ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ជុំ ប៊ុនរ៉ុង៖ ​កម្ពុជា​បើក​ចំហរ​ការ​ពិភាក្សា​គ្រប់​បញ្ហា​ជាមួយ​អាមេរិក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ឯកអគ្គរាជទូតខ្មែរ៖ ដំណើរ​ទស្សនកិច្ច​របស់​លោកJohn Kerryនឹង​ផ្តោត​លើ​TPP​

លោក​ ជុំ ប៊ុនរ៉ុង ​ឯកអគ្គរាជទូត​កម្ពុជា ​បាន​បញ្ជាក់​ថា​លោក ចន ឃែរី​ នឹង​ពិភាក្សា​ពី​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​រវាង​សហរដ្ឋ​អាមេរិក​ និង​អាស៊ាន ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​រដ្ឋ​កាលីហ្វញ៉ា​នា​ខែ​កុម្ភៈ​ខាងមុខ​ ប៉ុន្តែ​ភាគី​ទាំងពីរ​ក៏​នឹង​ពិភាក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​ផង​ដែរ។

ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​តែ​រៀបចំ​ទទួល​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​លោក​ ចន ឃែរី (John Kerry) រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​នៅ​សប្តាហ៍​ក្រោយ ​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ ឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​នឹង​ពិចារណា​ពី​ការ​ដែល​សហរដ្ឋ​អាមេរិក​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ហៅកាត់​ថា (TPP)។

នៅក្នុង​បទសម្ភាសន៍​ពិសេស​ជាមួយ​នឹង​ VOA ​លោក​ ជុំ ប៊ុនរ៉ុង ​ឯកអគ្គរាជទូត​កម្ពុជា ​បាន​បញ្ជាក់​ថា​លោក ចន ឃែរី​ នឹង​ពិភាក្សា​ពី​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​រវាង​សហរដ្ឋ​អាមេរិក​ និង​អាស៊ាន ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​រដ្ឋ​កាលីហ្វញ៉ា​នា​ខែ​កុម្ភៈ​ខាងមុខ​ ប៉ុន្តែ​ភាគី​ទាំងពីរ​ក៏​នឹង​ពិភាក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​ផង​ដែរ។

លោក​បាន​បន្ថែម​ថា៖«ដោយ​ឡែក​បញ្ហា​សេដ្ឋកិច្ច​ទ្វេភាគី​រវាង​អាមេរិក​ និង​កម្ពុជា ​គឺ​ជា​បញ្ហា​ចម្បង​ដែល​ក្នុ​ង​នេះ​គឺ​ពិភាក្សា​ពី​ផល​ប្រយោជន៍​នៃ​ការ​ចូលរួម​ក្នុង​ TPP ​ជាដៃគូ​ឆ្លង​សមុទ្រ​ប៉ាស៊ីហ្វិក។ TPP ​នេះ​មាន​ប្រយោជន៍​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ប្រទេស​ទាំងពីរ​បាន​រីកចម្រើន​លូតលាស់‍​ផ្នែក​សេដ្ឋកិច្ច»។​

លោក John Kerry រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​អំពី​ការ​ចរចា​របស់​លោក​ជាមួយ​នឹង​ប្រទេស​អ៊ីរ៉ង់ ក្រោយ​ពី​លោក​បាន​វិល​ត្រឡប់​ពី​ទីក្រុង Vienna កាល​ពី​ថ្ងៃអាទិត្យ ទី១៧ ខែ​មករា ឆ្នាំ​២០១៦។ (រូបថត៖ Kevin Lamarque/Pool Photo via AP)
លោក John Kerry រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​អំពី​ការ​ចរចា​របស់​លោក​ជាមួយ​នឹង​ប្រទេស​អ៊ីរ៉ង់ ក្រោយ​ពី​លោក​បាន​វិល​ត្រឡប់​ពី​ទីក្រុង Vienna កាល​ពី​ថ្ងៃអាទិត្យ ទី១៧ ខែ​មករា ឆ្នាំ​២០១៦។ (រូបថត៖ Kevin Lamarque/Pool Photo via AP)

លោក​ ជុំ ប៊ុនរ៉ុង​ បាន​បន្ថែម​ថា​ កិច្ច​ព្រម​ព្រៀង​នោះ​ក៏​ត្រូវ​ផ្តល់​ផល​ប្រយោជន៍​ដល់​តំបន់​អាស៊ាន​ទាំង​មូល​ផង​ដែរ។

«ក្នុង​អាស៊ាន ​ខ្ញុំ​គិត​ថា​ យើង​ការពារ​ផល​ប្រយោជន៍​គ្នា​ទៅវិញ​ទៅមក​ គឺ​ក្នុង​ប្រទេស​ណាមួយ​ដែល​មាន​ផល​ប្រយោជន៍​គេ​តែងតែ​រិះរក​ឱ្យ​ប្រទេស​ដៃគូ​មាន​ផល​ប្រយោជន៍​ដូច​គ្នា។ កម្ពុជា​ក៏ត្រៀម​លក្ខណៈ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​នេះ​ដែរ‍»។​

លោក​ ចន ឃែរី​ ក៏​នឹង​ពិភាក្សា​ពី​បញ្ហា​ទប់​ស្កាត់​ភេរវកម្ម​ផង​ដែរ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឯកអគ្គរាជទូត។

លោក​បាន​បន្ថែម​ថា​ ប្រទេស​កម្ពុជា​បាន​ធានា​បាន​យ៉ាង​ល្អ​ប្រសើរ​ដើម្បី​កុំ​ឱ្យ​មាន​សកម្មភាព​ភេរវកម្ម​នៅ​ក្នុង​ប្រទេស៖​«យើង​តែងតែ​ទប់​ស្កាត់​បាន​ជានិច្ច...​យើង​មាន​ការ​ការពារ​ល្អ​ប្រសើរ ព្រោះ​បងប្អូន​ខ្មែរ​យើង​កាន់​សាសនា​អ៊ីស្លាម​ក៏​គាត់​ជួយ​យើង​ក្នុង​ការ​ទប់​ស្កាត់»។

សកម្មជន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​និយាយ​ថា​ ពួកគេ​នឹង​លើក​បញ្ហា​ការ​ធ្លាក់​ចុះ​នៃ​លំហរ​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​ជំនួប​ជាមួយ​នឹង​លោក ​ចន ឃែរី។

លោក​ឯកអគ្គ​រាជទូត​បញ្ជាក់​ថា​ កម្ពុជា​តែង​តែ​ស្វាគមន៍​ជានិច្ច៖

«ជាទូទៅ​យើង​បើក​ចំហរ​ពិភាក្សា​គ្នា​ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​ការងារ​ណា​ ដែល​ខាង​ភាគី​អាមេរិក​លោក​ចង់​ឱ្យ​មាន​ការអនុវត្ត​ឱ្យ​បាន​ល្អ​ប្រសើរ​ពេញ​ចិត្ត​របស់​គាត់ ​គឺ​យើង​ត្រៀម​លក្ខណៈ​ជានិច្ច‍ ​ដើម្បី​ពិភាក្សា​គ្នា»។​

យ៉ាងណា​ក៏ដោយ​ លោក​បញ្ជាក់​ថា​ គេ​មិន​គួរ​មាន​ការ​យល់​ច្រលំ​លើ​បញ្ហា​លោក​ សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស​ទេ។​ លោ​ក​ថា​ នោះ​ជា​រឿង​ក្តី​បរិហាកេរ្តិ៍​ជាមួយ​នឹង​លោក​ ហោ ណាំហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ និង​សំណុំ​រឿង​មួយ​ទៀត​ដែល​ប្តឹង​ដោយ​លោក ​ហេង សំរិន ​ប្រធាន​រដ្ឋ​សភា​ជាតិ។

លោក​ថា​ លោក​បាន​ផ្ញើ​លិខិត​ពន្យល់​ដល់​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ចំនួន​១៦រូប ​ដែល​បាន​សរសេរ​លិខិត​ទៅ​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន ​អំពី​បញ្ហា​នេះ​ ហើយ​ពួកគេ​ក៏​បាន​ទទួល​យក​ការ​ពន្យល់​របស់​លោក​ផង​ដែរ៕ ​

XS
SM
MD
LG