ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ្នកវិភាគ៖ លោក​ហ៊ុន សែន​ប្រើ​តាក់តិក​តុលាការ​មិន​ឱ្យ​លោក​សម រង្ស៊ី​វិលត្រឡប់


រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុនសែនមកដល់វិមានឯករាជ្យដើម្បីចូលរួមអបអរសាទរខួបលើកទី ៦៥ នៃឯករាជ្យភាពពីប្រទេសបារាំងនៅទីក្រុងភ្នំពេញ ថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៨ ។​ (REUTERS/Samrang Pring)

លោក​បណ្ឌិត​ឡៅ​ ម៉ុងហៃ​ អ្នកវិភាគ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​សម្រេច​របស់​មេដឹកនាំ​កម្ពុជា​យ៉ាង​ដូច្នេះ​ ទំនងជា​មាន​ចេតនា​រាំង​ខ្ទប់​មិន​ឲ្យ​លោក​សម រង្ស៊ី​ ជាន់​ដី​ប្រទេស​ក្បែរ​ខាង​ណាមួយ​ មុន​នឹង​ឆ្លង​ចូល​មក​ប្រទេស​កម្ពុជា។

ក្រុម​អ្នកវិភាគ​បាន​ចាត់​ទុក​ការ​បញ្ជូន​ដីកា​ចាប់​ខ្លួន​លោក​សម រង្ស៊ី ទៅ​កាន់​បណ្តា​ប្រទេស​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅកាត់​ថា​អាស៊ាន​របស់រដ្ឋាភិបាល​កម្ពុជា​ គឺជាយុទ្ធសាស្ត្រ​រាំងខ្ទប់​ និង​បន្លាច​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​មិន​ឲ្យ​វិល​ចូល​ប្រទេស​វិញ។

ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​មេដឹកនាំ​ប្រទេស​ឡាវ លោក ​ថងលុន​ ស៊ីសុលីត (Thongloun Sisoulith) នៅទីក្រុង​ភ្នំពេញ​ កាលពីថ្ងៃ​ព្រហស្បតិ៍​ លោកហ៊ុន​ សែន​ បាន​អះអាង​ថា​ដីកា​ចាប់​ខ្លួន​លោក​ សម រង្ស៊ី ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​ឡាវ​ និង​ថៃ​ ហើយ​និង​ត្រូវ​បញ្ជូនប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេងទៀត ខណៈ​ដែល​លោក​ សម រង្ស៊ី​ ប្រកាស​ជា​សាធារណៈ​ថា​ លោក​នឹង​មក​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ នៅថ្ងៃទី៩​ខែ​វិច្ឆិកា​ខាងមុខ។

លោក​បណ្ឌិត​ឡៅ​ ម៉ុងហៃ​ អ្នកវិភាគ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​សម្រេច​របស់​មេដឹកនាំ​កម្ពុជា​យ៉ាង​ដូច្នេះ​ ទំនងជា​មាន​ចេតនា​រាំង​ខ្ទប់​មិន​ឲ្យ​លោក​សម រង្ស៊ី​ ជាន់​ដី​ប្រទេស​ក្បែរ​ខាង​ណាមួយ​ មុន​នឹង​ឆ្លង​ចូល​មក​ប្រទេស​កម្ពុជា។

«ទំនង​ទៅ​រក​របាំង​ហ្នឹង​បាទ​ គឺ​កុំ​ឲ្យ​គាត់​មក​ឆ្លង​កាត់​ តាម​ប្រទេស​អាស៊ាន​ហ្នឹង​បាទ។ ជាពិសេស​ដែល​មាន​ព្រំប្រទល់​ដែន​ជាមួយ​ខ្មែរ​នេះ​ ហើយ​ជា​ពិសេស​ទៅ​ទៀត​គឺឡាវ​ ហើយ​ថៃ​បាទ»។

ចំណែក​លោក​ឯម សុវណ្ណារ៉ា​ អ្នកវិភាគ​នយោបាយ​មួយ​រូបទៀត​នៅ​ប្រទេស​កម្ពុជា​ យល់​ថា​ វិធានការ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ គឺ​ជា​យុទ្ធសាស្ត្រ​បន្លាច​លោក​សម រង្ស៊ី​ តែប៉ុណ្ណោះ​។

«គ្រាន់​តែជាយុទ្ធសាស្ត្រ​ វិធីសាស្ត្រ​ បំភ័យ​ច្រើន​ជាង​ ពីព្រោះ​បើ​រដ្ឋាភិបាល​ចង់​ចាប់​ ខ្ញុំ​គិត​ថា​ រដ្ឋាភិបាល​អាច​រក្សា​ការ​ស្ងៀម​ស្ងាត់​ ហើយ​ចាំ​លោក​សម រង្ស៊ី​ចូល​មក​ ហើយ​ចាប់​តែ​ម្តង»។

លោក​សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​អធិប្បាយ​ចំៗ​លើ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បញ្ជូន​ដីកា​ចាប់​ខ្លួន​លោក​សម រង្ស៊ី ទៅ​កាន់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​នោះ​ទេ។ ប៉ុន្តែ លោក​លើក​ឡើង​ថា​ «នយោបាយ​កម្ពុជា​ពេល​នេះ​មិន​ត្រូវការ​លោក​សម រង្ស៊ី​ ទៀត​ទេ»​ ហើយ​ពលរដ្ឋ​ប្រទេស​នេះ​ ក៏​មិន​ខ្វល់​ពីការ​វិល​ត្រឡប់​របស់​លោក​សម រង្ស៊ី​នោះ​ដែរ។

ទោះជា​យ៉ាងណា​ លោក​សុខ ឥសាន ជឿថា​លោក​សម រង្ស៊ី នឹង​មិន​ហ៊ាន​វិល​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​ដូចលោក​បាន​ប្រកាស​នោះ​ទេ។

«ទីមួយ​គាត់​ហ៊ាន​មក​តែ​មាត់​ អា​រឿង​មាត់​ហ្នឹង​ គាត់​មក​លើស​ស្អី​ទាំង​អស់ តែ​ពី​ខ្លួន​គាត់​ហ្នឹង​អត់​ហ៊ាន​ចូល​មក​ទេ​ ព្រោះ​មនុស្ស​ហ្នឹង​ខ្លាច​គុក​ ខ្លាច​ខ្នោះ»។

លោក​ឯម សុវណ្ណារ៉ា ហាក់​ដូចជា​ចែក​រំលែក​ការ​យល់​ឃើញ​នេះ​ដែរ។ លោក​គិតថា​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​ លោក សម រង្ស៊ី នឹង​មក​កាន់​ប្រទេស​កម្ពុជា​ ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នេះ​ទេ​ ដោយ​សារ​មិន​ទាន់​មាន​ភាព​ច្បាស់​លាស់​អំពី​កម្លាំង​គាំទ្រ​រូប​លោក។

លោក​សម រង្ស៊ី​ ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបានរំលាយ​កាលពីឆ្នាំ​២០១៧ ធ្លាប់​បាន​ប្រកាស​វិល​ត្រឡប់​ចូល​ប្រទេសកម្ពុជា​វិញ​ជាច្រើន​ដង​ក្នុង​ពេល​កន្លង​មក ប៉ុន្តែ​លោក​បាន​ខក​ខាន​មិន​បាន​មក​ទៅវិញ​ដោយ​សារ​មូល​ហេតុ​ផ្សេងៗ ដូចជា​មូល​ហេតុ​នៃបញ្ហា​សន្តិសុខ​ដែល​មិន​សូវ​អំណោយ​ផល។ រីឯ​អាជ្ញាធរ​កម្ពុជា​ ក៏​បង្កើន​ការ​គំរាម​ចាប់​លោក​សម រង្ស៊ី​ ហើយ​ថែមទាំង​ចោទ​ថា​ ការ​វិល​ត្រឡប់​របស់​លោក​សម រង្ស៊ី​ អាច​បង្ក​ឲ្យមាន​ចលាចល និង​មាន​ការ​បំផ្លិច​បំផ្លាញ​នៅ​ព្រលាន​យន្តហោះ​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ន។

យ៉ាងណា​ក៏ដោយលោក​សម រង្ស៊ី​ បាន​ប្រាប់ VOA ​តាម​សារ​អេឡិចត្រូនិក​អ៊ីម៉េល​ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ថា​ លោក​នៅ​តែ​ត្រូវ​វិល​មក​ប្រទេស​កម្ពុជា​ដូច​ការ​គ្រោង​ទុក​នៅ​ចំថ្ងៃ​បុណ្យ​ឯក​រាជ្យ​ជាតិ​៩​ វិច្ឆិកា បើ​ទោះជា​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​បាន​បញ្ជូន​ដី​កា​ចាប់​ខ្លួន​រូប​លោក​ទៅ​កាន់​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ក៏​ដោយ។

​លោក​បញ្ជាក់​ថា អាជ្ញាធរ​កម្ពុជា​មិន​អាច​ចាត់​វិធានការ​ណាមួយ​មក​លើ​រូបលោក​នោះ​ទេ​ ព្រោះ​លោក​កាន់​លិខិត​ឆ្លងដែន​មាន​សញ្ជាតិ​បារាំង។ លោក​បាន​បន្ថែម​ថា៖

«ខ្ញុំបាន​ធ្វើដំណើរ​ និង​នឹង​ធ្វើដំណើរ​ជាមួយ​លិខិត​ឆ្លងដែន​បារាំង​របស់​ខ្ញុំ​ដែល​របប​លោក​ហ៊ុន សែន​ គ្មាន​សិទ្ធិ​អំណាច​លើ​នោះ​ទេ។ មាន​តែ​រដ្ឋាភិបាល​បារាំង​ដែល​មាន​អំណាច​មក​លើ​ការធ្វើ​ដំណើរ​ជាមួយ​លិខិត​ឆ្លង​ដែន​បារាំង​មួយ​នេះ»។

លោក​សម រង្ស៊ី​ បន្ថែមថា​ លោក​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន កូរ៉េខាង​ត្បូង​ ម៉ាឡេស៊ី​ និង​សិង្ហបុរី​កាល​ពីពេល​ថ្មីៗនេះ​ដែរ។ លោកថា​ រដ្ឋាភិបាល​បែប​ប្រជាធិបតេយ្យ​នឹង​មិន​គិតគូរ​ដល់​«ការ​កាត់​ទោស​មាន​ហេតុផល​នយោបាយដ៏គួរ​ឲ្យអស់​សំណើច​»​របស់​តុលាការកម្ពុជា​នោះ​ទេ។​

រហូត​មក​ទល់​ពេល​នេះ លោក​សម រង្ស៊ី​ ជាប់​បណ្តឹង​ចំនួន​ប្រមាណ​ដប់​បណ្តឹង ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ពី​លោក​ហេង​ សំរិន ប្រធាន​រដ្ឋ​សភា លោក ​ហោ ណាំហុង ​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​បណ្តឹង​ពី​លោក​ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ។ តុលាការ​កម្ពុជា​បាន​កោះ​ហៅ​លោក​ សម រង្ស៊ី ជាថ្មី​ទៀត ​ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃដើម​ខែ​តុលា​ខាង​មុខ។

​នៅថ្ងៃ​សុក្រ​នេះ​ផងដែរ ​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​លោក​សម រង្ស៊ី មួយ​បទ​ល្មើស​បន្ថែម​ទៀត។​ នោះ​គឺ​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​ តាម​បញ្ជា​របស់​ក្រសួង​យុត្តិធម៌៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG