ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គ្រោះថ្នាក់​ចរាចរ​សម្លាប់​មនុស្ស​ច្រើន​ឡើង​នៅ​អំឡុង​ភ្ជុំបិណ្ឌ

  • ហេង រស្មី

អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​នគរ​បាលជាតិ​ ថ្លែង​​នៅ​​ថ្ងៃ​អង្គារ​នេះ​ថា ​ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​រយៈ​​ពេល​បី​ថ្ងៃ​មុន ​និង​ក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ បាន​កើន​ឡើង ​បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៣។​

បើ​គិត​ចាប់​ពី​ថ្ងៃ​សៅរ៍ចុង​សប្តាហ៍​រហូត​ដល់​ថ្ងៃ​អង្គារ ​ដែល​ជាថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​ចុង​ក្រោយ​ មាន​មនុស្ស​ប្រមាណ​ពី​៨​ទៅ​១០​នាក់​ក្នុង​មួយ​ថ្ងៃ​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ប្រទេស​កម្ពុជា។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ប៉ូលិស។​

លោក​គៀត ច័ន្ទថារិទ្ធ​ អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​នគរ​បាលជាតិ​ មាន​ប្រសាសន៍​នៅថ្ងៃ​អង្គារ​នេះ​ថា ​ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​បី​ថ្ងៃ​មុន ​និង​ក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​បាន​កើន​ឡើង ​បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៣។​

លោក​និយាយ​ថា៖​ ​«បាទ​ប៉ុន្មាន​ថ្ងៃ​នេះ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដូច​ជា​កើន​ឡើង។​កើន​ឡើង​ជាង​សព្វ​មួយ​ដង។​ ​ ថ្ងៃដំបូង​ ដូច​ជា​១៨​ករណី​ ថ្ងៃ​សៅរ៍​ក្រោយ​មក​២០​ជាង​រហូត​ ហើយ​ស្លាប់​ជា​១០​នាក់​មួយ​ថ្ងៃ​ពី​៨​ទៅ​១០​នាក់​ជាង»។​

នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​មិន​សូវ​មាន​សកម្មភាព​ចរាចរណ៍​មមាញឹក​ទេ​ នៅ​ពេល​ព្រឹក​និង​ពេល​រសៀល។​ ​ផ្ទះ​ភាគ​ច្រើន​បាន​បិទ​ទ្វារ​ ដោយ​សារ​តែ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ក្រុង​ភ្នំពេញ​បានធ្វើ​ដំណើរ​ទៅ​តាម​ស្រុក​កំណើត​រៀងៗ​ខ្លួន។​

នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​សំខាន់ៗ​ មាន​ការ​កក​ស្ទះ​ចរាចរណ៍​ជា​ច្រើន​ម៉ោង​ក្នុង​អំឡុង​ពេល​ចុង​សប្តាហ៍​ ដោយ​សារ​តែ​មនុស្ស​កក​កុញ​បាន​សម្រុកចាក​ចេញ​ពីទី​ក្រុង។​

យោង​តាម​គេហទំព័រ​របស់​អគ្គស្នង​ការ​នគរ​បាល​ជាតិ​បាន​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ចំនួន​១៨​លើក​ដែល​បាន​បណ្តាល​ឲ្យមនុស្ស​ស្លាប់​ចំនួន​៩​នាក់ ​របួសធ្ងន់​២០​នាក់​ និង​របួស​ស្រាល​១២​នាក់។​

គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​១៨​ករណី​នេះ​បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​៤៣​គ្រឿង ​ក្នុង​នោះ​ម៉ូតូ​២៤​គ្រឿង​ ​រថយន្ត​ធុន​ស្រាល​៤​គ្រឿង​ ​រថយន្ត​ធុនធ្ងន់​ចំនួន​២​គ្រឿង​ និង​យាន​ផ្សេងៗ​៣​គ្រឿង។

មូលហេតុ ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ ​គឺ​ដោយ​សារ​ការ​បើកបរ​លើស​ល្បើន​កំណត់​ចំនួន​៣​ករណី​ មិន​គោរព​សិទ្ធិ​អាទិភាព​គ្នា​ទៅ​វិញ​ទៅ​មក​ចំនួន​៤​ករណី បើក​បរ​ប្រជែង​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ចំនួន​៣​ករណី​ ​បត់​ឆ្វេង​ បត់​ស្តាំ​មិន​ប្រុង​ប្រយ័ត្ន​ចំនួន​១​ករណី​ បើក​បរ​មិន​ប្រកាន់​ស្តាំ​ចំនួន​៣​ករណី​ បើក​បរ​ក្នុង​ស្ថាន​ភាព​ស្រវឹង​ចំនួន​៣​ករណី​ និង​កត្តា​ផ្លូវ​១​លើក។​

លោក​គង់ សុវណ្ណ​ ប្រធាន​អង្គការ​ដៃ​គូ​សុវត្ថិភាព​ចរាចរណ៍​មាន​ប្រសាសន៍​ថា ​ការ​កើន​ឡើង​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​គឺ​ដោយ​សារ​តែ​កម្ពុជា​មិន​ទាន់​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​បាន​នៅ​ឡើយ។

លោក​និយាយ​ថា៖ ​«មូលហេតុ​នៃ​ការ​កើន​ឡើង​គឺ​យាន​យន្ត​ជាផ្នែក​មួយ​ ហើយ​មួយ​ទៀត​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​គាត់​យល់​អំពី​ច្បាប់​ចរាចរណ៍​នៅ​មាន​កម្រិត ហើយ​ខ្លះ​ទៀត​នៅ​មាន​ទម្លាប់​ថា​ នៅ​ពេល​ដែល​មាន​ថវិកា​ គេ​មិន​ចាំបាច់​ទៅ​រៀន​សាលា​បើក​បរ​អ្វីទេ​ ​ទិញ​ម៉ូតូ​ ទិញ​ឡាន​យក​មក​បើក​លើ​ដង​ផ្លូវតែ​ម្តង។​ អញ្ចឹង​គាត់​អត់​យល់​ពី​មូលដ្ឋាន​ច្បាប់»។​

តាម​របាយ​ការណ៍​អង្គការ​ជន​ពិការ​អន្តរជាតិ​ឆ្នាំ​២០១១​ឲ្យ​ដឹង​ថា ​មាន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១៩០៥​នាក់ ​អ្នក​របួស​៥៨០៧​នាក់ ​និង​ខាត បង់​ថវិកា​អស់​៣១០​លាន​ដុល្លារ។ ​គ្រឿង​ស្រវឹង​ជា​មូលហេតុ​ទី​ពីរ​ បន្ទាប់​ពី​ការ​បើក​បរ​ហួស​ល្បឿន​កំណត់​ ដែល​មាន​មនុស្ស​ស្លាប់​២៧៤​នាក់​ ឬ​ក៏​ប្រមាណ​១៤%។​ ហើយ​ជន​រងគ្រោះ​៣៣,៨%​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​បរិមាណ​គ្រឿង​ស្រវឹង​ក្នុង​ឈាម​លើស​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​បានកំណត់៕

XS
SM
MD
LG