ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ទទួល​​ជោគជ័យ​ច្រើន​ជាង​មុន​នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់


ប្រជាពលរដ្ឋ​​​តម្រង់​ជួរ​​​ចូលបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អណត្តិទី​៤, នៅ​រាជធានី​ភ្នំពេញ​​, នៅថ្ងៃទី​០៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ហ៊ាន​ សុជាតា​​/ VOA)
ប្រជាពលរដ្ឋ​​​តម្រង់​ជួរ​​​ចូលបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អណត្តិទី​៤, នៅ​រាជធានី​ភ្នំពេញ​​, នៅថ្ងៃទី​០៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ហ៊ាន​ សុជាតា​​/ VOA)

គណបក្ស​ប្រឆាំង​ធំ​បំផុត​នៅ​កម្ពុជា​ទទួល​បាន​ជ័យ​ជម្នះ​ច្រើន​ជាងមុន​នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាលពី​ថ្ងៃ​អាទិត្យ ដែល​អាច​គំរាមកំហែង​ដល់​ការ​ក្តោប​ក្តាប់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន។

ដោយ​ប្រកាស​អំពី​លទ្ធផលក្រៅ​ផ្លូវការ លោក យឹម សុវណ្ណ ​អ្នក​នាំពាក្យ​របស់​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ថា​ គណបក្ស​របស់​លោក​ទទួល​បាន​ជ័យជម្នះ​ប្រហែល​៤៦​ភាគរយ​នៃ​ឃុំ​សង្កាត់​សរុប​ទាំងអស់​ ដែល​កើនឡើង​ច្រើន​ជាង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​៥​ឆ្នាំ​មុន​ដែល​ឈ្នះ​តែ​៣០​ភាគរយ​តែ​ប៉ុណ្ណោះ។

លោក ​សុវណ្ណ ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា «នេះ​គឺ​ជា​ជោគជ័យ​ដ៏​ធំ​មួយ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ‍»។

គេហទំព័រ​ព័ត៌មាន​មួយ​ដែល​គាំទ្រ​រដ្ឋាភិបាល​បាន​ចេញ​ផ្សាយ​ថា លទ្ធផល​ក្រៅផ្លូវការ​បាន​បង្ហាញ​ថា គណបក្ស​ប្រឆាំង​បាន​ឈ្នះ​ប្រហែល​មួយ​ភាគ​បី​នៃ​ឃុំ​សង្កាត់​សរុប។

លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​២៥​ ខែ​មិថុនា ខាង​មុខ​នេះ។

ការ​បោះឆ្នោត​ជ្រើសរើស​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាង​១២០០០​នេះ ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​បង្ហាញ​នូវ​ការ​ប្រជែង​គ្នា​រវាង​គណបក្ស​នយោបាយ​ពីរ​ធំៗ ខណៈ​ដែល​មាន​ការ​គំរាមកំហែង​អំពី​សង្គ្រាម​ស៊ីវិល​និង​ការ​បង្រ្កាប​ទៅ​លើ​ការខ្វែងគំនិត​ខាង​នយោបាយ នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ដែល​នឹង​មក​ដល់​នៅ​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ​នេះ។ ​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​មើល​ឃើញ​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​ឃុំសង្កាត់​គឺ​ជា​តេស្ត​ដ៏​សំខាន់​មួយ​ទៅ​លើ​ប្រជាប្រិយភាព​របស់​ខ្លួន ដែល​ទទួល​រងសម្ពាធ​យ៉ាង​ខ្លាំង​ពី​អ្នក​បោះឆ្នោត​ជា​យុវជន​និង​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​អ្នក​បោះឆ្នោត៕​

XS
SM
MD
LG