ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រាវជ្រាវ​ថា៖ ទស្សនកិច្ច​លោក ចន ឃែរី ផ្តល់​ប្រយោជន៍​ខ្លាំង​ដល់​កម្ពុជា


​លោក​ ​John Kerry​ រដ្ឋមន្ត្រី​ក្រសួង​ការបរ​ទេស​សហរដ្ឋ​អាមេរិក​ នឹង​ធ្វើ​​ទស្សនកិច្ច​​រយៈពេល​ពីរ​​ថ្ងៃ​នៅ​កម្ពុជា គឺនៅ​ថ្ងៃច័ន្ទ ទី២៥ និង​ថ្ងៃ​អង្គារ ទី២៦ ខែមករា ឆ្នាំ២០១៥​នេះ។​
​លោក​ ​John Kerry​ រដ្ឋមន្ត្រី​ក្រសួង​ការបរ​ទេស​សហរដ្ឋ​អាមេរិក​ នឹង​ធ្វើ​​ទស្សនកិច្ច​​រយៈពេល​ពីរ​​ថ្ងៃ​នៅ​កម្ពុជា គឺនៅ​ថ្ងៃច័ន្ទ ទី២៥ និង​ថ្ងៃ​អង្គារ ទី២៦ ខែមករា ឆ្នាំ២០១៥​នេះ។​

ក្រុម​អ្នក​ស្រាវជ្រាវ និង​អ្នក​សិក្សា​គោល​នយោបាយ​ការ​បរទេស​ក្នុង​ប្រទេស​កម្ពុជា​សាទរ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ចន ឃែរី ​(John Kerry)​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​​មក​កម្ពុជា។

ក្រុម​អ្នក​ស្រាវជ្រាវ និង​អ្នក​សិក្សា​គោល​នយោបាយ​ការ​បរទេស​ក្នុង​ប្រទេស​កម្ពុជា​សាទរ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ចន ឃែរី ​(John Kerry)​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិកមក​កម្ពុជា។ ពួកគេ​យល់​ថា​ ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​ដែល​នឹង​ចាប់​ផ្តើមនៅ​ថ្ងៃ​ចន្ទ័​នេះ​ នឹង​ផ្តល់​ផល​វិជ្ជមាន​ជា​ច្រើន​ដល់​ប្រទេស​កម្ពុជា ​រួម​ទាំង​ការ​ពង្រីក​ទំនាក់​ទំនង​ពាណិជកម្ម​ ​ការ​បញ្ជាក់​គោល​ជំហរ​កម្ពុជា​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បួង​ ​និង​ការកាត់​បន្ថយ​ ​ឥទ្ធិពលពី​ប្រទេស​ចិន​ ​មក​លើ​ប្រទេស​ដ៏​ក្រីក្រ​នេះ។

តាម​ការ​ឲ្យ​ដឹង​របស់ក្រសួង​ការ​បរទេស​សហ​រដ្ឋអាមេរិក​និង​កម្ពុជា ​លោក​ ​John Kerry​ រដ្ឋមន្ត្រី​ក្រសួង​ការបរ​ទេស​សហរដ្ឋ​អាមេរិក​ ​គ្រោង​នឹង​មក​ដល់​រាជធានី ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ័ទី​ ២៥ ​ខែមករា ​ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​ ​របស់​លោក​។​ ​ប្រភព​ដដែល​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ​លោក​រដ្ឋមន្ត្រី​ការ​បរ​ទេស​ ​នឹង​ធ្វើ​ការ​ជួប​ពិភាក្សា​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​លោក​ ​ហោ ណាំហុង​ ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេស​កម្ពុជា​ ​រួមទាំងការ​ទស្សនា​ទី​កន្លែងវប្បធម៌​មួយ​ចំនួន​ទៀត​ក្នុងរាជ​ធានី​ភ្នំពេញ​។​

​ទំនាក់​ទំនង​កម្ពុជា​ចិន​និង​កម្ពុជា​សហរដ្ឋ​អាមេរិក​វិញ លោក​ ពូ សុវច្ចនា​ ​នាយក​រង​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​និង​សន្តិភាព​ ​ដែល​ធ្វើ​ការ​សិក្សា​លើ​នយោបាយ​ការបរ​ទេស​ក្នុង​តំបន់​ផង​ដែរ​ បាន​យល់​ថា​ការ​ទស្សនៈ​កិច្ច​របស់​ លោក​Kerry​ ​គឺ​ដើម្បី​ពង្រឹង​ចំណង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ​និង​ស្ទាបស្ទង់​ពី​ ​គោល​ជំហរ​របស់​ ​កម្ពុជា​ ​ក្នុង​រឿង​សមុទ្រ​ចិន​ខាង​ត្បូង​ ​ដែល​កំពង់​ឡើង​កម្តៅ​នោះ​ ។​

​«ហើយ​ អាមេរិក​ហ្នឹង​ពេ​លនឹង​ត្រូវ​មក​ដើម្បី​សួរ​ ហើយនឹង​ដើម្បី​ដឹង​ច្បាស់​ថា​តើ​ ជំហរ​ខ្មែរ​នៅ​ហ្នឹង​ថា​ទៅ​ខាង​ចិន​ឬ​ទៅអាស៊ាន? ​ហើយ​រឿង​នេះ​វា​ជា​គន្លឹះ​មួយ​សំខាន់​ដែរ​ ​ព្រោះ​អាមេរិក​វា​មិន​បើក​ចំហរ​រឿង​សមុទ្រ​ចិន​ខាងត្បូង(​ ​South China Sea)​ ថា​ ​ឲ្យ​ចិន​ហ្នឹង​ ​ធ្វើ​ព្រលាន​យន្ត​ហោះ​អី​សម្រាប់ទប់ ព្រោះ​អាមេរិក position​ ​ [ជំហរ​] វាគឺ​ Clear​ [​ច្បាស់​] ម្តង​ថា​យើង​យក​ច្បាប់​អន្តរជាតិ​ ​ច្បាប់​ Marintime [ច្បាប់​សមុទ្រ]​ ​អីហ្នឹង​ ​សកល​ហ្នឹង​យក​មក​ប្រើការ​ ​មិន​មែន​ការ​ដែល​ចិន នឹង​មាន​ប្រយោជន៍​នៅ​ក្នុង​South China Sea​។​ អញ្ចឹង​មាន​សារៈសំខាន់​ណាស់​ ដែល​អាមេរិក ដើម្បី​ស្ទង់​មតិ​មើល​។​ ​ស្ទង់​មើល​ថា​តើ position​ [ជំហរ​] ​ខ្មែរហ្នឹង​ ​វា​យ៉ាង​ម៉េច?»។

នៅក្នុង​កិច្ច​សម្ភាស​មួយ​ ជាមួយ​ VOA ​លោក​ សុវច្ចនាក៏​ឲ្យ​យោបល់​ផង​ដែរ​ថា​សហរដ្ឋ​អាមេរិក​ក៏គួរ​រក​វិធីរឹត​ចំណង​ទាក់​ទង​ផ្នែក​ ​វប្បធម៌​ ​និង​ជាមួយ​ប្រជា​ពលរដ្ឋ​កម្ពុជា​ផង​ដែរ​ ​ដើម្បី​ទប់​និង​ឥទ្ធិ​ពល​របស់​វប្បធម៌​ចិន​ដែល​កំពុង​តែ​គ្រប​ដណ្តប់​ក្នុង​ប្រទេស​កម្ពុជា​ពេល​នេះ។​ ​

ស្រប​គ្នា​នោះ​លោក​ កែម​ ឡី​ អ្នក​វិភាគ​សង្គម​និង​ការវិវឌ្ឍ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​យល់​ឃើញ​ថានេះ​ជារបត់​មួយ​របស់​ប្រទេស​កម្ពុជា​ដែល​ជា​ ​«​ជម្រើស​ដ៏​ពិបាក​សំរាប់​កម្ពុជា​ក្នុង​ការ​សម្រេច​ចិត្ត​ទាក់​ទិន​នឹង​ការ​គាំទ្រ​»​ ​លើ​ប្រទស​ណា​មួយ​ឲ្យ​ជាក់​លាក់​ ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូងនោះ​។​ ​ហើយ​ការ​គាំទ្រ​ប្រទេស​ណា​មួយ​ដោយចេញ​មុខ​ ​វា​អាច​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​ខ្លួន ​ដែល​តម្រូវ​ឲ្យ​កម្ពុជា​ឈរ​លើ​បន្ទាត់​អព្យាក្រិត​មួយ។​ ​ក៏​ប៉ុន្តែ​ប្រទេស​កម្ពុជា​ ​ហាក់​ដូច​ជា​មាន​ទំនាក់​ទំនង​ជ្រាលជ្រៅ​ ​ជា​មួយ​នឹង​ប្រទេស​ចិន​ ​ជាង​សហរដ្ឋ​អាមេរិក​។​ ​ដែល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​បាន​ផ្តល់​ជំនួយ​ជា​ច្រើន​សន្ធឹក​សន្ធាប់​ដោយ​គ្មាន​លក្ខខណ្ឌរួម​ទាំង​ផ្នែក​ហេដ្ឋា​រចនា​សម្ពន្ធ័​ ​វិស័យ​យោធា​និងវិនិ​យោគ​ទុន​ជា​ដើម​។

«អញ្ចឹង​បើទោះ​បីជា​ លោក​ ចន ឃែរី​ មក​ដើម្បី​ចរចារ​ការ​ទូត​ក្នុងការ​ឲ្យ​ប្រទេស កម្ពុជា​ ផ្តល់ការ​គាំទ្រ​ទៅ​លើ​នយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក​យ៉ាងណា​ ក៏​មិន​ងាយ​ទៅ​រួចដែរ​ ខ្ញុំ​មើល​ហ្អេ​។​ ពី​ព្រោះ​ខ្មែរ​យើង​គឺ​គេ​ហៅ​ថា​ចំណង​ចង​ករ​។​ ​ចំណង​ការទូត​នេះគឺ​ជា​ចំណង​ចងករ​ ​ជាមួយ​នឹង​ចិន​ហ្នឹង​គឺ​ងាក​អត់​រួច​ទេ​។​ ​អញ្ចឹង​បើ​ងាក​អត់​រួច​ ​ទោះ​បីជា​ប្រទេស​នានា​ផ្តល់​ផល​ប្រយោជន៍​ធំធេង​យ៉ាង​ណា​ក៏​ដោយ​ ក៏​ការ​ទូតយើង​ហ្នឹង​ក៏​ងាក​អត់រួចដែរ»។

ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​ចិន​ និង​រវាង​កម្ពុជា​សហ​រដ្ឋ​អាមេរិក​មាន​ភាពរកាំរកូស​ជា​ច្រើន​ចាប់​តាំង​ពី​សង្គ្រាម​ត្រជាក់​ នា​អំឡុង​ទសវត្សរ៍​១៩៦០​ ​និង​សង្គ្រាម​វៀតណាម​នាអំឡុង​ទសវត្សរ៍​១៩៧០​។​ ​នៅ​ក្នុង​ឆ្នាំ​១៩៦៥​ ​កម្ពុជា​បាន​ផ្តាច់​ទំនាក់​ទំនង​ការ​ទូត​ជា​មួយ​សហ​រដ្ឋ​អាមេរិក​ ​ហើយ​បាន​ព្យាយាម​បង្កើន​ទំនាក់​ទំនង​ជា​មួយ​មហាមិត្ត​ចិន​វិញ​។​ ក្រោយ​មក​ ​ក៏មាន​រដ្ឋ​ប្រហារ​ទម្លាក់​សម្តេច​ឪ​នរោត្តម​ ​សីហនុ​នា​ឆ្នាំ​១៩៧០​។ ក្រោយ​មក​ប្រទេស​ចិន​បាន​គាំទ្រ​ពួក​ខ្មែរ​ក្រហម​ដែល​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​លោក លន់ នល់ គាំទ្រ​ដោយ​សហ​រដ្ឋ​អាមេរិក​ ដែល​នាំ​មក​នូវ​ការ​សម្លាប់​ប្រជាពល​រដ្ឋ​កម្ពុជា​ជាង​១លាន​ ៧សែននាក់។​

លោក​ ​នាក់ ចិន្តារិទ្ធិ​ ​ប្រធាន​ដេប៉ាតឺមង់​សិក្សា​អន្តរជាតិ​របស់​វិទ្យាស្ថាន​ភាសា ប​រទេស​នៃ​សកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ ​បាន​ថ្លែង​ប្រាប់​VOA​ថា​ យ៉ាង​ណា​ក៏​ដោយ​ក៏​ទស្សនកិច្ច​របស់​លោក​ចន ឃែរី​ ​នា​ថ្ងៃ​ចន្ទ័​នេះ​ មិន​អាច​ធ្វើ​ឲ្យ​មាន​អរិភាព​ឬ​ឡើ​ង​«​ក្តៅ​ដូច​ជំនាន់​សង្គ្រាម​ត្រជាក់​»​ នា​ទសវត្សរ៍​៥០​និង​៦០​នោះ​ដែរ​។​ ​លោក​ថា​ពេល​នេះ​វាមាន​លក្ខណៈ ​«​ជា​ការ​ជួយ​បំពេញ​ឲ្យ​គ្នា​ទៅវិញ​ទៅមក​»​ ​ក្នុង​ចំណងការ​ទូត​និង​ពាណិជ្ជកម្ម​ ទ្វេភាគី​រវាង​កម្ពុជា​អាមេរិក និ​ង​ក្នុង​តំបន់។

«តែ​នៅ​ក្នុង​ពេល​នេះ​ ​យើង​អាច​ថា ​ជា​ការ​ប្រកួត​ប្រជែង​គ្នា​ក៏​បាន​ ​ប៉ុន្តែ​អាច​មាន​ន័យថា ជា​ការ​សហ​ប្រតិបត្តិការ​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​បាន​ អាច​ជួយ​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​បាន។​ ជា​គោល​បំណង​របស់​សហរដ្ឋ​អាមេរិក​នោះ​គឺ​ដូចខ្ញុំ​បាន​និយាយ​ពី​ដើម​នេះ គឺ​ពង្រឹង​ ​ពង្រឹង​ឥទ្ធិពល​នយោបាយ​ការ​បរទេស​របស់​គាត់។​ ហើយ​បន្ថែម​លើនេះ​គឺ​ដូចជា​ពាក់​ព័ន្ធ ​នា​ពេល​នេះ ​គឺថា​ការមក​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការបរ​ទេស​ហរដ្ឋ​អាមេរិក​ លោក​ចន ឃែរី​ ​មកនេះ​គឺ​ដើម្បី​សង្កត់​ទៅ​លើ​ ​ការ​ពង្រឹង​ពាណិជ្ជកម្ម​»​។​

ចំពោះធុរកិច្ច​របស់​សហ​រដ្ឋអាមេរិក​រវាង​កម្ពុជា​ ​និង​ក្នុង​តំបន់​អាស៊ី​វិញ​គឺ​ថា បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​អាមេរិក​ ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ជំនួប​រវាង​ប្រមុខ​ដឹក​នាំ​ប្រទេសទាំង​ពីរ​ នាថ្ងៃ​អង្គារខាង​មុខ​ ​គឺ​«​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិ​បត្តិការ​ទ្វេភាគី​ ​និង​ ​បង្កើន​ទំនាក់​ទំនង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​ផង​ដែរ ក្រៅ​ពី​ការរៀបចំ​កិច្ច​ប្រជុំប្រជាជាតិ​អាស៊ាន​និង​សហ​រដ្ឋអាមេរិក​នៅរដ្ឋ​California​ ​សហ​រដ្ឋអាមេរិក​ ​នា​ខែ​ក្រោយ​នេះ​។​ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក​ ចន ឃែរី​នឹង​ធ្វើកិច្ច ​សំចត​មួយនៅ​ប្រទេស​ឡាវ​ មុន​នឹង​មក​ដល់​ប្រទេស​កម្ពុជា ​ហើយ​ក្រោយ​មក​នឹងធ្វើដំណើរ​ឆ្ពោះ​ទៅ​ប្រទេស​ចិន​ផងដែរ​។​

​លោក​បណ្ឌិត​ ​ នាក់ ចិន្តារិទ្ធិ​ ​ប្រធាន​ដេប៉ាតឺមង់​សិក្សា​អន្តរជាតិ​ ​បាន​ថ្លែង​ប្រាប់​VOA​ ​ថាដំណើរ​ទស្សនកិច្ច​ ​របស់​លោក​ John Kerry​ ​និង​ផ្តល់​ផលវិជ្ជមាន​ដល់​ការ​អភិវឌ្ឍសេដ្ឋកិច្ច​កម្ពុជា​ជាច្រើន​ ​តាមរយៈ​ជំនួញ​ទ្វេ​ភាគីនិង​ការ​រឹត​បណ្តឹង​ចំណង​ទំនាក់​ទំនង​របស់​ប្រទេស​កម្ពុជា​ជាមួយនឹង​មហា​អំណាច​របស់​ពិភព​លោក​មួយ​នេះ​។​

​«រីឯ​ ​ចំពោះ​ប្រទេស​កម្ពុជា​គឺ​វាមានចំណុច​ជា​អាទិភាព​ ដូច​គ្នា​ដែរ​ គឺ​សំខាន់គឺ​ដើម្បី​ការ​អភិវឌ្ឍ​សេដ្ឋ​កចិ្ច​ប្រទេស​ជាតិ​ ​ដើម្បី​ជួយ​រំដោះ​ភាព​ក្រីក្រ​ ​តាម​រយៈ​ជំនួយ​របស់​សហ​រដ្ឋអាមេរិក​ ​និង​ ​តាម​រយៈទំនាក់​ទំង​ជំនួញ​ទ្វេភាគី​ ​ដែល​សំខាន់​សំរាប់​ប្រទេស​កម្ពុជា។​ ​អញ្ចឹងប្រទេស​កម្ពុជា​យើង​នឹង​បាន​ប្រយោជ​ន៍​ពីរ​សំខាន់​ដែល​ខ្ញុំ​បាន​លើកឡើង​អម្បាញ់​មិញ​នេះ​បាទ»​។​

លោក​ថា​កម្ពុជា​ក៏​គួពិចារណា​ ​ចំពោះ​ការ​ចូល​ជា​សមាជិក​របស់​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ Trans-Pacific Partnership​ ឬ ​ហៅកាត់​ថា​(TPP)​ ដែល​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក​។​ ​លោក​នាក់​ ចិន្តារិទ្ធិ​ ថា​TPP​ ​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​យ៉ាង​ច្រើន​លើ​ ​គោលការណ៍​នាំ​អង្ករ​ចេញ​ឲ្យ​បាន​១លាន​តោន​ ​ការ​នាំ​ចេញ​នៃ​ឧស្សាហកម្ម​កាត់​ដេរ​ នឹង​ជួយ​ជម្រុញ​ផ្នែក​បច្ចេកវិទ្យា​ថ្មី ​និង​បច្ចេកទេស​ឧស្សាហកម្ម​សំរាប់​ប្រទេស​កម្ពុជា​ផង​ដែរ​។​

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ចំពោះ​ការពង្រឹង​សិទ្ធិ​មនុស្ស​ ប្រជាធិបតេយ្យ​ និង​និតិរដ្ឋ​នៅកម្ពុជា លោក​ពូ សុវច្ចនា​ថា សហ​រដ្ឋ​អាមេរិក​ក៏នឹង​មិនភ្លេច​ពីការ​ព​ង្រឹង​សិទ្ធិមនុស្ស​ ​សេរីភាព​ ​ក្នុង​ការ​បញ្ចេញ​មតិ​ ​ប្រជា​ធិបតេយ្យ​ ​និង​អភិបាល​កិច្ច​ល្អ​ ​ជា​ពិសេស​ការរឹតត្បឹត​លើ​អ្នក​នយោបាយ​មក​ពី​បក្ស​ជំទាស់​និង​អំពើ​ហិង្សា​ ​លើ​តំណាង​រាស្ត្រ​ពីរ​រូប​ ​ក្នុង​នោះ​មាន​មួយរូប​ជា​សញ្ជាតិ​អាមេរិកកាំង​ផង​ដែរ​។​ ​លោក​បាន​បញ្ជាក់យ៉ាង​ដូច្នេះ​ថា៖

«ការចូល​មករបស់​សរអា​អាមេរិក​នេះ​គឺ​ជា​ការល្អ​បំផុត​ពីព្រោះ យើង​ត្រូវ​យល់​ថា​ ​ប្រទេស​មហាអំ​ណាច​ដូច​ជា​អាមេរិកអី​ ​គឺ​ត្រូវ​ជួយប្រជាពលរដ្ឋ​យើង​ក្នុង​ការ​ធ្វើឲ្យ មានសិទ្ធិ​បញ្ចេញ​មតិ​ ក្នុង​ការ​លើក​សេរីភាព​ ​ចំពោះ​ន័យ​ថាជាតម្លៃ​នៃលទ្ធិប្រជា ធិបតេយ្យ ​ (Value of Democractics) ​និង​និតិរដ្ឋ (​Rule of Law) គឺ​បាន​ផល​ប្រយោជន៍​ដល់​ប្រទេស​ខ្មែរ​តែ​ម្តង​ ​ពី​ព្រោះ​ប្រទេស​ខ្មែរ​ត្រូវ​ការ​រឿងទាំងនេះ​ ​ហើយ​ អភិបាល​កិច្ចល្អ ​(Good Governance)​ ស.រ.អា អាច​មក​ជម្រុញបញ្ហា​ទាំង នេះ»។

លោក​ថា​ ​ការ​ជួយ​ពី​សហ​រដ្ឋ​អាមេរិក​គឺ​វា​ខុស​ពី​ប្រទេស​ចិន​ដែល​ផ្តល់​ជា​ជំនួយ​ផ្លូវ​រដ្ឋ​ដល់​រដ្ឋា​ភិបាល​នោះ​។

ក៏ប៉ុន្តែ​ ​លោក​រដ្ឋមន្ត្រី​ការបរ​ទេស​កម្ពុជា​ ហោ ណាំហុង​ ​ថា​ដំណើរ​ទស្សនកិច្ច​ពីរ​ថ្ងៃ​របស់​លោក​ចន ឃែរី​ ​ដែល​នឹង​ចាប់​ផ្តើម​នា​ថ្ងៃ​ចន្ទ័នេះ​ គឺ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ធម្មតា​មួយ​ ​សំរាប់ពង្រឹង​ចំណង​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​រឹងមាំ។ ថ្លែង​ទៅ​កាន់​ប្រាប់​អ្នកសារព័ត៌​មាន​កាល​ព្រឹកថ្ងៃ​អង្គារ​សប្តាហ៍​កន្លង​ទៅ​ ​លោករដ្ឋមន្ត្រីហោ ណាំហុង​ ​បាន​បញ្ជាក់​ថា​៖​

«​ធម្មតា​រដ្ឋ​មន្ត្រី​ការ​បរទេស​ជួប​គ្នា​រដ្ឋមន្ត្រី​ការបរទេស​ជួប​សម្តេច​ តេជោ​ ​នាយក​រដ្ឋមន្ត្រីគឺ​ដើម្បីការ​ពង្រឹង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​រវាងប្រទេស​ទាំង​ពីរ​ ​ធ្វើយ៉ាង​ម៉េច​ ឲ្យ​ទំនាក់​ទំនង​ នៃប្រទេស​ទំាង​ពីរ​កាន់តែ​ល្អឡើង​ៗ»​។​

ដំណើរ​ទស្សនកិច្ច​របស់​លោក​ John Kerry​ នា​សប្តាហ៍​ខាង​មុខនេះគឺ​ជាដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់​ដឹក​នាំ​កំពូល​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​កម្ពុជា​បន្ទាប់​ពី​មានដំណើរ​ទស្សនកិច្ច​មួយ​របស់​ លោក​ស្រីទី​១​ នៃ​សហរដ្ឋ​អាមេរិក​ Michelle Obama ​កាល​ពីដើម​ឆ្នាំ​២០១៥​ ​និង​ទស្សនកិច្ច​របស់​លោក​ប្រធានា​ធិបតី​ Barack Obama ​កាល​ពី​ឆ្នាំ​២០១២​ កន្លង​ទៅ​។​

​លោក​ចន ឃែរី ​ក៏ធ្លាប់​បាន​ធ្វើ​ទស្សន​កិច្ច​មក​កាន់​ប្រទេស​កម្ពុជា​រយៈ​ពេល​ពីរ ​លើក​រួច​មក​ហើយ​ក្នុង​ឆ្នាំ​ ១៩៩៩​ និង​ ២០០០​ ដែល​ពេល​នោះ​លោក​ជា​សមាជិក ព្រឹទ្ធសភា​របស់​សហរដ្ឋអាមេរិក​។​ ពេល​នោះ​ ​លោក​ចន ឃែរី បាន​ជួយ​ជម្រុញ​ការគោរ​ពសិទ្ធិ​មុនស្ស​និង​ការបង្កើត​សាលា​កាត់​ក្តី​កាត់​ទោស​ខ្មែរ​ក្រហមនៅ​កម្ពុជា៕

XS
SM
MD
LG