ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​អនុម័ត​ច្បាប់​សហជីព​ដ៏​ចម្រូងចម្រាស​ដោយ​គ្មាន​ការ​កែប្រែ


តំណាង​កម្មករ​ប្រមាណ​១០០នាក់​តវ៉ា​កុំឲ្យមាន​ការ​អនុម័ត​ច្បាប់​សហជីព​​នៅ​មុខ​រដ្ឋសភា​ជាតិ​នៅ​ព្រឹកថ្ងៃច័ន្ទនេះនៅ​ពេល​នៅ​ខណៈពេល​តំណាងរាស្រ្ត​មកពី​គណបក្ស​​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​កំពុង​អង្គុយ​នៅ​អង្គប្រជុំ​សភា។ (ឡេង ឡែន/VOA)
តំណាង​កម្មករ​ប្រមាណ​១០០នាក់​តវ៉ា​កុំឲ្យមាន​ការ​អនុម័ត​ច្បាប់​សហជីព​​នៅ​មុខ​រដ្ឋសភា​ជាតិ​នៅ​ព្រឹកថ្ងៃច័ន្ទនេះនៅ​ពេល​នៅ​ខណៈពេល​តំណាងរាស្រ្ត​មកពី​គណបក្ស​​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​កំពុង​អង្គុយ​នៅ​អង្គប្រជុំ​សភា។ (ឡេង ឡែន/VOA)

រដ្ឋ​សភា​ជាតិ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា ​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​ដ៏​ចម្រូង​ចម្រាស ខណៈ​ពេល​ដែល​ប៉ូលិស​ប្រឆាំង​កុប្បកម្ម​ត្រូវ​បាន​គេ​ពង្រាយ​ ដោយ​មាន​របាំង​ការពារ​ជុំវិញ​មន្ទីរ​រដ្ឋសភា ​ដើម្បី​រារាំង​មិន​ឲ្យ​មាន​ការ​តវ៉ា​នៅ​មុខ​សភា​ជាតិ។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​ដ៏​ចម្រូង​ចម្រាស​ ត្រូវ​បាន​សភា​ដែល​គ្រប់គ្រង​ដោយ​គណ​បក្ស​កាន់​អំណាច​ អនុម័ត​ដោយ​គ្មាន​ការ​កែប្រែ​អ្វី​ឡើយ​ បើ​ទោះ​មាន​ការ​តវ៉ា​ និង​ការ​ផ្ទុះ​ហិង្សា​ក៏​ដោយ។

នៅ​ថ្ងៃ​ច័ន្ទ​នេះ រដ្ឋ​សភា​ជាតិ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា ​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​ដ៏​ចម្រូង​ចម្រាស ខណៈ​ពេល​ដែល​ប៉ូលិស​ប្រឆាំង​កុប្បកម្ម​ត្រូវ​បាន​គេ​ពង្រាយ​ ដោយ​មាន​របាំង​ការពារ​ជុំវិញ​មន្ទីរ​រដ្ឋសភា ​ដើម្បី​រារាំង​មិន​ឲ្យ​មាន​ការ​តវ៉ា​នៅ​មុខ​សភា​ជាតិ។

យ៉ាង​ហោច​ណាស់ ​អ្នក​តវ៉ា​ពីរ​នាក់​បាន​រង​របួស​ក្បាល​ជា​ទម្ងន់​ ក្រោយ​ពេល​ក្រុម​សន្តិសុខ​ និង​មន្ត្រី​ប៉ូលិស​ក្នុង​ឯក​សណ្ឋាន​ជាង​២០០នាក់ ដែល​ដាក់​ពង្រាយ​នៅ​បរិវេណ​រដ្ឋសភា​បាន​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​តំណាង​សហជីព​ជិត​១០០​នាក់។

ក្រុម​តំណាង​សហ​ជីព​បាន​ព្យាយាម​ធ្វើ​ការ​តវ៉ា​ឲ្យ​សភា​ជាតិ ​លើក​កិច្ច​ប្រជុំ​របស់​ខ្លួន ​និង​ទទួល​យក​សំណើ​កែ​ប្រែ​សេចក្ដី​ព្រាង​ច្បាប់​សហជីព ដែល​ពួក​អះអាង​ថា ​មាន​ការ​រឹតត្បិត​លើ​សិទ្ធិ​របស់​ផង​ខ្លួន​នោះ។

​លោក​ សុន ឆៃ ​តំណាង​រាស្ត្រ និង​ជា​ប្រធាន​អភិបាល​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​សំឡេង​ភាគ​តិច​ក្នុង​រដ្ឋ​សភា​ ថ្លែង​ពី​ភាព​សោក​ស្ដាយ​យ៉ាង​ដូច្នេះ៖​«ជម្រាប​ជូន​អង្គ​សភា​ដែរ​ថា​ ព្រឹក​មិញ​នេះ​មាន​តំណាង​សហជីព​មួយ​ក្រុម​មក​ធ្វើការ ដូច​ជា​ការ​តវ៉ា​នៅ​មុខ​រដ្ឋសភា​នេះ ហើយ​ឃើញ​បង្ហោះ​នៅ​ក្នុង​ហ្វេសប៊ុក​ ថា​មាន​ការ​វ៉ៃ​អី​បែក​ក្បាល​បែក​ក្បុង។ ហើយ​យើង​ខ្ញុំ​ចង់​ឲ្យ​សភា​ និង​តំណាង​រាជ​រដ្ឋាភិបាល​បញ្ជាក់​ផង​ដែរ​យ៉ាង​ម៉េច​បាន​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា»។

​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​ទាត់​ចោល​ភ្លាមៗ ​ដោយ​លោក​ អ៊ិត សំហេង ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ។

លោក​រដ្ឋមន្ត្រី​រូប​នេះ​បាន​ថ្លែង​ការពារ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ប្រឆាំង​នឹង​ការ​តវ៉ា​របស់​ក្រុម​សហជីព​ថា វា​មាន​ចំនួន​តូច ​បើ​ធៀប​នឹង​សហជីព​ដែល​បាន​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នេះ។

«ដូច​ដែល​ ​ឯក​ឧត្តម​ សុន ឆៃ ​បាន​លើក​ឡើង​អំបាញ់​មិញ​ថា​ ព្រឹក​នេះ​នៅ​តែ​មាន​អ្នក​តវ៉ា។ ប៉ុន្តែ​ខ្ញុំ​សូម​ជម្រាប​ថា​ ក្នុង​ចំណោម​អ្នក​តវ៉ា​ក៏​មាន ហើយ​អ្នក​គាំទ្រ​ក៏​មាន​ច្រើន។ក្នុង​ចំណោម​សហព័ន្ធ​សហ​ជីព៩៦​ ក្នុង​នោះ​គឺ​៧៤​បាន​គាំ​ទ្រ ហើយ​មាន​តែ​២០តែ​ប៉ុណ្ណោះ​ដែល​នៅ​តែ​បន្ត​ការ​តវ៉ា។ ឯ​តាម​រោង​ចក្រ​សហគ្រាស​នា​នា បង​ប្អូន​កម្មករ​ក៏​សម្ដែង​មតិ​ដ៏​ច្រើន​ក្នុង​ការ​គាំទ្រ។ ដូច្នោះ​សេចក្ដី​ព្រាងច្បាប់​នេះ ​គឺ​ជា​សេចក្ដី​សំយោគ​នូវ​រាល់​សំណូមពរ​ពី​ភាគី​ពាក់ព័ន្ធ​នា​នា»។

​យោង​តាម​ថ្លែង​សេចក្ដី​ថ្លែង​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​ដែល​បាន​ឃ្លាំ​មើល​ការ​ប៉ះទង្គិច​នា​ព្រឹក​ថ្ងៃ​ច័ន្ទ បាន​រៀប​រាប់​ថា លោក​ ស៊ុត ចិត្ត ដែល​មក​ពី​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា​(CUMW)​ ត្រូវ​បាន​សន្តិសុខ​ដេញ និង​វាយ​ឲ្យ​របួស​ត្រង់​ក្បាល។

លោក​ ជា ឧត្តម ​ដែល​មក​ពី​សហ​ជីព​ដូចគ្នា​ ក៏​បាន​រង​របួស​ផង​ដែរ ​នៅ​ពេល​ព្យាយាម​ជួយ​លោក​ ស៊ុត ចិត្ត។

សេចក្ដី​ថ្លែង​ការណ៍​ដដែល​បន្ត​ថា​ នគរបាល​ដែល​ឈរ​ក្បែរ​នោះ​មិន​បាន​ធ្វើអ្វី​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​នោះ​ទេ។
VOA​ មិន​អាច​ទំនាក់​ទំនង​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ ដើម្បី​សុំ​ក្តី​អធិប្បាយ​លើ​ហេតុការណ៍​នេះ​បាន​ទេ​នា​ល្ងាច​ថ្ងៃច័ន្ទ​នេះ។

បើ​ទោះ​បី​ជា​មាន​ការ​ប៉ះ​ទង្គិច ​និង​ការ​វាយ​ដំ​លើ​អ្នក​តវ៉ា​យ៉ាង​ណា​ក៏​ដោយ ក៏​រដ្ឋ​សភាជាតិ​នៅ​តែ​បន្ត​កិច្ច​ពិភាក្សា​របស់​ខ្លួន​ រហូត​ដល់​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​នេះ​ដោយ​គ្មាន​ការ​កែ​ប្រែ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋ​សភាជាតិ ដែល​ចេញ​ផ្សាយ​នា​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ តំណាង​រាស្ត្រ​ចំនួន​៦៧រូប​នៃ​ចំនួន​៩៨​រូប​ដែល​មាន​វត្តមាន​បាន​លើក​ដៃ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ​នៅ​ម៉ោង​៦ល្ងាច ក្រោយ​ពី​ពិភាក្សា​អស់​ជាង​៦ម៉ោង​នោះ។

រដ្ឋ​សភា​ជាតិ​បាន​ប្រជុំ​បោះឆ្នោត​អនុម័ត​ច្បាប់សហជីព នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី៤ ខែ​មេសា ឆ្នាំ​២០១៦។ (នៅ វណ្ណារិន/VOA)
រដ្ឋ​សភា​ជាតិ​បាន​ប្រជុំ​បោះឆ្នោត​អនុម័ត​ច្បាប់សហជីព នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី៤ ខែ​មេសា ឆ្នាំ​២០១៦។ (នៅ វណ្ណារិន/VOA)

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​ដែល​មាន​១៧​ជំពូក​ និង​១០០មាត្រា​បាន​ទទួល​រង​ការ​រិះគន់​ពី​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​ ចំពោះ​ការ​រឹតត្បិត​សិទ្ធិ​របស់​សហជីព​ និង​ការ​បង្កើត​សហជីព​ជា​ដើម។

មុន​ពេល​បើក​កិច្ច​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​នា​ថ្ងៃច័ន្ទ​នេះ លោក​ សុន ឆៃ​ ក៏​បាន​ស្នើ​បូក​បញ្ចូល​មតិ​មួយ​ចំនួន​របស់​សហជីព​ និង​រួម​បញ្ចូល​ ក្រុម​សហជីព​ដែល​ធ្វើ​ការងារ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចូល​ក្នុង​ច្បាប់​នេះ​ផង​ដែរ ដើម្បី​សម្រួល​ និង​ធានា​បាន​នូវ​ការ​ការពារ​ដល់​សិទ្ធិ​របស់​ពួក​គេ​ឲ្យ​បាន​ពេញ​លេញ។

លោក​ថ្លែង​ថា៖​«ហើយ​ចំណុច​មួយ​ទៀត​សំខាន់​ គឺ​ចង់​ឲ្យ​ឃើញ​មាន​សេចក្ដី​សុខដុមរមនា​រវាង​កម្មករ ​និង​និយោជក ព្រោះ​ការ​បង្កើត​ឲ្យ​មាន​សេចក្ដី​សុខដុមរមនា​រវាង​កម្មករ ​និង​និយោជក​ គឺ​វា​សំខាន់​ណាស់​ ​ពីព្រោះ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​ការ​គោរព​ច្បាប់​ការងារ​ទាំងអស់​គ្នា​ ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ភាព​ការងារ ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​នឹង​លូតលាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​បាន​ច្រើន​ ដើម្បី​បង្កើត​ការងារ​ជួន​ដល់​ប្រជាពលរដ្ឋ​របស់​យើង»។

​លោក​ សុន ឆៃ​ តំណាងរាស្ត្រ​ និង​ជា​ប្រធាន​ក្រុម​អភិបាល​របស់​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់ ក៏​បាន​បន្ត​ថា លោក​មើល​មិន​ឃើញ​ពី​ចំណុច​ទាំង​នេះ​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ដែល​គណបក្ស​លោក​អាច​ទទួល​យក​បាន​នោះ។

​ស្រដៀង​គ្នា​នោះ​ដែរ​ ​លោក​ អេង ឆៃអ៊ាង​ មន្ត្រី​ជាន់​ខ្ពស់​ និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា ​ការ​បង្កើត​សហជីព​ ឬ​ក្រុម​អ្នក​ការពារ​ពលករ​ និង​អ្នក​ដែល​ធ្វើការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដូចជា​ អ្នក​ធ្វើ​ការ​តាម​ផ្ទះ កម្មករ​សំណង់​ជាដើម មិន​ត្រូវ​បាន​គេ​បញ្ចូល​ក្នុង​ច្បាប់​នោះ​ទេ​ ហើយ​ពួក​គេ​កំពុង​ជួប​បញ្ហា​ជា​ច្រើន​ មិន​ដឹង​ថា​អាច​រក​ជំនួយ​ពី​ខាង​ណា​នោះ​ទេ។

លោក​ អេង ឆៃអ៊ាង​ បញ្ជាក់​ថា៖ «ប៉ុន្តែ មាន​ក្រុម​មនុស្ស​ជា​ច្រើន​ដែល​ធ្វើ​ការ​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ គឺ​យើង​ឃើញ​ថា​ នៅ​មាន​រងគ្រោះ​ច្រើន​ ដូច​ជា​អ្នក​ធ្វើ​ការ​តាម​ភោជនីយដ្ឋាន​ ​អ្នក​ធ្វើការ​តាម​គេហដ្ឋាន និង​អ្នក​ធ្វើ​ការ​តាម​ក្លឹប​កម្សាន្ត​នានា​ជា​ដើម។ដឹង​ហើយ​ថា​អ្នក​ដែល​ធ្វើ​ការ​ក្នុង​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​នេះ​ គឺ​មិន​មាន​ការ​ធានា​ដោយ​ច្បាប់​ឲ្យ​បាន​ច្បាស់​លាស់​ទេ។ ហើយ​អា​បញ្ហា​ហ្នឹង​ឯង​ គឺ​ធ្វើ​ឲ្យ​មាន​បញ្ហា​ច្រើន ហើយ​ដល់​ពេល​មាន​រឿង​កើត​ឡើង​មិន​ដឹង​ជា​ទៅ​ទាមទារ​ជា​មួយ​អ្នក​ណា»។

ក្ដី​បារម្ភ​ និង​ការ​លើក​ឡើង​របស់​គណ​បក្ស​ជំទាស់​ដែល​មាន​សំឡេង​ភាគតិច​នៅ​ក្នុង​រដ្ឋសភា​ ត្រូវ​បាន​ច្រាន​ចោល​ដោយ​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច ​និង​រដ្ឋមន្ត្រី​ អ៊ិត សំហេង​ ដែល​ជា​សាមី​ក្រសួង​ការពារ​សេចក្ដី​ព្រាង​ដ៏​ចម្រូងចម្រាស​នេះ។

លោក​ថ្លែង​ថា​ ច្បាប់​នេះ​គឺ​ធ្វើឡើង​ស្រប​តាម​បទដ្ឋាន​ច្បាប់​ជាតិ ​និង​អន្តរ​ជាតិ ដោយ​ឆ្លង​កិច្ច​ពិភាក្សា​ពី​អ្នក​ច្បាប់​ និង​គ្រប់​ភាគី​ដែល​ពាក់​ព័ន្ធ ​រួម​ទាំង​ការ​បើក​ឲ្យ​មាន​សិក្ខាសាលា ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋសភា​ផ្ទាល់​ផង​ដែរ។

លោក​រដ្ឋ​មន្ត្រី ​អ៊ិត សំហេង ​ថ្លែង​ថា៖​«សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​មាន​គោល​បំណង​ទី១​ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​សហគ្រាស ​គ្រឹះ​ស្ថាន និង​ជន​ទាំង​ឡាយ​ដែល​ស្ថិត​នៅ​ក្រោម​បទបញ្ញត្តិ​នៃ​ច្បាប់​ស្ដី​ពី​ការងារ​ និង​បុគ្គលិក​ទាំង​ធ្វើការ​នៅ​លើ​អាកាស​ និង​សមុទ្រ និង​កំណត់​អំពី​ការរៀបចំ​ និង​ប្រព្រឹត្ត​ទៅ​របស់​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករ​និយោជិក​ និង​និយោជក​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។​ ទី​២​ គឺ​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្រប​ច្បាប់​នៃ​ជន​ទាំង​ឡាយ​ ដែល​ស្ថិត​នៅ​ក្រោម​ច្បាប់​ស្ដីពី​ការងារ​ និង​បុគ្គលិក​ទាំង​ធ្វើការ​នៅ​លើ​អាកាស​ និង​សមុទ្រ ធានា​សេរីភាព​ក្នុង​ការ​ចរចា​សមូហភាព​រវាង​កម្មករ ​និយោជិក​ និង​និយោជក ព្រម​ទាំង​ជំរុញ​ឲ្យ​មាន​សុខដុម ភាវូនីយកម្ម​ក្នុង​ទំនាក់​ទំនង​វិជ្ជាជីវៈ និង​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ការងារ​សមរម្យ ​ដើម្បី​បង្កើត​ផលិត​ភាព​និង​ការ​វិនិយោគ»។

​យ៉ាង​ណា​ក៏​ដោយ រដ្ឋ​សភា​ជាតិ​បាន​អនុម័ត​សេចក្ដី​ព្រាងច្បាប់ ដែល​មាន​១៧​ជំពូក​នឹង​១០០​មាត្រា​ដោយ​គ្មាន​ការ​កែប្រែ​នោះ​ទេ។

​គេ​រំពឹង​ថា ​ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធ​សភា​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ដើម្បី​ពិនិត្យ​បន្ត​ទៀត​មុន​ពេល​ឡាយ​ព្រះហស្ត​លេខា​ដោយ​ព្រះ​មហាក្សត្រ​ខ្មែរ​ឲ្យ​ចូល​ក្លាយ​ជា​ច្បាប់​ពេញ​លេញ​នោះ៕

XS
SM
MD
LG