ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​មួយ​ចំនួន​ចេញ​ទៅ​ស្រុក​កំណើត​ដើម្បី​​ប្រើប្រាស់​សិទ្ធិ​បោះ​ឆ្នោត​របស់​ពួក​គេ


កញ្ញា រ៉ិន ស្រីមាស ពលរដ្ឋព្រៃវែង ផ្តល់បទសម្ភាសន៍ឱ្យវីអូអេ មុនពេលចេញដំណើរទៅស្រុកកំណើតដើម្បីចូលរួមការបោះឆ្នោត រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។ (ហាន ណូយ/វីអូអេ)
កញ្ញា រ៉ិន ស្រីមាស ពលរដ្ឋព្រៃវែង ផ្តល់បទសម្ភាសន៍ឱ្យវីអូអេ មុនពេលចេញដំណើរទៅស្រុកកំណើតដើម្បីចូលរួមការបោះឆ្នោត រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។ (ហាន ណូយ/វីអូអេ)

ប្រជា​ពលរដ្ឋ​មួយ​ចំនួ​ន​ នៅ​ថ្ងៃ​សៅរ៍​នេះ បាន​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត របស់​ពួកគេ ដើម្បី​ត្រៀម​ខ្លួនចូល​រួម​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​អាទិត្យ​នេះ។ ពួកគេ​បាន​ប្រើប្រាស់មធ្យោ​បា​យ​ផ្សេងៗ​គ្នា ​តាមម៉ូតូ រថយន្ត​ឈ្នួល និង​ឡាន​ក្រុង​មិន​គិត​ថ្លៃ​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល។

ពួកគេចង់​ឱ្យរដ្ឋាភិបាល​ថ្មីដែលនឹង​កើតក្រោយ​ការ​បោះ​ឆ្នោត យក​ចិត្ត​ទុក​ដាក់​លើ​ជីវភាព​របស់​ប្រជា​ពលរដ្ឋ ដោយ​គិត​គូរ​លើ​ប្រាក់​ខែ​របស់​កម្មករ កម្មាការិនី និង​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ផ្សេង​ទៀត។

កំពុង​អង្គុយ​លើ​ម៉ូតូ រង់​ចាំគ្នា​ទៅ​ស្រុក​កំណើត​ កញ្ញា រ៉ិន ស្រីមាស​ អាយុ​ ២៤ ឆ្នាំ ​ប្រាប់​អ្នក​សារ​ព័ត៌មាន​វីអូអេ​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះថា​ កញ្ញានឹងធ្វើ​ដំណើរ​តាម​ម៉ូតូ​ទៅ​ស្រុក​កំណើត​ក្នុងខេត្ត​ព្រៃវែង ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត។ នេះ​ជា​លើក​ទី​ ៣ ​របស់​កញ្ញា​ដែល​ចូល​រួម​ការ​បោះ​ឆ្នោត ដោយ​ធ្លាប់បានបោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​ ២០១៨ និង​បាន​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​ ២០២២ ​កន្លង​ទៅ។ កញ្ញា​បន្ត​ថា​ រោងចក្រ​របស់​កញ្ញា​ក៏​បាន​អនុញ្ញាត​ឱ្យ​កម្មករ​ឈប់​សម្រាក​ទៅ​បោះឆ្នោត ដូច​ទៅ​នឹង​អ្វី​ដែល​រដ្ឋាភិបាល​បាន​កំណត់​ឱ្យ​ឈប់​រយៈពេល ៣ ​ថ្ងៃ។

កញ្ញា​ រ៉ិន ស្រីមាស ​ដែល​ប​ម្រើ​ការ​ក្នុង​រោងចក្រ​ផលិត​សឡា​មួយ​កន្លែង ក្នុង​ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ​ បាន​លើក​ឡើង​ថា​ កញ្ញាចង់​ឱ្យ​រដ្ឋាភិបាល​ជាប់​ឆ្នោត​អាណត្តិថ្មី គិតគូរ​ដំឡើង​ប្រាក់ខែ​កម្មករ និង​បុគ្គលិក​ធ្វើការ​តាម​ក្រុមហ៊ុន​ផ្សេងៗ​ផង​ដែរ។ បច្ចុប្បន្ន​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​រោងចក្រ​កាត់ដេរ​មាន​ប្រមាណ​ ២០០ ​ដុល្លារ​ក្នុង​មួយ​ខែ។

កញ្ញា​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សៅរ៍​ថា៖ «ខ្ញុំ​ឃើញ​ថា​បច្ចុប្បន្ន​ កម្មករ​គាត់​បាន​ទទួល​ប្រាក់បៀវត្សរ៍​ហ្នឹង​បាន​សមរម្យ​ ប៉ុន្តែ​គ្រាន់ថា​ពេល​ខ្លះ​ គាត់​មាន​តម្រូវ​ការ​ផ្សេងៗ​ដែល​គាត់​កំពុង​ជួប​ប្រទះ។ បើ​សិន​ជា​យើង​អាច​ដំឡើង​ឱ្យ​គាត់​ជាងហ្នឹង​បន្តិច​ទៀត អ៊ីចឹង​កម្មករ​នឹង​មាន​បៀវត្សរ៍​ច្រើនជាង​មុន ហើយ​គាត់នឹង​ប្រឹង​ប្រែង​ធ្វើការ​ច្រើន​ជាង​មុន»។

ចំណែក​លោក ​តេង បញ្ញា ​អាយុ​ ២៣ ​ឆ្នាំ និសិ្សត​ឆ្នាំ​ទី ៤ ​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង ​បានជិះ​ឡាន​ក្រុង​សាធារណៈ​ដោយ​ឥត​គិតថ្លៃ ដែល​ត្រូវបាន​រៀបចំ​ឡើយ​ដោយ​រដ្ឋាភិបាល។ លោក​យល់ថា ការ​រៀបចំ​រថយន្ត​ក្រុង​បែបនេះ គឺ​ល្អ​សម្រាប់​ពលរដ្ឋ​អាច​កាត់​បន្ថយ​បាន​នូវ​ការ​ចំណាយ​មួយ​ចំនួន និង​ងាយ​ស្រួល​សម្រាប់​ពលរដ្ឋ​ទៅ​ចូល​រួម​បោះ​ឆ្នោត។

លោក​បន្ថែម​ថា​ លោក​បានត្រៀម​លក្ខណៈ​រួចរាល់​ហើយ​សម្រាប់​ការ​បោះ​ឆ្នោត​លើក​ទី ២​ របស់​លោក។ លោក​ចង់​ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះ​ស្រាយបញ្ហា​អសន្តិសុខ​សង្គម បញ្ហា​សេដ្ឋកិច្ច​ និង​លើក​កម្ពស់​ជីវភាពរបស់​ប្រជា​ពលរដ្ឋ និង​កសិករ ជាពិសេស​ពលរដ្ឋក្រីក្រ និងអ្នក​អនាថា​ដែល​រស់​នៅ​តាម​ផ្លូវ​នានាក្នុង​រាជធានី​ភ្នំពេញ។

លោក​ តេង បញ្ញា ថ្លែង​ថា៖ «អ្វី​ដែល​ខ្ញុំ​ចង់​ឱ្យ​មាន​ការ​កែ​ប្រែ​ថែម​ទៀត ​ទី១ ​គឺការ​កែប្រែ​ទាក់ទង​នឹង​សេដ្ឋកិច្ច​របស់​ប្រជា​ពលរដ្ឋ។ ឥឡូវ​ដូចជា​ការ​នាំចេញ​អង្ករ​ ឬ​ការនាំ​ចេញ​សម្ភារៈ មិន​ថា ខាងសេដ្ឋកិច្ច​របស់​ប្រជា​ពលរដ្ឋ​មាន​ការ​ធ្លាក់ចុះ ជាពិសេស​ការ​នាំ​ចេញ​ស្រូវ​ជាដើម។ ប្រជា​ពលរដ្ឋ​ក៏មាន​បញ្ហា​ច្រើន ទាក់ទង​ទៅនឹង​អសន្តិសុខ​សង្គម អ៊ីចឹង​យើង​គួរតែ​កែប្រែ​បញ្ហា​សន្តិសុខ​សង្គម ​ហើយ​និង​ជួយ​អភិវឌ្ឍ​ទៅលើ​ជីវភាព​របស់​ប្រជាជន​ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​ តាម​ទីប្រជុំជន​ ឬក៏​ក្មេង ចាស់​ ជនពិការ​ ក្មេង​សុំទាន យើង​គួរតែ​មាន​មណ្ឌល​សម្រាប់​គាត់»។

ប្រជាពលរដ្ឋកម្ពុជាធ្វើដំណើរតាមមធ្យោបាយផ្សេងៗគ្នាទៅស្រុកកំណើត ដើម្បីចូលរួមការបោះឆ្នោតនាថ្ងៃអាទិត្យខាងមុខ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។ (ហាន ណូយ/វីអូអេ)
ប្រជាពលរដ្ឋកម្ពុជាធ្វើដំណើរតាមមធ្យោបាយផ្សេងៗគ្នាទៅស្រុកកំណើត ដើម្បីចូលរួមការបោះឆ្នោតនាថ្ងៃអាទិត្យខាងមុខ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។ (ហាន ណូយ/វីអូអេ)
លោក ផៃ ផាត់ ពលរដ្ឋខេត្តព្រៃវែង ផ្តល់បទសម្ភាសន៍ឱ្យវីអូអេ មុនពេលចេញដំណើរទៅស្រុកកំណើត ដើម្បីចូលរួមការបោះឆ្នោតជាតិ រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។ (ហាន ណូយ/វីអូអេ)
លោក ផៃ ផាត់ ពលរដ្ឋខេត្តព្រៃវែង ផ្តល់បទសម្ភាសន៍ឱ្យវីអូអេ មុនពេលចេញដំណើរទៅស្រុកកំណើត ដើម្បីចូលរួមការបោះឆ្នោតជាតិ រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។ (ហាន ណូយ/វីអូអេ)

ចំណែក​យុវជន​ម្នាក់​ទៀត​ លោក ផៃ ផាត់ ​អាយុ​២១​ឆ្នាំ កំពុង​ឈរ​ចាំ​ឡើង​ឡាន​ឈ្នួល​នៅ​ជិត​រង្វង់​មូល​ជ្រោយ​ចង្វារ នឹងទៅ​បោះ​ឆ្នោត​លើក​ទី ១ ​នៅ​ក្នុង​ស្រុក​ពារាំង ខេត្ត​ព្រៃវែង​ផង​ដែរ។ ការ​ទៅ​បោះ​ឆ្នោត​នេះ ​លោកយល់​ថា​ ដោយ​សារ​តែ​លោក​គ្រប់​អាយុ​បោះ​ឆ្នោត និង​មិត្ត​រួម​ការងារ​ប្រាប់​ថា ​គ្រប់​អាយុ​បែប​នេះ​គួរ​តែ​ទៅ​បោះ​ឆ្នោត។

​លោក​បញ្ជាក់​ថា៖ «ទៅ​ហ្នឹង ​បោះ​លើក​ទី ១ តែម្តង។ ​និយាយ​ទៅ អត់​ដែល​បោះ តាំង​ពីមុ​ន​មក អត់​ដែល​បោះ»។

យុវជន​ដែល​ធ្វើការ​ជា​កម្មករ​រោងចក្រ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញរូប​នេះ ថ្លែង​បន្ត​ថា ​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​ឈ្នួល ត្រូវ​ចំណាយ​ប្រាក់​ ៣ ​ម៉ឺន​រៀល ដែល​តម្លៃ​ឡើង​ថ្លៃ​ ១ ម៉ឺន​រៀល​ បើ​ធៀប​នឹងថ្ងៃធម្មតា។ ប៉ុន្តែ​ការ​សម្រេច​ចិត្ត​មិន​ជិះ​រថយន្ត​ក្រុង​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល ដោយ​សារ​វា​មាន​ភាព​ងាយ​ស្រួល​ជាង ពី​ព្រោះ​គោលដៅ​ទៅ​ស្រុក​កំណើត​មិន​ស្ថិត​នៅ​តាម​ផ្លូវ​រថយន្ត​ក្រុង​មិន​គិត​ថ្លៃ​របស់​រដ្ឋ។

លោក​ស្នើ​ឱ្យ​រដ្ឋា​ភិបាល​ដំឡើងប្រាក់​ខែ​ឱ្យ​កម្មករ ព្រោះ​ត្រូវ​ការ​ចំណាយ​ច្រើន ទាំង​ថ្លៃ​បន្ទប់​ជួល និង​ការ​ហូប​ចុក​នានា។

លោក​ថ្លែង​ថា៖ «និយាយ​ទៅ ​តម្លៃ[ប្រាក់ខែ]​ វា​សម​រម្យ​ហើយ។ គ្រាន់​ថា​ចាយ​វា​ស្ទើរ​អត់​ដល់​ខែ អ៊ីចឹង»។

ជាមួយ​គ្នានេះ​ អ្នកស្រី​ ខាន់ សា​រូ អាយុ​៤៥​ឆ្នាំ​ អាជីវករ​ដែល​កំពុង​តែ​មមា​ញឹក​បំពង​ភ្លៅ​មាន់ និង​ជើង​មាន់​នៅ​ម្តុំ​ជ្រោយ​ចង្វារ​សម្រាប់​លក់ ​បញ្ជាក់​ថា អ្នកស្រីបាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​សម្រាប់​ទៅ​បោះ​ឆ្នោត​នៅ​សង្កាត់​ច្បារ​អំពៅ។ អ្នកស្រី​យល់​ថា ការ​បោះ​ឆ្នោត​នេះ​មាន​សារសំខាន់ ដើម្បី​ជ្រើសរើស​អ្នកដឹកនាំ​ប្រទេស។ អ្នកស្រី​ស្នើ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​គិត​គូរធ្វើ​យ៉ាង​ណា​ឱ្យ​សេដ្ឋកិច្ច​ក្នុង​ប្រទេសមាន​ភាពល្អ​ប្រសើរ ដើម្បី​អាច​ឱ្យអ្នក​លក់​ដូរ​តាម​ផ្លូវ​រក​ចំណូល​បាន​ច្រើន​ឡើង​វិញ។

អ្នក​ស្រី​ប្រាប់​វីអូអេ​ថា៖ «បង​ចង់​ឱ្យ​ពួក​គាត់​ជួយ ​របៀប​ថា​ ពួកខ្ញុំ​លក់​ដូរ​អីអ៊ីចឹង​របៀប​ថា​ឱ្យ​សេដ្ឋ​កិច្ច​ដើរ​ឱ្យ​ស្រួល​វិញ ដើម្បីលក់​ដូរ​ដាច់។ រាល់​ថ្ងៃ​ហ្នឹង ​គឺ​សេដ្ឋកិច្ច​ គឺ​ពិបាក​ណាស់ ពិបាក​មែនទែន»។

នៅ​ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា​ខាង​មុខ​នេះ គឺជា​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី ៧ ដែល​ពលរដ្ឋ​ជាង​ ៩លាន​ ៧​សែន​នាក់ ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត។ ការ​បោះឆ្នោត​នេះ ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង​ ៧ ​ព្រឹក រហូត​ដល់​ម៉ោង​ ៣ ​រសៀល៕

XS
SM
MD
LG