រៀងរាល់ព្រឹកអ៊ំស្រី ផាន ខា អូសរទេះដែលពេញទៅដោយលៀសរបស់គាត់តាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ។ ពេលខ្លះអ៊ំស្រីត្រូវអូសរទេះរបស់គាត់ចម្ងាយរហូតដល់ទៅ២០គីឡូម៉ែត្រក្នុងមួយថ្ងៃ។នៅថ្ងៃល្អលោកអ៊ំអាចរកប្រាក់ចំណូលបានជាង៤០.០០០រៀល ។
ការអូសរទេះលក់លៀសនេះអាចជួយឱ្យអ៊ំស្រីអាចបង់ថ្លៃឈ្នួលផ្ទះរបស់លោកអ៊ំ២០ដុល្លារជារៀងរាល់ខែ ដើម្បីមានកន្លែងស្នាក់នៅនៅពេលយប់សមស្រប និងមានអាហារបរិភោគគ្រប់គ្រាន់។
នៅពេលជួបជាមួយអ្នកយកព័ត៌មានរបស់ VOA កាលពីថ្ងៃព្រហស្បតិ៍នេះ អ៊ំស្រី ផាន ខា ដែលមានអាយុ ៥៩ឆ្នាំ បាននិយាយថា គាត់មិនមានជម្រើសផ្សេង ដើម្បីប្រកបមុខរបររកប្រាក់ក្រៅពីការអូសរទេះលក់លៀសនេះទេ។ លោកអ៊ំ មានប្រសាសន៍ថា គាត់មិនមានការអប់រំខ្ពស់ដែលអាចជួយឱ្យរកការងារបានល្អជាងនេះនោះទេ ហើយក៏ត្រូវទទួលបន្ទុកមើលថែទាំគ្រួសារមួយ ដែលមានឪពុករបស់គាត់ និងចៅៗចំនួនប្រាំបីនាក់។
លោកអ៊ំបាននិយាយថា៖ «មួយថ្ងៃលក់បានប្រាំម៉ឺនទៅប្រាំមួយម៉ឺនទៅមិនទៀង។ លក់អស់ទៅចំណេញលក់មិនអស់នៅច្រើនអីចឹង។ ថ្ងៃណាសល់។ ថ្ងៃណាមិនសល់លក់អស់បានចំណេញប្រាំ ឬប្រាំមួយម៉ឺន»។
មានស្ត្រីកម្ពុជាច្រើនទៀតមានបញ្ហាដូចរូបលោកអ៊ំដែរ។ ស្ត្រីកម្ពុជាទាំងនេះត្រូវបង្ខំចិត្តចូលទៅក្នុងការធ្វើការងារដោយកម្លាំងពលកម្ម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយសារពួកគាត់មិនមានឱកាសការងារ និងចំណេះដឹងគ្រប់គ្រាន់។
ខណៈពេលដែលរដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិកលោក ចន ឃែរី (John Kerry) រៀបចំដំណើរទស្សនកិច្ចមួយមកប្រទេសកម្ពុជានាសប្តាហ៍ក្រោយនេះ។ ភាពក្រីក្រដែលលោកអ៊ំ ផាន ខា និងអ្នកឯទៀតកំពុងជួបប្រទះ បានបង្ហាញពីបញ្ហាធំៗដែលអ្នករៀបចំគោលនយោបាយកំពុងប្រឈមក្នុងការបង្កើតឱ្យមានសមភាពយេនឌ័រ និងឱកាសការងារសម្រាប់ស្រ្តី និងប្រជាជនក្រីក្រ ទូទៅជាច្រើនទៀត។
ធនាគារពិភពលោកបានឱ្យដឹងថា បើទោះបីជាប្រទេសកម្ពុជាបានកាត់បន្ថយអត្រានៃភាពក្រីក្របានច្រើនយ៉ាងណាក្តី៖«ចំនួនគ្រួសារភាគច្រើនដែលគេចចេញពីភាពក្រីក្ររួចនោះមានតែមួយចំនួនតូចប៉ុណ្ណោះ។ វាបានបន្សល់ចំនួនភាគច្រើននៃអ្នកដែលស្ទើរតែក្រីក្រ។ ប្រហែល៩០ភាគរយនៃប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងតំបន់ជនបទ។ ក្នុងចំណោមប្រជាជនកម្ពុជា១៥លាននាក់ មាន៣លាននាក់ មានជីវភាពក្រីក្រ និង ៨,១លាននាក់គឺស្ទើរតែជាជនក្រីក្រ។
នៅមិនឆ្ងាយប៉ុន្មានពីលោកអ៊ំ ផាន ខា និងរទេះរបស់គាត់អ្នក មីង តាលាស់ សារីហ្វាស ដែលមានអាយុ៤៤ឆ្នាំ កំពុងជូនសាច់ញាតិរបស់គាត់ទៅមន្ទីរពេទ្យ។ អ្នកមីង សារីហ្វាស គឺជាអ្នកនេសាទមកពីខេត្តកំពង់ចាមដែលអាចរកប្រាក់បានប្រហែល១៥.០០០រៀល ឬតិចជាងនេះក្នុងមួយថ្ងៃ។
អ្នកមីងបាននិយាយថា៖«ត្រីសព្វថ្ងៃនេះក្រណាស់មួយថ្ងៃ ជួនកាលបានមួយជួនពីរទៅ»។
ពេលខ្លះអ្នកមីងគិតអំពីការស្វែងរកការងារធ្វើនៅក្នុងប្រទេសម៉ាឡេស៊ី។ ប៉ុន្តែអ្នកមីងមានម្តាយចាស់ជរា និងកូនដែលនៅក្នុងបន្ទុកដែលធ្វើឱ្យគាត់មិនអាចចាកចេញទៅធ្វើការឆ្ងាយបាន។
«សម្រាប់ខ្ញុំបានតែទៅម៉ាឡេរួចទៅខ្ញុំទៅអត់កើតនៅទ្រាំម៉ែ។ ម៉ែជរា។ អត់ពីម៉ែទៅនៅមានកូនទៀត។ អត់ដាច់ចិត្តទៅរកស៊ីឆ្ងាយ»។
អ្នកមីងមានប្រសាសន៍ថា៖ «យើងវាក្រអត់មានរកស៊ីអី។ ពិបាកតែប៉ុណ្ណឹង។ ហើយទៅកូននៅរៀនផងអីផង»។
អ្នកមីងបានបន្ថែមថា៖«ចង់លក់ខោអាវអីធម្មតាលើគោក តែយើងអត់មានថវិកា។ ពិបាក។
បងស្រី ទូច ដានី អាយុ៣២ឆ្នាំ ជាអ្នកលក់ភេសជ្ជៈ។ គាត់មានរទេះតូចមួយ ដើម្បីលក់ភេសជ្ជៈតាមផ្លូវក្នុងក្រុងភ្នំពេញ។ គាត់ចាប់ធ្វើការតាំងពីព្រឹកព្រលឹមរហូតដល់ពេលព្រលប់ងងឹត។ នៅពេលវិលត្រឡប់ទៅផ្ទះវិញ បងស្រី ដានី ត្រូវធ្វើការងារផ្ទះជាច្រើន និងមើលថែទាំកូនតូចៗ។
បងស្រីមានប្រសាសន៍ថា៖«ដល់ពេលលក់ដូរហើយទៅវិញនៅចង្ក្រានជើងឆ្នាំងទៀត។ នៅការបោកខោអាវ រៀបចំផ្ទះសម្បែង ឱ្យបានស្អាតបាត។ ថែរក្សាកូនឱ្យស្អាតបាតទៀត»។
ស្ត្រីទាំងបីនាក់នេះនៅតាមដងផ្លូវមួយ ដែលមិនឆ្ងាយពីគ្នាប៉ុន្មានក្នុងរាជធានីភ្នំពេញ។ គេឃើញមានស្ត្រីធ្វើការបែបនេះស្ទើរនៅគ្រប់ដងផ្លូវក្នុងរាជធានីភ្នំពេញ។ នៅតាមជនបទ សេដ្ឋកិច្ចកាន់តែលំបាកថែមទៀត។ ស្វែងរកមធ្យោបាយដើម្បីធ្វើឱ្យជីវិតរស់នៅរបស់ស្ត្រីកម្ពុជាប្រសើរឡើងគឺជាការចាំបាច់ខ្លាំងណាស់។
អ្នកសម្របសម្រួលជាន់ខ្ពស់របស់ទីភ្នាក់ងារ USAID ដើម្បីសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីលោកស្រី Susan Markham បានប្រាប់ VOA នៅពេលលោកស្រីមកប្រទេសកម្ពុជាកាលពីឆ្នាំមុនថា ការកែលម្អជីវភាពរស់នៅរបស់ស្ត្រីនៅទីនេះតម្រូវឱ្យមានស្ថាប័នរឹងមាំជាច្រើនចូលរួមគ្នា ដើម្បីដោះស្រាយភាពក្រីក្រ។ ហើយវាមិនមែនតែរដ្ឋាភិបាលប៉ុណ្ណោះទេ តែរួមទាំងវិស័យឯកជនផងដែរ។
លោកស្រីបាននិយាយថា៖ «វាជាការរួមបញ្ចូលគ្នានៃកត្តាដែលរួមគ្នា។ អ្នកត្រូវការអភិបាលកិច្ចល្អចាប់ពីថ្នាក់សភារហូតដល់ថ្នាក់មូលដ្ឋាន។ អ្នកត្រូវដឹងថា ការអប់រំពិតជាសំខាន់សម្រាប់ការងារ។ ដូច្នេះ វាមានកត្តាជាច្រើនដែលត្រូវតែ ដោះស្រាយ»៕