប់​មហាជន​ និង​ប្រព័ន្ធ​សុខាភិបាល​ ដែល​មាន​គ្រូពេទ្យ​ប្រកប​ដោយ​គុណភាព​ជាដើម៕

XS
SM
MD
LG