ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ជំទាស់​បិទ​បញ្ចប់​យុទ្ធនាការ​ជាមួយ​ក្ដី​សង្ឃឹម​ខ្ពស់​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ខាង​មុខ


អ្នកគាំទ្រចេញមកស្វាគមន៍ក្បួនឃោសនាបោះឆ្នោតឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ នៅភ្នំពេញកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ។ (អូន ឆេងប៉រ/VOA)
អ្នកគាំទ្រចេញមកស្វាគមន៍ក្បួនឃោសនាបោះឆ្នោតឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ នៅភ្នំពេញកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ។ (អូន ឆេងប៉រ/VOA)

ក្រោយ​ពី​ការ​ថ្លែង​ចប់ ​លោក​ កឹម​ សុខា ​បាន​ដឹក​នាំ​ក្បួន​ឃោសនា​យ៉ាង​គគ្រឹក​គគ្រេង ​ឆ្លង​កាត់​ដង​វិថី​ធំៗ ​ក្នុង​រាជ​ធានី​ភ្នំពេញ ​ដែល​អ្នក​ចូលរួម​ស្ថិត​ក្នុង​​យានជំនិះ​ចម្រុះ រួម​មាន​ទោចក្រយាន​យន្ត ​ត្រី​ចក្រ​យានយន្ត ​និង​រថយន្ត​តូច​ធំ។

ដូច​គ្នា​នឹង​គណបក្ស​ប្រជាជន​ដែរ ​គណបក្ស​សង្គ្រោះជាតិ​ ​ជា​បក្ស​ជំទាស់​ធំ​ជាង​គេ​នៅ​កម្ពុជា​ ​បាន​ធ្វើ​យុទ្ធនា​ការ​ឃោសនា​បោះ​ឆោ្នត​ឃុំ​សង្កាត់​ថ្ងៃ​ផ្ដាច់​ព្រ័ត្រ​ ដោយ​មាន​ការ​ដង្ហែ​ក្បួន​អ្នក​គាំទ្រ​ទ្រង់​ទ្រាយ​ធំ​ ឆ្លង​កាត់​ដង​វិថី​នានា​ក្នុង​រាជ​ធានី។

តាម​ដង្ហែ​ដោយ​មហាជន​ដ៏​ច្រើន​កុះករ​ ត​គ្នា​ជា​ជួរ​ដ៏​វែង​អន្លាយ ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ចប់​ការ​ឃោសនា​របស់​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ ​ដោយ​បាន​ពោល​សា​ឡើង​វិញ​នូវ​គោល​នយោបាយ​គន្លឹះ​ និង​បញ្ហា​អាទិភាព​របស់​ខ្លួន ​ដើម្បី​ទាក់ទាញ​យក​សំឡេង​គាំទ្រ ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ នា​ថ្ងៃ​អាទិត្យ​ខាង​មុខ។

ចាប់​ផ្ដើម​ពី​ម៉ោង​៧ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ ​ក្រុម​សកម្ម​ជន​ និង​មន្ត្រី​គណបក្ស​បាន​ជួប​ជុំ​គ្នា​ប្រគំតន្ត្រី​ ច្រៀង​រាំ ​និង​ថ្លែង​សារ​នយោបាយ​គន្លឹះ​របស់​ខ្លួន​នៅ​ក្បែរ​វត្ត​ចាស់​នៅ​ត្រើយ​ម្ខាង​ក្នុង​ភ្នំពេញ។ បក្ស​ជំទាស់​ដែល​មាន​អាយុ​ជិត​៥ឆ្នាំ​មួយ​នេះ ​ត្រូវបាន​គេ​មើល​ឃើញ​ថា​ជា​គូ​ប្រជែង​ស្មើគីឡូ​គ្នា​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​អំណាច​តាំង​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​មូលដ្ឋាន​ ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩​មក។

​បន្ទាប់​ពី​ក្បួន​ឃោសនា​ដ៏​គគ្រឹក​គគ្រេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បិទ​បញ្ចប់​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ ក្បួន​ឃោសនា​របស់​បក្ស​សង្គ្រោះ​ជាតិ​មួយ​នេះ​ ​បាន​ចេញ​ដំណើរ​ពី​ទី​កន្លែង​ជួប​ជុំ​គ្នា​នៅ​ទី​វាល​មុខ​វត្ត​ពោធិយារាម​ ហៅ​វត្តចាស់ ​ដែល​ស្ថិត​លើ​តំបន់​ជ្រោយចង្វា​ នា​ម៉ោង​ពីរ​រសៀល ​ហើយ​បាន​ចេញ​ដំណើរ​ជា​ការ​ដង្ហែ ដោយ​មាន​លោក ​កឹម សុខា ​ប្រធាន​គណបក្ស ​ជា​អ្នក​នាំ​ក្បួន។

លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃចុងក្រោយ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃចុងក្រោយ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

​នៅ​មុន​ការ​ចេញ​ដំណើរ​ឃោសនា ​លោក​ កឹម ​សុខា ​បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ ​សកម្មជន ​និង​មន្ត្រី​គណបក្ស​ថា​ រាល់​សន្លឹក​ឆ្នោត​ដែល​បោះ​ឱ្យ​បក្ស​ប្រឆាំង​ នឹង​នាំ​មក​នូវ​សន្តិភាព​ ដែល​ការ​ថ្លែង​នេះ​ហាក់​ដូច​ជា​ការ​តប​បញ្ច្រាស​ទៅ​នាយក​រដ្ឋមន្ត្រី ​លោក ហ៊ុន ​សែន​ ដែល​ជារឿយៗ​គំរាម​ថា​ សង្គ្រាម​នឹង​កើត​មាន​ បើ​សិន​ជា​បក្ស​ប្រជាជន​កម្ពុជាចាញ់​ឆ្នោត។

លោក​ កឹម ​សុខា ប្រធាន​គណបក្ស​ជំទាស់​វ័យ​៦៣​ឆ្នាំ​រូប​នេះ​ បាន​ប្រកាស​ក្ដែងៗ​ដាក់​ឧគ្ឃោសនស័ព្ទ​ថា៖​

​«ខ្ញុំ​សុំ​ជម្រាប​ជូន​បង​ប្អូន​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ជា​គណបក្ស​ដើម្បី​អនាគត ​មិន​មែន​ជា​គណបក្ស​គិត​តែ​ពី​អតីត​កាល​ទេ។ ​ថា​យើង​អត់​បាន​ធ្វើអ្វី​យ៉ាង​ម៉េច ​ព្រោះ​យើង​អត់​បាន​ឈ្នះ ​យើង​អត់​ទាន់​បាន​កាន់​ថវិកា​ជាតិ ​យើង​អត់​ទាន់​បាន​ដឹកនាំ​ប្រទេស​ ប៉ុន្តែ​យើង​ក៏​មិន​ទាន់​បាន​បំផ្លាញ ​ព្រៃឈើ ​ដីធ្លី ​និង​ធនធាន​ធម្មជាតិ​ដែរ»។

លោក ​កឹម ​សុខា ​បាន​បន្ថែម​ទៀត​ថា៖

​«រឿង​បែក​បាក់​គ្នា ​រឿង​សង្គ្រាម ​រឿង​ជម្លោះ​ពី​អតីតកាល ​មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ ​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​ទៅ​ចូល​រួម​ដឹក​នាំ​នោះ​ទេ។ យើង​មិន​ដែល​ទៅ​ធ្វើ​សង្គ្រាម​ទេ ​... ​យើង​គ្រាន់​តែ​ចង់​ការពារ​នូវ​សិទ្ធិ​សេរីភាព​ នូវ​កិត្យានុភាព​ នូវ​តម្លៃ ​នៃ​ប្រទេស​កម្ពុជា ​និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ ដែល​ធ្លាប់​គេ​គោរព​មាន​តាំង​ពី​សម័យ​អង្គរ​មក​ម្ល៉េះ។​ យើង​សម្រេច​ហើយ​ថា​ យើង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ការ​បោះ​ឆ្នោត​ដើម្បី​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន»។

​ក្រោយ​ពី​ការ​ថ្លែង​ចប់ ​លោក​ កឹម​ សុខា ​បាន​ដឹក​នាំ​ក្បួន​ឃោសនា​យ៉ាង​គគ្រឹក​គគ្រេង ​ឆ្លង​កាត់​ដង​វិថី​ធំៗ ​ក្នុង​រាជ​ធានី​ភ្នំពេញ ​ដែល​អ្នក​ចូលរួម​ស្ថិត​ក្នុងយានជំនិះ​ចម្រុះ រួម​មាន​ទោចក្រយាន​យន្ត ​ត្រី​ចក្រ​យានយន្ត ​និង​រថយន្ត​តូច​ធំ។ ​អ្នក​ខ្លះ​បិទ​ស្លាក​សញ្ញា​គណបក្ស​នៅ​លើ​មុខ ​នៅ​លើ​យាន​ជំនិះ ហើយ​អ្នក​គាំទ្រ​ខ្លះ​ទៀត​មាន​កាន់​រូប​លោក ​កឹម ​សុខា ​និង​លោក ​សម ​រង្ស៊ី ​ជា​សហការី​នយោបាយ​ជាន់​ខ្ពស់​របស់​លោក ​ក្រោម​សំឡេង​លាន់​កញ្ជ្រៀវ​ទ្រហឹង​អឺងកង។

ចំនួន​ឡាន​ម៉ូតូ​មាន​ច្រើន​ឡើងៗ ​ហើយ​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​ដែល​ក្បួន​ដង្ហែ​ឆ្លង​កាត់​ត្រូវ​បាន​បិទ ​បង្ក​ជា​ការ​កក​ស្ទះ​នៅ​ទី​កន្លែង​ជួបជុំ​តំបន់​ត្រើយ​ម្ខាង​នៃ​ជ្រោយចង្វា ​ដែល​គេ​ពុំ​ឃើញ​មាន​កង​កម្លាំង​សមត្ថកិច្ច​ណា​ចេញ​មក​ធ្វើ​អន្តរាគមន៍​សម្រួល​ចរាចរណ៍​ខ្វាត់ខ្វែង​ដូច​ក្បួន​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ពេល​ព្រឹក​ឡើយ។

​នៅ​តាម​ដង​ផ្លូវ​ដែល​ខ្លួន​ឆ្លង​កាត់​ ​ក្បួន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​លោក​ ​កឹម ​សុខា ​និង​លោក ​យឹម ​សុវណ្ណ ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​បក្ស ​ឈរ​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​រថយន្ត​ Ford ​ពាក់​មួក​បក្ស ​បក់ដៃ ​ទៅ​រក​អ្នក​គាំទ្រ​ និង​យូរ​ម្ដងៗ​គេ​ឃើញ​ឥស្សរ​ជន​នយោបាយ​ជំទាស់​ទាំង​ពីរ ​លើក​ដៃ​ប្រណម្យ ​អរគុណ​អ្នក​ចេញ​មក​ទទួល​នៅ​តាម​ដង​ផ្លូវ។

​នៅ​ក្នុង​ចំណោម​ក្បួន​ដង្ហែ​ឃោសនា​របស់​បក្ស​សង្គ្រោះ​ជាតិ ​នាង ​ណាវី ​លីកា​ វ័យ​៣៤​ឆ្នាំ ​បាន​លើក​ឡើង​អំពីបញ្ហា​ដែន​បូរណភាព​ទឹក​ដី ​អយុត្តិធម៌​សង្គម​ និង​វិសមភាព​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ​ប្រៀប​នឹង​ប្រទេស​ជិត​ខាង ​នាំ​ឱ្យ​នាង​សម្រេច​ចិត្ត​ចេញ​មក​ឃោសនា​ជាមួយ​បក្ស​ជំទាស់ ​និង​គ្រោង​បោះ​ឆ្នោត​ឱ្យ​បក្ស​មួយ​នេះ។

អ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រមូលផ្ដុំគ្នា នៅត្រើយខាងកើតភ្នំពេញ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រមូលផ្ដុំគ្នា នៅត្រើយខាងកើតភ្នំពេញ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)

​ប៉ុន្តែ​អ្នក​បោះ​ឆ្នោត​នៅ​សង្កាត់​ផ្សារ​ថ្មី​រូប​នេះ​បាន​និយាយ ​ក្នុង​ករណី​ដែល​បក្ស​ធ្វើ​មិន​បាន​តាម​សន្យា ​ពេល​ជាប់ឆ្នោត​ នាង​នឹង​មិន​នៅ​ស្ម័គ្រ​ស្មោះ​គាំទ្រ​នោះ​ឡើយ៖

​«មាន​អាណត្តិ​ក្រោយ​ទៀត ​បើ​កាល​ណា​គាត់​ធ្វើ​អត់​បាន ​ប្រាំ​ឆ្នាំ​ទៅ​មុខ​ទៀត​ យើង​ត្រូវ​ធ្វើការ​ផ្លាស់​ប្ដូរ​ត​ទៅ​មុខ​ទៀត»។

សារ​នយោបាយ​សំខាន់​របស់​បក្ស​ជំទាស់​មួយ​នេះ​សម្រាប់​ការ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំនេះ​ គឺ​គម្រោង​ក្នុង​ការ​ធ្វើ​វិមជ្ឈការ​អំណាច​ដល់​សាលា​ឃុំ​ ទាំង​អំណាច​សម្រេច​ចិត្ត​ និង​ថវិកា​ដ៏​ច្រើន​សន្ធឹក​សន្ធាប់។

មក​ទល់​នឹង​ពេល​ព្រលប់​ថ្ងៃ​សុក្រ​នេះ ​ក្បួន​ដង្ហែ​មិន​ទាន់​បាន​ចេញ​ទៅ​ដល់​ទីតាំង​ផ្ដាច់​ព្រ័ត្រ​នៅ​តំបន់​បឹង​ទំពុន ​ខណ្ឌមានជ័យ​ ឬ​គេ​ហៅ​ថា​«មហា​វិថី​សម្ដេច​ហ៊ុន សែន»​នៅ​ឡើយ​ទេ ​ជា​ទី​ដែល​គណបក្ស​ប្រជាជន​បាន​យក​ជា​កន្លែង​ជួបជុំ​មុន​នឹង​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​កាល​ពី​ព្រឹក។

​ខុស​ពី​គណបក្ស​នយោបាយ​នានា​ ​យុទ្ធនា​ការ​ឃោសនា​ក្នុង​ថ្ងៃ​បញ្ចប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​សារ​របស់​លោក​ ​ហ៊ុន​ សែន ​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា ​ដែល​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​របស់​លោក​ ​និង​មហាជន​អ្នក​បោះ​ឆ្នោត​ឱ្យ​បក្ស​លោក​ ត្រូវ​បាន​ ​ទូរទស្សន៍​មួយ​ចំនួន​ធំ​ផ្សាយ​បន្ត​ផ្ទាល់​ដល់​ប្រជា​ជន​ទូទាំង​ប្រទេស។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃចុងក្រោយ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃចុងក្រោយ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

ក្នុង​នោះ​ដែរ​លោក​ ​ហ៊ុន សែន ​ដែល​ចូល​រួម​ការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​លើក​ទី១​នេះ​ ​បាន​ថ្លែង​សារ​គំរាម​ សា​ជា​ថ្មី ​អំពី​លទ្ធភាព​នៃ​ការ​ធ្លាក់​ទៅ​ក្នុង​អស្ថិរភាព​ ​និង​អំពើ​ហិង្សា ​បើ​សិន​ជា​បក្ស​លោក​ចាញ់​ឆ្នោត។

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ​ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ​គឺ​លោក​ ​យឹម សុវណ្ណ បាន​បង្ហាញ​នូវ​ក្ដី​សង្ឃឹម​ទៅ​រក​ជ័យ​ជម្នះ ​ជាមួយ​ការ​រៀប​ចំ​បោះ​ឆ្នោត​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ​ក្រោយ​កំណែ​ទម្រង់។ ​លោក​បាន​និយាយ​ថា៖

«សេរី ​និង​យុត្តិធម៌​មាន​ពីរ៖ ​ទី​មួយ ​បរិយាកាស​នយោបាយ ​ទីពីរ​ គ.ជ.ប.។ ​ឥឡូវ​ គ.ជ.ប.​ សរសើរ​គាត់​បន្តិច​ទៅ ​ប៉ុណ្ណឹង​អាច​ទទួល​យក​បាន។ ​បរិយាកាស​នយោបាយ ​វា​តាំង​ពី​២០១៤​មក​នោះ​ យើង​មិន​ដែល​បាន​សុខ​ទេ ​រហូត​មក​ទល់​នឹង​ថ្ងៃ​បោះ​ឆ្នោត​នេះ ​និយាយ​ឱ្យ​មែន​ទែន! ​ប៉ុន្តែ​យើង​អត់​ធ្មត់ ​យើង​ទ្រាំ ​ទោះ​អយុត្តិធម៌ ​ឈឺ​ចាប់​យ៉ាង​ម្ដេច​ក៏​ដោយ ​វាយ​យើង ​ធាក់​យើង​យ៉ាង​ម្ដេច​ក៏ដោយ ​ធាក់​ទៅ! ​វាយ​ទៅ!​ វាយ​ឱ្យ​អស់​ចិត្ត​មក!​ យើង​ឈឺ ​ក៏​ប៉ុន្តែ​យើង​ទ្រាំ ​យើង​ទ្រាំ​ដើម្បី​ប្រទេស​បាន​សុខ ​ឥឡូវ​ជិត​ដល់​ថ្ងៃ​ហើយ​បង​ប្អូន ​ទ្រាំ​តែ​មួយ​ថ្ងៃ​ទៀត ​បោះ! »។

លោក​ ​យឹម ​សុវណ្ណ​ ​បន្ត​ថា ​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​នៃការ​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់​នេះ ​នៅ​ទូទាំង​ប្រទេស ​គណបក្ស​មួយ​នេះ​ចំណាយ​អស់​ទឹក​ប្រាក់​ប្រមាណ​២លាន​ដុល្លារ​ ​ហើយ​ថា​មួយ​ចំណែក​នៃ​ការ​ចំណាយ​នេះ​ ​ជា​វិភាគទាន​រៃអង្គាស​ពី​សំណាក់​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដោយ​ផ្ទាល់។

​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ​ដោយ​បាន​ដណ្ដើម​សំឡេង​គាំទ្រ​ច្រើន​គំហុក​ កើន​អាសនៈ​នៅ​រដ្ឋសភា​ដល់​៥៥កៅអី ​និង​ទាញ​ទម្លាក់​អាសនៈ​របស់​គណបក្ស​ប្រជាជនពី​៩០​អាសនៈ ធ្លាក់​មក​ត្រឹម៦៨​អាសនៈ។

ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ ​ដែល​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ​គ្រប់​១៦៤៦​ឃុំ​សង្កាត់​ទូទាំង​ប្រទេស៕

XS
SM
MD
LG