ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ តទល់ចំពោះការបណ្តេញចេញពីប្រទេសអាមេរិក ដែលកាន់តែកើនចំនួនឡើង។ ក្រុមមេធាវីរបស់ពួកគេ ព្យាយាមបញ្ឈប់បញ្ជាបណ្តេញពួកគេទៅប្រទេសកម្ពុជាវិញ ដោយបានទទួលជោគជ័យខ្លះៗ។
រហូតមកទល់ថ្ងៃសុក្រមុនអ្នកស្រី សឿន នាថ បានត្រៀមកូនៗរបស់អ្នកស្រី សម្រាប់ថ្ងៃដែលស.រ.អាបញ្ជូនឪពុករបស់ពួកគេ ពីស.រ.អាទៅកាន់ប្រទេសកម្ពុជាវិញ ដោយសារទោសឧក្រិដ្ឋកម្មមួយកាលពី២០ឆ្នាំមុន។
ប្តីរបស់អ្នកស្រី គឺលោក ស៊ា អ៊ុន ត្រូវបានឃុំខ្លួនក្រោមកម្មវិធីផ្លាស់ប្តូរទីលំនៅ យ៉ាងចម្រូងចម្រាសមួយ ដែលបញ្ជូនជនជាតិកម្ពុជារាប់រយនាក់ ដែលបានរស់នៅក្នុងស.រ.អា ហើយដែលភាគច្រើនជាជនភៀសខ្លួននោះ ឲ្យត្រឡប់ទៅប្រទេសកម្ពុជាវិញ ដោយសារទោសព្រហ្មទណ្ឌកម្រិតស្រាល តាំងពីឆ្នាំ២០០២មក។
អ្នកស្រី សឿន នាថ ដែលមានផ្ទៃពោះជិតគ្រប់ខែហើយនោះ វេទនាខ្លាំងណាស់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ គឺចាប់តាំងពីពេលដែលប្តី អ្នកស្រី ត្រូវបានទីភ្នាក់ងារពង្រឹងច្បាប់អន្តោប្រវេសន៍ និង ពន្ធគយ ហៅកាត់ថា ICE ចាប់ខ្លួន តាំងពីថ្ងៃទី៥កញ្ញាមក។
«មួយយប់ៗខ្ញុំយំរហូតដល់គេងលក់ ពីព្រោះខ្ញុំអស់សង្ឃឹម។ តើឲ្យខ្ញុំជួយប្តីខ្ញុំយ៉ាងម៉េច បើសិនជាខ្ញុំមិនដឹងអ្វីសោះ អំពីប្រព័ន្ធច្បាប់នោះ»។
សំណាងល្អ អ្នកស្រី នាថ បានរកឃើញមនុស្សម្នាក់ដែលចេះច្បាប់អន្តោប្រវេសន៍យ៉ាងច្បាស់លាស់ គឺមេធាវី Kevin Lo នៃអង្គការការពារសិទ្ធិជនអន្តោប្រវេសន៍អាស៊ី Asian Law Caucus ហៅកាត់ថា ALC។ សំណាងរបស់ប្តីអ្នកស្រី ក៏បានចាប់ផ្តើមផ្លាស់ប្តូរ។
អង្គការ ALC និងអង្គការផ្សេងទៀត កំពុងតែដាក់ពាក្យបណ្តឹងជាក្រុមមួយ ដើម្បីតវ៉ាចំពោះការឃុំខ្លួនឡើងវិញ នូវពលរដ្ឋកម្ពុជា ដែលទទួលបានបទបញ្ជាចុងក្រោយ ឲ្យ បញ្ជូនខ្លួនចេញពីស.រ.អា ហើយតាំងពីខែតុលា ឆ្នាំ២០១៧មកបានជួយឲ្យមនុស្សយ៉ាងហោចណាស់ ១៥នាក់ រស់នៅក្នុងស.រ.អាជាបន្តទៅទៀត។
លោក អ៊ុន ត្រូវបានកាត់ទោសកាលពីឆ្នាំ១៩៩៨ ក្នុងបទលួចគាស់ទ្វារចូលផ្ទះគេ ដែលនៅពេលនោះត្រូវចាត់ទុកថាជាបទល្មើសឧក្រិដ្ឋកម្ម។ លោកបានអង្គុយក្នុងរថយន្ត នៅពេលដែលការគាស់ទ្វារនោះកើតឡើង ហើយលោកមានជម្រើសទទួលយកការចោទប្រកាន់ក្នុងបទល្មើសមជ្ឈិម ប៉ុន្តែបានសុខចិត្តទទួលយកទោសព្រហ្មទណ្ឌវិញ ដើម្បីឲ្យមិត្តរបស់លោក ដែលបានរកឃើញថាមានទោសពីមុនមកម្តងរួចទៅហើយនោះ អាចជៀសវាងទោសទី២។
បន្ទាប់ពីអ្នកស្រី នាថ បានទាក់ទងជាមួយលោក Lo កាលពីខែកញ្ញារួចមក លោក Lo និងក្រុមការងាររបស់លោក រកឃើញភ្លាមៗថា បទចោទប្រកាន់លោក អ៊ុន ត្រូវបានគេប្តូរចំណាត់ថ្នាក់វិញហើយ ហើយលែងក្លាយជាបទល្មើសមួយដែលតម្រូវឲ្យបណ្តេញចេញពីស.រ.អាទៀតហើយ។ រឿងនេះនាំឲ្យមានសេចក្តីសង្ឃឹមបន្តិចឡើងវិញ។
កាលពីថ្ងៃសុក្រមុន លោក ស៊ា អ៊ុន បានទទួលការអនុញាតឲ្យស្ថិតនៅស.រ.អាជាបន្ត នៅនាទីចុងក្រោយ មុនពេលយន្តហោះដែលដឹកពលរដ្ឋកម្ពុជាជាង៤០នាក់ ហោះពីទីក្រុងEl Paso រដ្ឋ Texas សំដៅទៅរាជធានីភ្នំពេញ នៅថ្ងៃអង្គារបន្ទាប់។
លោក Lo បានថ្លែងថា ក្រុមការងាររបស់លោក ថែមទាំងបានជួយឲ្យពលរដ្ឋកម្ពុជា៥នាក់ទៀត ឲ្យនៅស.រ.អាជាបន្ត។ អ្នកទាំង៥នោះមានឈ្មោះត្រូវបញ្ជូនទៅប្រទេសកម្ពុជាវិញ ក្នុងជើងយន្តហោះ ដែលដឹកអ្នកត្រូវបញ្ជូនទៅវិញ ចំនួនច្រើនបំផុត បើប្រៀបធៀបជាមួយការបញ្ជូនពីមុនៗមកនោះ។
«ខ្ញុំជឿជាក់យ៉ាងច្បាស់ថា ពិតជាមានអ្នកផ្សេងទៀតនៅលើយន្តហោះនោះ ដែលអាចសើរើករណីបញ្ជូនខ្លួនរបស់ពួកគេទៅវិញ»។ នេះជាសម្តីរបស់មេធាវី Lo ក្នុងអ៊ីម៉ែលមួយប្រាប់វីអូអេ។
លោកបានបន្តទៀតថា «ក្រុមមេធាវីនៃអង្គការការពារសិទ្ធិជនអន្តោប្រវេសន៍អាស៊ី Asian Law Caucus បានការពារកូនក្តីពីភាគខាងជើងនៃរដ្ឋ California និងពីតំបន់ជ្រលងភ្នំប៉ែកកណ្តាល នៃរដ្ឋ California ក្នុងការចាប់ខ្លួនក្នុងផ្ទះនីមួយៗ ដោយភ្នាក់ងារ ICE ហើយយើងតែងតែរកឃើញអ្នកមានជម្រើស ហើយបន្ទាប់មកបានជួយពួកគេខ្លះ ឲ្យឡើងតវ៉ាក្នុងតុលាការ »។
នៅក្រោមរដ្ឋបាលលោកត្រាំ ទីភ្នាក់ងារពង្រឹងច្បាប់អន្តោប្រវេសន៍ និង ពន្ធគយ ហៅកាត់ថា ICE ត្រូវបានបញ្ជាឲ្យធ្វើការបញ្ជូនខ្លួន ឲ្យបានខ្លាំងក្លា ហើយឲ្យផ្តោតអារម្មណ៍ជាពិសេសទៅលើពលរដ្ឋកម្ពុជា។
នៅចុងឆ្នាំ២០១៦ ឬ ដើមឆ្នាំ ២០១៧ ក្រុមមន្ត្រីកម្ពុជា ដែលជាញឹកញយបានសម្តែងនូវការមិនពេញចិត្តចំពោះកម្មវិធីបញ្ជូនខ្លួននេះ បានចាប់ផ្តើមបដិសេធឈប់ទទួលអ្នកដែលត្រូវបញ្ជូនខ្លួនទៅកម្ពុជាវិញនោះ។
ប៉ុន្តែការរឹងទទឹងរបស់ពួកគេ នៅមិនបានយូរទេ។
មន្ត្រីទីភ្នាក់ងារ ICE ទទួលបន្ទុកកិច្ចការសាធារណៈ លោក Brendan Raedy បានប្រាប់ VOAថា ការដាក់ទណ្ណកម្មលើទិដ្ឋាការសម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៣កញ្ញាឆ្នាំ២០១៧ គឺដោយសារការខ្វះកិច្ចសហការណ៍ជាប្រវត្តិសាស្ត្របែបនេះ ហើយបាននាំឲ្យរដ្ឋាភិបាលកម្ពុជា យល់ព្រមទទួលយកអ្នកដែលត្រូវបញ្ជូនខ្លួន សារឡើងវិញ។ លោក Brendan Raedy បានសរសេរក្នុងសារអ៊ីម៉ែលទៅកាន់ VOA ថា «ដោយសារការដាក់ទណ្ឌកម្ម និង កិច្ចប្រឹងប្រែងខាងផ្លូវការទូតជាបន្តបន្ទាប់ ការបញ្ជូនមនុស្សទៅកាន់ប្រទេសកម្ពុជាវិញបានកើនឡើងចំនួន ២៧៩ភាគរយ ពីឆ្នាំសារពើពន្ធ ២០១៧ ដល់ឆ្នាំសារពើពន្ធ ២០១៨»។
VOA មិនអាចទាក់ទងមន្ត្រីរដ្ឋាភិបាលកម្ពុជាដើម្បីសុំអត្ថាធិប្បាយ សម្រាប់អត្ថបទនេះទេ។
ទីភ្នាក់ងារ ICE បានបញ្ជូនពលរដ្ឋកម្ពុជា ១១០នាក់ ក្នុងឆ្នាំសារពើពន្ធ ២០១៨។
លោក Raedy បានថ្លែងថា «ទោះជាមានការជឿនលឿនទៅមុខបែបនេះក៍ដោយ» ក៏នៅមានជនជាតិកម្ពុជា ចំនួន ១៨៥៥នាក់ នៅក្នុងស.រ.អា ដែលមានបទបញ្ជាចុងក្រោយឲ្យបញ្ជូនខ្លួនទៅវិញ ហើយក្នុងចំណោមអ្នកទាំងនោះ ១៣៦២នាក់ ជាឧក្រិដ្ឋជនជាប់ទោស បើគិតមកទល់ថ្ងៃទី១៧ កញ្ញា។
ប៉ុន្តែគ្រាដែលការចូលចាប់ខ្លួនក្នុងផ្ទះ ដើម្បីបញ្ជូនទៅវិញ និងការដាក់សម្ពាធ កើនឡើងនោះ ការតវ៉ាក៏កើនឡើងដែរ។
ក្រុមមេធាវីនៃអង្គការALC កំពុងតែសម្គាល់ជនដែលត្រូវបានបញ្ជូនខ្លួនទៅវិញ នៅក្នុងរាជធានីភ្នំពេញ ដែលពួកគេជឿថា មានមូលហេតុជាក់លាក់ ដើម្បីពិនិត្យមើលករណីពួកគេឡើងវិញ។ កាលពីខែវិច្ឆិកាកន្លងទៅនេះ លោក ផន តឹម ដែលត្រូវបានបញ្ជូនខ្លួនទៅប្រទេសកម្ពុជាវិញ ដោយសារការរកឃើញថាមានទោសក្នុងបទមានកញ្ឆាជាប់ខ្លួន ដើម្បីលក់នោះ បានក្លាយជាអ្នកទីមួយ ដែលត្រូវបានអនុញាត ឲ្យត្រឡប់មករស់នៅក្នុងសរអាវិញ។
មួយថ្ងៃក្រោយពីលោកបានបញ្ជូនខ្លួនចេញ ទោសរបស់លោក តឹម ត្រូវបានលុបចោលវិញ ដោយសារវាជាបញ្ហាសាមញ្ញមួយ នៅក្នុងករណីបញ្ជូនខ្លួនជនជាតិកម្ពុជាទាំងឡាយ។ ចៅក្រមម្នាក់បានរកឃើញថាលោក តឹម មិនត្រូវបានគេប្រាប់ឲ្យបានត្រឹមត្រូវ អំពីផលប៉ះពាល់ខាងវិស័យអន្តោប្រវេសន៍ ដែលអាចកើតមានឡើង បើសិនជាលោកទទួលកំហុស។
អង្គការ ALC បានប្រើប្រាស់សេចក្តីសម្រេចរបស់ចៅក្រមនេះ ដើម្បីលប់ចោលបញ្ជាបញ្ជូនលោកទៅកម្ពុជាវិញ ហើយសង្ឃឹមថា នៅពេលឆាប់ៗខាងមុខនេះ នឹងអាចជួយឲ្យលោក ក្លាយជាមនុស្សទីមួយ នៃជនជាតិកម្ពុជាដែលត្រូវបញ្ជូន ដែលត្រូវទទួលបានបណ្ណ័ជាអ្នករស់នៅក្នុងសរអាជាអចិន្ត្រៃ ហៅថា Green Card ។
អង្គការ ALC កំពុងតែសង្ឃឹមថា ក្នុងចំណោមអ្នកដែលត្រូវបានបញ្ជូនទៅកម្ពុជាវិញ កាលពីថ្ងៃអង្គារនេះ មានច្រើនថែមទៀត នឹងអាចមានករណីដូចលោក តឹម ដោយសារសំណើរសុំលើកលែងទោស ដែលបានស្នើឡើងដោយ អភិបាលរដ្ឋ California លោកJerry Brown ដែលនឹងចេញពីតំណែងនៅពេលឆាប់ៗខាងមុខនេះ។
លោក Lo ថ្លែងថា «ទោះជាយន្តហោះបានចាកចេញផុតទៅហើយក៏ដោយ ក៏ការលើកលែងទោសពីលោកអភិបាលរដ្ឋ អាចនាំមនុស្សមកវិញ លប់ទោសពួកគេចោលហើយ លុបចោលការបញ្ជូនខ្លួនទៅវិញ យ៉ាងពិតប្រាកដមួយ»។
នៅពេលដែលប្តីអ្នកស្រីនៅជាប់ឃុំនៅឡើយ ប៉ុន្តែរួចផុតពីការបញ្ជូនខ្លួនទៅវិញ រហូតដល់ខែឧសភាក៏ដោយ ក្តីសង្ឃឹមរបស់អ្នកស្រី សឿន នាថ ដើម្បីជួបជុំជាមួយប្តីអ្នកស្រីឡើងវិញ ពឹងផ្អែកទៅលើលោកអភិបាលរដ្ឋ Jerry Brown។ អ្នកស្រីនិយាយថា៖
«នៅថ្ងៃសុក្រទី២១ធ្នូ នេះ ខ្ញុំជឿថាលោកអភិបាលរដ្ឋ Brown នឹងប្រកាសលើកលែងទោសប្តីនាងខ្ញុំ ពីព្រោះថ្ងៃច័ន្ទសប្តាហ៍ក្រោយ ជាថ្ងៃមុនបុណ្យណូអែល ហើយខ្ញុំមិនជឿថាលោកអភិបាលរដ្ឋ នឹងចេញមុខនៅមុនថ្ងៃបុណ្យណូអែល ដើម្បីធ្វើសេចក្តីប្រកាសនោះទេ»។
បើសិនជារឿងនេះកើតឡើងមែននោះ លោក ស៊ា អ៊ុន នឹងត្រឡប់មកផ្ទះវិញ ២ថ្ងៃក្រោយថ្ងៃខួបកំណើតទី៤ របស់កូនស្រីលោក ប៉ុន្តែយ៉ាងហោចណាស់ ក៏ទាន់ថ្ងៃបុណ្យណូអែលដែរ។
ប្រែសម្រួលដោយ ប៉ូច រាសី