ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​សភា​កម្ពុជា​ស្នើ​ឲ្យ​មហា​សន្និបាត​អន្តរ​សភា​អាស៊ាន​ជំរុញ​ពហុភាគី​និយម​ដើម្បី​ទប់ទល់​នឹង​វិបត្តិ​ចាក់​ស្រេះ


រូបឯកសារ៖ លោក ហេង សំរិន ប្រធាន​សភា​ជាតិ​កម្ពុជា លើកដៃ​ឡើង​ក្នុង​ពេល​លោក​ដឹកនាំ​កិច្ចប្រជុំ​មួយ​នៅ​សភា​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១។ (Cambodia's National Assembly via AP)
រូបឯកសារ៖ លោក ហេង សំរិន ប្រធាន​សភា​ជាតិ​កម្ពុជា លើកដៃ​ឡើង​ក្នុង​ពេល​លោក​ដឹកនាំ​កិច្ចប្រជុំ​មួយ​នៅ​សភា​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១។ (Cambodia's National Assembly via AP)

ប្រធាន​សភា​កម្ពុជា​លោក ​ហេង សំរិន​ ថ្លែង​ក្នុង​ពេល​បើក​មហា​សន្និបាត​អន្តរសភា​អាស៊ានថា​ ប្រទេស​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅកាត់​ថា​ អាស៊ាន ​និង​ប្រទេស​ទាំង​អស់​លើ​សកល​លោក​ទាំងមូល​កំពុង​ប្រឈម​នឹង​វិបត្តិ​មួយ​ចំនួន​ ដែល​បង្ក​ការ​លំបាក​ដល់​ប្រជា​ពលរដ្ឋ​សាមញ្ញ ​ដែល​ការណ៍​នេះ​តម្រូវ​ឲ្យមាន​ឆន្ទៈ​នយោបាយ​ដែល​ផ្តល់​តម្លៃ​លើ​ពហុភាគី​និយម​ចម្រុះ​នៅ​ក្នុង​ការតទល់​នឹង​វិបត្តិ​ទាំង​នោះ។​

កម្ពុជា​កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​មហា​សន្និបាត​អន្តរ​សភា​អាស៊ាន​ ហៅ​កាត់ថា​ AIPA ​ចាប់​ពី​ថ្ងៃ​ទី​២០​ដល់​២៥ ខែ​វិច្ឆិកា​នេះ។ ​នេះ​ជា​មហា​សន្និបាត​ លើក​ទី៤៣ ​គិត​ចាប់​តាំង​ពី​ការ​បង្កើត​ឲ្យ​មាន​អង្គការ ​AIPO ​កាល​ពី​ឆ្នាំ​១៩៧៧ ​ដែល​ក្រោយ​មក​មាន​ឈ្មោះ​ថា​ AIPA។

អំឡុង​ពេល​ប្រកាស​បើក​មហាសន្និបាត​អន្តរ​សភាអាស៊ាន ​AIPA​ ជា​ផ្លូវ​ការ​ លោក​ ហេង​ សំរិន​ ដែល​កំពុង​គ្រប់​គ្រង​សភា​ឯក​បក្ស​របស់​កម្ពុជា លើក​ឡើង​នៅ​ចំពោះ​មុខ​មេដឹកនាំ​ និង​តំណាង​នៃ​សភា​ប្រទេស​អាស៊ាន​ទាំង​១០​ថា​ វិបត្តិ​ និង​បញ្ហា​ដែល​កំពុង​កើត​ឡើង​ រួមមាន​ការ​ប្រកួត​ប្រជែង​ភូមិ​សាស្ត្រ​នយោបាយ​ ការ​បែង​ចែក​និន្នាការ​សេដ្ឋកិច្ច​ ភាពតាន​តឹង​នៅច្រក​សមុទ្រ​តៃវ៉ាន់ និង​ឧប​ទ្វីប​កូរ៉េ ​ ជម្លោះ​ដែន​សមុទ្រ​ វិបត្តិ​នយោបាយ​ និង​មនុស្ស​ធម៌​នៅ​មីយ៉ាន់ម៉ា​ ឬ​ភូមា​ និង​វិបត្តិ​សង្គ្រាម​អ៊ុយក្រែន​ដែល​កំពុង​ធ្វើឲ្យ​ពិភព​លោក​មាន​កង្វល់​ ពាក់​ព័ន្ធ​វិស័យ​ថាម​ពល ​និង​សន្តិសុខ​ស្បៀង។ ​

លោក​ថ្លែង​ថា៖​ «ជាមួយ​គ្នា​នេះ​ សង្គ្រាម​នៅ​អ៊ុយក្រែន​បាន​បន្ថែម​ការ​លំបាក​មួយ​កម្រិត​ទៀត​ដល់​ពិភពលោក​ លើ​បញ្ហា​ថាមពល​ និង​សន្តិសុខ​ស្បៀង​អាហារ​ផង​ដែរ»។

លោក​បន្ថែម​ថា ​AIPA​ គួរ​មាន​ឆន្ទៈ​នយោបាយ​មោះ​មុត​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ពហុភាគី​និយម​ដែល​កំពុង​ធ្លាក់​ចុះ​ខ្សោយ​នោះ​ ដើម្បី​ប្រឆាំង​ការ​បង្ក​សង្គ្រាម​ និង​ដើម្បី​ធានា​បាន​នូវ​ចីរភាព​ បរិយាបន្ន​ និង​ភាព​ធន់​ក្នុង​តំបន់​ ក្រោយ​ការ​ងើប​ឡើង​វិញ​ជា​បណ្តើរៗ​ពីការ​ឆ្លង​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩។ ​

លោក​ថ្លែង​ថា៖​ «ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថាន​ការណ៍​ទាំង​នេះ​ AIPA​ គួរ​តែ​ជំរុញ​ឆន្ទៈ​កាន់​តែ​មោះ​មុត​ក្នុង​ការ​ពង្រឹង​ប្រ័ពន្ធ​ពហុភាគី​និយម​ឡើង​វិញ​ឲ្យ​កាន់​តែ​មាន​ភាព​បើក​ចំហ​ បរិយាបន្ន​ និង​ផ្អែក​លើ​ច្បាប់​ ខណៈ​ពេល​ដែល​យើង​បន្ត​ពង្រឹង​ភាព​ជាដៃគូ​ពហុភាគី​ និង​កិច្ច​សហការ​អន្តរ​វិស័យ​ ដើម្បី​ធានា​បាន​សហគមន៍​អាស៊ាន​របស់​យើង​ប្រកប​ដោយ​ចីរភាព​ បរិយាបន្ន​ និង​ភាព​ធន់»។​

លោក ​ហេង សំរិន ​ប្រធាន​មហា​សន្និបាត ​AIPA ​ឱ្យ​ដឹងថា​ មាន​បញ្ហា​ផ្សេងៗ​ទៀត​ដែល​ត្រូវ​គិត​គូរ​ គឺការ​លើក​កម្ពស់​សន្តិភាព​ ការ​យោគ​យល់​គ្នា​ ទាំង​ថ្នាក់​តំបន់​ និង​ពិភពលោក​ ហើយ​ជាពិសេស​វិស័យ​ការ​ទូត​គួរ​តែ​បន្ត​ដើរ​តួនាទី​កាន់​តែ​សំខាន់​ក្នុង​បញ្ហា​នេះ។​

លោក​បន្ថែម​ថា៖​ «យើង​ត្រូវ​ធ្វើ​ឲ្យ​ពិភព​លោក​ដឹង​ពី​ជំហរ​របស់​យើង​ ​ដោយ​បដិសេធ​រាល់​គំនិត​ និង​ការ​អនុវត្ត​ទាំង​ឡាយ​ដែល​បង្ក​ឲ្យ​មាន​សង្គ្រាម​ ហើយ​យើង​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​ច្បាប់​ដែល​មាន​ចែង​នៅ​ក្នុង​ធម្មនុញ្ញ​របស់​អង្គការ​សហ​ប្រជាជាតិ​ ធម្មនុញ្ញ​អាស៊ាន​ និង​សន្ធិសញ្ញា​មិត្ត​ភាព​ និង​សហ​ប្រតិបត្តិការ»។ ​

លោក​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ លោក ​សាយ ឈុំ​ ប្រធាន​ព្រឹទ្ធ​សភា​ និង​តំណាង​រាស្ត្រ​កម្ពុជា​មួយ​ចំនួន​ក៏​បាន​លើក​ឡើង​ស្រដៀង​គ្នា​នឹង​ប្រធាន​សភា​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការ​ប្រកួត​ប្រជែង​ភូមិ​សាស្ត្រ​នយោបាយ​ដែល​កំពុង​កើន​ឡើង​កំដៅ​ និង​វិបត្តិ​ផ្សេងៗ​ទៀត​ដែល​មិន​ទាន់​រកច្រក​ចេញ​បាន។​

បើ​តាម​សុន្ទរកថា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ក្នុង​ទិដ្ឋភាព​នយោបាយ​ និង​សន្តិសុខ​ កម្ពុជា​បានផ្តល់​អាទិភាព​លើ​ការ​ពង្រឹង​មជ្ឈភាព​ និង​ឯកភាព​អាស៊ាន​ ព្រម​ទាំង​ប្រកាន់​ខ្ជាប់​នូវ​យន្តការ​ពហុ​ភាគី​និយម​ ដែល​ជា​យន្តការ​តំបន់​ដ៏​សំខាន់​ ក្នុងការ​រួម​ចំណែក​បន្ធូរ​បន្ថយ​ភាពតាន​តឹង​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​ និង​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រទេស​មហា​អំណាច​ ជាពិសេស​តាម​រយៈ​ការ​លើក​កម្ពស់​កិច្ច​សន្ទនា​ជាមួយ​ដៃគូ​ក្នុង​វេទិកា​នានា។ ​

អ្នកវិភាគ​នយោបាយ​ លោក​ សេង សារី ​លើក​ឡើង​ថា​ មហា​សន្និបាត​អន្តរ​សភា​អាស៊ាន ​ដែល​ពី​មុន​ត្រូវ​គេ​ស្គាល់​ថា​ ជា​អង្គ​ការ​អន្តរ​សភា​អាស៊ាន​ AIPO ​គឺជា​យន្តការ​ដែល​បើក​ឲ្យ​មាន​ការ​ពិភាក្សា​ពី​សំណាក់​សមាជិក​សភា​អាស៊ាន​លើ​បញ្ហា​ប្រឈម​នានា​ដែល​អាស៊ាន​ត្រូវ​រួម​គ្នា​ដោះ​ស្រាយ​ ក្នុង​នោះ​គឺ​មាន​ទស្សនៈ​អាស៊ាន​ក្រោយ​ឆ្នាំ​២០២៥ ​ សេដ្ឋកិច្ច​បែប​ឌីជីថល ​សេដ្ឋកិច្ច​បៃតង​ និង​ការ​ការពារ​ជន​ចំណាក​ស្រុក ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន ​ ខណៈ​ស្ថានភាព​សកល​លោក​មាន​ការ​ប្រែប្រួល។​

លោក​ថ្លែង​ថា៖ ​«សំខាន់​គឺ​មហា​សន្និបាត​អន្តរ​សភា​អាស៊ាន​នេះ​នឹង​ជជែក​អំពីការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ ហើយ​នឹង​ឱកាស​ជាសកល​សម្រាប់​អាស៊ានថា​ តើ​ក្រោយ​ទស្សន​វិស័យ​ឆ្នាំ​២០២៥​ ...​ ព្រោះ​អាស៊ាន​មាន​ទសន្ស​វិស័យ​មក​ត្រឹម​ឆ្នាំ​២០២៥​ ....​ ហើយ​ក្រោយ​ពី​ឆ្នាំ​២០២៥​នេះ​ថា ​តើ​អាស៊ាន​នឹង​បន្ត​ដើរ​ទៅ​ផ្លូវ​ណា​ អំឡុង​ពេល​ដែល​សេដ្ឋកិច្ច​សកល​ បញ្ហា​សកល​ហ្នឹង​មាន​ការ​ប្រែ​ប្រួល​ ហើយ​អាស៊ាន​ក៏ត្រូវ​តែ​ adapt ឬក៏​គេ​ហៅ​ថា​ សម្រប​ខ្លួន​ជាមួយ​នឹង​ការប្រែ​ប្រួល​ជា​សកល​ដែរ។ ​អ៊ីចឹង​ជា​ការ​ប្រជុំ​មួយ​ដ៏​សំខាន់​សម្រាប់​អន្តរ​សភា​អាស៊ាន​ដែល​អាច​កំណត់​នូវ​ទស្សន​វិស័យ​ ឬ​ទិសដៅ​សម្រាប់​អាស៊ាន​នា​ថ្ងៃ​អនាគត​ ​ជាទស្សនវិស័យ​និង​គោល​ដៅ​រួម»។​

គួរ​បញ្ជាក់​ថា មហា​សន្និបាត​អន្តរ​សភា​អាស៊ាន​បាន​ចាប់​ផ្តើម​ដំណើរ​ការ​ក្នុង​ទីក្រុង​ភ្នំពេញ​ ប្រទេស​កម្ពុជា ​ក្រោយ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​បាន​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី​៤០​ និង​៤១ ​និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ដោយ​មានការ​ចូលរួម​ពី​មេ​ដឹកនាំ​ក្នុង​តំបន់​ និង​ពិភពលោក។ ​ទោះ​ជា​យ៉ាង​ណា​ ប្លុក​អាស៊ាន​នៅ​តែ​បន្ត​ប្រឈម​មុខ​នឹង​បញ្ហា​រ៉ាំរ៉ៃ​ដែល​នៅ​មិន​ទាន់​អាច​បំបែក​បាន​ ដូច​យ៉ាង​ជម្លោះ​នយោបាយ​នៅ​ភូមា​ សង្គ្រាម​នៅ​អ៊ុយក្រែន ​និង​ភាពតាន​តឹង​នៅ​ឧបទ្វីប​កូរ៉េជា​ដើម៕

XS
SM
MD
LG