ព្រះមហាក្សត្រថៃ Bhumibol Adulyadej ដែលជាព្រះមហាក្សត្រសោយរាជ្យយូរជាងគេបំផុតនៅលើពិភពលោក បានសោយទិវង្គតហើយនៅក្នុងមន្ទីរពេទ្យនាថ្ងៃព្រហស្បតិ៍នេះ ក្នុងព្រះជន្ម ៨៨ ព្រះវស្សា។ នេះបើតាមការបញ្ជាក់របស់ព្រះរាជវាំងថៃនៅក្នុងសេចក្ដីប្រកាសរបស់ខ្លួន។
ព្រះរាជវាំងថៃបានប្រកាសឲ្យដឹងថា ព្រះមហាក្សត្របានសោយទិវង្គតនៅឯមន្ទីរពេទ្យ Siriraj ក្រុងបាងកកនៅវេលាម៉ោង ៣ និង ៥២ នាទី រសៀល ថ្ងៃព្រហស្បតិ៍ទី ១៣ ខែតុលា ឆ្នាំ ២០១៦ នេះ។
ព្រះមហាក្សត្រ Bhumibol ជាព្រះមហាក្សត្រដែលប្រជាពលរដ្ឋថៃមានការគោរពស្រលាញ់ខ្លាំងបំផុត និងជាព្រះមហាក្សត្រដែលសោយរាជ្យបានយូរជាងគេបំផុតនៅក្នុងពិភពលោក។ នៅក្នុងរយៈពេលជាច្រើនឆ្នាំនៅក្នុងទសវត្សរ៍ចុងក្រោយនេះ ព្រះអង្គបានចំណាយពេលគង់នៅក្នុងមន្ទីរពេទ្យដើម្បីទទួលការព្យាបាលជំងឺផ្សេងៗ ដូចជាជំងឺតម្រងនោម និងជំងឺសួតជាដើម។
ព្រះមហាក្សត្រ Bhumibol បានឡើងសោយរាជ្យនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ១៩៤៦ ពេលដែលព្រះអង្គមានព្រះជន្ម ១៨ ព្រះវស្សា ដែលគិតមកទល់ឆ្នាំ ២០១៦ នេះ ព្រះអង្គសោយរាជ្យបាន ៧ ទសវត្សរ៍គត់។
ព្រះអង្គប្រសូតនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ១៩២៧ នៅក្នុងទីក្រុង Cambridge រដ្ឋ Massachusetts សហរដ្ឋអាមេរិក ពេលដែលព្រះបិតារបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ Mahidol កំពុងសិក្សាផ្នែកឱសថសាស្ត្រនៅឯសាកលវិទ្យាល័យ Harvard។
ព្រះមហាក្សត្រ Bhumibol ជាព្រះមហាក្សត្រដែលមានទ្រព្យធនច្រើនជាងគេបំផុតនៅលើពិភពលោក ដោយទស្សនាវដ្ដី Forbes បានធ្វើការប៉ាន់ប្រមាណថា ព្រះអង្គមានទ្រព្យសម្បត្តិច្រើនជាង ៣០ ពាន់លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ ២០១១។
លោកនាយករដ្ឋមន្ត្រី Prayuth Chan Ocha បាននិយាយថា បើយោងទៅតាមច្បាប់រដ្ឋធម្មនុញ្ញ ព្រះអង្គម្ចាស់រជ្ជទាយាទ Maha Vajiralongkorn ដែលមានព្រះជន្ម ៦៣ ព្រះវស្សា នឹងក្លាយជាព្រះមហាក្សត្រ បន្ទាប់ពីការសោយទិវង្គតរបស់បិតារបស់ព្រះអង្គ។ លោកថា រដ្ឋាភិបាលនឹងផ្ដល់ដំណឹងដល់រដ្ឋសភាជាតិអំពីអ្នកស្នងរាជ្យបន្តពីព្រះមហាក្សត្រ Bhumibol ហើយរដ្ឋសភានឹងចាត់ចែងទៅតាមច្បាប់ស្ដីពីការស្នងរាជ្យ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
ព្រះអង្គម្ចាស់រជ្ជទាយាទ Vajiralongkorn មិនត្រូវបានប្រជាពលរដ្ឋថៃគោរពស្រលាញ់ដូចព្រះបិតារបស់ព្រះអង្គទេ ដោយសារតែព្រះអង្គមានរឿងអាស្រូវផ្សេងៗ និងភាគច្រើនគង់នៅក្រៅប្រទេស។ បើប្រៀបជាមួយនឹងព្រះអង្គម្ចាស់ ព្រះអនុជរបស់ព្រះអង្គ គឺម្ចាស់ក្សត្រី Sirindhorn ត្រូវបានប្រជាពលរដ្ឋថៃគោរពស្រលាញ់ខ្លាំងជាង ដោយសារតែព្រះអង្គមិនប្រកាន់ព្រះកាយពេលព្រះអង្គជួបជាមួយប្រជានុរាស្ត្រ ហើយព្រះអង្គមានភាពសកម្មនៅក្នុងកិច្ចការមនុស្សធម៌។
ប្រជាពលរដ្ឋថៃ ត្រូវគេរំពឹងថានឹងធ្វើការកាន់ទុក្ខរយៈពេលវែងជាផ្លូវការមួយនៅទូទាំងប្រទេស។
អ្នកវិភាគនិយាយថា ការសោយទិវង្គតរបស់ព្រះមហាក្សត្រ Bhumibol នឹងធ្វើឲ្យរដ្ឋាភិបាលយោធារបស់លោក Prayuth Chan Ocha នៅបន្តកាន់អំណាចយូរទៅមុខបន្ថែមទៀត៕