ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជំនាញ៖ វិបត្តិ​ចាក់ស្រេះ​ក្នុង​តំបន់​នឹង​គ្រប​ដណ្តប់​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នៅ​ភ្នំពេញ


រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួងការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន ថតរូបក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២។
រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួងការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន ថតរូបក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២។

ប្រតិភូ​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ និង​ដៃគូ​សន្ទនា​របស់​អាស៊ាន​ បាន​មក​ដល់​ប្រទេស​កម្ពុជា​ជា​បណ្តើរៗ​ កាល​ពី​ថ្ងៃ​សៅរ៍​ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​ផ្សេងៗ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​ និង​ការ​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី​៥៥​ក្នុង​ទីក្រុង​ភ្នំពេញ។

អ្នក​ជំនាញ​កិច្ច​ការ​អន្តរជាតិ​នៅ​ប្រទេស​កម្ពុជា​កត់​សម្គាល់​នូវ​បញ្ហា​ស្មុគស្មាញ​ជាច្រើន​ដែល​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្តូរវេន​ត្រូវ​ចូល​រួម​ផ្លាស់​ប្តូរ​យោបល់​ ពិភាក្សា​ ​រក​ដំណោះ​ស្រាយ​ ជាមួយ​ប្រទេស​ដទៃ​ ដែល​ជា​សមាជិក​អាស៊ាន និង​ដៃគូ​សន្ទនា​របស់​អាស៊ាន។

ប្រធាន​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ​ បាន​និយាយ​ថា​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្តូរវេន​ឆ្នាំ​នេះ​ មាន​បំណង​ធ្វើ​យ៉ាង​ណា​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​នៅ​ក្នុង​តំបន់​ និង​ដៃគូ​ពិភាក្សា​ ដើម្បី​ស្តា​សេដ្ឋកិច្ច​សង្គម​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​១៩​ ដោយសារ​កង្វះ​យន្តការ​ជួយ​គ្នា​ទៅវិញ​ទៅមក​នៃ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​ស្ថានភាព​សេដ្ឋកិច្ច​សង្គម​ដែល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ​១៩។

លោក​បន្ថែម​ថា​ វិបត្តិ​ស្មុគស្មាញ​មួយចំនួន​ តួយ៉ាង​ដូច​វិបត្តិ​នៅ​ភូមា​ និង​សង្គ្រាម​នៅ​អ៊ុយក្រែន​ ក៏​បាន​រំខាន​ដល់​ដំណើរ​ការ​ស្តា​ស្ថានភាព​សេដ្ឋកិច្ច​ឡើងវិញ​ ហើយ​ដែល​តោង​ឲ្យ​កម្ពុជា​ និង​ប្រទេស​សមាជិក​អាស៊ាន​ ព្រមទាំង​ដៃ​គូ​ពិភាក្សា​ ត្រូវ​ជជែក​គ្នា​ក្នុង​កិច្ច​ប្រជុំ​ក្នុង​ក្របខណ្ឌ​អាស៊ាននានា​ដែល​កំពុង​ខិត​ជិត​ចូល​មក​ដល់។

រូបឯកសារ៖ ពលរដ្ឋ​មីយ៉ាន់ម៉ា​ម្នាក់​ដែល​រស់​នៅ​ប្រទេស​ថៃ កាន់​រូបថត​នៃ​អ្នក​ទោស​នយោបាយ៤​រូប​ដែល​ត្រូវ​បាន​ប្រហារ​ជីវិត​នៅ​ប្រទេស​មីយ៉ាន់ម៉ា ក្នុងអំឡុង​បាតុកម្ម​មួយ​នៅ​ខាង​ក្រៅ​ស្ថានទូត​មីយ៉ាន់ម៉ា​នៅ​រាជធានី​បាងកក​ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា​ ឆ្នាំ​២០២២។
រូបឯកសារ៖ ពលរដ្ឋ​មីយ៉ាន់ម៉ា​ម្នាក់​ដែល​រស់​នៅ​ប្រទេស​ថៃ កាន់​រូបថត​នៃ​អ្នក​ទោស​នយោបាយ៤​រូប​ដែល​ត្រូវ​បាន​ប្រហារ​ជីវិត​នៅ​ប្រទេស​មីយ៉ាន់ម៉ា ក្នុងអំឡុង​បាតុកម្ម​មួយ​នៅ​ខាង​ក្រៅ​ស្ថានទូត​មីយ៉ាន់ម៉ា​នៅ​រាជធានី​បាងកក​ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា​ ឆ្នាំ​២០២២។

លោក​ថ្លែង​ថា៖ «ទាក់​ទង​បញ្ហា​តំបន់​ និង​អន្តរជាតិ​ យើង​ឃើញ​បញ្ហា​វិបត្តិ​នៅ​ភូមា​ បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន​ ហើយ​និង​ផល​ប៉ះ​ពាល់​ទៅ​ដល់​សន្តិសុខ​ស្បៀង​ សន្តិសុខ​ថាមពល​ និង​ក៏​ជា​បញ្ហា​មួយ​កំពុង​តែ​ជា​ការ​គំរាម​កំហែង​ទៅ​ដល់​ការ​ខំ​ប្រឹង​ប្រែង​ ក្នុង​ការ​ស្តា​ឡើង​វិញ​សេដ្ឋកិច្ច​សង្គម​ហ្នឹង​ដែរ​ គឺ​ត្រូវ​បាន​បន្ទុច​បង្អាក់​ ដោយសារ​តែ​សង្គ្រាម​នៅ​អ៊ុយក្រែន​ ហើយ​និង​បញ្ហា​ស្មុគស្មាញ វិបត្តិ​ស្មុគស្មាញ​នៅ​ភូមា»។

​អ្នកជំនាញ​កិច្ចការ​អន្តរជាតិ​រូប​នេះ​ លើក​ឡើង​ទៀត​ថា​ ប្រទេស​ជា​សមាជិក​អាស៊ាន​ អាច​នឹង​ពិភាក្សា ដោយ​ផ្តោត​លើប្រភព​ថ្មីៗ​ដែល​អាចជំរុញ​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​ ក្នុង​នោះ​គឺ​ការបង្កើន​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ដូចជាកិច្ច​ព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ ហៅ​កាត់​ថា​(RCEP)។

បើ​តាម​លោក ​ឈាង វណ្ណារិទ្ធ​ ការ​ប្រែប្រួល​អាកាស​ធាតុ​ក៏​ត្រូវ​ស្ថិត​នៅ​ក្នុង​កិច្ច​ពិភាក្សា​របស់​ក្រុម​រដ្ឋមន្ត្រី និង​តំណាង​នៃ​ប្រទេស​ផ្សេងៗ​ដែល​មក​ចូលរួម​ប្រជុំ​ពាក់​ព័ន្ធ​នឹង​អាស៊ាន​នៅ​ទីក្រុង​ភ្នំពេញ​ ចាប់​ពី​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ដល់​ថ្ងៃ​ទី​៥​ ខែ​សីហា​ ឆ្នាំ​២០២២​នេះ។

ក្រៅ​ពី​បញ្ហា​សេដ្ឋកិច្ច​ និង​សង្គម​ លោក ឈាង វណ្ណារិទ្ធ​ ជឿ​ថា​ភាព​តាន​តឹង​អាច​នឹង​កើត​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ខាង​មុខ​ ដោយ​សារ​តែ​មាន​វត្តមាន​របស់​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​ និង​សហរដ្ឋ​អាមេរិក​ ដែល​កំពុង​ពាក់​មុខ​យក្ស​ដាក់​គ្នា​ ជុំវិញ​សង្គ្រាម​នៅ​អ៊ុយ​ក្រែន។

លោក​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា៖ «ភាព​តឹង​តែង​ហើយ​និង​ភាព​ចម្រូងចម្រាស​ គឺ​នឹង​កើត​មាន​ ជា​ពិសេស​ទាក់​ទង​វត្តមាន​របស់​រុស្ស៊ី​នៅ​ក្នុង​កិច្ច​ប្រជុំ​ហ្នឹង​ ដោយ​សារ​តែ​លោក​ខាង​លិច​ គឺ​មាន​ការ​ប្រឆាំង​ចំពោះ​វត្តមាន​របស់​រុស្ស៊ី។ អ៊ីចឹង​យើង​មើល​ពីការ​ប្រជុំ​កន្លង​ទៅ​ G20 នៅ​ឥណ្ឌូ​ណេស៊ី​ ហើយ​និង​APEC​នៅ​ថៃ​ហ្នឹង ​គឺ​អត់​បាន​ចេញ​នូវ​សេចក្តី​ថ្លែងការណ៍​រួម​ណា​មួយ​ទេ​ ដោយ​សារ​តែ​ពុំ​មាន​ consensus ឯកច្ឆន្ទ​ភាព​ លើ​បញ្ហា​មួយ​ចំនួន។ អ៊ីចឹង​និយាយ​ចំ​ទៅ​ វេទិកា​ណា​ដែល​មាន​រុស្ស៊ី​ ហើយ​និង​អាមេរិក​ ហើយ​និង​លោក​ខាង​លិច​នៅ​ជាមួយ​គ្នា​ គឺ​ពិបាក​ហ្នឹង​ឈាន​ទៅ​ដល់នូវ​ឯកច្ឆន្ទ​ណាស់​ ពីព្រោះ​ថាវា​ទៅ​ជា​ពីរ​ប្លុក​ទៅ​ហើយ»។ ​

ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ មាន​ដូចជា​សិង្ហបុរី​ ថៃ​ វៀតណាម​ ព្រុយណេ​ កម្ពុជា​ ឥណ្ឌូណេស៊ី​ ឡាវ​ ម៉ាឡេស៊ី​ មីយ៉ាន់ម៉ា​ និង​ហ្វីលីពីន។ គិត​ត្រឹម​ឆ្នាំ​២០២២​នេះ​ អាស៊ាន​ មាន​ដៃគូ​សន្ទា​ចំនួន​១១​ប្រទេស​រួមមានអូស្ត្រាលី​ កាណាដា ចិន​ សហភាព​អឺរ៉ុប​ ឥណ្ឌា​ ជប៉ុន​ នូវែលសេឡង់​ សាធារណ​កូរ៉េ​(កូរ៉េខាង​ត្បូង)​ សហព័ន្ធ​រុស្ស៊ី​ ចក្រភព​អង់គ្លេស​ និង​សហរដ្ឋ​អាមេរិក។

ខណៈ​កម្ពុជា​ត្រៀម​រៀបចំ​កិច្ច​ប្រជុំ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​ ក៏ដូច​ជា​ការ​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ រដ្ឋមន្រ្តី​ការ​បរទេស​រុស្ស៊ី គឺ​លោកSergey Lavrov និង​រដ្ឋមន្រ្តី​ការ​បរទេស​ចិនលោក​Wang Yi​ បាន​បញ្ជាក់​ការ​ចូលរួម​របស់​ពួកគេ ក្នុង​កិច្ច​ប្រជុំ​ដែល​នឹង​ត្រូវ​រៀបចំ​នៅ​ទីក្រុង​ភ្នំពេញ។

ដោយឡែក​ លោក​ Antony Blinken ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេសមួយ​ចំនួន រួម​មាន​កម្ពុជា​ផង​ដែរ ដើម្បី​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​មួយ​ចំនួន​ក្នុង​ក្របខណ្ឌ​អាស៊ាន​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក។

រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken (ស្ដាំ) ជួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការបរទេសកម្ពុជា នៅក្រសួងការបរទេសសហរដ្ឋអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។
រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken (ស្ដាំ) ជួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការបរទេសកម្ពុជា នៅក្រសួងការបរទេសសហរដ្ឋអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។

លោក ​Blinken ​នឹង​ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​លោក​ចាប់​ពី​ថ្ងៃ​ទី​២ ​ខែ​សីហា​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា ​ដោយ​ក្នុង​ការធ្វើ​ដំណើរ​នោះ​ មាន​ការ​បំពេញ​ទស្សនកិច្ច​នៅប្រទេស​កម្ពុជា ​ហ្វីលីពីន ​អាហ្វ្រិក​ខាងត្បូង ​សាធារណរដ្ឋ​ប្រជាធិប​តេយ្យ​កុងហ្គោ​ និង​ ប្រទេស​រវ៉ាន់ដា។

សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ បាន​បញ្ជាក់​ថា ​លោក​រដ្ឋមន្ត្រី ​Antony Blinken ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា​ដំបូង​គេ​ចាប់​ពី​ថ្ងៃ​ទី​៣ ​ដល់​ថ្ងៃ​ទី​៥ ខែ​សីហា​ ដើម្បី​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាមេរិក-អាស៊ាន ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស ​និង កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន។

សេចក្តី​ថ្លែងការណ៍​ដដែល​បាន​បញ្ជាក់​ថា៖ «នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នីមួយៗ​ លោក​រដ្ឋមន្ត្រី Blinken ​នឹង​បញ្ជាក់​ឡើង​វិញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​មជ្ឈភាព​អាស៊ាន ​និង ​ការ​អនុវត្ត​ដោយ​ជោគជ័យ​ចំពោះ​ចក្ខុវិស័យ​អាស៊ាន​អំពី​ក្របខណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូប៉ាស៊ីហ្វិក»។

សេចក្តី​ថ្លែងការណ៍​ដដែល​បាន​បញ្ជាក់​ថែម​ទៀត​ថា៖ «លោក​រដ្ឋមន្ត្រី ​នឹង​ដោះស្រាយ​បញ្ហា​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ​បញ្ហា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​បញ្ហា​វិបត្តិ​(នយោបាយ)​ភូមា ​និង ​បញ្ហា​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​ផង​ដែរ»។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​លោក​ ឯម សុវណ្ណារ៉ា​ ប្រាប់​វីអូអេ​ថា​វិបត្តិ​នៅ​ភូមា​អាច​ជា​បញ្ហា​ក្តៅ​គគុក​មួយ​ដែល​ត្រូវ​ពិភាក្សាក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ និង​ការ​ប្រជុំ​ពាក់​ព័ន្ធ​ដទៃទៀត។

លោក​និយាយ​ថា៖ «ប្រហែល​ជា​បញ្ហា​ភូមា​ ជា​ចំណុច​មួយ​ចាំបាច់​ដែល​ត្រូវ​ជជែក​គ្នា​ រឿង​បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់។ ចំណុច​មួយ​ទៀត​ អាច​ជា​បញ្ហា​រឿង​ជំហរ​ គេ​ហៅ​ថា​របស់​អង្គការ​អាស៊ាន​ ជាមួយ​នឹង​ការ​កសាង​រក្សា​ទំនាក់​ទំនង​ជា​មួយ​សហរដ្ឋ​អាមេរិក​ ដូច​ដែល​បាន​ព្រមព្រៀង​គ្នា​ កាល​ពី​ថ្ងៃ​ទី​១៣​ខែ​ឧសភា កន្លង​មក​ ដែល​ប្រជុំ​ពិសេស​ជាមួយ​អាមេរិក​ នៅ​ទឹក​ដី​សហរដ្ឋ​អាមេរិក។ អ៊ីចឹង​ទេ​ កិច្ចការ​នេះ​ ខ្ញុំ​គិត​ថា​ប្រហែល​ជា​គេ​ជំរុញ​ឬ​ក៏​បន្ត​ឲ្យ​អនុវត្ត​បន្ត​ទៀតលើ​ជំហរ​របស់​អង្គការ​អាស៊ាន​ ជាមួយ​នឹង​សហរដ្ឋ​អាមេរិក»។

បើ​តាម​លោក ​ឯម​ សុវណ្ណារ៉ា​ បញ្ហា​ផ្សេង​ទៀត​ ដូច​ជា​ការ​ដណើ្តម​កាន់​កាប់​ដែន​កោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ពី​សំណាក់​ភាគី​ចិន​ និង​ប្រទេស​មួយ​ចំនួនក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នឹង​មិន​ត្រូវ​បាន​លើក​មក​ពិភាក្សា​ស៊ី​ជម្រៅ​ និង​ជា​ឧបសគ្គ​ធំ​សម្រាប់​កម្ពុជា​នោះ​ទេ​ ដោយ​លើក​ហេតុ​ផល​ថា​ អាមេរិក​បាន​បដិសេធ​ទទួល​ស្គាល់​អធិបតេយ្យ​ភាព​របស់​ចិន​ក្នុង​តំបន់​នោះ។

រូបឯកសារ៖ នាវា​ពិឃាត USS Benfold (DDG 65) ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​សមុទ្រ​ហ្វីលីពីន ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២២។ ទាហាន​អាមេរិក​កាល​ពី​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២២ បាន​បើក​នាវា​នេះ​ទៅ​ជិត​ប្រជុំ​កោះ​ដែល​ត្រួតត្រា​ដោយ​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ អាមេរិក​ហៅ​ប្រតិបត្តិការ​នេះ​ថា​ជា​សេរីភាព​នៃ​ការ​បើកបរ​នៅ​លើ​ដែនសមុទ្រ​យុទ្ធសាស្ត្រ។
រូបឯកសារ៖ នាវា​ពិឃាត USS Benfold (DDG 65) ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​សមុទ្រ​ហ្វីលីពីន ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២២។ ទាហាន​អាមេរិក​កាល​ពី​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២២ បាន​បើក​នាវា​នេះ​ទៅ​ជិត​ប្រជុំ​កោះ​ដែល​ត្រួតត្រា​ដោយ​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ អាមេរិក​ហៅ​ប្រតិបត្តិការ​នេះ​ថា​ជា​សេរីភាព​នៃ​ការ​បើកបរ​នៅ​លើ​ដែនសមុទ្រ​យុទ្ធសាស្ត្រ។

លោក​ថ្លែង​ថា៖ «បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ ខ្ញុំ​គិត​ថា​ វា​លែង​ជា​ក្តី​បារម្ភ​ធំ​អី​នៅ​ក្នុង​កាតព្វកិច្ច​របស់កម្ពុជា​ទៀត​ហើយ​ដោយសារ​សហរដ្ឋ​អាមេរិក​បាន​ទាត់​ចោល​នូវ​ គេ​ហៅ​ថា​ ដែន​អធិបតេយ្យ​ភាព​របស់​ចិន។ ដោយ​ឡែក​រឿង​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ ប្រហែល​ជា​នឹង​មិន​អាច​ដំណើរការ​ ឬ​ក៏​ជជែក​គ្នា​ឲ្យ​ស៊ី​ជម្រៅ​អី​បាន​ទៀត​ទេ»។​

ក៏​ប៉ុន្តែ​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិ​បត្តិការ និង​សន្តិភាព​ លោក ​ពូ សុធីរៈ ជឿ​ថា​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ទំនង​ជានឹង​ត្រូវ​បាន​លើក​ឡើង​ដោយ​ភាគី​ប្រទេស​ហ្វីលីពីន​ ដែល​ទើប​មាន​ការ​ផ្លាស់​ប្តូរ​រដ្ឋបាល​ដឹក​នាំ​ថ្មី។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖ «គាត់​អាច​លើក​ឡើង​វិញ​ ហើយ​ឥឡូវ​ប្រហែល​ជា​អីចឹង​ហើយ​ ពីព្រោះ​ហ្វីលីពីន​ គាត់​ប្រកាន់​ជំហាន​ថ្មី​ (new position) តាម​ការ​សង្កេត​របស់​ខ្ញុំ។ ស្អី​ដែល​ទាក់​ទិន​ទៅ​នឹង​រឿង​ផល​ប្រយោជន៍​ ហើយ​ចំណុច​ដែល​ទាក់​ទិន​ នៅ​ក្នុង​South China Sea (សមុទ្រ​ចិន​ខាង​ត្បូង​) ដែល​ប៉ះពាល់​ដល់ផល​ប្រយោជន៍​ជាតិ​របស់​គាត់​ គាត់​អាច​លើក។ ដូច្នេះ​ នេះ​ជា​រឿង​មួយ​ដែល​ខ្មែរ​ ដែល​ជា​ម្ចាស់​ផ្ទះ​ហ្នឹង​ មាន​តួនាទី​សម្របសម្រួល​បន្ថែម​ទៀត​ ពន្យល់​ប្រាប់​គេ​បន្ថែម​ទៀត»។

ទាក់​ទិន​វិបត្តិ​នៅ​ភូមា​ ឬ​មីយ៉ាន់ម៉ា​ ជា​ទី​ដែល​ទើប​មាន​ការ​ប្រហារ​ជីវិត​សកម្មជន​ប្រជាធិបតេយ្យ​៤​រូប​នោះ លោក ពូ សុធីរៈ​ លើក​ឡើង​ថាដល់​ពេល​ដែល​ប្រទេស​ពាក់​ព័ន្ធ​ក្នុង​ការ​រក​ដំណោះ​ស្រាយ​នៅ​មីយ៉ាន់​ម៉ា​ យក​បញ្ហា​មីយ៉ាន់ម៉ា​ទៅ​បង្ហាញ​នៅ​អង្គការ​សហ​ប្រជាជាតិ​ ព្រោះរឿង​នេះ​មិន​អាចដោះ​ស្រាយ​បាន​ទេនៅ​កម្រិត​តំបន់​ ដូច្នេះ​មាន​តែ​យក​រឿង​នេះ​មក​ដោះ​ស្រាយ​តាម​យន្តការ​អន្តរជាតិ​ទូលំ​ទូលាយ​មួយ។

លោក​បន្ថែម​ថា​៖ «ខ្ញុំ​យល់​ថា​ គួរ​តែ​ឲ្យ​មាន​កិច្ច​ប្រជុំ​កម្រិត​កំពូល​នៅ​អង្គការ​សហ​ប្រជាជាតិ​ មាន​ន័យ​ថា​ internationalize the crisis [ធ្វើ​ឲ្យ​វិបត្តិ​នេះ​ទៅ​ជា​លក្ខណៈ​អន្តរជាតិ]... យក​ទៅ​ ធ្វើ​វា​ជា international issue [​បញ្ហា​អន្តរជាតិ​] ​ឥឡូវ​ហ្នឹង​វា​នៅ​កម្រិត​ regional issue​ [បញ្ហា​តំបន់​] ហើយ​ regional issue [បញ្ហា​តំបន់​]​នេះ​ Min Aung Hlaing គាត់​ហាក់​បីដូច​ជា​ព្រងើយ​កន្តើយ គាត់​ផ្គើន​ណាស់ គាត់​ចំអក»។

នៅ​ក្នុង​វិបត្តិ​មីយ៉ាន់ម៉ា​ ប្រទេស​ជា​សមាជិក​អាស៊ាន​ចំនួន​១០ បាន​យល់​ព្រម​គ្នា​លើ​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច ( a five-point consensus) ដើម្បី​បញ្ចប់​ភាព​ប្រទូសរ៉ាយ​ផ្សេងៗ​កាល​ពី​ឆ្នាំមុន​ ប៉ុន្តែ​មាន​សញ្ញា​តិចតួច​ដែល​របប​ដឹកនាំ​ដោយ​យោធា​អនុវត្ត​តាម​កិច្ចព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច ដែល​ក្នុង​នោះ​ រួម​មាន​ការ​បញ្ចប់​អំពើ​ហិង្សា និង​ការ​ធ្វើ​ឲ្យ​មាន​កិច្ច​សន្ទនា។

បើ​តាម​លោក​ពូ សុធីរៈ ក្រៅ​ពី​វិបត្តិ​នៅ​ភូមា​ កម្ពុជា​គួរ​ត្រៀម​ខ្លួន​ ដើម្បី​ឆ្លើយតប​បញ្ហាដែល​អាច​កើត​ឡើង​ដោយ​មិន​បាន​រំពឹង​ទុក​មុន​ ក្នុង​នោះ​គឺ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​ Nancy​ Pelosi ប្រធាន​រដ្ឋសភា​អាមេរិក ដែល​ដើម​ឡើយ​មាន​ការ​ប៉ាន់​ស្មាន​ថា​អ្នកស្រី​នឹងមក​បំពេញ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​ តែ​នៅ​នាទី​ចុង​ក្រោយ​ដំណើរ​ទៅ​កាន់​កោះ​តៃ​វ៉ាន់​មិន​ស្ថិត​ក្នុង​របៀប​វារៈ​នៃ​ដំណើរ​ទស្សនកិច្ច​មក​កាន់​តំបន់​អាស៊ី​ ជា​ទី​ដែល​អ្នក​ស្រី​នឹង​ផ្តើម​ទស្សនកិច្ច​មុន​គេ​នៅ​ប្រទេស​សិង្ហបុរី។​

លោក​ក៏​លើក​ឡើង​ពី​ក្តី​បារម្ភ​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ និង​រុស្ស៊ី​ផងដែរ​ ខណៈ​អ្នក​ទាំង​ពីរ​នឹង​មាន​វត្តមាន​ក្នុង​ទីក្រុង​ភ្នំពេញ។ ការណ៍​នេះ​ទាម​ទារ​ឲ្យ​កម្ពុជា​ និង​អាស៊ាន​ទាំង​មូល​ត្រៀម​ខ្លួន​ឆ្លើយ​តប។

លោក​ថ្លែង​ថា៖ «តាម​ខ្ញុំ​ដឹង​ថា​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ ហើយ​និង​រុស្ស៊ី​ នឹង​មក​ប្រជុំ​ តើ​គាត់​អង្គុយ​តុ​ជា​មួយ​គ្នា​អត់? បើ​លោក​ដឹង​ជួយ​ប្រាប់​ខ្ញុំ​ផង​ គេ​ព្រម​អង្គុយ​ជា​មួយ​គ្នា​អត់។ មិន​ដឹង​ថា​រុស្ស៊ី​ព្រម​អង្គុយ​ជា​មួយ​អាមេរិក​ ឬ​អាមេរិក​ព្រម​អង្គុយ​ជាមួយ​រុស្ស៊ី​ទេ ក្នុង​ករណី​ទាំង​ពីរ​នេះ​ តើ​ខ្មែរ​យើង​ជា​ម្ចាស់​ផ្ទះ​ ហើយ​អាស៊ាន​ទាំង​មូល​ហ្នឹង​ ប្រកាន់​ជំហរ​របៀប​ម៉េច? នេះ​ជា​បញ្ហា​រសើប​មួយ​ទៀត​ ដែល​ខ្ញុំ​យល់​ឃើញ​ថា​នឹង​អាច​កើត​មាន​ឡើង​នៅ​ក្នុង​អំឡុង​ពេល​ប្រជុំ​ថ្ងៃ​ខាង​មុខៗ​តទៅ​ទៀត»។

គេ​មិន​ទាន់​ដឹង​ថា​តើ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក ​Antony Blinken ​មាន​គម្រោង​ការ​ជួប​ប្រជុំ​ទ្វេ​ភាគី​ ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​លោក Sergey Lavrov ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន ​និង​ជួប​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi​ អំពី​បញ្ហា​តានតឹង​ក្នុង​តំបន់​ និង​ តៃ​វ៉ាន់ ​នៅ​ក្រៅ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​នៅ​ឡើយ​ទេ ​បន្ទាប់​ពី​លោក​ប្រធានាធិបតី​អាមេរិក ​Joe Biden ​និង ​លោក​ប្រធានាធិបតី​ចិន​ Xi Jinping ​ជួប​ប្រជុំ​តាម​អនឡាញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ លោក ជុំ សុន្ទរី​ មិន​អាច​បញ្ជាក់​បាន​ថា​តើ​អាច​នឹង​មាន​កិច្ច​ពិភាក្សា​ទេ្វ​ភាគី​រវាង​លោក​រដ្ឋមន្ត្រី​ Blinken និង​គណៈ​ប្រតិភូ​ឯទៀត​ ដោយ​សារហួស​ពី​សមត្ថកិច្ច​របស់​លោក៕

XS
SM
MD
LG