ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្តី​ខ្មែរ​ក្រហម​នឹង​ពិនិត្យ​មើល​វិសាលភាព​សំណុំ​រឿង​០០២​វគ្គ​ទី​ពីរ


អង្គជំនុំ​ជម្រះ​​សាលា​ដំបូង​បាន​បញ្ចប់​ការ​កាត់ក្តី​សំណុំ​រឿង​០០២​វគ្គ​ទី​១​កាលពី​ខែ​តុលា​ឆ្នាំ​២០១៣។ ហើយ​សាលក្រម​​គ្រោង​នឹង​ប្រកាស​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៤​នេះ។
អង្គជំនុំ​ជម្រះ​​សាលា​ដំបូង​បាន​បញ្ចប់​ការ​កាត់ក្តី​សំណុំ​រឿង​០០២​វគ្គ​ទី​១​កាលពី​ខែ​តុលា​ឆ្នាំ​២០១៣។ ហើយ​សាលក្រម​​គ្រោង​នឹង​ប្រកាស​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៤​នេះ។
អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នឹង​ចាប់​ផ្តើម​បើក​សវនាការ​ដើម្បី​កំណត់​វិសាលភាព​នៃ​ការ​កាត់​ក្តី​សំណុំ​រឿង​០០២​វគ្គទី​២​នៅ​ថ្ងៃ​អង្គារដែល​ជា​ផ្នែក​មួយ​នៃ​សវនាការ​រៀបចំ​ដំណើរ​ការ​កាត់​ទោស​អតីត​មេដឹក​នាំ​កំពូល​ខ្មែរ​ក្រហម​ដែល​នៅ​រស់​រាន​មាន​ជីវិត​ចំនួន​ពីរ​នាក់។

ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​និង​មន្ត្រី​សាលា​ក្តីខ្មែរ​ក្រហម​អះអាង​ថា​នេះ​ជា​ជំហាន​ថ្មី​មួយ​ទៀត​ដើម្បី​ឈាន​ទៅ​បើក​សវនាការ​ពេញ​អង្គ​សេចក្តី​នៃ​សំណុំ​រឿង​ទី​២​នេះ។

លោកនេត្រ​ ភក្ត្រា​ អ្នក​នាំពាក្យ​សាលា​ក្តីខ្មែរ​ក្រហម​មាន​ប្រសាសន៍​ថា​សវនាការ​នោះ​នឹង​ផ្តោត​សំខាន់លើ​ប្រធាន​បទ​តែ​ពីរ​ប៉ុណ្ណោះ។

«ប្រធាន​បទ​សំខាន់​គឺ​ផ្តោត​លើ​វិសាល​ភាព​នៃ​សំណុំ​រឿង​០០២​វគ្គទី​២​និង​សំណើ​របស់​ក្រុម​មេធាវី​របស់​ជនជាប់​ចោទ​ខៀវ សំផន ​ដែល​ថា​សំណុំរឿង​០០២​វគ្គទី​១​គួរ​តែ​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​សិន​មុន​នឹង​ចាប់​ផ្តើម​សវនាការ​លើ​ភស្តុតាងនៅ​ក្នុង​សំណុំ​រឿង​០០២​វគ្គ​២»។​

ការិយាល័យ​សហ​ព្រះរាជ​អាជ្ញា​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​កាល​ពី​ថ្ងៃ​ទី ៣១ ​ខែ ​មករាស្នើ​ឱ្យ​តុលាការ​កំណត់​វិសាលភាព​នៃ​សំណុំ​រឿង​០០២/០២ ​ដោយ​លើក​យកទីតាំង​ឧក្រិដ្ឋកម្មសំខាន់​ចំនួន​ប្រាំ​បី​មក​បញ្ចូល​ក្នុង​ការ​កាត់​ទោស​ដូចជា​មាន​មន្ទីរ​សន្តិសុខ ស-២១ ​ឧក្រិដ្ឋកម្ម​លើ​ជនជាតិ​វៀតណាម​និង​ជនជាតិ​ចាម​ សហករណ៍​ត្រាំកក់​និង​មន្ទីរ​សន្តិ​សុខ​ក្រាំង​តាចាន់ ​ការ​ដ្ឋាន​ទំនប់​១​មករា ​ការដ្ឋាន​សាងសង់​ព្រលាន​យន្តហោះ​កំពង់ឆ្នាំង ​មន្ទីរ​សន្តិសុខ​អូរ​កន្សែង ​និង​មន្ទីរ​សន្តិសុខ​ភ្នំ​ក្រោល។

ក៏ប៉ុន្តែដើម​បណ្តឹង​រដ្ឋ​ប្បវេណី​បាន​ស្នើ​ឱ្យ​បន្ថែម​វិសាលភាព​នៃ​បទ​ចោទ​ទាក់​ទង​នឹង​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ​និង​ការ​ប្រព្រឹត្ត​ចំពោះ​ពុទ្ធ​សាសនិក ​និង​បាន​ស្នើ​ឱ្យ​ដាក់​បញ្ចូល​ទីតាំង​ចំនួន​បី​និង​បទ​ចោទ​មួយ​បន្ថែម​ទៀត​គឺ​ការដ្ឋាន​ទំនប់​ត្រពាំង​ថ្ម ​មន្ទីរ​សន្តិសុខ​ភូមិភាគ​ឧត្តរ ​មន្ទីរ​សន្តិសុខ​កោះ​ខ្យង ​និង​ការ​ជម្លៀស​ដោយ​បង្ខំ​ដំណាក់​កាល​ទី​៣។
​លោក​នេត្រ ភក្ត្រា ​បញ្ជាក់​ថា​ភាគី​នានា​នឹង​ផ្តល់​អំណះ​អំណាង​របស់​ខ្លួន​ដោយ​ផ្ទាល់​មាត់​ក្នុងសវនាការ​នៅ​ថ្ងៃ​ស្អែក​នេះ។

សំណុំ​រឿង​០០២​នៅ​សល់​ជនជាប់ជាប់​ចោទ​ចាស់​ជរា​តែ​ពីរ​នាក់​ប៉ុណ្ណោះ​គឺ​ នួន ជា ​អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​អាយុ​៨៧​និង​ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ​អាយុ​៨២​ឆ្នាំ។

អង្គជំនុំ​ជម្រះសាលា​ដំបូង​បាន​បញ្ចប់​ការ​កាត់ក្តី​សំណុំ​រឿង​០០២​វគ្គ​ទី​១​កាលពី​ខែ​តុលា​ឆ្នាំ​២០១៣។ ហើយ​សាលក្រមគ្រោង​នឹង​ប្រកាស​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៤​នេះ។

លោកហុង គឹមសួន ​មេធាវី​តំណាង​ឲ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​មួយ​រូប​យល់​ថាសវនាការ​នេះ​គឺជា​ជំហាន​មួយ​វិជ្ជ​មាន​សម្រាប់​ជន​រងគ្រោះ។

ដោយឡែក​លោក​ឌួង សាវន ​អ្នក​សម្រប​សម្រួល​កម្មវិធីអាពាហ៍​ពិពាហ៍​ដោយ​បង្ខំនៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជាសំឡឹង​ឃើញ​ថាសវនាការ​នៅថ្ងៃ​ស្អែក​ជា​ចំណែកមួយ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​កាត់​ទោស​ជនជាប់​ចោទ​នួន ជា ​និង​ខៀវ សំផន​ពេញ​អង្គ​សេចក្តី។ ​ប៉ុន្តែ​លោក​គិត​ថា​ ការ​វិវត្តន៍​នេះ​នៅ​មាន​ភាព​យឺតយ៉ាវ​ជាង​អ្វី​ដែល​ជន​រងគ្រោះ​ចង់​បាន។

«តាម​យោបល់​របស់​ខ្ញុំ​ ខ្ញុំ​គិត​ថា​នេះ​ជា​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​កាត់​ទោស​ហើយ​តែមិន​ដឹង​ថា​ជោគ​ជ័យ​ប៉ុណ្ណា​ព្រោះ​ថា​ឃើញ​ថា​ជា​ចំណុច​វិជ្ជមាន​តែ​អ្វី​ដែល​គួរបារម្ភ​គឺ​ដំណើរ​នេះ​នៅ​យឺត»។

នួន ជា ​និង​ខៀវ សំផន ​ត្រូវ​ចាប់ខ្លួន​កាលពីឆ្នាំ​២០០៧ ​ក្រោម​ការចោទ​ប្រកាន់​ពី​បទ​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ​បទ​ចោទ​ទាំង​នេះ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការស្លាប់​និង​ការ​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​តិច១,៧​លាន​នាក់​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។

អង្គជំនុំ​ជម្រះ​សាលាដំបូង​គិត​ថា​សវនាការអំពី​វិសាល​ភាព​នៃ​ការកាត់ទោស​សំណុំ​រឿង​០០២​វគ្គ​ទី​២​នេះ​អាច​នឹង​ស៊ីពេល​ច្រើន​ជាង​មួយ​ថ្ងៃ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG