ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ថៃ​នៅតែ​ធានា​ថា​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នឹង​ធ្វើ​ឡើង​តាម​ការ​កំណត់


នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​ថៃ​លោក Prayuth Chan-ocha (ឆ្វេង) និង​ភរិយា អ្នកស្រី Naraporn (ស្តាំ) គោរព​វិញ្ញាណក្ខន្ធ​បន្ទាប់​ពី ចែក​រំលែក​ទុក្ខចំពោះ​ព្រះ​មហាក្សត្រ​ថៃ Bhumibol Adulyadej នៅ​ព្រះ​រាជវាំង​ទីក្រុង​បាំងកកកាល​ពី ថ្ងៃទី​១៤ តុលា ២០១៦។
នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​ថៃ​លោក Prayuth Chan-ocha (ឆ្វេង) និង​ភរិយា អ្នកស្រី Naraporn (ស្តាំ) គោរព​វិញ្ញាណក្ខន្ធ​បន្ទាប់​ពី ចែក​រំលែក​ទុក្ខចំពោះ​ព្រះ​មហាក្សត្រ​ថៃ Bhumibol Adulyadej នៅ​ព្រះ​រាជវាំង​ទីក្រុង​បាំងកកកាល​ពី ថ្ងៃទី​១៤ តុលា ២០១៦។

រដ្ឋាភិបាល​យោធា​ថៃ​បាន​បញ្ជាក់​សារ​ជា​ថ្មី​អំពី​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​គម្រោង​នយោបាយ​មួយ​សម្រាប់​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ចុង​ឆ្នាំ ២០១៧ ខាង​មុខ ទោះ​បី​ជា​ប្រទេស​ថៃ​កំពុង​តែ​គ្រប​ដណ្ដប់​ដោយ​ការ​កាន់​ទុក្ខ​ចំពោះ​ការ​សោយទិវង្គត​របស់​ព្រះមហាក្សត្រ Bhumibol Adulyadej កាល​ពី​សប្ដាហ៍​មុន​ក្នុង​ព្រះជន្ម ៨៨ ព្រះ​វស្សា​ក៏​ដោយ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថៃ​បាន​និយាយ​ថា គណៈរដ្ឋមន្ត្រី និង​រដ្ឋបាល​ថៃ​កំពុង​ព្យាយាម​ធានា​ឲ្យ​ស្ថានការណ៍​ដំណើរការ​ជា​ធម្មតា ដើម្បី​ឲ្យ​រដ្ឋាភិបាល​អាច​ធ្វើ​ការ​បន្ត​ទៅ​មុខ​បាន​នៅ​ក្នុង​ដំណាក់កាល​អន្តរកាល​នៃ​ការ​ស្នង​រាជ្យ​របស់​ព្រះមហាក្សត្រ​ថៃ​បន្ទាប់។

រដ្ឋាភិបាល​យោធា​ថៃ​បាន​ឡើង​កាន់​អំណាច​កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១៤ ដោយសារ​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​លោកស្រី Yingluck Shinawatra ដែល​ជ្រើសរើស​ដោយ​ការ​បោះ​ឆ្នោត។ ប៉ុន្តែ អ្នកវិភាគ​បាន​និយាយ​ថា ពួក​យោធា​ត្រូវ​បាន​គេ​រំពឹង​ថា​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​អន្តរាគមន៍​នៅ​ក្នុង​អំឡុង​ពេល​នៃ​ដំណាក់កាល​អន្តរកាល​នៃ​ការ​ស្នង​រាជ្យ​របស់​ព្រះមហាក្សត្រ​បន្ទាប់ ដោយសារ​តួនាទី​របស់​ពួក​យោធា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ព្យាយាម​ក្នុង​ការ​ផ្ដល់​នូវ​ស្ថិរភាព​សម្រាប់​ប្រទេស។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បន្ទាប់ពី​ការ​សោយទិវង្គត​របស់​ព្រះមហាក្សត្រ Bhumibol ប្រជាពលរដ្ឋ​ថៃ​រាប់​ម៉ឺន​នាក់​បាន​ធ្វើ​ដំណើរ​សម្រុក​មក​កាន់​ព្រះរាជវាំង​នៅ​ក្នុង​កណ្ដាល​ទីក្រុង​បាងកក ដើម្បី​ធ្វើ​ការ​គោរព​ជា​លើក​ចុងក្រោយ​ដល់​ព្រះ​សព​របស់​ព្រះ​មហាក្សត្រ Bhumibol ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ព្រះវិហារ Dusit Maha Prasart។

ព្រះ​រាជ​ពិធី​បុណ្យ​តាម​បែប​ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រាជវង្សានុវង្ស​របស់​ព្រះមហាក្សត្រ Bhumibol ដែល​មាន​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ Maha Vajiralongkorn ដឹកនាំ​ការ​រៀបចំ​ព្រះ​រាជ​ពិធី​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​កាន់ទុក្ខ​រយៈពេល​ពេញ​មួយ​ឆ្នាំ។

រដ្ឋាភិបាល​ថៃ​បាន​ណែនាំ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ឲ្យ​ស្លៀក​សំលៀក​បំពាក់​ពណ៌​ខ្មៅ ឬ​ពណ៌​ស្រដៀងៗ​នឹង​ពណ៌​ខ្មៅ​ក្នុង​អំឡុង​ពេល ១២ ខែ​នៃ​ការ​កាន់ទុក្ខ​នេះ៕

XS
SM
MD
LG