ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចង្ហាន់​អំឡុង​ភ្ជុំបិណ្ឌ​ត្រូវ​ចែក​ដល់​អ្នក​ក្រ​និង​អ្នកទោស


ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​វត្ត​មហាមន្ត្រី​នៅ​រាជធានី​ភ្នំពេញ។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)
ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​វត្ត​មហាមន្ត្រី​នៅ​រាជធានី​ភ្នំពេញ។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)

ក្នុងរយៈ​ពេល​១៥​ថ្ងៃ​ចាប់​តាំង​ពី​ថ្ងៃ​ដាក់​បិណ្ឌ​ទី​មួយរហូត​ដល់ថ្ងៃ​ភ្ជុំ​ធំ​ពុទ្ធបរិស័ទ​មិន​ថា​ ​ចាស់​ ឬ​ ក្មេង​នៅ​ទីក្រុង​ ឬ​នៅ​ជនបទ​ទេ ​បាន​មមាញឹក​យ៉ាង​ខ្លាំង​ក្នុង​ការយក​ចង្ហាន់ និង​ទេយ្យទាន​យក​ទៅ​ប្រគេន​ព្រះ​សង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សានៅ​តាម​ទី​វត្ត​អារាម។​ ​ នៅវត្ត​អារាម​ភាគច្រើន​ហាក់​សម្បូរហូរហៀរ​ទៅ​ដោយ​ម្ហូប​អាហារ​ ភេសជ្ជៈ​ និង​គ្រឿង​ឧបភោគ​បរិភោគ។

ហើយ​មួយ​ថ្ងៃ​ក្រោយ​ពី​ពិធី​បុណ្យ​កាន់​បិណ្ឌ​និង​ភ្ជុំបិណ្ឌ​បាន​បញ្ចប់​គឺ​នៅ​ថ្ងៃ​ពុធ​នេះ​ ព្រះ​សង្ឃ​ក្នុង​វត្ត​អារាម​ខ្លះ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​សម្រេចចែក​រំលែកម្ហូប​អាហារទាំង​នោះ​ទៅ​ឲ្យ​ប្រជា​ពលរដ្ឋ​ក្រី​ក្រ​ អ្នក​សុំទាន​ និងជន​ទុរគត​ដែល​រស់​នៅ​ក្នុងទីក្រុង​ភ្នំពេញ​ ឬ​តាម​បណ្ដា​ខេត្ត។​

ព្រះ​តេជ​ព្រះ​គុណ​ម៉ៅ​ នីម​ ព្រះ​ចៅ​អធិការ​វត្ត​ព្រះ​ពុទ្ធ​មាន​បុណ្យ​មាន​សង្ឃ​ដីកា​ថា ចាប់​តាំង​ពី​ថ្ងៃដាក់​បិណ្ឌ​ទី១​រហូត​ដល់​ថ្ងៃ​ភ្ជុំ​បិណ្ឌ​ ​ព្រះ​សង្ឃ​ក្នុង​វត្ត​បានធ្វើទេយ្យទានបន្ត​ ​ម្ហូប​អាហារ​ ភេសជ្ជៈផ្សេងៗទៅ​ដល់​ក្រុម​ប្រជា​ពលរដ្ឋ​អ្នក​ក្រីក្រ​ និង​អ្នក​សុំទាន។​

វត្ត​ព្រះ​ពុទ្ធមាន​បុណ្យ​ស្ថិត​នៅ​ក្បែរ​ពហុ​កីឡា​ដ្ឋាន​អូឡាំពិក​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្សារ​អូរឫស្សី។ ព្រះ​តេជ​ព្រះគុណ​ម៉ៅ​ នីម​មាន​សង្ឃ​ដីកា​បន្ត​ថា​ វត្ត​ព្រះ​ពុទ្ធ​ក៏​នឹង​មាន​គម្រោង​ធ្វើ​ទេយ្យទាន ឧបករណ៍ប្រើប្រាស់​ និងគ្រឿង​ឧបភោគ​បរិភោគ​នានា​ទៅ​ដល់​កាក​ក្រហម​កម្ពុជា​នៅ​ពេល​ខាង​មុខ​ផង​ដែរ។​

«យើង​ក៏​មិន​បាន​ដាក់​ម្ហូប​អាហារ​នៅ​ចោល​ខ្ជីខ្ជារ​អី អត់​បាន​ការ​អ្វី​នោះ​ទេ។​ ​យើងឲ្យ​ពុទ្ធបរិស័ទ​គាត់​ពិសាត្រឹម​ត្រូវ អ្នក​ដែល​ជា​ជន​អនាថា អ្នក​សុំទាន​ហ្នឹង។ ​យើង​មិនបានរៀប​ជា​តុ​ទេ​ គ្រាន់​តែ​ចែក​ជា​កញ្ចប់ៗ។​ យើង​ឲ្យ​លោក​តា​ លោក​យាយដែល​គាត់​បម្រើ​វត្ត​ក្នុង​រយៈ​កាល​១៥​ថ្ងៃ​ហ្នឹង»។​

ស្រដៀង​គ្នា​នេះ​ដែរ ​វត្ត​សាមគ្គី​រង្សី​ ដែល​ជា​វត្ត​សម្បូរ​ដោយ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ស្ថិត​នៅ​ក្នុង​ខណ្ឌ​មានជ័យ​ក៏​បាន​ចែក​រំលែក​ចង្ហាន់​នេះ​ដែរ។

ដោយ​សារ​ទីតាំង​វត្ត​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ទីតាំង​ចាក់​សម្រាមនៅ​បឹង​ជើងឯក ​ព្រះ​ចៅ​អធិការ​វត្ត​សាមគ្គី​រង្សី​ព្រះ​តេជ​ព្រះគុណ​សៀង​ ​សុវណ្ណារ៉ា​មាន​សង្ឃ​ដីកា​ថា​ព្រះ​អង្គ​បាន​ចែក​រំលែកគ្រឿង​ឧបភោគ​បរិភោគ​ដែល​ជា​ទាន​របស់​ពុទ្ធ​បរិស័ទ​ក្នុង​អំឡុង​ពេលពិធី​បុណ្យកាន់​បិណ្ឌ​ និង​ភ្ជុំ​បិណ្ឌ​នេះ​ ចែក​ទៅ​ឲ្យ​ក្រុម​ប្រជា​ពលរដ្ឋ​ក្រីក្រ​ កុមារ​កំព្រា​ដែល​រស់​នៅ​ក្នុង​តំបន់​ចាក់​សម្រាមនេះ។​

គំនរ​សម្រាមរលួយ​ដែល​មាន​ក្លិន​ស្អុយ​នេះគឺ​ជា​កន្លែង​រក​លុយរបស់​កុមារ ​និង​ជន​ក្រី​ក្រ​គ្រប់​ប្រភេទ​ដែលរើស​យក​សំភារៈ​និង​កាក​សំណល់​ផ្សេងៗ​យក​មក​លក់។​

«ចាត់ចែង​ដាក់​ជា​ថង់​ ដាក់​កញ្ចប់​មាន​ម្ហូប​អាហារ សម្ល ​ទឹក​សុទ្ធ​ ស្ករ​ផ្សេងៗ ​អញ្ចឹង​ទៅ​ ដើម្បី​យក​ទៅ​ជូន​ដល់​ប្អូន​ដែល​គាត់​អត់​ឃ្លាន​នៅកន្លែង​ចាក់​សម្រាមហ្នឹង​ អត់​អ្វី​បរិភោគ​ហ្នឹងដើម្បី​ឲ្យ​គាត់​បាន​បរិភោគ​ទាំង​អស់​គ្នា»។​

ប្រជា​ពលរដ្ឋ​កម្ពុជា​ ដែល​កាន់​ជំនឿ​ព្រះ​ពុទ្ធសាសនា ​យល់​ថា ​ការ​ប្រគេន​ទេយ្យទាន​ ឬ​ចង្ហាន់​ដល់​ព្រះ​សង្ឃ​នឹង​ជួយ​បញ្ជូន​មគ្គផល​ កុសល្យ​ផល​បុណ្យ​ដល់​ជីដូន​ ជីតា ​បុព្វការីជន​របស់​ពួក​គេ​ដែល​បាន​ទទួល​មរណភាព។​ ​ហេតុនេះ​ហើយ​ក្នុង​អំឡុង​ពិធី​បុណ្យ​កាន់​បិណ្ឌ​ និង​ភ្ជុំ​បិណ្ឌ​រយៈ​ពេល​១៥​ថ្ងៃ​មក​នេះ ​វត្ត​ភាគ​ច្រើន​តែងតែ​ទទួល​បានម្ហូប​ចំណី​ពោរពាស​សម្បូរ​ហូរ​ហៀរ​ជាង​ពិធី​បុណ្យ​ព្រះពុទ្ធ​សាសនា​ផ្សេងៗ​ទៀត​ទាំង​អស់។​

ព្រះតេជ​ព្រះគុណ​ទូច ម៉ៃ ​ព្រះ​គ្រូ​សូត្រ​ស្ដាំ​នៃ​វត្ត​មហា​មន្ត្រី​ ​មាន​សង្ឃ​ដីកា​ថា​ ក្នុង​រយៈ​ពេល​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ​វត្តរបស់​ព្រះតេជ​ព្រះ​គុណ​ទទួល​បាន​ចង្ហាន់​ច្រើន​ល្មម​គួរ​សម​ដែរ។​ ចង្ហាន់​ដែល​លើស​ពី​តម្រូវ​ការ​របស់ព្រះ​សង្ឃ​នោះ​ត្រូវ​ចែក​រំលែក​ទៅ​ឲ្យ​ក្រុម​ប្រជា​ពលរដ្ឋ​ក្រីក្រ​ អ្នក​សុំទាន​ជាដើម ​ដូចវត្ត​ផ្សេងៗ​ទៀត​ដែរ។​

គ្រូ​សូត្រ​ស្ដាំ​ដដែល​បន្ថែម​ថា​ ចង្ហាន់​ និង​គ្រឿង​ឧបភោគ​បរិភោគផ្សេងៗ​ទៀតក៏​ត្រូវ​បាន​វត្ត​ដឹក​ជញ្ជូន​ទៅ​ប្រគល់​ជូន​ដល់ក្រុម​អ្នក​ទោស​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ព្រៃ​ស​បានប្រាំ​ដង​មក​ហើយ។

«មួយ​ផ្នែក​សម្រាប់​ពុទ្ធបរិស័ទ​ដែល​គាត់​មក​បំពេញ​ទានក្នុង​វត្ត​ មួយ​ផ្នែក​ទៀត​សម្រាប់​ដល់​បង​ប្អូន​ដែល​គាត់​ជា​អ្នក​សុំទាន​ឲ្យ​គាត់​បាន​ពិសា​ទៅ។​ ​បន្ទាប់​ពី​ហ្នឹង​ព្រះសង្ឃ​លោក​បាន​ដឹក​តាម​រ៉ឺម៉ក មាន​បាយ​ ម្ហូប​ ទឹក​អ្វី​ហ្នឹង ​ទៅ​ឲ្យមណ្ឌល​កែ​ប្រែ​ព្រៃ​ស​យើង​ហ្នឹង»។​

លោក​កែម​ ឡី​ អ្នក​វិភាគ​សង្គម​ឯករាជ្យ ថ្លែង​ថា​ ការ​ចែក​រំលែកគ្រឿង​ឧប​ភោគ​បរិភោគ​ និង​សម្ភារៈ​ប្រើប្រាស់ពី​បណ្ដា​វត្ត​ទៅ​ដល់​ក្រុម​ប្រជា​ពលរដ្ឋ​ក្រីក្រ​ ក្មេង​កំព្រា​គឺ​ជា​ប្រពៃណី​ល្អ​មួយ។​

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ​លោក​កែម​ ឡីបន្ត​ថា ប្រសិន​បើ​ប្រជា​ពលរដ្ឋ​អាច​យក​ប្រាក់​ដែល​គេ​ចំណាយ​នោះ​ទៅ​ជួយ​ដល់វិស័យ​ផ្សេងៗ​ទៀត វា​អាចជា​ការ​ប្រសើរ៕

XS
SM
MD
LG