ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Global Witness ស្នើ​ឲ្យ​រដ្ឋាភិបាល​បរទេស​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​អភិជន​ខ្មែរ​ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា


ស្លាកសញ្ញាអង្គការ Global Witness ថតពីគេហទំព័រអង្គការ Global Witness។
ស្លាកសញ្ញាអង្គការ Global Witness ថតពីគេហទំព័រអង្គការ Global Witness។

​អង្គការ​ Global Witness ​​​នេះ​ ​ថា​ អ្វី​ដែល​ខ្លួន​រក​ឃើញ​នឹង​អាច​ក្លាយ​ជា​ប្រភព​មួយ​សម្រាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ​សិក្សា​ស្រាវជ្រាវ​ថា​ នរណា​ជា​ម្ចាស់​ និង​ជា​​អ្នក​ក្ដោបក្ដាប់​ក្រុមហ៊ុន​ទាំងនោះ​ ​ដែល​នឹង​បើក​ផ្លូវ​ឲ្យ​ពួក​គេ​យក​អំណាច​បាន​មកវិញ​ ហើយនិង​អាច​ធ្វើ​ឲ្យ​មេដឹកនាំ​របស់​ពួកគេ ​មានការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​រំលោភ​អំណាច។​

អង្គការ​ ​Global Witness ​ជាមួយ​អង្គការ​ដៃគូ​មួយ​ផ្សេង​ទៀត​ បាន​បញ្ចេញ​នូវ​ទិន្នន័យ​ច្រើន​មួយ​ ​ដែល​បាន​បង្ហាញ​ឲ្យដឹង​ពី​បុគ្គល​ដែល​ធ្វើ​ជា​ម្ចាស់​ ​និង​កាន់​កាប់​ក្រុមហ៊ុន​ជា​ច្រើន​នៅ​ប្រទេស​កម្ពុជា។​ ​អង្គការ​នេះ​ អះអាង​ថា​ អ្វី​ដែល​ខ្លួន​រក​ឃើញ​នឹង​អាច​ក្លាយ​ជា​ប្រភព​មួយ​សម្រាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ​សិក្សា​ស្រាវជ្រាវ​ថា​ នរណា​ជា​ម្ចាស់​ និង​ជាអ្នក​ក្ដោបក្ដាប់​ក្រុមហ៊ុន​ទាំងនោះ​ ​ដែល​នឹង​បើក​ផ្លូវ​ឲ្យ​ពួក​គេ​យក​អំណាច​បាន​មកវិញ​ ហើយនិង​អាច​ធ្វើ​ឲ្យ​មេដឹកនាំ​របស់​ពួកគេ ​មានការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​រំលោភ​អំណាច។​

អង្គការ​ ​Global Witness​ ​ដែល​ជា​អង្គការ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​ និង​ការ​បំផ្លាញ​ធន​ធាន​ធម្មជាតិ​នៅ​សប្ដាហ៍​នេះ​ ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​បរទេស​នា​នា​លើ​សកល​លោក​ ឲ្យ​ដាក់​ទណ្ឌកម្ម​លើ​សមាជិក​នៃ​ក្រុម​អភិជនកម្ពុជា​ ដែល​បាន​កម្ទេច​លទ្ធិប្រជាធិបតេយ្យនៅ​ក្នុង​ប្រទេស​ពួកគេ​ ​និង​បាន​លួច​ប្លន់​ទ្រព្យសម្បត្តិ​របស់​ជាតិ។​ ​នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​អង្គការ​ ​Global Witness។​

ការ​អំពាវនាវ​របស់​អង្គការ​ ​Global Witness​ ​កើតមានឡើង​ ​បន្ទាប់ពី​មាន​ការ​ធ្វើវិភាគ​មួយដោយ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ ដែល​បាន​លាតត្រដាង​ថា​ ​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​១០​ថ្នាក់​ពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៨​នេះ​ ​ពោល​គឺ​បាន​ធ្លាក់​ពី​លំដាប់​១៣២​មកដល់​លំដាប់​ថ្នាក់​១៤២​ ដែល​នៅ​លើ​ប្រទេស​វេណេហ្ស៊ុយអេឡា​តែ​បន្តិច​ដែល​បាន​ចំណាត់​ថ្នាក់​ទី​១៤៣​ ​និង​ប្រទេស​ស៊ូដង់​ដែល​បាន​ចំណាត់​ថ្នាក់​ទី​១៤៤​នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង​អស់​១៨០។​

អង្គការ​ ​Global Witness​ ​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាសរបស់​ខ្លួនចុះ​ថ្ងៃ​ទី​២៥ ខែ​មេសា​ ឆ្នាំ​ ២០១៨​ ​ថា​ ខ្លួន​និង​ក្រុមហ៊ុន OpenCorporates​ ​បាន​ចងក្រង​នូវ​ទិន្នន័យ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ដែល​នឹងនាំ​ដល់​ពន្លឺ​នៃ​អ្នក​ដែល​កាន់​កាប់​មុខ​ជំនួញ​នៅ​ប្រទេស​កម្ពុជា​ ​ហើយ​ការណ៍​នេះ​នឹង​ធ្វើឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​អាច​ទាមទារ​មកវិញ​នូវ​អំណាច​របស់​ពួកគេ​ ​ព្រមទាំង​ធ្វើ​ឲ្យ​អ្នក​កាសែត និង​សកម្ម​ជន​អាច​បង្ហាញ​ពី​បែប​ផែន​នៃ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ​និង​ការ​រំលោភបំពាន​ផ្សេងៗ​ ​ដែល​បាន​ធ្វើ​ឲ្យ​របប​របស់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ បាន​បន្ត​ស្ថិត​ក្នុង​អំណាច​ជាង​៣០​ឆ្នាំ។​

អ្នកស្រី​ ​Emma Burnett​ ​អ្នក​ធ្វើ​យុទ្ធនាការ​របស់អង្គការ​ឃ្លាំមើល​ Global Witness ​ត្រូវ​បាន​ស្រង់​ប្រសាសន៍​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាននោះ​តាម​ន័យ​ដើម​ថា៖​

«ម្តង​ហើយ​ម្តង​ទៀត​ ការស៊ើបអង្កេត​របស់​អង្គការ​ ​Global Witness​ ​បាន​បង្ហាញ​ថា​ អ្នកនយោបាយ​ជាន់​ខ្ពស់​ជាច្រើន​របស់​កម្ពុជា ក្រុម​គ្រួសារ​របស់​ពួកគេ​ និង​បក្ខ​ពួក​របស់​ពួកគេ ​បាន​បង្កើត​កិច្ច​ព្រមព្រៀង​ពុក​រលួយ​ជាច្រើន​ និង​លួច​ប្លន់​ទ្រព្យសម្បត្តិ​ជាតិ ដោយ​មិន​គិត​ដល់​អ្នកក្រ»។​

អ្នកស្រី​បាន​បន្ថែម​ថា៖​

«ដោយ​ការ​ធ្វើ​ឲ្យ​នយោបាយ​ និង​សេដ្ឋកិច្ច​ដើរ​ទៅតាម​ចំណង់ចិត្ត​របស់​ពួកគេ​ ក្រុម​មនុស្ស​ទាំងនេះ​ បាន​ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ជា​អ្នកមាន​ទ្រព្យ​សម្បត្តិ​ និង​អ្នក​មាន​អំណាច​ដែល​មិន​គួរ​ឲ្យ​ជឿ​ ហើយ​បាន​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ម្នាក់​ដែលស្ថិត​ក្នុង​តំណែង​យូរ​ជាង​គេ​មួយ​របស់​ពិភពលោក»។

សេចក្ដី​ប្រកាស​របស់​អង្គការ​ Global Witness​ ​ដែល​បាន​ចេញផ្សាយ​កាល​ពី​ថ្ងៃពុធ​បាន​ឲ្យ​ដឹង​ថា​ ប្រភព​ទិន្នន័យ​ថ្មី​ដែល​បាន​ចង​ក្រង​នេះ​ មិនមែន​សម្រាប់​តែ​ប្រទេស​កម្ពុជា​នោះ​ទេ​ ​គឺ​សម្រាប់​ពិភព​លោក​ផង​ដែរ។​

សេចក្ដី​ប្រកាស​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ក្រុម​យុទ្ធនាការ​កំពុង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បរទេស​ទាំងឡាយ​ដាក់​ទណ្ឌកម្ម​លើ​សមាជិក​នា​នា​របស់​ក្រុម​អភិជន​កម្ពុជា​ ដែល​បាន​វាយ​បំបែក​ចោលលទ្ធិប្រជាធិបតេយ្យ និង​លួច​ទ្រព្យ​សម្បត្តិ​រដ្ឋ ដោយ​ការរារាំង​មិន​ឲ្យ​បុគ្គល​ពុករលួយ​ធ្វើ​ដំណើរ​ទៅកាន់​ ដាក់​ទុន​វិនិយោគ​ ឬ​ក៏​ចំណាយ​ទៅលើ​សេដ្ឋ​កិច្ច​ធំៗ​ ​ដូច​ជា​សហរដ្ឋ​អាមេរិក​ អឺរ៉ុប​ ​និង​អូស្ត្រាលី»។​

​VOA ​មិនទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ ​សុខ ឥសាន​ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ទេ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

កាល​ពី​ឆ្នាំ​ ២០១៦​ អង្គការ​ ​Global Witness​ ​ដដែល​បាន​ចេញ​របាយការណ៍​ទម្លាយ​ឲ្យដឹង​ពី​ការ​កាន់​កាប់​ទ្រព្យសម្បត្តិ​របស់​ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ​ដែល​មាន​ទឹកប្រាក់​ជាង​២០០​លាន​ដុល្លារ​អាមេរិក។​

រូបឯកសារ៖ រូបភាព​បង្ហាញ​ពី​ក្រុមគ្រួសារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ (រូប​ដកស្រង់​ចេញ​ពី​របាយការណ៍​របស់ Global Witness)
រូបឯកសារ៖ រូបភាព​បង្ហាញ​ពី​ក្រុមគ្រួសារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ (រូប​ដកស្រង់​ចេញ​ពី​របាយការណ៍​របស់ Global Witness)

ក្រោយ​ការ​ចេញ​របាយការណ៍​នោះ បាន​ប៉ុន្មាន​ថ្ងៃ​ អ្នកវិភាគ​នយោបាយ​ដ៏​សំខាន់​ម្នាក់​ គឺ​លោក​ ​កែម ឡី​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​នៅ​ចំ​កណ្ដាល​រាជ​ធានី​ភ្នំពេញ។​ ​ការ​ស្លាប់​របស់​អ្នកវិភាគ​រូប​នេះ​ ​បាន​កើត​ឡើង​ ក្រោយពី​លោក​បាន​ផ្ដល់​ការ​អធិប្បាយ​ជាបន្តបន្ទាប់​ដល់​បណ្ដាញ​ព័ត៌មាន​ទៅលើ​របាយ​ការណ៍​នេះ។​

រូបឯកសារ៖ អ្នកវិភាគ​នយោបាយ​ឯករាជ្យ​លោក កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់សម្លាប់​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)
រូបឯកសារ៖ អ្នកវិភាគ​នយោបាយ​ឯករាជ្យ​លោក កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់សម្លាប់​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)

ឃាតករ​ម្នាក់​ដែល​អះអាង​ថា​ឈ្មោះ​ ​«ជួប​ សម្លាប់»​ ​ត្រូវ​បានអាជ្ញាធរ​ចាប់ខ្លួន​ភ្លាមៗ​ក្រោយ​ការ​បាញ់​ប្រហារ​ និង​ត្រូវ​បាន​កាត់​ទោស​ដោយ​តុលាការ​ឲ្យ​ជាប់គុកមួយ​ជីវិត។​ ​ប៉ុន្តែ​ អ្នក​ឃ្លាំ​មើល​ការវិវត្តន៍​សង្គម​កម្ពុជា​ នៅតែ​យល់​ថា​ ឃាតករ​ឈ្មោះ​ ​ជួប សម្លាប់​ ​ដែល​ក្រោយ​មក​ត្រូវ​បាន​អាជ្ញាធរបញ្ជាក់​ថា​ឈ្មោះ អឿត អាង​ ​នោះ​ គឺជា​ឃាតករ​សិប្បនិម្មិត។​

រូបឯកសារ៖ ជួប សម្លាប់ ឬ គេ​ស្គាល់​ឈ្មោះ​ពិត​ថា​ អឿត អាង​ (ខាង​ក្រោយ​ខ្នង) នៅ​ក្នុង​រថយន្ត​ដឹក​អ្នកទោស​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​២៣​ ខែ​មីនា​ ឆ្នាំ​២០១៧។ តុលាការ​ សម្រេច​កាត់ទោស​ ជួប សម្លាប់​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ក្នុង​សំណុំ​រឿង​បាញ់​សម្លាប់​ លោក​ កែម ឡី​ ដែល​ជា​អ្នក​វិភាគ​សង្គម​កាលពី​ខែ​កក្កដា​២០១៦។ (VOA)
រូបឯកសារ៖ ជួប សម្លាប់ ឬ គេ​ស្គាល់​ឈ្មោះ​ពិត​ថា​ អឿត អាង​ (ខាង​ក្រោយ​ខ្នង) នៅ​ក្នុង​រថយន្ត​ដឹក​អ្នកទោស​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​២៣​ ខែ​មីនា​ ឆ្នាំ​២០១៧។ តុលាការ​ សម្រេច​កាត់ទោស​ ជួប សម្លាប់​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ក្នុង​សំណុំ​រឿង​បាញ់​សម្លាប់​ លោក​ កែម ឡី​ ដែល​ជា​អ្នក​វិភាគ​សង្គម​កាលពី​ខែ​កក្កដា​២០១៦។ (VOA)

ក្រុមសិទ្ធិ​មនុស្ស​ជាតិ​ ​និង​អន្តរជាតិ​មក​ពី​ជាង​ ​៦០​ស្ថាប័ន​ ក៏បាន​អំពាវនាវឲ្យ​រដ្ឋាភិបាល​កម្ពុជា ពង្រីក​វិសាលភាព​នៃ​ការ​ស៊ើបអង្កេត​របស់​ខ្លួន​លើ​ករណី​ឃាតកម្ម​លោក​ ​កែម ឡី​ ​ដោយសារ​តែ​ការ​ស៊ើប​អង្កេត​ដែល​បាន​ធ្វើ​ឡើង​ដោយ​ប៉ូលិស​មាន​សមត្ថកិច្ច​ នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន៕​

XS
SM
MD
LG