ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ ស្ថាប័ន​រាជានិយម​ខ្មែរ​និង​ថៃ​ត្រូវ​ពង្រឹង​ខ្លួន​ដើម្បី​រក្សា​តួនាទី​នយោបាយ​​ទៅ​អនាគត


អ្នក​កាន់​ទុក្ខ​ថៃ​ម្នាក់​កាន់​រូប​ថត​នៃ​ព្រះ​មហាក្សត្រ​ថៃ ព្រះ​បាទ​ Bhumibol Adulyadej នៅ​រាជធានី​បាងកក កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៦។
អ្នក​កាន់​ទុក្ខ​ថៃ​ម្នាក់​កាន់​រូប​ថត​នៃ​ព្រះ​មហាក្សត្រ​ថៃ ព្រះ​បាទ​ Bhumibol Adulyadej នៅ​រាជធានី​បាងកក កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៦។

ក្រោយ​ការ​ចូល​ទី​វង្គត​នៃ​អង្គ​​ព្រះ​មហាក្សត្រ​​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស​ថៃ​និង​កម្ពុជា អ្នក​វិភាគ​ថា​ស្ថាប័ន​ព្រះមហាក្សត្រ​នៃ​ប្រទេស​ទាំង​ពីរ​ត្រូវ​រក្សា​អព្យាក្រឹតភាព​ដើម្បី​អាច​មាន​តួនាទី​​នយោបាយ​ទៅ​អនាគត។

ក្រោយ​ការ​សោយទិវង្គត​នៃព្រះ​មហាក្សត្រ​ថៃ​ ព្រះបាទ Bhumibol Adulyadej ប្រទេស​នេះ​បាន​ឈាន​ចូល​ដល់​ជំពូក​នយោបាយ​ថ្មី​មួយ​ដែល​ប្រទេស​កម្ពុជា​ជិត​ខាង​ខ្លួនធ្លាប់​បាន​ឆ្លង​កាត់​កាល​ពី​៤​ឆ្នាំ​មុន គឺ​ក្រោយ​ការ​សោយ​ទិវង្គត​នៃ​ព្រះ​បាទ​ នរោត្តម សីហនុ ព្រះ​បរម​រតនកោដ្ឋ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​កិច្ចការ​អាស៊ី​អាគ្នេយ៍​មួយ​រូប។

លោក ឈាង វណ្ណារិទ្ធ អ្នកវិភាគ​កិច្ចការ​អាស៊ី​អាគ្នេយ៍​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​យោបល់​នៃ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ ថ្លែង​នៅ​ក្នុង​កម្មវិធី Hello VOA «សំឡេង​ជំនាន់​ថ្មី‍» កាល​ពី​ខែ​តុលា​ថា ទោះ​បី​មាន​បរិបទ​ខុស​គ្នា​ក្តី ព្រះមហាក្សត្រទាំងទាំង​ពីរ​ព្រះ​អង្គ​ធ្លាប់​បាន​ដើរ​តួ​នាទី​សំខាន់ក្នុង​ការ​ថែ​រក្សារាជ​បល្ល័ង្កក្នុង​ការ​បង្រួបបង្រួម​ជាតិ​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​នយោបាយធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​ជាតិ​របស់​ព្រះ​អង្គរៀងៗខ្លួន​កម្ពុជា​និង​ថៃ ហើយ​តួនាទី​របស់​ព្រះ​មហាក្សត្រ​ទាំង​ទ្វេ​ពិបាក​នឹង​រក​អ្នក​ជំនួស​បាន។

លោក ឈាង វណ្ណារិទ្ធ​ ថ្លែង​ថា៖​

«គឺ​ជា​របត់​ថ្មី​មួយ​ចំពោះ​ប្រទេស​ថៃ​ ពី​ព្រោះ​ថា ៧០ ឆ្នាំប្រហែល​ជា​ពីរ​ទៅ​បី​ជំនាន់​មនុស្ស​ឯ​ណោះ។ ដែល​ស្គាល់​តែ​ស្តេច​តែ​មួយ​អង្គ​ហ្នឹង​ទេ។ អញ្ចឹង​ជា​ការ​បាត់​បង់​នូវ​ព្រលឹង​របស់​ជាតិ​មួយ ដែល​ពិបាក​នឹង​ប៉ះប៉ូវ​និងរក​អ្វី​មួយ​ឲ្យ​ជំនួស​បាន។ ពិបាក​មែន​ទែន។ ហើយ​យើង​ក្រឡេក​មក​ ​ស្រុក​ខ្មែរ​យើង​ហ្នឹង​ក៏​យើង​បាន​ឆ្លង​កាត់​នូវបិតា​ជាតិរបស់​យើង​ដែរ​គឺ​សម្តេច​ នរោត្តម សីហនុ បួន​ឆ្នាំកន្លង​ទៅ​នេះ ហើយ​ក៏​ពិបាក​នឹង​ស្តារ​តួនាទី​ ​និង​ភាព​ជា​អ្នក​ដឹកនាំ​និង​ការ​ទទួល​ស្គាល់​ពី​សារធារណជន​របស់​តួ​អង្គ​ទាំង​ពីរ​នេះ​គឺ​សំខាន់​ណាស់ ហើយ​ពិបាន​នឹង​មាន​អ្នក​ណា​ជំនួស​បាន បាទ‍»។‍‍

ទាំង​នៅ​ក្នុង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា​ ព្រះមហាក្សត្រ​មាន​តួនាទី​ជា​តួ​អង្គ​ដែល​នាំ​ឲ្យ​មាន​ការ​ឯកភាព​ជាតិ ជា​កម្លាំង​នៃ​ការ​ធានា​ភាព​ស្រប​ច្បាប់​ខាង​នយោបាយ ក្នុង​អំឡុង​នៃ​វិបត្តិ​នយោបាយ​និង​សង្គម។ ក្នុង​អំឡុង​នៃ​ការ​សោយរាជ្យ​រយៈ​ពេល​៧០​ឆ្នាំ​របស់​ព្រះ​អង្គ ព្រះ​មហាក្សត្រ​ថៃ ព្រះបាទ Bhumibol Adulyadej ជា​កម្លាំង​នាំ​ឲ្យ​មាន​ការ​ឯកភាព​ជាតិ​ក្នុង​អំឡុង​មាន​ចលាចល​នយោបាយ ដោយ​រួម​មាន​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​ចំនួន​១៩​ដង​ផង​ដែរ។ ក្នុង​អំឡុង​វិបត្តិ​នយោបាយ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩២ ព្រះ​មហាក្សត្រ​ថៃ​រូប​នេះ ​បាន​ធ្វើ​អន្តរាគមន៍ ដោយ​បាន​កោះ​ហៅ​គូ​បដិបក្ខ​នយោបាយទាំង​ពីរ​មកលុត​ជង្គង់​នៅ​មុខ​ព្រះ​អង្គ​ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ ដើម្បី​ចរចា​រក​ដំណោះស្រាយ​ដោយ​សន្តិភាព។ កិច្ចប្រជុំ​នេះ​បាន​នាំ​ឲ្យ​មាន​ការ​បោះឆ្នោត​ថ្មី​មួយ​និង​បង្កើត​ជា​រដ្ឋាភិបាល​ស៊ីវិល។

ស្រដៀងគ្នា​នេះ​ដែរ ព្រះ​បរមរតនកោដ្ឋ ព្រះបាទ​ នរោត្តម សីហនុ ធ្លាប់​ជា​ព្រះ​បិតា​បង្រួបបង្រួម​ជាតិ​ ក្នុង​អំឡុង​កលាហល​នយោបាយ​ជា​ច្រើន​ទសវត្ស​នៃ​ប្រវត្តិសាស្ត្រ​ទំនើប​របស់​កម្ពុជា។ ព្រះ​អង្គត្រូវ​បាន​គេ​ចង​ចាំ​ជា​ពិសេស​ចំពោះ​ស្នា​ព្រះហស្តដឹកនាំ​ចលនា​ទាមទារ​ឯករាជ្យពី​ប្រទេស​បារាំង​នៅ​ក្នុង​ទសវត្ស​១៩៥០ និង​ការ​ដឹកនាំ​ប្រទេស​ក្នុង​សម័យកាល​នៃ​សង្គ្រាម​វៀតណាម​ដែល​ឆាប​ឆេះ​នៅ​ឥណ្ឌូចិន ក៏​ដូច​ជា​នៅ​ក្រោយ​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម។ នៅ​ក្រោយ​ការ​ឡើង​គ្រង​រាជ្យ​ជា​ថ្មី​នៅ​ដើម​ទសវត្ស​១៩៩០ ព្រះ​បាទ​ នរោត្តម សីហនុ ​ក៏​បាន​ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល​នយោបាយ​នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ដ៏​ចម្រូង​ចម្រាសនៅ​ឆ្នាំ​១៩៩៨​និង​២០០៣ រវាង​អ្នក​នយោបាយកម្ពុជា​ដែល​តែង​តែ​មិន​ចុង​សម្រុង​នឹង​គ្នា​នោះ។

រូប​ឯកសារ៖ ព្រះ​អម្ចាស់​ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ជាមួយ​ភាគី​ជម្លោះ​នៅ​កម្ពុជា នៅ​ក្នុងសន្និសីទ​អន្តរជាតិ​ស្តី​ពី​សន្តិភាពនៅ​កម្ពុជា​ ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។ AFP
រូប​ឯកសារ៖ ព្រះ​អម្ចាស់​ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ជាមួយ​ភាគី​ជម្លោះ​នៅ​កម្ពុជា នៅ​ក្នុងសន្និសីទ​អន្តរជាតិ​ស្តី​ពី​សន្តិភាពនៅ​កម្ពុជា​ ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។ AFP

ប៉ុន្តែ​ការ​រក្សាអព្យាក្រឹតភាពពី​ការធ្វើ​នយោបាយ​ជា​រឿង​សំខាន់​សម្រាប់​ស្ថាប័ន​ព្រះមហាក្សត្រ។ ការ​យាងចូល​ប្រឡូក​នៅ​ក្នុង​រឿង​នយោបាយ​របស់​ព្រះ​បាទ​ នរោត្តម​ សីហនុ និង​ការ​ជាប់​ទាក់ទង​របស់​ព្រះអង្គ​ជាមួយ​ក្រុម​ខ្មែរក្រហម បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះកិត្តិនាម​របស់​ព្រះ​អង្គ។ ស្រដៀង​គ្នា​នេះ​ដែរ ទំនាក់​ទំនង​របស់​ព្រះបាទ Bhumibol ជាមួយ​នឹង​យោធា​ថៃ​ជា​រឿង​ចម្រូងចម្រាស​មួយ។ ថ្វី​បើ​ព្រះ​អង្គ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តួ​អង្គ​អព្យាក្រឹត​ក្តី​ ក៏​អំណាច​ជា​ប្រពៃណី​របស់​ព្រះមហាក្សត្រ​ថៃ​រូប​នេះ ​ជារឿយៗ ​ត្រូវ​អ្នក​នយោបាយថៃ​និង​ក្រុម​យោធា​យក​ទៅ​ប្រើ​ដើម្បី​វាយ​ប្រហារ​ទៅ​លើ​គូ​ប្រជែង​របស់​ពួក​គេ។

អ្នក​វិភាគ​លោក ឈាង វណ្ណារិទ្ធ ថ្លែង​ថា តុល្យភាព​នេះ​មាន​សារៈសំខាន់​ជា​ពិសេស​សម្រាប់​អ្នក​ស្នង​តំណែង​ដែល​មាន​ភារកិច្ច​រក្សា​តួនាទី​ស្នូល​នៃ​ស្ថាប័ន​ជា​ប្រពៃណី​នេះ​ដល់​យុវជន​ជំនាន់​ក្រោយ​ទៀត ដែល​ធំ​ដឹង​ក្តី​ក្នុង​សង្គមទំនើប​ដែល​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ជាង​មុន។ លោក​ថ្លែង​នៅ​ក្នុង​សារ​អេឡិកត្រូនិក​នៅ​ក្រោយ​កម្មវិធី​វិទ្យុ​នេះ​ថា៖

«ដើម្បី​ឲ្យ​ស្ថាប័ន​ព្រះមហាក្សត្រ​អាច​នៅ​មាន​តួនាទី​ក្នុង​សង្គម ស្ថាប័ន​នេះ​ត្រូវ​តែ​សម្រប​ខ្លួន​ទៅ​នឹង​ចរន្ត​លទ្ធិ​ប្រជាធិបតេយ្យ។ ព្រះមហាក្សត្រ​ដាច់​ខាត​ត្រូវ​តែ​ស្ថិត​នៅ​អព្យាក្រឹត‍»។

ប៉ុន្តែអវត្តមាន​និង​ភាព​អសកម្មក្នុង​កិច្ចការនយោបាយ​និង​សង្គមក៏​អាច​ធ្វើ​ឲ្យស្ថាប័ន​ព្រះ​មហាក្សត្រ​បាត់​បង់​នូវ​តួ​នាទី​ក្នុង​សង្គមក្នុង​ពេល​អនាគត នេះ​បើ​តាម​ការ​អះអាង​របស់ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្តម សោម៉ា អ្នកសរសេរ​អត្ថាធិប្បាយ​ក្នុង​ទំព័រ​កាសែត​ជាតិអាមេរិកាំង​កំណើត​ខ្មែរ​ និង​ជា​សមាជិក​រាជវង្ស​ខ្មែរ។ ព្រះ​អង្គ​ម្ចាស់​ក្សត្រី​ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​ថ្មី​មួយ​ឈ្មោះ​ ‍«Royal Rebel‍» (ម្ចាស់​ក្សត្រី​បះបោរ) ក៏​ជា​អ្នក​ធ្លាប់​រិះគន់​នូវ​អ្វី​ដែល​ព្រះអង្គ​ម្ចាស់​ក្សត្រី​ចាត់​ទុក​ថា ​ជា​ការរឹត​ត្បិតរបស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​កាន់​អំណាច​ ចំពោះ​សមាជិករាជវង្ស​មិន​ឲ្យ​ចូល​រួម​ក្នុង​ក្នុង​តួនាទី​សង្គម។​ នៅ​ក្នុង​សារ​អេឡិកត្រូនិក​មួយ​ អង្គ​ម្ចាស់​ក្សត្រី នរោត្តម សោម៉ា ថ្លែង​ប្រាប់​ VOA ថា៖

«តួនាទី​មាន​កម្រិត​របស់​អង្គ​ព្រះមហាក្សត្រ​និង​រាជវង្ស​ ធ្វើ​ឲ្យ​ស្ថាប័ន​ព្រះមហាក្សត្រ​មាន​ប្រជាប្រិយភាព​តិច​ជាង​មុន​ក្នុង​ចំណោម​យុវជន​ខ្មែរ​ ដោយ​សារ​ពួក​គេ​មិនអាច​មើល​ឃើញ​ពី​តួនាទី​យ៉ាង​សកម្ម​និង​ដ៏​វិជ្ជមាន​ដែល​ព្រះ​មហាក្សត្រ​អាច​មាន។ កាល​ពី​សម័យ​ដែល​ព្រះបាទ​ នរោត្តម សីហនុ នៅ​គ្រង​រាជ្យ ព្រះ​អង្គ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​យ៉ាង​ខ្លាំង​នៅ​គ្រប់​ជ្រុងជ្រោយ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ជនជាតិ​កម្ពុជា ដូច​ជា​ក្នុង​វិស័យ​វប្បធម៌ នយោបាយ និងសិល្បៈ​ ជា​ដើម‍»។

យ៉ាង​នេះ​ក្តី​លោក ឈាង វណ្ណារិទ្ធ​ ថ្លែង​ថា រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​បាន​កំណត់​យ៉ាង​ច្បាស់​ពី​សារៈសំខាន់​នៃ​តួនាទី​របស់​ស្ថាប័ន​ព្រះមហាក្សត្រ​ ហើយ​គ្រប់​ភាគី​នយោបាយ​ទាំង​អស់​ត្រូវ​គោរព​និង​លើក​តម្កើង​តួនាទី​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ។ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា​ អ្នក​ស្នង​តំណែង​របស់​ព្រះបាទ​ នរោត្តម សីហនុ និង​ព្រះ​មហាក្សត្រ​ថៃ ព្រះបាទ Bhumibol Adulyadej ទំនង​ជា​នឹង​មិន​អាច​ជំនួស​នូវ​ឧត្តមភាព​ខាង​នយោបាយ​ដែល​បីតា​របស់​ព្រះ​មហាក្សត្រ​ទាំង​ពីរ​នោះ​ទេ។

អ្នក​កាន់​ទុក្ខ​ម្នាក់​យំ​និង​បួងសួង​នៅ​ខាង​ក្រៅ​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​នៃព្រះ​បរមរតនកោដ្ឋ នរោត្តម សីហនុ​ នៅ​រាជធានី​ភ្នំពេញ កាកល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
អ្នក​កាន់​ទុក្ខ​ម្នាក់​យំ​និង​បួងសួង​នៅ​ខាង​ក្រៅ​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​នៃព្រះ​បរមរតនកោដ្ឋ នរោត្តម សីហនុ​ នៅ​រាជធានី​ភ្នំពេញ កាកល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣។

ជា​ការ​ពិត នៅ​ក្នុង​អំឡុងការ​បោះឆ្នោត​ដំបូង​បំផុត​ក្នុង​សម័យ​ក្រោយ​ការ​ចូល​ទិវង្គត​របស់​ព្រះ​បរមរតនកោដ្ឋ នរោត្តម​ សីហនុ ព្រះ​រាជបុត្រ​របស់​ព្រះអង្គ​គឺ​ព្របរមនាថ នរោត្តម សីហមុនី ​មាន​តួនាទីតិចតួច​ក្នុង​ការ​ព្យាយាម​ជំរុញ​ឲ្យ​មាន​ការ​ចរចានយោបាយ​នៅ​ក្រោយ​ការ​បោះឆ្នោត។ ផ្ទុយ​ទៅ​វិញ មេដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិបាន​ចាប់​ផ្តើម​នូវ «វប្បធម៌​សន្ទនា‍»​ ដោយ​ខ្លួន​ឯង​ ដែល​នៅ​ទី​បំផុត​ត្រូវបរាជ័យ​វិញ ដែល​បាន​នាំ​ទៅ​ដល់ភាព​ព​តានតឹង​នយោបាយ​ដែល​មាន​សព្វ​ថ្ងៃ​នេះ។

ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្តម សោម៉ា មាន​ព្រះ​បន្ទូល​ថា លទ្ធភាព​តិច​តួច​របស់​ព្រះ​បាទ នរោត្តម សីហមុនី នៅ​ក្នុង​ការ​អន្តរាគមន៍​ក្នុង​កិច្ចការ​នយោបាយ​គឺ​ដោយ​សារ​ការ​រឹត​ត្បិត​ខាង​ស្ថាប័ន​ជា​ជាង​បុគ្គល។

«ច្បាប់​របស់​រដ្ឋាភិបាលកំណត់​ថា​ព្រះមហាក្សត្រ​មិន​អាចកាន់​អំណាច​ទេ គឺ​អំណាច​មានកម្រិត។ ហេតុ​ដូច្នេះ ព្រះ​អង្គ​មិន​អាច​ដើរ​តួ​ជា​តួអង្គ​បង្រួបបម្រួមក្នុង​អំឡុង​ពេលចលាចលនយោបាយ​បាន​ទេ។ ប្រសិន​បើ​ព្រះ​អង្គ​ធ្វើអន្តរាគមន៍ ព្រះ​អង្គ​នឹង​ត្រូវ​រង​ការ​រិះ​គន់​ពីលោក​នាយរដ្ឋមន្ត្រី [ហ៊ុន សែន] និង​រាជរដ្ឋាភិបាល‍»។

លោក ឈាង វណ្ណារិទ្ធ​ បញ្ជាក់​បន្ថែមថា ខណៈ​ដែល​មិន​មាន​ស្ថាប័ន​ណា​ផ្សេង​ដែល​អាច​ដើរ​តួ​ជា​ប្រភព​នៃ​ភាព​ស្រប​ច្បាប់​ខាង​នយោបាយ (political legitimacy) នោះ តួនាទី​របស់​ស្ថាប័ន​ព្រះមហាក្សត្រ​ខ្មែរមិន​គួរ​ត្រូវ​គេ​មើល​រំលង​នៅ​ក្នុង​ស្ថានភាព​តានតឹង​ខាង​នយោបាយសព្វ​ថ្ងៃ​នេះ​ទេ។

«ព្រះមហាក្សត្រ​មាន​អំណាចខាង​ច្បាប់​និង​ប្រពៃណី​ជា​សសរ​នៃ​ឯកភាព​ជាតិនិង​ការ​បង្រួបបង្រួម​ជាតិ។ ការ​សម្របសម្រួល​គ្នា​រវាង​គណបក្ស​ធំៗ​ទាំង​ពីរ​ជា​ការ​ចាំបាច់​នៅ​មុន​ការ​បោះឆ្នោត​មូលដ្ឋាន​នៅ​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ‍»។

ចំណែក​ប្រទេស​ថៃ​វិញ រដ្ឋាភិបាល​យោធា​ថៃ​បាន​បញ្ជាក់​ជា​ថ្មី​ថា ប្រទេស​នេះ​នឹង​រៀប​ចំ​ការ​បោះឆ្នោតជាតិ​ជា​លើក​ដំបូង​ក្រោយ​សម័យ​កាល​ព្រះបាទ Bhumibol នៅ​ចុង​ឆ្នាំ​២០១៧ ខាង​មុខ៕

XS
SM
MD
LG