ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពល​រដ្ឋ​ខ្មែរ​​នៅ​បរទេស​ទទូច​ឲ្យ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​​រួមគ្នា​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ


ទិដ្ឋភាព​ទូទៅ​នៅ​ក្នុង​កម្មវិធីប្រារព្ធ​ទិវាលទ្ធិ​ប្រជាធិបតេយ្យ​អន្តរជាតិ​នៅ​បណ្ណាល័យ​ Thomas Jefferson ទីក្រុង Falls Church រដ្ឋ​ Virginia កាល​ពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។ (សឿន វឌ្ឍនា/VOA Khmer)
ទិដ្ឋភាព​ទូទៅ​នៅ​ក្នុង​កម្មវិធីប្រារព្ធ​ទិវាលទ្ធិ​ប្រជាធិបតេយ្យ​អន្តរជាតិ​នៅ​បណ្ណាល័យ​ Thomas Jefferson ទីក្រុង Falls Church រដ្ឋ​ Virginia កាល​ពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។ (សឿន វឌ្ឍនា/VOA Khmer)

ភាគ​ច្រើន​នៃ​អ្នក​ចូល​រួម​ក្នុង​កម្ម​វិធី​​នេះ​យល់​ថា​​​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​ចន្លោះ​ខ្វះ​ខាត​ច្រើន​ ដែល​​រដ្ឋាភិបាល និង​ភាគី​ពាក់​ព័ន្ធ​គួរ​ចាត់​វិធាន​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​​នេះ​ឡើង​វិញ។

សកម្ម​ជន​ការពារសិទ្ធិ​មនុស្ស​ អ្នក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ដែលរស់​នៅ​ប្រទេស​លោក​ខាង​លិច បាន​ជួបជុំ​គ្នា​ប្រារព្ធ​ទិវា​លទ្ធិ​ប្រជាធិបតេយ្យ​អន្តរជាតិ និង​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា រួម​គ្នា​ស្ដារ​លទ្ធិប្រជាធិបតេយ្យឡើង​វិញ។ ការ​ទទូចនេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ក្នុង​រយៈពេល​ថ្មីៗ​នេះ ​សិទ្ធិ​សេរី​ភាពរបស់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេសកម្ពុជា​ត្រូវ​បាន​រឹត​ត្បិត​តាម​រយៈ​រូបភាព​ផ្សេង​ៗ ដូចជាការ​គំរាមកំហែង​ផ្ទាល់​ និង​ដោយ​ប្រយោល ការ​ចាប់​ឃុំ​ខ្លួន​ និង​ការលប​វាយ​ប្រហារ​ដោយ​អំពើ​ហិង្សា​ទៅ​លើ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ដើម។

អ្នកស្រី ងឹម វិសិដ្ឋ ពលរ​ដ្ឋ​ខ្មែរ​មក​ពីរ​ដ្ឋ​ Maryland បញ្ចេញ​មតិ​ក្នុងកម្មវិធីប្រារព្ធ​ទិវាលទ្ធិ​ប្រជាធិបតេយ្យ​អន្តរជាតិ​ នៅ​បណ្ណាល័យ​ Thomas Jefferson ទីក្រុង Falls Church រដ្ឋ​ Virginia កាល​ពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។ (សឿន វឌ្ឍនា/VOA Khmer)
អ្នកស្រី ងឹម វិសិដ្ឋ ពលរ​ដ្ឋ​ខ្មែរ​មក​ពីរ​ដ្ឋ​ Maryland បញ្ចេញ​មតិ​ក្នុងកម្មវិធីប្រារព្ធ​ទិវាលទ្ធិ​ប្រជាធិបតេយ្យ​អន្តរជាតិ​ នៅ​បណ្ណាល័យ​ Thomas Jefferson ទីក្រុង Falls Church រដ្ឋ​ Virginia កាល​ពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។ (សឿន វឌ្ឍនា/VOA Khmer)

«លទ្ធិ​ប្រជាធិបតេយ្យ​បើ​និយាយ​ឲ្យ​ចំ​ទៅ គឺ​ជា​សំឡេង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​តែ​ម្ដងទូទាំង​ពិភព​លោក​តែ​ម្ដង​។ ប្រទេស​ណា​ដែល​មាន​លទ្ធិ​ប្រជាធិបតេយ្យ​គេ​យក​ប្រជាពលរដ្ឋ​ជាធំ»។

«សម្រាប់​ខ្ញុំ​ ពាក្យ​ថា​ប្រជាធិបតេយ្យសំដៅ​ទៅ​លើ​ពលរដ្ឋ​ជា​ធំ។ រាល់​ការ​សម្រេច​ចិត្ត​ឬ​ការ​ធ្វើ​អ្វី​ គឺ​កើត​ចេញ​ពី​ពល​រដ្ឋ ហើយ សារ​ឬ​មួយ​ក៏​អ្វី​ហ្នឹង​គឺ​បញ្ជូន​ពី​ក្រោម ពី​ប្រជាពលរដ្ឋ ជូន​ទៅ​ដល់​ថ្នាក់​កំពូល​ដែល​ជា​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ធ្វើ​អ្វី​មួយ។ អញ្ចឹងផ្ដោត​ទៅ​លើ​ពល​រដ្ឋ​ជា​ធំ»។

ខាងលើនេះ ជា​និយម​ន័យ​នៃ​ពាក្យ​ថា «លទ្ធិប្រជាធិបតេយ្យ​» របស់​អ្នកស្រី​ ងឹម​ វិសិដ្ឋ អាយុ ៥៧ឆ្នាំ ជា​ពលរដ្ឋ​ខ្មែរ​មក​ពី​រដ្ឋ​ Maryland និង​ លោក ចាន់​ សុខ​ផៃ អាយុ ២៧​ឆ្នាំ ពល​រដ្ឋ​ខ្មែរ​មក​ពីរដ្ឋ​ Virginia ដែល​បានចូល​រួម​ក្នុង​ការ​ប្រារព្ធ​ទិវា​លទ្ធិ​ប្រជាធិបតេយ្យ​អន្តរជាតិ ​កាល​ពី​ថ្ងៃ​សៅរ៍​ទី​១៤ ខែ​កញ្ញាកន្លង​ទៅ​នេះ នៅ​បណ្ណាល័យ Thomas Jefferson ក្នុង​ទី​ក្រុង Falls Church រដ្ឋ​ Virginia។​

ការ​ប្រារព្ធ​ទិវា​លទ្ធិ​ប្រជាធិបតេយ្យ​អន្តរជាតិនេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ពល​រដ្ឋ​ខ្មែរ​រស់​នៅ​តំបន់​រដ្ឋ​ធានី Washington ទីក្រុងម៉ុងរ៉េអាល់​ប្រទេស​កាណាដា និង​ទីក្រុង Seattle រដ្ឋ Washingtonប្រមាណ​ ១០០នាក់។ ពួក​គាត់​បាន​ជួប​ជុំ​គ្នា​នៅ​តាម​ទីតាំង​បី​ផ្សេង​គ្នា​នៅ​តាម​ទី​ក្រុង​នីមួយៗ ដើម្បី​ប្រារព្ធទិវា​ប្រជាធិបតេយ្យ​អន្តរជាតិ​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ២០១៩​ ដោយ​មាន​ភ្ជាប់​ការ​ជជែក​ពិភាក្សារួម​គ្នា តាម​រយៈ​ការ​ធ្វើ​វីដេអូ Conference ផង​ដែរ។

លោក​ យ័ប គឹមទឹង ប្រធាន​សមាគម​ខ្មែរ​-អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ (ឆ្វេង) អ្នកស្រី រ៉ានី លូស្សីនស្គី ប្រជាពលរដ្ឋ​មកពី​រដ្ឋ Virginia (កណ្ដាល) និង លោក ចាន់ សុខផៃ ប្រជាពលរដ្ឋ​មកពី​រដ្ឋ Virginia (ឈរខាងស្ដាំ) ​នៅ​ក្នុង​កម្មវិធីប្រារព្ធ​ទិវិាលទ្ធិ​ប្រជាធិបតេយ្យ​អន្តរជាតិ​ នៅ​បណ្ណាល័យ​ Thomas Jefferson ទីក្រុង Falls Church រដ្ឋ​ Virginia កាល​ពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។ (សឿន វឌ្ឍនា/VOA Khmer)
លោក​ យ័ប គឹមទឹង ប្រធាន​សមាគម​ខ្មែរ​-អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ (ឆ្វេង) អ្នកស្រី រ៉ានី លូស្សីនស្គី ប្រជាពលរដ្ឋ​មកពី​រដ្ឋ Virginia (កណ្ដាល) និង លោក ចាន់ សុខផៃ ប្រជាពលរដ្ឋ​មកពី​រដ្ឋ Virginia (ឈរខាងស្ដាំ) ​នៅ​ក្នុង​កម្មវិធីប្រារព្ធ​ទិវិាលទ្ធិ​ប្រជាធិបតេយ្យ​អន្តរជាតិ​ នៅ​បណ្ណាល័យ​ Thomas Jefferson ទីក្រុង Falls Church រដ្ឋ​ Virginia កាល​ពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។ (សឿន វឌ្ឍនា/VOA Khmer)

លោក យ័ប គឹមទឹងប្រធាន​សមាគម​ខ្មែរ​-អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ និង​អ្នក​រៀបចំ​កម្មវិធី​ជួបជុំ​គ្នា​នេះ​បាន​ប្រាប់​វីអូអេ ថា៖ «ទិវា​លទ្ធិ​ប្រជាធិបតេយ្យពិភព​លោក​ហ្នឹង​ជា ដើម្បី​ឲ្យ​យើង​មាន​ឱកាស​និយាយ​ពី​រឿង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ស្រុកខ្មែរ​ ម្លោះ​ហើយ ពី​ព្រោះ​ប្រជាជន​នៅ​ក្នុង​ពិភព​លោក​ជា​ទូទៅ​គេ​គិត​គូរ​ពី​រឿង​ហ្នឹង​ យើង​ក៏​រួម​ចូល​មួយ​ផ្នែក​ដើម្បី​គិត​គូរ​ពី​រឿង​លទ្ធិ​ប្រជាធិបតេយ្យ​ដែរ»។

​អ្នកស្រី ងឹម វិសិដ្ឋ ​បាន​និយាយ​ថា​៖ «ថ្ងៃ​នេះ​ដែល​បង​មក​ចូល​រួមនៅ​ក្នុង​វេទិកា​លទ្ធិ​ប្រជាធិបតេយ្យ​នេះ​ គឺ​បង​ចង់​យល់​ឲ្យ​ច្បាស់​ពី​លទ្ធិ​ប្រជាធិបតេយ្យ​ ថា​អ្វី​ទៅ​ដែល​ជា​លទ្ធិ​ប្រជាធិបតេយ្យ​ ពី​ព្រោះ​អី​បង​យល់​ច្បាស់​ថា​ នៅ​ប្រទេស​ខ្មែរ​យើង​ការ​យល់​ជ្រួត​ជ្រាប​ពី​លទ្ធិ​ប្រជាធិបតេយ្យ​គឺ​នៅ​ទន់​ទាប​ខ្សោយ មក​ពី​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ខ្វះ​ការ​យល់​ដឹង​ពី​មុន​មក»។

ភាគ​ច្រើន​នៃ​អ្នក​ចូល​រួម​ក្នុង​កម្ម​វិធីនេះ​យល់​ថា​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​ចន្លោះ​ខ្វះ​ខាត​ច្រើន​ ដែលរដ្ឋាភិបាល និង​ភាគី​ពាក់​ព័ន្ធ​គួរ​ចាត់​វិធាន​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យនេះ​ឡើង​វិញ។

រូបឯកសារ៖ លោក គល់ បញ្ញា នាយកអង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ខុមហ្រ្វែល COMFREL នៅ​ក្នុងកម្មវិធី​ Hello VOA ពិសេស​អំពី​«ដំណើរការ​កែទម្រង់​បោះឆ្នោត​និង​ការ​រៀបចំ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត»​ នៅ​បន្ទប់​ផ្សាយ VOA នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)
រូបឯកសារ៖ លោក គល់ បញ្ញា នាយកអង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ខុមហ្រ្វែល COMFREL នៅ​ក្នុងកម្មវិធី​ Hello VOA ពិសេស​អំពី​«ដំណើរការ​កែទម្រង់​បោះឆ្នោត​និង​ការ​រៀបចំ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត»​ នៅ​បន្ទប់​ផ្សាយ VOA នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

លោក​ គល់ បញ្ញា ​មន្ត្រី​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ដែល​កំពង់​រស់​នៅ​បរទេស​ប្រាប់​វីអូអេ​តាម​ Skype ថា លោក​ យល់​ស្រប​តាម​ការ​វាយ​តម្លៃ​របស់​សហគមន៍​អន្តរជាតិដូចគ្នា​អង្គការ​សហប្រជាជាតិ និង​អង្គការ​ Freedom House ដែល​ថា​ប្រទេស​កម្ពុជា​នៅ​មាន​បញ្ហា​ខ្លាំង នូវ​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ ហើយ​នឹង​ការ​បោះ​ឆ្នោត​មួយ​ដែល​មិន​ត្រឹម​ត្រូវ និង​មិន​ស្រប​តាម​គោល​ការណ៍​ប្រជាធិបតេយ្យសេរី​ពហុបក្ស។ លោក​ក៏​បាន​បន្ថែម​ថា ប្រទេស​កម្ពុជា​មិន​មាន​ការ​គោរព​សិទ្ធិ​សេរី​ភាព​ទាល់​តែ​សោះ ទាំង​សេរី​ភាព​បញ្ចេញមតិ សេរីភាព​សមាគម សេរីភាព​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​សេរីភាព​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី ក៏​ដូចជាសេរីភាព​ក្នុង​ការ​ធ្វើ​នយោបាយ​សុទ្ធ​តែ​ត្រូវ​បាន​រឹតត្បិត។

ដូ​ចគ្នា​នេះ​ដែរ​ លោក កុល ណូក​ អាយុ​ ៧៨ ឆ្នាំ ជា​អ្នក​រៀប​ចំ​កម្ម​កម្មវិធី​ម្នាក់​នៅ​ក្នុង​ទី​ក្រុង​ម៉ុងរ៉េអាល់បាន​លើក​ឡើង​ថា៖ «ជា​យូរ​ណាស់​មក​ហើយ​ប្រទេស​កម្ពុជា​យើង​គ្មាន​លទ្ធិ​ប្រជាធិបតេយ្យ​ឲ្យ​ត្រឹម​ត្រូវ​ដូច​ប្រទេស​ជឿន​លឿន សូម្បី​តែ​ប្រទេស​ជិត​ខាង​យើង ក៏​គេ​មាន​លទ្ធ​ប្រជាធិបតេយ្យ គោរព​ទៅ​តាម​នីតិរដ្ឋ ទៅតាម​រដ្ឋធម្មនុញ្ញនៃ​ប្រទេស​នីមួយៗ»។

ចំណែក​ លោក វ៉ាន់ សរ អាយុ​ ៨២​ឆ្នាំ ​វាគ្មិន​ម្នាក់​ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ​ក្នុង​ទី​ក្រុង Seattle រដ្ឋ Washington និង​ដែល​បាននិយាយ​ពីប្រវត្តិលទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ចាប់​តាំង​ពី​អតីត​កាល​មក​ដល់​បច្ចុប្បន្ន​បាន​លើក​ឡើង​ថា ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​មិន​ថា​នៅ​ប្រទេស​ណា​ទេ តែង​តែ​មាន​ចន្លោះ​ប្រហោង ហើយ​ដើម្បី​វាយ​តម្លៃ​ប្រទេស​ណា​មួយអនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ល្អ ឬ​មិន​ល្អ​ គេ​ត្រូវ​ពិនិត្យ​មើល​លើ​ការបែង​ចែក​អំណាច​ទាំង​បួន ដែល​រួម​មាន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ​ ​តុលាការ និងសារព័ត៌មាន។​

យ៉ាងណា​ក៏​ដោយ​ក្នុង​ពេល​ថ្មីៗ​នេះ លោក សុខ ឥសាន​ អ្នកនាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​ថា ពលរដ្ឋ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​កំពុង​តែ​បន្ត​ជីវភាព​រស់នៅ​ដោយ​សន្តិភាព និង​ដោយ​ភាព​សម្បូរ​សប្បាយ​ មិន​មាន​ភាព​ចលាចល​អ្វី‍​ទេ ហើយរដ្ឋាភិបាល​ស្វាគមន៍​រាល់​ការ​អនុវត្ត​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ អំពី​សកម្មភាព​មិន​ប្រក្រតី​ទាំងឡាយ​ណា​របស់​មន្ត្រី​រដ្ឋាភិបាល។

តប​ទៅ​នឹង​ការលើក​ឡើង​ខាង​លើ​នេះ​ លោក​ គល់ បញ្ញា​ ​ថា​ការ​លើក​ឡើង​យ៉ាង​ដូច្នេះ​ពី​សំណាក់​មន្រ្តី​រដ្ឋាភិបាល​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ។ លោក​គល់ បញ្ហា ​បាន​និយាយថា៖ «ការ​វាយ​តម្លៃ​របស់​គណបក្ស​កាន់​អំណាច​ មិន​មែន​ជារឿង​ដែល​យើង​ភ្ញាក់​ផ្អើល​ទេ ពី​ព្រោះ​ធម្មតា​ទេ​ សូម្បី​តែ​របប​ប្រទេស​កូរ៉េ​ខាង​ជើង ហើយ​របប​ខ្មែរ​ក្រហម​ហ្នឹង​ក៏​ការ​ពារ​ថា​ខ្លួន​ឯងនឹង​បាន​គោរព​សិទ្ធិ​សេរី​ភាព ប្រជាធិបតេយ្យ​រហូត​ដល់​ដាក់​ឈ្មោះ​ប្រទេស​ខ្លួន​ឯង​ហ្នឹង​ជា​ប្រទេស​កម្ពុជា​ប្រជាធិបតេយ្យ​ទៀត។»

លោក​បាន​បន្ថែម​ថា៖ «អញ្ចឹង​អ្វី​ជា​ការ​វាយ​តម្លៃ​របស់​អ្នក​មាន​អំណាច មិន​មែន​ឆ្លុះ​បញ្ចាំង​ពី​អ្វី​ស្ថានការណ៍​ការវិវឌ្ឍ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ទេ ប៉ុន្តែ​គេ​មាន​អ្នក​ឯក​ទេស​ ក្នុង​សហគមន៍​អន្តរជាតិ​ជា​ច្រើន​គេ​បាន​វាយ​តម្លៃ​ថា​ប្រទេស​កម្ពុជា​យើង​ជា​ប្រទេស​ដែល​មិនបាន​ផ្ដល់​នូវ​សិទ្ធិ​សេរីភាពដល់​ប្រជាពលរដ្ឋ ព្រោះ​តែ​មាន​ការ​បង្ក្រាប​ មាន​ការ​បំភិត​បំភ័យ មាន​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ រហូត​ដល់​មាន​ការ​ចាប់​មេ​គណបក្ស​ប្រឆាំង​មួយ ដាក់​ពន្ធនាគារដោយ​អត់​មាន​ផ្ដល់​ការ​ធ្វើ​សវនាការ​ត្រឹម​ត្រូវ តាម​គោលការណ៍​ច្បាប់»។

ក្រៅ​ពី​ការ​ឲ្យនិយម​ន័យ «លទ្ធិ​ប្រជាធិបតេយ្យ» ការពិភាក្សា​អំពី​ប្រវត្តិ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា និង​ការ​ស្នើ​ឲ្យ​យុវជន​ខ្មែរ​ដែល​រស់​នៅបរទេស​ចូល​រួម​ឲ្យ​បាន​ច្រើនក្នុង​ព្រឹត្តិ​ការណ៍​ស្ដី​ពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្រុម​អ្នក​ចូល​រួមក៏​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​រួម​គ្នា​ស្ដារ​លិទ្ធ​ប្រជាធិបតេយ្យ​ដែល​កំពុង​តែ​ធ្លាក់​ដុន​ដាប។

លោក គល់ បញ្ញា ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ស្ថាន​ការណ៍ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០១៦ ឡើង​វិញ ធ្វើ​យ៉ាង​ណា​ឲ្យ​សភាព​ការណ៍​នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ប្រហាក់​ប្រហែល​នឹង​ស្ថាន​ការណ៍​ក្នុង​ឆ្នាំ ២០១៦​ ដែល​សហគមន៍​អន្តរ​ជាតិ​នានា​អាច​ទទួល​យក​បាន។

ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​អ្នកស្រី រ៉ានី លូស្សីនស្គី មក​ពី​រដ្ឋ Virginia បានលើកថា​៖ «ប្រជាពលរដ្ឋ​ជា​កម្លាំង​មហា​ជន គឺ​ថា​បើ​កាល​ណា​ប្រជាពលរដ្ឋមាន​ការ​យល់​ដឹង​ ហើយ​កម្លាំង​មហាជនចូល​រួម​ដើម្បី​រក​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ នោះ​អ្នក​ដែល​គ្រប់​គ្រង​ប្រទេស​មិន​អាច​ទប់​កម្លាំង​មហាជន​បាន​ទេ ប៉ុន្តែ​មហាជន​ត្រូវ​តែ​មាន​ការ​យល់​ដឹង យើង​ត្រូវ​តែ​ខិត​ខំ​រៀន​សូត្រ ជា​ពិសេស​គឺ​ប្អូន​ៗ​យុវជន។

ចំណែក លោក វ៉ាន់ សរ វិញ លោក​បាន​ទទូច​ស្នើឲ្យរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ធ្វើ​ការ​ជា​មួយ​គ្នា​ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​បាន​និយាយ​ថា៖
«ដើម្បី​ស្ដារ​ [លទ្ធិ​ប្រជាធិបតេយ្យ] ទាល់​តែ​ទៅ​ទាំង​ពីរ ទាល់​តែ​ប្រជាពលរដ្ឋ​ហ្នឹង យល់​ពី​ករណី​កិច្ច​របស់​ខ្លួន ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន ហើយ​រដ្ឋាភិបាល​ត្រូវ​តែបង្កើត​បរិយាកាស ឲ្យ​ប្រជាពល​រដ្ឋ​ចូល​រួម​ផង»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG