ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​នឹង​លើក​ពី​លទ្ធិ​ប្រជាធិបតេយ្យ​ពេល​លោក​ ចន ឃែរី ​ទៅ​កម្ពុជា


រូបឯកសារ៖ លោក ចន ឃែរី (John Kerry) រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ថ្លែង​សុន្ទរកថា​ស្តីពី​គោលនយោបាយ​អន្តរជាតិ កាល​ពី​ថ្ងៃពុធ ទី១៣ ខែ​មករា ឆ្នាំ​២០១៦។ (AP/Evan Vucci)
រូបឯកសារ៖ លោក ចន ឃែរី (John Kerry) រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ថ្លែង​សុន្ទរកថា​ស្តីពី​គោលនយោបាយ​អន្តរជាតិ កាល​ពី​ថ្ងៃពុធ ទី១៣ ខែ​មករា ឆ្នាំ​២០១៦។ (AP/Evan Vucci)

លោក​ ​ចន ឃែរី នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា​ ចាប់​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ខាង​មុខ។ លោក​ ចន ឃែរី​ ​នឹង​ធ្វើ​ការ​ជួប​ពិភាក្សា​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​មន្ត្រី​សំខាន់ៗ​ផ្សេង​ទៀត​របស់​ប្រទេស​កម្ពុជា។

ស្រប​ពេល​ដែល​លោក​ ចន ឃែរី (John Kerry) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា​ ​អង្គការ​សង្គម​ស៊ីវិល​ ​និង​អ្នក​តាម​ដាន​ការ​វិវឌ្ឍ​ស្ថានការណ៍​នយោបាយ​កម្ពុជា ស្នើ​ឲ្យ​លោក​រដ្ឋមន្ត្រី​នៃ​ប្រទេស​មហា​អំណាច​នេះ ជួយ​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ សិទ្ធិ​បញ្ចេញមតិ ​និង​ការ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​ខាង​មុខ​ដោយ​គ្មាន​ភាព​ភ័យ​ខ្លាច​ និង​គ្មាន​អំពើ​ហិង្សា។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​និង​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ លោក​ ​ចន ឃែរី នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា​ ចាប់​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ខាង​មុខ។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ លោក​ ចន ឃែរី​ ​នឹង​ធ្វើ​ការ​ជួប​ពិភាក្សា​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​មន្ត្រី​សំខាន់ៗ​ផ្សេង​ទៀត​របស់​ប្រទេស​កម្ពុជា។

ថ្លែង​ប្រាប់ ​VOA​ ក្នុង​កិច្ច​សម្ភាស​នា​ថ្ងៃ​អង្គារនេះ​ ​អង្គការ​សង្គម​ស៊ីវិល​សំខាន់ៗ​ក្នុង​ប្រទេស​កម្ពុជា ដែល​សារទរ​ និង​មាន​បំណង​ចូល​ជួប​ផ្ទាល់​ជា​មួយ​លោក​ ចន ឃែរី បាន​ប្រាប់​ VOA ថា​ពួក​គាត់​ចង់​ឲ្យ​មាន​ការ​ពិភាក្សា​លើ​បញ្ហា​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​កំពុង​ជួប​ការ​គំរាម​ ​និង​ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ដោយ​គ្មាន​អំពើ​ហិង្សា ​ក្នុង​ពេល​ជំនួប​ជាមួយ​ថ្នាក់​ដឹកនាំ​កម្ពុជា។

​លោក​ ធន សារ៉ាយ​ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស ​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ ឬ​ ADHOC​ បាន​ប្រាប់​ VOA ​ថា៖«ខ្ញុំ​ចង់​ឲ្យ​គាត់​មាន​ការ​លើក​ឡើង​អំពី​បញ្ហា​រួម​តូច​ទៅៗ​នៃ​លំហរ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​យើង ជាពិសេស​គឺ​ថា​ការ​សម្តែង​មតិ​តាម​ទីសាធារណៈ​ហ្នឹង​បាទ!។ ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ត្រូវ​បាន​ឃាឃាំង បាន​ត្រូវ​រឹតត្បៀត រឹត​បន្តឹង​ ហើយ​ជាពិសេស​មាន​ការ​ចាប់​ឃុំ​ឃាំង​ដល់អ្នក​ដែល​មាន​ការ​តវ៉ា​ពី​បញ្ហា​ផ្សេងៗ​នោះ​បាទ។ ​នេះ​គឺ​ជា​បញ្ហា​សំខាន់​ដែល​ចង់​ឲ្យ​លោក​រដ្ឋមន្ត្រី​ការបរទេស​នៃ​សហរដ្ឋ​អាមេរិក​នឹង​លោក​មេត្តា​ព្យាយាម​និយាយ​ជា​មួយ​ថ្នាក់​ដឹកនាំ​ខ្មែរ​យើង​កំពូលៗ​ឲ្យ​លោក​យក​ចិត្ត​ទុកដាក់»។

លោក ធន សារ៉ាយ ក៏​សង្ឃឹម​ថា ​លោក ចន ឃែរី នឹង​អាច​ជួយ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​នយោ​បាយ​ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ប្រទេស​កម្ពុជា​ផង​ដែរ ដើម្បី​ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​មួយ​ដោយ​គ្មាន​ភាព​ភ័យខ្លាច​ និង​យុត្តិធម៌។​

រូបឯកសារ៖ បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​កង​កម្លាំង​ប៉ូលិស​បាំង​ដោយ​រនាំង​ដែក​នៅ​កណ្តាល​ផ្លូវ​ក្បែរ​តុលាការ​ក្រុង​ភ្នំពេញ​ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ ទី១៦ ខែ​កក្កដា ឆ្នាំ២០១៤។ (រូបថត៖ AP/ហេង ស៊ីនិត)
រូបឯកសារ៖ បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​កង​កម្លាំង​ប៉ូលិស​បាំង​ដោយ​រនាំង​ដែក​នៅ​កណ្តាល​ផ្លូវ​ក្បែរ​តុលាការ​ក្រុង​ភ្នំពេញ​ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ ទី១៦ ខែ​កក្កដា ឆ្នាំ២០១៤។ (រូបថត៖ AP/ហេង ស៊ីនិត)

លោក​បាន​បន្ថែម​ថា៖​«ហើយ​យើង​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​អំពី​ការ​ដំណើរ​ការ​ប្រកួត​ប្រជែង​គ្នា[ក្នុង​ការ​បោះឆ្នោត] ​នៅ​ពេល​ខាង​មុខ ​វា​អាច​នឹង​មាន​បរិយា​កាស​មួយ​ ដែល​តឹងតែង​ដោយ​សារ​តែ​មាន​ការ​រឹតត្បឹត​នូវ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​មួយ​ចំនួន​ គឺថា​ គួរ​តែ​មាន​សេរីភាព​រួចផុត​ពី​ការ​ភ័យ​ខ្លាច​នេះ​បាទ។ ​ហើយ​ចំពោះ​ការ​ជាប់​ឃុំឃាំង​របស់​អ្នក​នយោ​បាយ​នានា​គឺ​ថា ​សុំ​មេត្តា​ឲ្យ​មាន​ការ​ប្រញ៉ាប់​ប្រញ៉ាល់​នៃ​ការ​ដោះលែង​មក​បាទ​ ព្រោះ​ថា បើសិន​ជា​មិន​មាន​ការ​ដោះ​លែង​ទេ​ ​ហើយ​មាន​ការ​ភ័យខ្លាច​អញ្ចឹង​ដំណើរការ​នៃ​ការ​ប្រកួត​ប្រជែង នៅ​ពេល​ខាង​មុខ​នេះ​ គឺ​មិនមាន​លក្ខណៈ​សេរី​និង​យុត្តិធម៌​ទេ​បាទ»។​

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រសួង​ការបរទេស​នៃ​សហរដ្ឋ​អាមេរិក ​ដែល​ចេញ​ផ្សាយ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ ​បាន​ឲ្យ​ដឹង​ថា ​លោក​រដ្ឋមន្ត្រី​ ចន ឃែរី ​គ្រោង​ជួប​លោក​ ហ៊ុន សែន ​និង​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ ហោ ណាំហុង​ នា​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ។​ ក្នុង​នោះ​លោក​នឹង​អាច​ពិភាក្សា​រឿង​កិច្ច​ប្រជុំ​នៃ​ប្រជាជាតិ​អាស៊ាន​ និង​អាមេរិក នៅ​រដ្ឋ​ California ​សហរដ្ឋ​អាមេរិក​ នា​ខែ​ក្រោយ​នេះ។ សេចក្តី​ប្រកាស​ដដែល​ក៏​បាន​ឲ្យដឹង​ផង​ដែរ​ថា​ ជំនួប​នា​សប្តាហ៍​ខាងមុខ​ គឺ​«ដើម្បី​ពង្រឹង​ទំនាក់​ទំនង កិច្ច​សហ​ប្រតិ​បត្តិការ​ ទ្វេភាគី​ និង​បង្កើន​ទំនាក់​ទំនង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ»។​

លោក​ស្រី​ ធីតា ឃឹះ​ នាយិការ​អង្គការ​សីលការ​ (Silakha) ដែល​ជួយ​ពង្រឹង​សិទ្ធិ​ស្ត្រី​នៅ​កម្ពុជា​ក៏​ចង់​ឲ្យ​ លោក​ ចន ឃែរី លើក​ពី​បញ្ហា​ការ​ពង្រឹង​ ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​ និង​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​អាច​ផ្តល់​ឱកាស​ឲ្យ​បាន​ច្រើន​សម្រាប់​ស្ត្រី​កម្ពុជា។​

«ចា៎! រឿង​ស្ត្រី​ហ្នឹង​ គឺ​យើង​ខ្ញុំឲ្យ​មាន​ការ​វិនិយោគ​ឲ្យ​បាន​ច្រើន​បន្តិច​ទាក់ទិន​ទៅ​លើ​រឿង​ស្ត្រី។​ បើ​គាត់​មក​ធ្វើ​ពាណិជ្ជកម្ម សូម​ឲ្យ​គាត់​មាន​ចំណុច​ពិសេស​ដើម្បី​ជួយ​ស្ត្រី​ ហើយ​ជា​ពិសេស​គឺ​ជួយ​ជំរុញ​ឲ្យ​មាន​គោល​នយោបាយ​ ដែល​ជួយ​ឲ្យ​ស្ត្រី​ មាន​ទទួល​ឱកាស​ច្រើន​នៅក្នុង​ការ​ដឹកនំា​នៅ​ក្នុង​ស្ថាប័ន​សាធារណៈ​ ចា៎!»។

រីឯ​លោកស្រី​ ចក់ សុភាព ​នាយិការ​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ CCHR​ ​បាន​ថ្លែង​ថា​ អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ពិភាក្សា​ទាក់ទិន​នឹង​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ ដើម្បី​ស្នើ​ឲ្យ​មាន​ការ​យក​ចិត្តទុក​ដាក់ ​និង​អន្តរាគមន៍​ពី​ថ្នាក់​ដឹកនាំ​របស់​អាមេរិក ជា​ពិសេស​ទាក់ទិន​នឹង​ការ​រឹត​ត្បិត​នៃ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ​ប្រមូល​ផ្តុំ​ និង​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ផងដែរ។

«សំខាន់​បំផុត​ យើង​នឹង​លើក​យក​ចំណុច​បារម្ភ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​រឿង​សិទ្ធិមនុស្ស​ ​ដូច​យើង​ដឹង​អញ្ចឹង​ ​ដូច​ពាក់ព័ន្ធ​ទៅ​នឹង​ការ​កំហឹត​ទៅ​លើ​សេរីភាព​មូលដ្ឋាន​ក្នុង​ការ​បញ្ចេញមតិ​ ​ក្នុង​ការ​ប្រ​មូល​ផ្តុំ​ ក៏​ក្នុង​ការ​បង្កើត​សមាគម​អី​អញ្ចឹង។ ហ្អា​ហ្នឹង​គឺ​ជា​ចំណុច​ស្នូល​មួយ​ដែល​យើង​ត្រូវ​លើក​ ហើយ​នឹង​ក៏​បន្ត​យាយី​ទៅ​លើ​សកម្មជន​អីហ្នឹង។ ហើយ​ជា​ពិសេស​ខ្ញុំ​យល់​ថា ទស្សនកិច្ច​របស់​គាត់គឺ​វាចំ​ពេល​ជំនុំជម្រះ ​ដែល​សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​លើ​ករណី​ វ៉ន ពៅ​ និង​សកម្មជន​មួយ​ចំនួន​នៃ​សហជីព​ផង​ដែរ។ ​អញ្ចឹង​វា​គឺ​ឱកាស​មួយ​ដែល​យើង​ចង់​លើក​ពី​បញ្ហា​ហ្នឹង»។​

លោក​ស្រី​ ចក់ សុភាព ក៏​បាន​បញ្ជាក់​ពី​ក្តីបារម្ភ​ផង​ដែរ​ទាក់ទិន​នឹង​ច្បាប់​ថ្មីៗ​មួយ​ចំនួន​ ដូច​ជា​ច្បាប់​ស្តី​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព និង​សេចក្តីព្រាង​ច្បាប់ស្តី​ពីការ​គ្រប់​គ្រង​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ជា​ដើម​ ​ដែល​មាន​បំណង​រឹតត្បិត​លើ​សេរីភាព​របស់​ពលរដ្ឋ​កម្ពុជា។

លោក​រដ្ឋមន្ត្រី​ការបរទេស​ ហោ ណាំហុង​ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌​មាន​នៅព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ John Kerry​ នឹង​ជួយ​ពង្រឹង​ចំណង​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​រឹង​មំា​ផង​ដែរ៕

XS
SM
MD
LG