ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពុទ្ធ​បរិស័ទ​ខ្មែរ​ប្រារព្ធ​ថ្ងៃ​កាន់​បិណ្ឌទី១​នៃ​បុណ្យ​ភ្ជុំ​បិណ្ឌ


ដោយ​មាន​ចង្ហាន់ ​ធូប​ ទាន​ ​រួម​ទាំង​ផ្កាភ្ញី ​​ប្រជា​ពលរដ្ឋ​កម្ពុជា​បាន​ចាប់​ផ្តើម​ ​ប្រារព្ធ​​ថ្ងៃ​កាន់​បិណ្ឌ​ទី​មួយ​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​រយៈ​ពេល​១៥​ថ្ងៃ​កាល​ពីព្រឹក​ថ្ងៃ​ច័ន្ទ​​នេះ។​​ ​

ដោយ​មាន​ចង្ហាន់ ​ធូប​ ទាន​ ​រួម​ទាំង​ផ្កាភ្ញី ប្រជា​ពលរដ្ឋ​កម្ពុជា​បាន​ចាប់​ផ្តើម​ ​ប្រារព្ធថ្ងៃ​កាន់​បិណ្ឌ​ទី​មួយ​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​រយៈ​ពេល​១៥​ថ្ងៃ​កាល​ពីព្រឹក​ថ្ងៃ​ច័ន្ទនេះ។ ​

ពុទ្ធ​បរិស័ទ​មួយ​ចំនួនក្នុង​រាជ​ធានី​ភ្នំពេញ​បាន​ក្រោក​ពី​ព្រឹក​ព្រហាម​ថ្ងៃ​ច័ន្ទ​នេះ​ដើម្បី​បោះបាយ​បិណ្ឌ​ និង​រាប់បាត​ក្នុង​វត្ត​អារាម ​មុន​ពេល​ចេញ​ទៅ​បំពេញ​ភារ​កិច្ច​រៀងៗ​ខ្លួន។​

លោក​អាចារ្យ​សាន​ ​ស៊ុយ​ សាស្រ្តាចារ្យ​នៅ​វិទ្យាល័យ​ព្រះសីហនុ​រាជ​ ​និង​ជា​អាចារ្យ​ប្រចាំ​វត្តកោះ​ បានប្រាប់ ​VOA ​កោយ​ពីពិធី​បោះ​បាយ​បិណ្ឌ​ក្នុងវត្ត​ដ៏​ចំណាស់​នេះ​ថា​ ជា​រៀង​រាល់​ឆ្នំា​ការ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​គឺ​ជា​ទំនៀម​ទម្លាប់​ជា​ធម្មតា​របស់​ពុទ្ធ​សាសនិក​ ​ហើយវត្ត​អារាម​នា​នា​តែង​តែ​រៀបចំដើម្បី​ស្វាគមន​ការ​ប្រារព្ធ​ពិធី​ភ្ជុំ​បិណ្ឌ​នេះ។

«ជា​ទូទៅ​ គ្រប់​វត្ត​អារាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ក៏​ដូច​ជា​បណ្តា​ខេត្ត​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ ​ចាប់​ពី​ម៉ោង​៤​ឡើង​ ព្រះ​សង្ឃ​ចាប់​ផ្តើម​ស្វាធ្យាយ​ រួច​មក​សូត្រ​បរា។​ រី​ឯ​ពុទ្ធ​បរិស័ទ​ តាម​ទំនៀម​ទម្លាប់​ គ្រប់​វត្ត​អារាម​នោះ​ នៅ​ពេល​ដែល​ម៉ោង៤​ជាង​ ដល់​ម៉ោង​៥​ភ្លឺ​ ​ពុទ្ធបរិស័ទ​តែង​តែ​នាំ​គ្នា​មក​ស្តាប់​ព្រះ​សង្ឃចម្រើននៅ​បរិបទ​សូត្រ​ និង​បោះ​បាយ​បិណ្ឌ»។​

ពាក្យ​ថា​ «ភ្ជុំ​បិណ្ឌ»មក​ពី​ពាក្យ​«ភ្ជុំ»​ រួម​គ្នា​ជា​មួយ​ពាក្យ​«បិណ្ឌ» ​ដែល​មាន​ន័យ​ថា​ ភ្ជុំ​គឺ​ការ​ប្រមូល​ផ្តុំ​ ឬ​ប្រជុំ។ ​បិណ្ឌ​មក​ពី​ភាសា​បាលី​«ដុំ​បាយ» ដូចេ្នះ​យើង​អាច​សម្គាល់​ពាក្យ​នេះ​តាម​វិធី​ងាយ​បាន​ថា​ គឺ​ជា​«ការ​ប្រជុំ​ ​ឬ​ប្រមូល​ផ្តុំ​ដុំ​បាយ»(ការ​ពូត​ដុំបាយ​ជា​ដុំៗ) ​ដែល​យើង​ហៅ​ថា​ «បាយ​បិណ្ឌ»។​

លោក​អាចារ្យ​សាន​ ស៊ុយ​បាន​ឲ្យដឹង​ទៀត​ថា​ ​នៅ​ថ្ងៃ​ដំបូងមាន​មនុស្ស​ច្រើន​មក​បោះ​បាយ​បិណ្ឌ​ ប៉ុន្តែ​នៅ​ថ្ងៃ​បន្ត​បន្ទាប់​មិន​សូវ​មាន​នោះ​ទេ។

«ពុទ្ធ​បរិស័ទ្ធ​នៅ​ក្នុង​រាជធានី​ភ្នំពេញគឺ​ថ្ងៃ​ដំបូង​នេះ​មាន​អ្នក​មក​បោះ​ច្រើន​ បន្ទាប់​មក​នៅ​ថ្ងៃ​បន្ត​បន្ទាប់​ មិន​សូវ​មាន​ទេ​ គឺ​មាន​តិច​តួច។​ មាន​ច្រើន​គឺ​មាន​តែ​ថ្ងៃ​សៅរ៍និង​ថ្ងៃ​អាទិត្យ​ហើយ​និង​ថ្ងៃ​សីល​ ព្រោះ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ហ្នឹង​ មន្ត្រី​រាជ​ការ​គាត់​ដែល​សម្រាកពី​ការងារ​ បាន​មក​ចូល​រួម​ក្នុង​ពិធី​បោះ​បាយ​បិណ្ឌ។​ ហើយ​ថ្ងៃ​សីល​ហ្នឹង​ ពុទ្ធ​បរិស័ទ​មក​សម្មា​ទាន​សីល។​ អញ្ចឹង​ថ្ងៃ​សីល​មក​ច្រើន​ និង​ថ្ងៃ​អាទិត្យ​មក​ច្រើន»។​

តម្រា​ចារ​តាម​ប្រវត្តិ​សាស្រ្ត​នៃ​ប្រទេសកម្ពុជា​យើង​បាន​បង្ហាញ​ថា​ ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​គឺ​កើត​មាន​តាំង​ពី​បុរាណ​កាល​មក​ម្ល៉េះ​ ប៉ុន្តែ​ទាស់​ត្រង់​ថា​ កាល​ពី​សម័យ​មុន​គេ​មិន​ហៅ​ថា​ បុណ្យ​ភ្ជុំ​ទេ​ ដោយ​នៅ​ក្នុង​ពិធី​នេះ​គេ​មាន​បែង​ចែក​ចេញ​ជា​ពីរ​ថ្នាក់។ ​ថ្នាក់​ដំបូង​គឺ​គេ​ចាប់​ផ្ដើម​ធ្វើ​ចាប់​ពី​ថ្ងៃ​១​រោចរហូត​ដល់​ថ្ងៃ​១៤​រោច​ ដែល​ហៅ​ថា​ ថ្ងៃ​កាន់​បិណ្ឌ។​ ​ចំណែក​មួយ​ថ្នាក់​ទៀត​ គេ​ធ្វើ​នៅ​ថ្ងៃ​១៥​រោច​ ​ដែល​គេ​ហៅ​ថា ​បុណ្យ​ភ្ជុំ ​ប៉ុន្តែ​បច្ចុប្បន្នពិធី​បុណ្យ​ទាំង​ពីរ​ថ្នាក់​នេះ​ត្រូវ​បាន​យើង​បូក​បញ្ចូល​គ្នា។​

​ដោយឡែក​ ​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ​បាន​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី០១​រោច​នេះ​រហូត​ដល់ ​ថ្ងៃ​ទី​១៥​រោច​ ខែ​ភទ្របទ​ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​ច័ន្ទ​២៨​ខែ​កញ្ញា​ដល់​ថ្ងៃ​ទី​១៣​ខែ​តុលា។​ ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​គឺ​ជា​ពិធី​បុណ្យ​សាសនា​របស់​ប្រទេស​កម្ពុជា​ ​ដែល​មាន​ដើម​កំណើត​តាំង​ពី​បុរាណ​មក។​ វត្ត​អារាម​នានា​នៅ​ទូទាំង​ប្រ​ទេសកំពុង​រៀប​ចំខ្លួនដើម្បី​ទទួល​ពុទ្ធ​សាសនិក​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ ​ដោយ​ពួក​គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ​ ​ឧទ្ទិស​កុសល​ដល់​ជីដូន​ជីតា​របស់​ពួកគេ​ដែល​បាន​ចែក​ឋាន​ទៅ។

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ ​បើគេ​សង្កេត​មើល​បរិវេណ​វត្ត​អារាម​នានា​នៅ​ព្រឹក​ថ្ងៃ​ដំបូង​នេះ​ ដូច​ជា​វត្ត​កោះ​ជា​ដើម​ គេឃើញ​ថា​ មាន​ភាព​អ៊ូអរ​ខុស​ពី​ថ្ងៃ​ធម្មតា​ ​ដោយ​សារ​នៅ​មុខ​ក្លោង​ទ្វារ​វត្ត​ ​មាន​អ្នក​លក់ផ្កា​ អ្នក​លក់​ទៀន​ធូប​ និង​អ្នក​រត់​រឺម៉កម៉ូតូ ឬ​ម៉ូតូ​ឌុប​ជា​ច្រើន​ មក​ផ្តុំ​គ្នា​ដោយ​រំពឹង​ថា​ ​នឹង​អាច​រក​ចំណូល​ច្រើន​ជាងថ្ងៃ​ធម្មតាពី​ពុទ្ធ​បរិស័ទ​ ​ដែល​អញ្ជើញ​មក​ឧទិ្ទសកុសល​ដល់​ញាត្តិ​សន្តាន​ដែល​បាន​ចែក​ឋាន​ទៅ។​

លោក​យាយ​ជួន​ ​ណៃបាន​ឲ្យដឹង​ថា ​លោក​យាយ​មាន​ជំនឿ​ទៅ​លើ​បុណ្យ​ភ្ជុំ​បិណ្ឌហើយ​បាន​បញ្ជាក់​ថា ​លោក​យាយ​អញ្ជើញ​ទៅ​វត្ត​ជា​រៀង​រាល់​ឆ្នាំ ​ឲ្យតែ​ដល់​រដូវ​បុណ្យ​ធំៗ​ណា​មួយ​របស់​ខ្មែរ។​

«យើង​ចង់​ធ្វើ​បញ្ជូន​ដល់​ញាតិ្តកា​យើង​ ​ដែល​បាន​ចែក​ឋាន​ទៅ​ហ្នឹង​ ​ឲ្យគាត់​បាន​អញ្ជើញ​មក​ពិសារ។ ​រាល់​ថ្ងៃ​ហ្នឹង ​ខ្ញុំ​ឧទិ្ទស​កុសល​ជូន​គាត់»។​

បើ​យោង​ទៅ​តាម​អត្ថបទ​របស់​ព្រះ​តេជ​ព្រះ​គុណលោក​សុង ស៊ីវ​ ព្រះ​ប្រធាន​មជ្ឈ​មណ្ឌល​អប់រំ​សីល​ធម៌​ យើង​បាន​ដឹង​ថា​ ការ​ប្រារព្ធ​បុណ្យ​ភ្ជុំ​បិណ្ឌ​មាន​អត្ថន័យ​ចំនួន​៣​គឺដើម្បីឧទិ្ទស​កុសល​ចំពោះ​បេត​បុគ្គល ​ឬ​ប្រេត​បុគ្គល ដើម្បី​ឲ្យ​បាន​សេចក្តី​សុខ​ចម្រើន​ និង​សិរី​សួស្តី​ ដែល​កើត​ពី​ផល​ទាន​ ​និង​ដើម្បី​បង្កើត​សាមគ្គី​របស់​ជាតិ​ គឺ​ការ​ស្រុះ​ស្រួល​គ្នា៕

XS
SM
MD
LG