ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាពលរដ្ឋ​ខ្មែរ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃ​អាទិត្យ​នេះ


ប្រជាជន​កម្ពុជា​​ ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អណត្តិទី​៤, នៅខេត្ត​កណ្តាល​នៅថ្ងៃទី​០៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)
ប្រជាជន​កម្ពុជា​​ ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អណត្តិទី​៤, នៅខេត្ត​កណ្តាល​នៅថ្ងៃទី​០៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)

ប្រជាពលរដ្ឋ​កម្ពុជា​បាន​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃ​អាទិត្យ​នេះ ដែល​ការ​បោះ​ឆ្នោត​លើក​នេះ​អាច​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​ការ​ក្ដោបក្ដាប់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក។ ការ​បោះ​ឆ្នោត​លើក​នេះ ក៏​អាច​មាន​ឥទ្ធិពល​ខ្លាំង​ដល់​ទិដ្ឋភាព​នយោបាយ​កម្ពុជា​នៅ​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ ២០១៨ ខាង​មុខ​នេះ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ភរិយា​របស់​លោក ស្ថិត​ក្នុង​ចំណោម​អ្នក​ទៅ​បោះ​ឆ្នោត​មុន​គេ​បង្អស់។ កន្លង​មក រដ្ឋាភិបាល​របស់​លោក​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ប្រើ​អំពើ​ហិង្សា​ប្រឆាំង​នឹង​ក្រុម​អ្នក​ប្រឆាំង។ ហើយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ព្រមាន​ម្ដង​ហើយ​ម្ដង​ទៀត ថា​អាច​នឹង​សង្គ្រាម​កើត​ឡើង ប្រសិន​បើ​គណបក្ស​របស់​លោក​ចាញ់​ឆ្នោត។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង ក្រោយ​ពី​បោះ​ឆ្នោត​មក បាន​និយាយ​ថា លោក​សង្ឃឹម​ថា នឹង​ឈ្នះ​សំឡេង​ឆ្នោត​ច្រើន​ជាង ៦០ ភាគរយ។

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ លោក​ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ​ទាំង​អស់​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត ជាជាង​ចោទ​ប្រកាន់​ថា​មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង ដោយ​លោក​បាន​បញ្ជាក់​ថា តុលាការ​អាច​រំលាយ​គណបក្ស​នយោបាយ​ណា​បាន ប្រសិន​បើ​គណបក្ស​នយោបាយ​នោះ​តវ៉ា​ចំពោះ​លទ្ធផល​បោះ​ឆ្នោត។

នៅ​ក្នុង​សប្ដាហ៍​នេះ អង្គការ Amnesty International បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា ថា​បាន​ប្រើប្រាស់​ការ​ក្ដោបក្ដាប់​លើ​ប្រព័ន្ធ​តុលាការ ដើម្បី​គំរាមកំហែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​នយោបាយ។ របាយការណ៍​របស់​អង្គការ​នេះ​បាន​បញ្ជាក់​ថា ចាប់តាំង​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៣ មក រដ្ឋាភិបាល​លោក​ហ៊ុន សែន បាន​ប្រើ​តុលាការ​ជា​ឧបករណ៍ ដើម្បី​ឃុំ​ខ្លួន​មន្ត្រី​គណបក្ស​ប្រឆាំង អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី ក៏​ដូចជា​មនុស្ស​ជា​ច្រើន​ទៀត ដែល​ប្រឈម​នឹង​សំណុំ​រឿង​ផ្លូវ​ច្បាប់។

កាល​ពី​ដើម​ខែ​នេះ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​បាន​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ធានា​យ៉ាង​ណា​កុំ​ឲ្យ​មាន​ការ​គំរាម​កំហែង​ចំពោះ​លំហ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​គោរព​សេរីភាព​បញ្ចេញ​មតិ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG