ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកបោះឆ្នោត​គាំទ្រ​ការកំណត់​ព្រំដែន​សង្កាត់​ខ្មែរ​នៅ​ក្រុងឡុងប៊ិច​ឡើង​វិញ


សមាជិក​នៅ​សហគមន៍​ខ្មែរ ជួបគ្នា​ក្រោយពី​ការទាមទារ​របស់​ពួកគេ​ឱ្យ​បែងចែក​ឡើង​វិញ​នូវ​ខ្សែ​បន្ទាត់​ព្រំប្រទល់​នៅ​ក្រុងឡុងប៊ិច ត្រូវ​បាន​បោះឆ្នោត​គាំទ្រ នៅ​ថ្ងៃ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ កាលពី​អង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (ម៉ែន គឹមសេង/VOA)

ក្នុង​ចំណោម​វិធានការ​ទាំងនោះ គឺ​មាន​ការស្នើ​ឱ្យ​បែងចែក​ឡើងវិញ​នូវ​ខ្សែ​បន្ទាត់​ព្រំប្រទល់​សង្កាត់ (ហៅថាវិធានការDDD) ដែល​សហគមន៍​ខ្មែរ​យល់​ថា បាន​ធ្វើឱ្យ​សហគមន៍​បាត់បង់​លទ្ធភាព​ប្រមូល​កម្លាំង​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរអាមេរិកាំង ក្នុងការបោះឆ្នោត​នៅថ្នាក់​មូលដ្ឋាន។

សកម្មជន​សហគមន៍​ខ្មែរ-អាមេរិកាំង​នៅ​ទីក្រុង​ឡុងប៊ិច បាន​សម្តែង​ការអបអរសាទរ​ក្រោយពី​វិធានការ​ចំនួន​៥ ដែល​បាន​ស្នើឡើង​សម្រាប់​ទីក្រុង​ឡុងប៊ិច រដ្ឋកាលីហ្វញ៉ា ត្រូវ​បាន​អ្នកបោះឆ្នោត​សម្រេច​គាំទ្រ​នៅក្នុង​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​កាលពី​ថ្ងៃអង្គារ ទី៦ ខែវិច្ឆិកា។

ក្នុង​ចំណោម​វិធានការ​ទាំងនោះ គឺ​មាន​ការស្នើ​ឱ្យ​បែងចែក​ឡើងវិញ​នូវ​ខ្សែ​បន្ទាត់​ព្រំប្រទល់​សង្កាត់ (ហៅថាវិធានការDDD) ដែល​សហគមន៍​ខ្មែរ​យល់​ថា បាន​ធ្វើឱ្យ​សហគមន៍​បាត់បង់​លទ្ធភាព​ប្រមូល​កម្លាំង​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរអាមេរិកាំង ក្នុងការបោះឆ្នោត​នៅថ្នាក់​មូលដ្ឋាន។ អ្នកបោះឆ្នោត បាន​គាំទ្រ​ដោយ​សំឡេង ៤៨.៧៧៤ (៥៨,៥៩%) ទល់​នឹង​សំឡេង​ជំទាស់​ចំនួន៣៤.៤៧៦ (៤១.៤១%)។ នេះ​បើ​តាម​តួលេខ​ផ្លូវការ។

លោក ឆាល សុង សហ​មេដឹកនាំ​នៃ​ចលនា​សមធម៌​ខ្មែរ​ដែល​បាន​ទាមទារ​ឱ្យ​មាន​ការបែងចែក​បន្ទាត់​ព្រំប្រទល់​សង្កាត់​ឡើងវិញ​បាន​បញ្ជាក់​ថា៖

«លទ្ធផល​នេះ​បាន​បង្ហាញ​ថា ឥទ្ធិពល​គឺ​មិនមែន​ស្ថិត​នៅ​លើ​អភិបាល​ក្រុង ឬ ក្រុមប្រឹក្សា​ក្រុង គឺ​ស្ថិត​នៅ​លើ​យើង​ទាំងអស់គ្នា។ អីចឹង​ហើយ​បាន​ថា ឆ្នាំ​នេះ​ខុសប្លែក​ពី​ឆ្នាំ​ណា​ទាំងអស់ គឺ​មាន​បងប្អូន​ខ្លះ​មិន​ដែល​បោះឆ្នោត​៣០​ឆ្នាំ​ហើយ ហើយ​នេះ​ជា​ការបោះឆ្នោត​លើក​ទីមួយ​របស់​គាត់ដោយសារតែ​យល់​ឃើញ​ពី​សារ:សំខាន់​ហ្នឹង»។

កញ្ញា ឡូរ៉ា សោម អ្នកដឹកនាំ​មួយរូប​នៃ​ចលនា​សមធម៌​ខ្មែរ​យល់​ថា វិធានការDDDនេះ​ចូល​ដល់​បេះដូង​សហគមន៍​ខ្មែរ​ដោយសារតែ​ចាប់តាំង​ពី​ឆ្នាំ​២០១១ មក​សហគមន៍​ខ្មែរ​នៅក្នុង​ទីក្រុង​ឡុងប៊ិច​ត្រូវ​បាន​អាជ្ញាធរ​គូស​បែងចែក​ព្រំដែន​ចូល​ទៅ​ក្នុង​សង្កាត់​ចំនួន​បួន ដែល​មាន​សង្កាត់​លេខ១ លេខ២ លេខ៤ និង​លេខ៦ ជាជាង​ដាក់​ពួកគេ​នៅក្នុង​សង្កាត់​តែមួយ។

កញ្ញា​បាន​បន្ថែម​ថា៖

«នៅ​ទីក្រុង​ឡុងប៊ិច​បើសិនជា​គេ​យក​ភាគច្រើន​នៃ​សំឡេង​របស់​ខ្មែរ​ទៅ​បែង​ជា​ចេញ​ជាបួន​សង្កាត់​គឺ​គ្មានភាព​ស្មើគ្នា​ទេ​ហើយ​ក៏​គ្មាន​យុត្តិធម៌​ដែរ​ពីព្រោះ​យើង​គ្មាន​សំឡេង​ច្រើន​ដើម្បី​ធ្វើអ្វី​មួយ​នៅ​ទីក្រុង​ឡុងប៊ិច»។

ការប៉ះពាល់​នេះ​មាន​មក​លើ​ផ្នែក​សេវា​សង្គម​និង​ថវិកា​ដែល​ទទួល​បាន​ពី​រដ្ឋាភិបាល​សហព័ន្ធ​ដែល​ធ្វើឱ្យ​ពលរដ្ឋ​ខ្មែរ​ក្លាយជា​ពលរដ្ឋ​ភាគតិច​នៅក្នុង​សង្កាត់​ទាំងបួន​ហើយ​ទទួល​បាន​ការយកចិត្ត​ទុកដាក់​តិចតួច។

កញ្ញា​បាន​បន្ថែម​ថា៖

«ម៉្លោះ ហើយ​ខ្មែរ​យើង​គឺ​មាន​ការពិបាក​ណាស់​ពីព្រោះ​សេវា​ដែល​សក្តិសម​នឹង​ប្រពៃណី​ខ្មែរ​គឺ​គេ​អត់​មាន​ហើយ​ការស្គាល់​ប្រពៃណី​ខ្មែរ​ក៏​អត់​មាន​អ្នកណា​ស្គាល់​ទៀត។ នេះ​ហើយ​ជា​សមធម៌​ដែល​យើង​ចង់សុំ​យក​ពី​គេ​មក»។

ទីក្រុង​ឡុងប៊ិច​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ជាង ៥០០០០ នាក់​ដែល​ជា​សហគមន៍​ខ្មែរ​ក្រៅ​ប្រទេស​ដ៏​ធំ​ជាងគេ​បំផុត​ហើយ​ទទួល​បាន​រហ័សនាម​ថា«ប្រទេស​កម្ពុជា​ទីពីរ»។ ភាគច្រើន​នៃ​ពួកគេ​បាន​មក​រស់នៅ​ក្រោយពី​ការដួល​រលំ​នៃ​របប​ខ្មែរក្រហម​កាលពី​ជិត​៤០​ឆ្នាំ​មុន។

ពលរដ្ឋ​ខ្លះ​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​ប៉ុន្តែ​អ្នកខ្លះ​ក៏​នៅ​ជួប​ការលំបាក​ដែល​តម្រូវ​ឱ្យ​មាន​ការជួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល។

កញ្ញា ឡូរ៉ា សោម យល់​ថា ជំងឺ​បាក់ស្បាត​ស្មារតី​ពី​របប​ខ្មែរក្រហម​បាន​រារាំង​ពលរដ្ឋ​ខ្មែរអាមេរិកាំង​មិន​ឱ្យ​ចូលប្រឡូក​ខ្លាំង​ក្នុង​នយោបាយ​នៅ​សហរដ្ឋ​អាមេរិក​និង​មិន​ទទួល​បាន​ពេញលេញ​នូវ​ធនធាន​រដ្ឋ​ដែល​មាន​សម្រាប់​សហគមន៍។

កញ្ញា​បាន​បន្ថែម​ថា៖

«ទីមួយ​ប្រពៃណី​យើង​និង​ប្រពៃណី​របស់​គេ​ខុសគ្នា​ណាស់​ម្ល៉ោះ ហើយ​បើសិនជា​យើង​មាន​ជំងឺ​បាក់ស្បាត​ខ្លាំង​ហើយ​យើង​ត្រូវ​ទាក់ទង​អ្នកនយោបាយ​ជាមួយ​នឹង​សមាជិក​ក្រុមប្រឹក្សា ចៅសង្កាត់ ឬ ចៅហ្វាយក្រុង​ គេ​មិន​អាច​ស្តាប់​យើង​បាន​ម៉្លោះ ហើយ​ទោះបីជា​យើង​ជា​មេដឹកនាំ​សហគមន៍​ហើយ​យក​បញ្ហា​ប្រជាជន​យើង​ទៅ​ប្រាប់​គេ​ប៉ុន្តែ​យើង​អត់​ស្គាល់​ប្រពៃណី​គេ​គឺ​គេ​មិន​អាច​ស្តាប់​យើង​បាន​ហើយ​ក៏ស្តាប់​យើង​មិន​យល់»។

ក្រៅពី​វិធានការ​បែងចែក​បន្ទាត់​ព្រំដែន​សង្កាត់​ ក្រុម​អ្នកបោះឆ្នោត​ក៏​បាន​ផ្តល់​ការគាំទ្រ​ដល់​ការផ្តល់​ជូន​ក្រុម​សវនករ​ទីក្រុង​នូវ​អំណាច​ធ្វើការ​ត្រួតពិនិត្យ​មើល​ការងារ​និង​ទទួល​បាន​ឯកសារ​ចាំបាច់​ពី​ទីក្រុង​ដើម្បី​បំពេញ​ការងារ (វិធានការAAA) អនុញ្ញាត​ឱ្យ​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​និង​អភិបាល​ក្រុង​ដែល​ជាប់ឆ្នោត​កាន់​ការងារ​ច្រើន​បំផុត​បានតែ​បី​អាណត្តិ​និង​លុបចោល​ការសរសេរ​ឈ្មោះ​ចូល​នៅ​លើ​សន្លឹក​ឆ្នោត (វិធានការBBB) បង្កើត​គណោៈ​កម្មការ​ក្រមសីលធម៌​មួយ​ដែល​មាន​សមាជិក​៧នាក់ (វិធានការCCC) និង​ចុងក្រោយ គឺ តម្រូវ​ឱ្យ​សណ្ឋាគារ​ដែល​មាន​៥០​បន្ទប់​ឡើង​ទៅ​បំពាក់​ប៊ូតុង​ប្រកាស​សញ្ញា​អាសន្ន​ដើម្បី​ការពារ​អ្នកសម្អាត​អនាម័យ​ពី​ការយាយី​រំខាន​ផ្លូវភេទ​និង​ហាមឃាត់​ម្ចាស់សណ្ឋាគារ​មិន​ត្រូវ​តម្រូវ​ឱ្យ​ពួកគេ​ធ្វើការ​លើស​ពី ៣៧០​ម៉ែត្រការ៉េ ក្នុងពេល​បំពេញ​ការងារ​៨ម៉ោង (វិធានការWW)។

តាម​គម្រោង ការកំណត់​បែងចែក​ព្រំដែន​សង្កាត់​នឹង​កើត​ឡើង​នៅក្រោយពី​ការធ្វើ​ជំរឿន​ប្រជាពលរដ្ឋ​នៅ​ឆ្នាំ២០២០ ដូច្នេះ​អាច​នឹង​ធ្វើការ​បែងចែក​ព្រំប្រទល់​ថ្មី​នៅ​ឆ្នាំ២០២១ ប៉ុន្តែ​បើ​មាន​ការចាំបាច់​ក៏​អាច​ធ្វើ​នៅមុន​ពេល​នេះ​ក៏​បាន​តាម​ការចាំបាច់​ហើយ​សកម្មជន​សហគមន៍​ចង់​ឱ្យ​ធ្វើក្នុង​ពេល​ឆាប់ៗ។

លោក អាឡិច ណ័រមែន ជា​ប្រធាន​មជ្ឈមណ្ឌល​សម្មាធិ កសិកម្ម យោហ្កា និង​ការអប់រំ (Maye) និង​ជា​ទីប្រឹក្សា​ដល់​ចលនា​សមធម៌​ខ្មែរ​បាន​បញ្ជាក់​ថា ការបំបែក​សហគមន៍​ខ្មែរ​គឺ​ជា​ការដើរផ្ទុយ​នឹង​គោលការណ៍​របស់​សាលាក្រុង​ខ្លួនឯង​ដែល​កំណត់​ថា មិន​ត្រូវ​បំបែក​សហគមន៍​ភាគតិច​ណាមួយ​ឡើយ​ហើយ​អាជ្ញាធរ​មាន​កាត្វកិច្ច​យក​បញ្ហា​នេះ មក​ដោះស្រាយ​ដើម្បី​កែប្រែ​កំហុស​ឆ្គង​របស់​ខ្លួន។

លោក ណ័រមែន បាន​បន្ថែម​ថា បើ​ទោះបីជា​វិធានការDDDត្រូវ​បាន​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ​ហើយ​ក៏ដោយ​ក៏​សកម្មជន​នឹងត្រូវ​ធ្វើការ​ជាមួយ​នឹង​អាជ្ញាធរ​ឱ្យ​ដោះស្រាយ​បញ្ហា​នេះ​ជា​អាទិភាព៖

«យើង​ធ្វើការ​ដោយ​ឈរ​លើ​មូលដ្ឋាន​ថា​បើ​មាន​ការពន្យា​ក្នុង​ការផ្តល់​យុត្តិធម៌ គឺ​ជា​ការបដិសេធ​យុត្តិធម៌​ហើយ​ដូច្នេះ​យើង​ចង់​ឱ្យ​កិច្ចការ​នេះ​បាន​ចប់​សព្វ​គ្រប់​នៅមុន​ការបោះឆ្នោត​ក្នុងឆ្នាំ​២០២០​ដែល​នៅ​ពេលនោះ​នឹង​ផ្តល់​ឱកាស​ដល់​សហគមន៍​ខ្មែរ​មាន​សំឡេង​ដែល​មាន​ឥទ្ធិពល​នយោបាយ​ជាង​មុន»។

ក្រុម​សកម្មជន​ប្រមូល​បាន​ហត្ថលេខា​ចំនួន​បីពាន់​ដូច្នេះ​ពួកគេ​នឹង​យក​ញត្តិ​ដែល​មាន​ហត្ថលេខា​គាំទ្រ​នោះ​ទៅ​ក្រុមប្រឹក្សា​ក្រុង​នៅ​សប្តាហ៍​ក្រោយ។ ពួកគេ​ចង់​ឱ្យ​មាន​ការសម្រេច​នៅមុន​ការបោះឆ្នោត​ដែល​នឹង​មក​ដល់​នៅ​ឆ្នាំ២០២០ ព្រោះ​ដើម្បី​ឱ្យ​ពលរដ្ឋ​កម្ពុជា​មាន​សំឡេង​ខ្លាំង​ជាង​មុន។

ក្នុង​រយ:ពេល​៤០ឆ្នាំ ដែល​ពលរដ្ឋ​ខ្មែរ​រស់នៅ​ទីក្រុងឡុង​ប៊ិច គឺ​គ្មាន​អ្នកតំណាង​ណា​ម្នាក់​ជាប់ឆ្នោត​នៅ​ថ្នាក់​ក្រុង​ឡើយ។ កាលពី​ឆ្នាំ២០០៦​ធ្លាប់​មាន​បេក្ខជន​ខ្មែរអាមេរិកាំង​ម្នាក់​ឈរ​ឈ្មោះ​ដែរ​នៅ​សង្កាត់​លេខពីរ ប៉ុន្តែ​មិន​បាន​ឈ្នះ​ដោយសារ​មាន​សំឡេង​ខ្មែរ​គាំទ្រ​តិចតួច។

លោកស្រី វី ស្រ៊ន សមាជិក​នៃ​មជ្ឈមណ្ឌល Maye និង​ជា​អ្នក​បាន​សួរ​សំណួរ​ស្តីពី​វិធី​យក​អំណាច​សម្រាប់​សហគមន៍​ខ្មែរ​ហើយ​ដែល​នាំ​ឱ្យ​មាន​ចលនា​សមធម៌​ខ្មែរ​កាលពី​ខែកញ្ញា ឆ្នាំ២០១៧​បាន​ថ្លែង​ថា លោកស្រី​មាន​«ក្តីរំភើប» ព្រោះ​ក្តីប្រាថ្នា​ចង់​បាន​សំឡេង​នយោបាយ​មួយ​ជា​យូរ​ឆ្នាំ​មក​ហើយ​ទើបតែ​បាន​ចេញ​ជា​រូបរាង​ពិតប្រាកដ​មួយ​នៅ​ពេល​នេះ៕

XS
SM
MD
LG