ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​អាមេរិកាំង​ផ្តោត​លើ​តុល្យភាព​អំណាច សេដ្ឋកិច្ច និង​ការរើសអើង​ពូជសាសន៍​ក្នុង​ពេល​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ


ពលរដ្ឋ​ខ្មែរ​សញ្ជាតិ​អាមេរិក​ម្នាក់ ថត​រូប​ជាមួយ​សកម្មជន​ឃោសនា​គណបក្ស​នយោបាយ​ បន្ទាប់​ពី​លោក​បាន​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​រួច នៅទីក្រុង Lowell រដ្ឋ Massachusetts ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបថត​ផ្តល់​ឲ្យ)

ក្រុមអ្នក​បោះឆ្នោត​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ដែល​ចេញ​ទៅ​បោះឆ្នោត​ពាក់​កណ្តាល​ អាណត្តិ​កាលពី​ថ្ងៃអង្គារ​ទី ៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ចង់​ឃើញ​ការផ្លាស់ប្តូរ​ក្នុង​ការគ្រប់ គ្រង​របស់​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ។

នៅ​ថ្ងៃ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ក្នុង​ប្រទេស​អាមេរិក ខ្មែរ​អាមេរិកាំង ដែល​ចេញ ទៅ​បោះឆ្នោត​នៅ​តាម​បណ្តា​រដ្ឋ​នានា បាន​ផ្តោត​លើ​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​អំណាច សេដ្ឋកិច្ច និង​ការឈប់​រើសអើង​ជាតិសាសន៍។ ពួកគេ​ចង់​ឃើញ​មាន​ការកែទម្រង់​បញ្ហា​ទាំង​នេះ និង​ចង់​ឃើញ​តុល្យភាព​អំណាច​ក្នុង​សភា​អាមេរិកាំង​រវាង​គណបក្ស​ធំៗ​ទាំងពីរ ហើយនឹង​កំណែ​ទម្រង់​លើ​បញ្ហា​ច្រើន​ទៀត ក្រោយ​លទ្ធផល​បោះឆ្នោត​ចេញ។

ក្រុមអ្នក​បោះឆ្នោត​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ដែល​ចេញ​ទៅ​បោះឆ្នោត​ពាក់​កណ្តាល​ អាណត្តិ​កាលពី​ថ្ងៃអង្គារ​ទី ៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ចង់​ឃើញ​ការផ្លាស់ប្តូរ​ក្នុង​ការគ្រប់ គ្រង​របស់​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ។ ការផ្លាស់ប្តូរ​នោះ​រួមទាំង ប្រព័ន្ធ​ផ្ទៀងផ្ទាត់​អំណាច​ក្នុងសភា​អាមេរិកាំង​សម្រាប់​គណបក្ស​ទាំងពីរ ​ដែលត្រូវ​មាន តុល្យភាព​អំណាច​ ការរីក​ចម្រើន​សេដ្ឋកិច្ច ​និងការ​បញ្ឈប់​ការរើសអើង​ជាតិ​សាសន៍ ជាដើម ។

លោក​ស្រី ​សេង ជេណេត ​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រស់នៅ​ក្នុង​រដ្ឋ ​ភេនស៊ីលវីនៀ ​បាន ថ្លែង​ថា​គណបក្ស​ទាំងពីរ​ត្រូវមាន​តុល្យភាព​អំណាច ​និង ​អាចត្រួត​ពិនិត្យ​ផ្ទៀងផ្ទាត់​គ្នា ហៅ​ថា​ checks and​ balances ​បាន ​ហើយនឹង​មិន​អនុញាត​ឲ្យ​ប្រធានាធិបតី​ធ្វើ​អ្វី​បាន​តាម​ចិត្ត​ទេ។

«ខ្ញុំ​ចង់​ឃើញ​ការ​ផ្លាស់ប្តូរ ពីព្រោះ​ខ្ញុំ​ចង់​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​ហ្នឹង​មក​កាន់​កាប់ សភា ​និង​ព្រឹទ្ធសភា​ឡើង​វិញ ​ដោយ​ឲ្យ​មាន​ការត្រួតពិនិត្យ​ផ្ទៀងផ្ទាត់‍​ (Checks and balances)»។

លោកស្រី Janet Seng ពលរដ្ឋ​ខ្មែរសញ្ជាតិអាមេរិកាំង​ម្នាក់ បាន​ទៅ​ចូលរួម​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​ទីក្រុង Philadelphia ​រដ្ឋ Pennsylvania ​ថ្ងៃទី៦ ខែវិច្ឆិកា ​ឆ្នាំ២០១៨។ (រូបថត​ផ្តល់​ឲ្យ)
លោកស្រី Janet Seng ពលរដ្ឋ​ខ្មែរសញ្ជាតិអាមេរិកាំង​ម្នាក់ បាន​ទៅ​ចូលរួម​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​ទីក្រុង Philadelphia ​រដ្ឋ Pennsylvania ​ថ្ងៃទី៦ ខែវិច្ឆិកា ​ឆ្នាំ២០១៨។ (រូបថត​ផ្តល់​ឲ្យ)

លោកស្រី ​បាន​អះអាង​ថា លោកស្រី​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ទេ ​ដោយសារ​លោក​បាន​ប្រើ​ពាក្យ​ និង​អាកប្បកិរិយា​មាក់ងាយ​ស្រី្ត​ភេទ​ រើសអើង​ជាតិ​សាសន៍ និង​រើសអើង​ដល់​ជន​អន្តោប្រវេសន៍​ ហើយ​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​ប្រទេស​ចុះ​ឱនភាព​ជាដើម។ ហើយ​មួយ​វិញ​ទៀត ​លោកស្រី​ក៏​ចង់​ឃើញ​អភិបាល​រដ្ឋ ដែល​ត្រូវ​ជ្រើសរើស​ដោយ​ពលរដ្ឋ​នៅក្នុង​ការបោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ផងនោះ ត្រូវតែ​ប្រើប្រាស់​ថវិកា​ជួយ​ដល់​ផ្នែក​អប់រំ​ជា​សំខាន់​ជាង​វិស័យ​ផ្សេង​ទៀត។

គណបក្ស​សាធារណរដ្ឋ​កំពុង​កាន់កាប់​អង្គនីតិប្បញ្ញតិ ​គឺ​សភា ​និង​ព្រឹទ្ធសភា ​អង្គ​នីតិប្រតិបត្តិ គឺ​រដ្ឋាភិបាល ឬ ប្រធានាធិបតី និង​ប្រព័ន្ធ​យុត្តិធម៌ ឬ ​តុលាការ​នៅ​មុន​ពេល​លទ្ធផល​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ ដោយ​ធ្វើ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ ​គ្មាន​កម្លាំង​តវ៉ា ឬ ជំទាស់​នោះ​ឡើយ ទៅ​លើ​ច្បាប់ និង​ការ​សម្រេច​របស់​គណបក្ស​ សារធារណរដ្ឋ​របស់​ប្រធានាធិបតី។ តែ​ជាមួយ​នឹង​លទ្ធផល​បោះឆ្នោត​បឋមៗ ​នៅ​ថ្ងៃ នេះ ​គណបក្ស​ប្រជាធិបតេយ្យ ​បាន​ឈ្នះ និង​គ្រប់គ្រង​រដ្ឋ​សភា​ដោយ​សំឡេង​ភាគច្រើន ​គឺ ២២២ ​ទល់នឹង​ ១៩៩ ​នឹង​មាន​អំណាច​ឡើងវិញ។

លោកស្រី សេង ជេណេត ​បាន​បន្ត​ថា​ ជា​ការ​សំខាន់​ដែល​ពលរដ្ឋ​ខ្មែរ អាមេរិកាំង ត្រូវ ចូលរួម​ក្នុង​នយោបាយ​អាមេរិកាំង​ ដើម្បី​សហគមន៍​ខ្លួន​ឯង​ ប្រទេស​អាមេរិក ​និង​ផល ប្រយោជន៍​ដល់​ប្រទេស​កំណើត។

«ហើយ​បើ​យើង​អត់​ទៅ​ជួយ​គេ ​អត់​បោះ​ឆ្នោត​ អត់​ដឹង​ថា​នរណា​គេ​ធ្វើ​អី​ គេ​ក៏​មិន​អាច ជួយ​យើង​បាន​ ហើយ​យើង​ក៏​មិន​អាច​ជួយ​ប្រទេស​ជាតិ​យើង​បាន​ទេ។​អញ្ចឹង​វា​ពាក់ព័ន្ធគ្នា។ យើង​ជា​ខ្មែរអាមេរិកាំង ​យើង​មក​ដល់​នេះ យើង​មាន​សិទ្ធិ​ពេញលេញ​ យើង​រស់នៅ​ក្នុង​ប្រទេស​មួយ​អាច​បញ្ចេញ​មតិ​ អាច​សំឡេង ​យើង​គួរ​ណា​ខំ​ប្រឹង​ចេញ​មក​ចូលរួម ក្នុង​ការ​បោះឆ្នោត​ ចូលរួម​នៅ​ក្នុង​សង្គម​អាមេរិកាំង‍»។

លោក គុជ ច័ន្ទលី ពលរដ្ឋ​ខ្មែរ​សញ្ជាតិ​អាមេរិកាំង​ម្នាក់ បាន​ទៅ​ចូលរួម​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​ទីក្រុង Montgomery ​រដ្ឋ Maryland ​ថ្ងៃទី៦ ខែវិច្ឆិកា ​ឆ្នាំ២០១៨។ (រូបថត​ផ្តល់​ឲ្យ)
លោក គុជ ច័ន្ទលី ពលរដ្ឋ​ខ្មែរ​សញ្ជាតិ​អាមេរិកាំង​ម្នាក់ បាន​ទៅ​ចូលរួម​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​ទីក្រុង Montgomery ​រដ្ឋ Maryland ​ថ្ងៃទី៦ ខែវិច្ឆិកា ​ឆ្នាំ២០១៨។ (រូបថត​ផ្តល់​ឲ្យ)

លោក​ គុជ ច័ន្ទលី​ អ្នកវិភាគ ​និង​ជា​ពលរដ្ឋ​ខ្មែរអាមេរិកាំង​រស់នៅ​ក្នុង​រដ្ឋ​ម៉ារីឡែន​ បាន​ចេញ​ទៅ​បោះឆ្នោត​ហើយ​ដែរ បាន​អះអាង​ថា ​លោក​ក៏​ចង់​បាន​ពហុបក្ស​គ្រប់គ្រង​សភា​អាមេរិកាំង​ ត្រូវ​ឆ្លាស់​គ្នា ​ឬ ​គណបក្ស​ទាំងពីរ​ អាច​ត្រួត​ពិនិត្យ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ និង​មាន​តុល្យភាព​អំណាច។

«មិន​ល្អទេ ​តែ​កាលណា ​ធ្វើការ​អញ្ចឹង​ទៅ ​បើសិន​ជាអ្នក​ដឹកនាំ​ប្រទេស​ហ្នឹង​ឧទាហរណ៍​ថា​ប្រធានាធិបតី​ហ្នឹង​មាន​គំនិត​ប្រកាន់​ពូជសាសន៍ ​រើសអើង​ពូជសាសន៍ អាហ្នឹង​វា​ទៅ​ជា​រើសអើង​ពូជសាសន៍​ទាំងអស់​គ្នា​ វា​អត់​មាន​អ្នកប្រឆាំង​ វា​អត់​មាន អ្នកទប់ទល់​ ហើយ​ការបង្កើត​ច្បាប់​ក៏​ចេះ​តែ​អនុគ្រោះ​ទៅ‍»។

ក្រុម​អ្នក​ប្រជាធិបតេយ្យ​និយម​បាន​អះអាង​ថា សហរដ្ឋ​អាមេរិក​នឹង​ក្លាយ​ជា​ប្រទេស ឈាន​ទៅ​រក​របប​ផ្តាច់ការ​និយម​ និង​អាប់ឱន​កិត្តិយស​លើ​ពិភព​លោក​ដែរ​ ប្រសិន​បើ ការបោះឆ្នោត​នេះ​ ផ្តល់​លទ្ធផល​ដល់​គណបក្ស​សាធារណរដ្ឋ​ឲ្យ​គ្រប់គ្រង​ស្ថាប័ន​ទាំង បី​ផ្តាច់​មុខ​តទៅ​ទៀត។​ តែ​ពួក​សាធារណរដ្ឋ​និយម​វិញ​បាន​អះអាង​ថា មាន​តែ​គណបក្ស​សាធារណរដ្ឋ​ទេ ​ដែល​អាច​ស្តារ​សេដ្ឋកិច្ច ​និង​មុខមាត់​ប្រទេស ​ហើយ​ហ៊ាន​ទប់ស្កាត់​បញ្ហា​ធំៗ​របស់​ជាតិ​ និង​អន្តរជាតិ។ ​ទោះជា​យ៉ាងណា​ ក្តីសង្ឃឹម​របស់​ពលរដ្ឋ​ខ្មែរ អាមេរិកាំង ​មួយ​ចំនួន​ ដែល​ចង់​ឲ្យ​មាន​តុល្យភាព​អំណាច ឬ ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​មួយ​បែប ពហុនិយម​នោះ បាន​កើត​ឡើង​ដូច​ក្តី​រំពឹង​ទុក នៅ​ពេល​គណបក្ស​ប្រជាធិបតេយ្យ ទាញ​ស្ថាប័ន​សភា​ពី​ការគ្រប់គ្រង​របស់​គណបក្ស​សាធារណរដ្ឋ។ តែ​គណបក្ស​សាធារណរដ្ឋ​នៅតែ​មាន​សំឡេង​ភាគច្រើន​ក្នុង​ព្រឹទ្ធសភា ​ដ៏​មាន​អំណាច​ដដែល។

លោក​ មុយ ចំរើន ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ ក្នុង​រដ្ឋធានី ​វ៉ាស៊ីនតោន ​បាន​ទាយ​ទុក​ថា គណបក្ស​សាធារណរដ្ឋ​នឹង​នៅតែ​មាន​អំណាច​លើសលុប​ដោយសារ​ពលរដ្ឋ​អាមេរិកាំង​ នៅ​តែ​ជឿ​លើ​ការដឹកនាំ​របស់​គណបក្ស​សាធារណរដ្ឋ​ ជាពិសេស​ចំណាត់ការ​ដ៏​មុតមាំ​របស់​លោក​ប្រធានាធិបតី​ ត្រាំ​ ដូចជា​រឿង​ទប់ស្កាត់​ជនអន្តោប្រវេសន៍​នៅ​ព្រំដែន​ជាដើម។

«ឥឡូវ​នេះ​គាត់​មាន​ប្រជាប្រិយភាព​ខ្លាំង​ជាង​មុន​ទៀត​ព្រោះ​គ្មាន​នរណា​ហ៊ាន​ធ្វើទេ ឥឡូវនេះ​ លោក ​ត្រាំ ​ឲ្យទាហ៊ាន​ដាក់លួស​សំណាញ់ទប់ពួក​នោះ ​ហើយ​ឥឡូវនេះ ពួកនោះ​ខ្លាច​ រាថយ​អត់ហ៊ាន​មកទេ‍»។

លោក​បន្តថា​ ប្រទេស​មិកស៊ីក ​ត្រូវចូលរួម​ទប់ស្កាត់​ដែរ បើ​ពុំ​ដូច្នោះ​ទេ​ នឹង​ត្រូវ​រង​វិធាន ការអាមេរិក ​ដូចជា​ការ​តម្លើង​ពន្ធ ឬ ក៏​ដក​សញ្ជាតិ។

«លោក​ត្រាំ ​គឺ​ជា​ប្រធានាធិបតី​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក។ លោក​បាន​កែ ទម្រង់​បញ្ហា​ជាច្រើន‍»។

លោកថ្លែងយ៉ាង​ដូច្នេះ ​ដោយ​លើក​យក​ការកែទម្រង់​ជាច្រើន​រួមទាំង​បញ្ហា​អន្តោប្រវេសន៍​ បញ្ហា​សេដ្ឋកិច្ច​ និង​គោល​នយោបាយ​ការ​បរទេស ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មក​នៃ​អាណត្តិ​ទី១​របស់​លោក។

លោក តាន់ វិបុល​ ជា​ពលរដ្ឋ​ខ្មែរអាមេរិកាំង​រស់នៅ​ក្នុង​រដ្ឋ​វីជីនៀ ​បាន​ចេញ​ទៅ​បោះឆ្នោត ដោយ​ចង់​ឃើញ​ការផ្លាស់ប្តូរ​ពី​ការបែកបាក់​គ្នា​ទៅ​ជា​ការជានា​គ្នា​វិញ ​ក្នុង​សង្គម​អាមេរិកាំង។

«រឿង​កែប្រែ​ហ្នឹង ​ចម្បង​គឺ​ការស្រុះស្រួល​គ្នា​ មូលមតិ​គ្នា​មក​វិញ គឺ​កុំ​ឲ្យ​ប្រកាន់​និន្នាការ និង​លាប​ពណ៌​គ្នា​ទៅ​វិញ​ទៅ​មក‍»។

លោក​បន្ត​ថា ​ការរើសអើង ​ការប្រកាន់​និន្នាការ​នយោបាយ​បែប​ជ្រុល​និយម ​បាន​កើត ឡើង ​ដែល​មិន​គួរឲ្យ​កើត​សម្រាប់​ប្រទេស​អាមេរិក។

តែ​លោក ​វិបុល​ ដែល​ចង់​ឃើញ​អ្នកនយោបាយ​អាមេរិកាំង​ និង​ប្រធានាធិបតី​ កែប្រែ ឥរិយាបទ​ផងនោះ​ បាន​បន្ត​ថា​ពលរដ្ឋ​អាមេរិកាំង​ នឹង​ផ្តល់​តុល្យភាព​អំណាច​សម្រាប់​គណបក្ស​ទាំងពីរ ដើម្បី​ឲ្យ​មាន​ការផ្ទៀងផ្ទាត់ ​និង​តាមដាន​ការដឹកនាំ​ប្រទេស​របស់​រដ្ឋាភិបាល ដើម្បី​កំណែ​ទម្រង់​ប្រទេស៕

XS
SM
MD
LG