លោកសម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិនឹងជួបប្រជុំជាមួយនឹងមន្ត្រីគណបក្សនិងអ្នកគាំទ្រនៅសហរដ្ឋអាមេរិកនៅចុងសប្តាហ៍នេះ ដើម្បីរៀបចំផែនការលម្អិតជាលើកចុងក្រោយមុននឹងលោកធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកម្ពុជាវិញនៅដើមខែវិច្ឆិកា។ នេះបើតាមការបញ្ជាក់របស់មន្ត្រីគណបក្ស។
លោកប៉ែន សុកផល ប្រធានគណបក្សសង្គ្រោះជាតិប្រចាំរដ្ឋម៉ាស្សាឈូសិត ដែលជាអ្នករៀបចំកិច្ចប្រជុំនៅទីក្រុងឡូវែលនៅថ្ងៃសៅរ៍នេះ បានបញ្ជាក់ថា៖
«ខ្ញុំគិតថា នេះជាការជួបជុំគ្នាចុងក្រោយ ហើយតាមព័ត៌មានដែលខ្ញុំទទួលបានដូច្នេះជារឿងសំខាន់បំផុតដែលបងប្អូនខ្មែរនៅតំបន់ជុំវិញនេះត្រូវអញ្ជើញចូលរួមកុំបីខកខាន ដើម្បីមកស្តាប់សេចក្តីថ្លែងការណ៍ក៏ដូចជាមកមានយោបល់គំនិតអ្វីៗ គឺសូមអញ្ជើញមក ដើម្បីជាការលើកទឹកចិត្តផង ជាការបង្ហាញនូវការខ្វល់ខ្វាយផងក្នុងនាមជាពលរដ្ឋខ្មែរ ក្នុងនាមជាអ្នកស្រឡាញ់សេ្នហាទឹកដី»។
កិច្ចប្រជុំនេះកើតមានឡើងក្នុងពេលដែលមេដឹកនាំក្រុមប្រឆាំងរូបនេះកំពុងរងសម្ពាធពីផ្លូវតុលាការកម្ពុជាថ្មីមួយទៀត ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រនរោត្តមសីហមុនី ថាជា«អាយ៉ង»របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកសម រង្ស៊ី បានរស់នៅនីរទេសខ្លួននៅប្រទេសបារំាងជិត៤ឆ្នាំ ដើម្បីគេចចេញពីបណ្តឹងបរិហាកេរ្តិ៍នានា ដែលប្តឹងដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោកហេង សំរិន ប្រធានរដ្ឋសភាជាតិ លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកហោណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេសជាដើម។
លោកសម រង្ស៊ី បានកំណត់ពេលវេលាធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី៩ ខែវិច្ឆិកាដែលជាទិវាបុណ្យឯករាជ្យជាតិកម្ពុជា បន្ទាប់ពីបានធ្វើយុទ្ធនាការក្រៅប្រទេសទាក់ទាញការគាំទ្រពីសហគមន៍អន្តរជាតិ ហើយមានអ្នកតំណាងរាស្ត្រនៃប្រទេសមួយចំនួនសន្យាថានឹងអមដំណើរលោកត្រឡប់ទៅប្រទេសវិញ បើទោះបីជាមានការគំរាមកំហែងជាបន្តបន្ទាប់ពីអាជ្ញាធរកម្ពុជា និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលជាគូប្រជែងអំណាចដ៏ជូរចត់នឹងគ្នាក៏ដោយ។
លោកប៉ែន សុកផល បានបញ្ជាក់បន្ថែមថា៖
«បន្ទាប់ពីយើងធ្វើការទូតទំនាក់ទំនងទាំងផ្នែកអន្តរជាតិ គឺបានសឹងតែគ្រប់លើពិភពលោក ហើយគឺបានសញ្ញាមកប្រាប់ថា ដល់ពេលវេលាដែលលោកប្រធានស្តីទីត្រូវតែសម្រេចជោគវាសនាប្រទេសជាតិរបស់យើង ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យកាន់តែប្រសើរ ដើម្បីធ្វើម៉េចឱ្យមានការដោះលែងលោកកឹម សុខា ជាបន្ទាន់ព្រោះនេះគឺជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរនៅប្រទេសកម្ពុជា ក៏ដូចជាពិភពលោកដែរ»។
រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជាបានធ្វើយុទ្ធនាការបង្រ្កាបលើអង្គការសង្គមស៊ីវិល បណ្តាញសារព័ត៌មាននិងក្រុមប្រឆាំងក្នុងរយៈពេលជាងពីរឆ្នាំចុងក្រោយនេះរហូតឈានទៅរំលាយនិងរឹបអូសអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ ជាង៥០០០របស់គណបក្សសង្គ្រោះជាតិ។
មន្ត្រីគណបក្សអះអាងថា គម្រោងវិលត្រឡប់របស់លោកសម រង្ស៊ី ត្រូវបានលើកទឹកចិត្តថែមទៀត នៅពេលដែលសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកបានខិតខំរិះរកវិធីសង្គ្រោះលទ្ធិប្រជាធិបតេយ្យកម្ពុជា ដោយមានស្នើច្បាប់ដាក់ទណ្ឌកម្មនិងរៀបចំសវនាការកាលពីថ្ងៃពុធ ដោយផ្តោតលើស្ថានភាពសិទ្ធិមនុស្សនិងសិទ្ធិពលករនៅកម្ពុជា។
លោកអេង ឆៃអ៊ាង អនុប្រធានគណបក្សដែលកំពុងរស់នៅនីរទេសខ្លួនក្នុងសហរដ្ឋអាមេរិក ហើយបានចូលរួមស្តាប់សវនាការនោះ បានបញ្ជាក់ប្រាប់វីអូអេថា៖
«ខ្ញុំយល់ថា នេះគឺជាទុនដ៏ធំមួយសម្រាប់ផ្តល់កម្លាំងចិត្តដល់ពួកយើងខ្ញុំ ដែលជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ក៏ដូចជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅទូទាំងពិភពលោក ក្នុងការចូលរួមថ្ងៃ៩វិច្ឆិកានេះ ដែលជាថ្ងៃវិលត្រឡប់ទៅវិញរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោកសម រង្ស៊ី»។
លោកសម រង្ស៊ី ក៏មានគម្រោងមករដ្ឋធានីវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ ដើម្បីជួបជាមួយនឹងស្ថាប័ននានាដែលធ្វើការលើផ្នែកលើកកម្ពស់លទ្ធិប្រជាធិបតេយ្យផងដែរ៕